អង្គរវត្តនៅតែជាប់លេខជាទីតាំងទាក់ទាញបំផុតមួយនៅអាស៊ីនាឆ្នាំនេះ

សង្គម

(ព្រឹត្តិការណ៍សមរាត្រីនៅថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន៨៥,៤៥៣នាក់។រូបភាព៖ អាជ្ញាធរជាតិអប្សរា)។

អង្គរវត្តស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ជាច្រើនកុះករ មកពីបណ្ដាប្រទេសទូទាំងសកលលោក រហូតជាប់ចំណាត់ថ្នាក់លេខ២ ជាទីតាំងដែលទាក់ទាញបំផុតនៅតំបន់អាស៊ីក្នុងឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់ពីផេកហ្វេសប៊ុកក្រសួងទេសចរណ៍នៅថ្ងៃទី៣ ខែឧសភា ពីគេហទំព័រ Tripadvisor។

បើតាមការលើកឡើងរបស់អាជ្ញាធរជំនាញផ្នែកទេសចរណ៍បញ្ជាក់ថា កាល២០២៥ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៤,២លាននាក់។ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៣,២៤លាននាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៩៥,៥ ម៉ឺននាក់។ផ្អែកតាមតួរលេខនេះចំនួនភ្ញៀវទេសចរបរទេសដែលមកខេត្តសៀមរាប ថយចុះ ៦,៧% ដែលនេះបង្ហាញថា ស្ថានភាពទេសចរណ៍ខេត្តសៀមរាបពឹងផ្អែកខ្លាំងលើភ្ញៀវទេសចរជាតិ។

មគ្គុទ្ទេសក៍ទេសចរខេត្តសៀមរាប-អង្គរ លោក ខៀវ ធី អាយុ៦៥ឆ្នាំ បានលើកឡើងថា ស្ថានភាពទេសចរណ៍ខេត្តសៀមរាបក្នុងឆ្នាំ២០២៦ ហាក់មានការធ្លាក់ចុះពុំមានភ្ញៀវទេសចរច្រើននោះទេ ប៉ុន្តែមានភ្ញៀរទេសចរជាតិកើនឡើង។

លោកសង្កេតឃើញថា៖ «ការធ្លាក់ចុះនៃភ្ញៀរទេសចរបរទេសអាