អ្នកស្រលាញ់សំណង់បុរាណសម្ដែងការសោកស្ដាយ បន្ទាប់ពីភាគីពាក់ព័ន្ធ វាយកម្ទេចព្រះវិហារចាស់វត្តទាន់អរ

ក្រុមអ្នកស្រលាញ់សំណង់វត្តអារាម និងសំណង់ចាស់បុរាណ បង្ហាញការសោកស្ដាយចំពោះការវាយកម្ទេចព្រះវិហារបុរាណនៅក្នុងវត្តមួយនៅស្រុកអង្គស្នួល ខេត្តកណ្ដាល។អ្នកឃ្លាំមើលអះអាងថា ការរុះរើព្រះវិហារបុរាណចោល នឹងបាត់តឹកតាងជាស្លាកស្នាមប្រវត្តិសាស្ត្រជាតិ និងភស្តុតាងស្ថាបត្យកម្ម។ ការបារម្ភរបស់ពលរដ្ឋនេះ គឺបន្ទាប់ពីទំព័រហ្វេសប៊ុកមួយឈ្មោះ «ទាយាទអង្គរ» នៅថ្ងៃទី១ មីនា ឆ្នាំ២០២៦ បានបង្ហោះព័ត៌មានថា ព្រះវិហារចាស់ នៃវត្តទាន់អរ ហៅ វត្តផ្អរ ស្ថិតនៅឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានវាយកម្ទេចចោលជាស្ថាពរ។ ម្ចាស់ទំព័រហ្វេសប៊ុកដដែល ឱ្យដឹងថាព្រះវិហារដែលវាយកម្ទេចត្រូវបានកសាងឡើងនៅចន្លោះទសវត្សរ៍ឆ្នាំ ១៩៣០ ទៅឆ្នាំ ១៩៤០។ អ្នកថតរូបសំណង់បុរាណម្នាក់គឺលោក ហៃ តាយគីមហុង ថ្លែងកត់សម្គាល់ថា ការវាយបំផ្លាញអគារ និងព្រះវិហារចាស់ៗ ហាក់បានក្លាយជារឿងធម្មតាទៅហើយនៅក្នុងប្រទេសកម្ពុជា បើទោះជានៅពេលកន្លងទៅធ្លាប់មានការពន្យល់ណែនាំ និងមានប្រតិកម្មពីពលរដ្ឋក៏ដោយ។ លោក ហៃ តាយគីមហុង មានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំក្នុងនាមជាអ្នកស្រឡាញ់សំណង់បុរាណម្នាក់ ពិតជាមានអារម្មណ៍សោកស្ដាយចំពោះសម្បត្តិបេតិកភណ្ឌជាតិទាំងអស់នោះ ដែលអាចបានត្រឹមតែឈរមើលពីចម្ងាយពុំអាចធ្វើអ្វីបាន ដ្បិតពុំមានលទ្ធភាពក្នុងការឈរតតាំង»។ លោកបន្ថែមថា៖ «នៅពេលដែលយើងវាយបំផ្លាញព្រះវិហារចាស់ៗចោល យើងនឹងបាត់តឹកតាងដែលជាភស្តុតាងស្លាកស្នាមប្រវត្តិសាស្ត្រ ដែលមិនត្រឹមតែជាសំណង់ដែលគួរឲ្យរៀនសូត្រប៉ុណ្ណោះទេ ម្យ៉ាងវិញទៀត កម្សោយនៃការរៀនសូត្រសម្រង់ទុក ដែលធ្វើពុំបានល្អ ធ្វើឲ្យយើងពុំអាចរៀនសូត្រពីសំណង់ទាំងនោះបានច្រើន»។ បើតាមអ្នកស្រលាញ់បេតិកភណ្ឌបុរាណរូបនេះ អាចមានកត្តាមួយចំនួននៅពីក្រោយការវាយសំណង់ចាស់ៗចោលដើម្បីសាងសង់សមិទ្ធផលថ្មី។ កត្តាទាំងនោះ មានដូចជា វត្តខ្លះពុំចង់រក្សាទុកសំណង់ចាស់ៗទាំងអស់នោះ ដោយគិតថានាំឱ្យអាប់យស ឬអ្នកដឹកនាំថ្មីពុំមានស្នាដៃអ្វីថ្មីសម្រាប់ការកសាងវត្ត។ មួយវិញទៀតប្រហែលជាមានការបញ្ចុះបញ្ចូលពីសំណាក់អ្នកធ្វើទាន ដោយចង់បានមុខមាត់យកឈ្មោះកសាង រីឯវត្តខ្លះទៀតធ្វើដូច្នោះ ដើម្បីយកភាពកម្សត់នៅក្នុងវត្តដើម្បីរៃអង្គាសបច្ច័យជាដើម។ លោក តាយគីមហុង ថាកន្លងមក មិនត្រឹមតែសំណង់ព្រះវិហារនោះទេ ដែលត្រូវបំផ្លាញ សូម្បីខឿនព្រះវិហារ ខ្លោងទ្វារ ចេតិយ ប្រាង្គ ស្ដូបទាំងឡាយ ក៏រងការបំផ្លាញដូចគ្នា តាមរយៈការរៀបចំប្លង់វត្តបែបសម័យថ្មី។ លោកបញ្ជាក់៖ «អាចថាដល់កម្រិតក្រហមហើយ ដ្បិតព្រះវិហារមួយចំនួន ដ្បិតពុំបានវាយចោលមែន តែក៏ជួសជុលខូចបាត់លក្ខណៈដើមអស់ច្រើន»។ នៅចំពោះមុខក្ដីបារម្ភនៃការបាត់បង់តឹងតាងប្រវត្តិសាស្ត្រ និងតម្លៃស្ថាបត្យកម្មនេះ សម្រាប់អ្នកស្រលាញ់ការថតរូបបេតិកភណ្ឌ លោក ហៃ តាយគីមហុង ថាដើម្បីទប់ស្កាត់ការវាយបំផ្លាញជាបន្តបន្ទាប់ លោកលើកទឹកចិត្តអ្នកស្រលាញ់សំណង់បុរាណគួរតែឧស្សាហ៍ដើរថតវីដេអូ ឬរូបភាពទុកជាឯកសារ ដើម្បីបណ្ដុះទឹកចិត្តស្រឡាញ់ និងខំថែរក្សាការពារបន្តទៅថ្ងៃខាងមុខទៀត។ ប្រជាកាសែត មិនទាន់អាចទាក់ទងព្រះចៅអធិការវត្តទាន់អរ ព្រះតេជព្រះគុណ នឹម ស្លឹក ដើម្បីឆ្លើយតបនឹងប្រតិកម្មទាំងនេះបាននៅឡើយនៅថ្ងៃទី២ មីនា។ ទោះជាយ៉ាងណាគណនីហ្វេសប៊ុកផ្ទាល់របស់ព្រះអង្គ បានបង្ហោះសេចក្តីបំភ្លឺព័ត៌មានថា តាមចាស់ៗតំណាលថា ព្រះវិហារនេះ កសាងអំឡុងឆ្នាំ១៩៦០ និងខូចខាតក្នុងអំឡុងរបបខ្មែរក្រហម ហើយត្រូវបានជួសជុលឡើងវិញកាលពីឆ្នាំ១៩៩៥ រួមនឹងលិខិតអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការរុះរើព្រះវិហារក្នុងវត្តនេះ។ សេចក្ដីបំភ្លឺព័ត៌មានបន្តថា៖ «ក្រោយមកនៅឆ្នាំ២០២៥ ព្រះចៅអធិការបច្ចុប្បន្ន ព្រះនាម នឹម ស្លឹក ពិនិត្យឃើញថា ព្រះវិហារនេះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងខ្លាចបង្កហានិភ័យជាយថាហេតុ ក៏ប្រជុំអាចារ្យ គណៈកម្មការវត្ត ស្នើសុំច្បាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រហូតដល់ក្រសួងអនុញ្ញាតក្នុងការរុះរើសំណង់ព្រះវិហារចាស់ និងសាងសង់ព្រះវិហារថ្មី»។ ភ្ជាប់ជាមួយសំណេរនេះដែរ ព្រះតេជព្រះគុណ នឹម ស្លឹក ក៏បានបង្ហាញលិខិតអនុញ្ញាតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបញ្ជាក់ថា មន្ត្រីជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះពិនិត្យវាយតម្លៃ និងជួបពិភាក្សាជាមួយព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្តទាន់អរ ពិនិត្យឃើញថា សំណង់ព្រះវិហារមានសភាពចាស់ទ្រុឌទ្រោម។ សារក្នុងលិខិតបន្ថែមថា៖ «ដូច្នេះ ក្រសួងឯកភាពជាគោលការណ៍ក្នុងការរុះរើសំណង់ព្រះវិហារចាស់ និងសាងសង់ព្រះវិហារថ្មី»។ បើតាមលិខិតដដែលនោះ ក្រសួងឱ្យមន្ទីរវប្បធម៌ សហការជាមួយវត្ត ដោយចាត់មន្ត្រីជំនាញចុះថតរូបលម្អិត ក្បាច់លម្អ រូបគំនូរ ពិពណ៌នាប្រវត្តិព្រះវិហារចាស់មុនរុះរើ ហើយបន្តតាមដានដើម្បីធានាសុវត្ថិភាពពេលរុះរើ និងពិនិត្យ ផ្ដល់យោបល់បន្ថែម ប្រគេនជូនព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្ត លើការសាងសង់ព្រះវិហារថ្មី ដើម្បីធានាទម្រង់ស្ថាបត្យកម្ម ក្បាច់លម្អតាមរចនាបថសំណង់ពុទ្ធសាសនាបែបខ្មែរ។ ជុំវិញរឿងនេះដែរ ប្រធានអ្នកនាំពាក្យ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ បញ្ជាក់ប្រាប់ប្រជាកាសែតនៅថ្ងៃនេះថា វត្តបានធ្វើលិខិតស្នើសុំរុះរើមកមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រួចមន្ទីរបានធ្វើរបាយការណ៍ស្នើសុំមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ លោកថា ក្រសួងបានចាត់តាំងមន្រ្តីជំនាញចុះពិនិត្យនិងវាយតម្លៃលក្ខណៈវិនិច្ឆ័យសំខាន់ៗ រកឃើញថា សសរព្រះវិហារប្រេះបែក ជញ្ជាំងប្រេះ ក្បឿងរលុះដោយកន្លែង ធ្វើឲ្យទឹកភ្លៀងជ្រាបខូចពិតាន ប្លង់សេ ធ្នឹមប្រេះបែកចេញសរសៃដែកពីរទីតាំង ហើយតាមការតេស្តគុណភាពបេតុងធ្លាក់ចុះ ដែលធ្វើឲ្យព្រះវិហារនេះមានភាពទ្រុឌទ្រោម ប្រឈមនឹងហានិភ័យ ទើបក្រសួងអនុញ្ញាតឱ្យរុះរើ។ លោក ស៊ុំ ម៉ាប់ ថ្លែងបន្ថែមយ៉ាងដូច្នេះ៖ «លក្ខណៈពិសេសសំខាន់ៗរបស់ព្រះវិហារដែលអាចទុកជា បេតិកភណ្ឌជាតិនោះ គឺមិនមានលក្ខណៈគ្រប់គ្រាន់នោះទេ។ ចំពោះវត្ថុមានតម្លៃ ឬរបស់នៅប្រើប្រាស់បាន គឺក្រសួងបានណែនាំទៅព្រះចៅអធិការវត្តធ្វើការប្រមូល និងថែរក្សាទុកឲ្យបានល្អ និងប្រើប្រាស់បន្តទៀតជាប្រយោជន៍នៅក្នុងវត្ត»។ អ្នកនាំពាក្យរូបនេះដដែល ឱ្យដឹងថា ព្រះវិហារ ឬសំណង់ ដែលអាចចាត់ទុកជាបេតិកភណ្ឌជាតិ លុះណាតែក្រសួងពិនិត្យឃើញថា…

វប្បធម៌

ព្រះវិហារចាស់ នៃវត្តទាន់អរ ហៅ វត្តផ្អរ ស្ថិតនៅឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល។ (រូបភាពផ្សាយតាមបណ្ដាញសង្គមទាយាទអង្គរ))

ក្រុមអ្នកស្រលាញ់សំណង់វត្តអារាម និងសំណង់ចាស់បុរាណ បង្ហាញការសោកស្ដាយចំពោះការវាយកម្ទេចព្រះវិហារបុរាណនៅក្នុងវត្តមួយនៅស្រុកអង្គស្នួល ខេត្តកណ្ដាល។អ្នកឃ្លាំមើលអះអាងថា ការរុះរើព្រះវិហារបុរាណចោល នឹងបាត់តឹកតាងជាស្លាកស្នាមប្រវត្តិសាស្ត្រជាតិ និងភស្តុតាងស្ថាបត្យកម្ម។

ការបារម្ភរបស់ពលរដ្ឋនេះ គឺបន្ទាប់ពីទំព័រហ្វេសប៊ុកមួយឈ្មោះ «ទាយាទអង្គរ» នៅថ្ងៃទី១ មីនា ឆ្នាំ២០២៦ បានបង្ហោះព័ត៌មានថា ព្រះវិហារចាស់ នៃវត្តទាន់អរ ហៅ វត្តផ្អរ ស្ថិតនៅឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានវាយកម្ទេចចោលជាស្ថាពរ។

ម្ចាស់ទំព័រហ្វេសប៊ុកដដែល ឱ្យដឹងថាព្រះវិហារដែលវាយកម្ទេចត្រូវបានកសាងឡើងនៅចន្លោះទសវត្សរ៍ឆ្នាំ ១៩៣០ ទៅឆ្នាំ ១៩៤០។

អ្នកថតរូបសំណង់បុរាណម្នាក់គឺលោក ហៃ តាយគីមហុង ថ្លែងកត់សម្គាល់ថា ការវាយបំផ្លាញអគារ និងព្រះវិហារចាស់ៗ ហាក់បានក្លាយជារឿងធម្មតាទៅហើយនៅក្នុងប្រទេសកម្ពុជា បើទោះជានៅពេលកន្លងទៅធ្លាប់មានការពន្យល់ណែនាំ និងមានប្រតិកម្មពីពលរដ្ឋក៏ដោយ។

លោក ហៃ តាយគីមហុង មានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំក្នុងនាមជាអ្នកស្រឡាញ់សំណង់បុរាណម្នាក់ ពិតជាមានអារម្មណ៍សោកស្ដាយចំពោះសម្បត្តិបេតិកភណ្ឌជាតិទាំងអស់នោះ ដែលអាចបានត្រឹមតែឈរមើលពីចម្ងាយពុំអាចធ្វើអ្វីបាន ដ្បិតពុំមានលទ្ធភាពក្នុងការឈរតតាំង»។

លោកបន្ថែមថា៖ «នៅពេលដែលយើងវាយបំផ្លាញព្រះវិហារចាស់ៗចោល យើងនឹងបាត់តឹកតាងដែលជាភស្តុតាងស្លាកស្នាមប្រវត្តិសាស្ត្រ ដែលមិនត្រឹមតែជាសំណង់ដែលគួរឲ្យរៀនសូត្រប៉ុណ្ណោះទេ ម្យ៉ាងវិញទៀត កម្សោយនៃការរៀនសូត្រសម្រង់ទុក ដែលធ្វើពុំបានល្អ ធ្វើឲ្យយើងពុំអាចរៀនសូត្រពីសំណង់ទាំងនោះបានច្រើន»។

បើតាមអ្នកស្រលាញ់បេតិកភណ្ឌបុរាណរូបនេះ អាចមានកត្តាមួយចំនួននៅពីក្រោយការវាយសំណង់ចាស់ៗចោលដើម្បីសាងសង់សមិទ្ធផលថ្មី។ កត្តាទាំងនោះ មានដូចជា វត្តខ្លះពុំចង់រក្សាទុកសំណង់ចាស់ៗទាំងអស់នោះ ដោយគិតថានាំឱ្យអាប់យស ឬអ្នកដឹកនាំថ្មីពុំមានស្នាដៃអ្វីថ្មីសម្រាប់ការកសាងវត្ត។ មួយវិញទៀតប្រហែលជាមានការបញ្ចុះបញ្ចូលពីសំណាក់អ្នកធ្វើទាន ដោយចង់បានមុខមាត់យកឈ្មោះកសាង រីឯវត្តខ្លះទៀតធ្វើដូច្នោះ ដើម្បីយកភាពកម្សត់នៅក្នុងវត្តដើម្បីរៃអង្គាសបច្ច័យជាដើម។

លោក តាយគីមហុង ថាកន្លងមក មិនត្រឹមតែសំណង់ព្រះវិហារនោះទេ ដែលត្រូវបំផ្លាញ សូម្បីខឿនព្រះវិហារ ខ្លោងទ្វារ ចេតិយ ប្រាង្គ ស្ដូបទាំងឡាយ ក៏រងការបំផ្លាញដូចគ្នា តាមរយៈការរៀបចំប្លង់វត្តបែបសម័យថ្មី។

លោកបញ្ជាក់៖ «អាចថាដល់កម្រិតក្រហមហើយ ដ្បិតព្រះវិហារមួយចំនួន ដ្បិតពុំបានវាយចោលមែន តែក៏ជួសជុលខូចបាត់លក្ខណៈដើមអស់ច្រើន»។

នៅចំពោះមុខក្ដីបារម្ភនៃការបាត់បង់តឹងតាងប្រវត្តិសាស្ត្រ និងតម្លៃស្ថាបត្យកម្មនេះ សម្រាប់អ្នកស្រលាញ់ការថតរូបបេតិកភណ្ឌ លោក ហៃ តាយគីមហុង ថាដើម្បីទប់ស្កាត់ការវាយបំផ្លាញជាបន្តបន្ទាប់ លោកលើកទឹកចិត្តអ្នកស្រលាញ់សំណង់បុរាណគួរតែឧស្សាហ៍ដើរថតវីដេអូ ឬរូបភាពទុកជាឯកសារ ដើម្បីបណ្ដុះទឹកចិត្តស្រឡាញ់ និងខំថែរក្សាការពារបន្តទៅថ្ងៃខាងមុខទៀត។

ប្រជាកាសែត មិនទាន់អាចទាក់ទងព្រះចៅអធិការវត្តទាន់អរ ព្រះតេជព្រះគុណ នឹម ស្លឹក ដើម្បីឆ្លើយតបនឹងប្រតិកម្មទាំងនេះបាននៅឡើយនៅថ្ងៃទី២ មីនា។ ទោះជាយ៉ាងណាគណនីហ្វេសប៊ុកផ្ទាល់របស់ព្រះអង្គ បានបង្ហោះសេចក្តីបំភ្លឺព័ត៌មានថា តាមចាស់ៗតំណាលថា ព្រះវិហារនេះ កសាងអំឡុងឆ្នាំ១៩៦០ និងខូចខាតក្នុងអំឡុងរបបខ្មែរក្រហម ហើយត្រូវបានជួសជុលឡើងវិញកាលពីឆ្នាំ១៩៩៥ រួមនឹងលិខិតអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការរុះរើព្រះវិហារក្នុងវត្តនេះ។

សេចក្ដីបំភ្លឺព័ត៌មានបន្តថា៖ «ក្រោយមកនៅឆ្នាំ២០២៥ ព្រះចៅអធិការបច្ចុប្បន្ន ព្រះនាម នឹម ស្លឹក ពិនិត្យឃើញថា ព្រះវិហារនេះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងខ្លាចបង្កហានិភ័យជាយថាហេតុ ក៏ប្រជុំអាចារ្យ គណៈកម្មការវត្ត ស្នើសុំច្បាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រហូតដល់ក្រសួងអនុញ្ញាតក្នុងការរុះរើសំណង់ព្រះវិហារចាស់ និងសាងសង់ព្រះវិហារថ្មី»។

ភ្ជាប់ជាមួយសំណេរនេះដែរ ព្រះតេជព្រះគុណ នឹម ស្លឹក ក៏បានបង្ហាញលិខិតអនុញ្ញាតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបញ្ជាក់ថា មន្ត្រីជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះពិនិត្យវាយតម្លៃ និងជួបពិភាក្សាជាមួយព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្តទាន់អរ ពិនិត្យឃើញថា សំណង់ព្រះវិហារមានសភាពចាស់ទ្រុឌទ្រោម។

សារក្នុងលិខិតបន្ថែមថា៖ «ដូច្នេះ ក្រសួងឯកភាពជាគោលការណ៍ក្នុងការរុះរើសំណង់ព្រះវិហារចាស់ និងសាងសង់ព្រះវិហារថ្មី»។

បើតាមលិខិតដដែលនោះ ក្រសួងឱ្យមន្ទីរវប្បធម៌ សហការជាមួយវត្ត ដោយចាត់មន្ត្រីជំនាញចុះថតរូបលម្អិត ក្បាច់លម្អ រូបគំនូរ ពិពណ៌នាប្រវត្តិព្រះវិហារចាស់មុនរុះរើ ហើយបន្តតាមដានដើម្បីធានាសុវត្ថិភាពពេលរុះរើ និងពិនិត្យ ផ្ដល់យោបល់បន្ថែម ប្រគេនជូនព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្ត លើការសាងសង់ព្រះវិហារថ្មី ដើម្បីធានាទម្រង់ស្ថាបត្យកម្ម ក្បាច់លម្អតាមរចនាបថសំណង់ពុទ្ធសាសនាបែបខ្មែរ។

ជុំវិញរឿងនេះដែរ ប្រធានអ្នកនាំពាក្យ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ បញ្ជាក់ប្រាប់ប្រជាកាសែតនៅថ្ងៃនេះថា វត្តបានធ្វើលិខិតស្នើសុំរុះរើមកមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រួចមន្ទីរបានធ្វើរបាយការណ៍ស្នើសុំមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ លោកថា ក្រសួងបានចាត់តាំងមន្រ្តីជំនាញចុះពិនិត្យនិងវាយតម្លៃលក្ខណៈវិនិច្ឆ័យសំខាន់ៗ រកឃើញថា សសរព្រះវិហារប្រេះបែក ជញ្ជាំងប្រេះ ក្បឿងរលុះដោយកន្លែង ធ្វើឲ្យទឹកភ្លៀងជ្រាបខូចពិតាន ប្លង់សេ ធ្នឹមប្រេះបែកចេញសរសៃដែកពីរទីតាំង ហើយតាមការតេស្តគុណភាពបេតុងធ្លាក់ចុះ ដែលធ្វើឲ្យព្រះវិហារនេះមានភាពទ្រុឌទ្រោម ប្រឈមនឹងហានិភ័យ ទើបក្រសួងអនុញ្ញាតឱ្យរុះរើ។

លោក ស៊ុំ ម៉ាប់ ថ្លែងបន្ថែមយ៉ាងដូច្នេះ៖ «លក្ខណៈពិសេសសំខាន់ៗរបស់ព្រះវិហារដែលអាចទុកជា បេតិកភណ្ឌជាតិនោះ គឺមិនមានលក្ខណៈគ្រប់គ្រាន់នោះទេ។ ចំពោះវត្ថុមានតម្លៃ ឬរបស់នៅប្រើប្រាស់បាន គឺក្រសួងបានណែនាំទៅព្រះចៅអធិការវត្តធ្វើការប្រមូល និងថែរក្សាទុកឲ្យបានល្អ និងប្រើប្រាស់បន្តទៀតជាប្រយោជន៍នៅក្នុងវត្ត»។

អ្នកនាំពាក្យរូបនេះដដែល ឱ្យដឹងថា ព្រះវិហារ ឬសំណង់ ដែលអាចចាត់ទុកជាបេតិកភណ្ឌជាតិ លុះណាតែក្រសួងពិនិត្យឃើញថា មានលក្ខណៈពិសេសៗ និងមានលក្ខណៈវិនិច្ឆ័យគ្រប់គ្រាន់ទៅលើកត្តាធំៗដូចជាអាយុកាល ប្រវត្តិសាស្រ្ត សិល្បៈ ស្ថាបត្យកម្ម គំនូរបុរាណ សហគមន៍។ល។ ចំពោះការវាយតម្លៃសំណង់ទាំងនោះ គឺក្រសួងតែងតែថ្លឹងថ្លែងរវាងកិច្ចអភិរក្ស និងសំណង់ដែលប្រឈមនឹងហានិភ័យប៉ះពាល់ដល់អ្នកប្រើប្រាស់។ លោកថាសំណង់ព្រះវិហារដែលមានហានិភ័យខ្ពស់ ហើយអាចបាក់រលំប៉ះពាល់ដល់អ្នកប្រើប្រាស់ គឺក្រសួងនឹងអនុញ្ញាតឲ្យមានការរុះរើ ដើម្បីរក្សាសុវត្ថិភាពដល់អ្នកប្រើប្រាស់ ឬសាធារណជនទូទៅ។

យ៉ាងណា លោកសំណូមពរដល់ព្រះចៅអធិការវត្ត គណកម្មការវត្តនៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រើប្រាស់សំណង់ចាស់ៗនៅក្នុងវត្តរបស់ខ្លួន ដាក់ពាក្យស្នើសុំជួសជុល ឬរុះរើសំណង់ទាំងនោះមកក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីឲ្យអ្នកជំនាញពិនិត្យវាយតម្លៃមុននឹងជួសជុល ឬរុះរើ។

លោក ស៊ុំ ម៉ាប់ បន្ត៖ «សូមព្រះចៅអធិការវត្ត និងគណកម្មការវត្តពិនិត្យតាមដានការខូចខាតសំណង់បុរាណទាំងនោះ និងជួយស្វែងរកថវិកាជួសជុលឲ្យបានទាន់ពេលវេលា ដើម្បីថែរក្សាសំណង់បុរាណទាំងនោះទុកសម្រាប់អ្នកជំនាន់ក្រោយ»។

នៅកម្ពុជា មានវត្តសរុបចំនួន ៥ ១៥០ វត្ត។ យ៉ាងណាក្ដី ការវាយកម្ទេចព្រះវិហារបុរាណ នៅតាមវត្ត នៅតែឃើញកើតឡើងជាបន្តបន្ទាប់ ក្រោមហេតុផលសំណង់ចាស់ទ្រុឌទ្រោម ដែលអាចបង្កគ្រោះថ្នាក់ហានិភ័យជាយថាហេតុជាដើម ហើយកន្លងមកគេសង្កេតឃើញថា ការរុះរើព្រះវិហារបុរាណខ្លះ មានការអនុញ្ញាតពីក្រសួងមន្ទីរពាក់ព័ន្ធ និងខ្លះគ្មានការអនុញ្ញាតនោះឡើយ។ ជាក់ស្ដែង កាលពីខែមករា ឆ្នាំ២០២៦ ព្រះវិហារបុរាណអាយុកាលប្រមាណ ១២៧ឆ្នាំ ក្នុងវត្តសំរឹទ្ធិជ័យារាម ហៅវត្តកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានកម្ទេចចោលអស់ជញ្ជាំងមួយចំហៀង ដែលបង្កឱ្យមានការសោកស្តាយចំពោះស្ថាបត្យកម្ម និងគំនូរជញ្ជាំងដ៏កម្រ ក៏ដូចជាបង្កការភ្ញាក់ផ្អើលដល់បរិស័ទជើងវត្ត និងអាជ្ញាធរ ដោយថាពុំទទួលបានដំណឹងពីការវាយកម្ទេចឡើយ៕

វប្បធម៌","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1713}" data-page="1" data-max-pages="1" data-start="1" data-end="1">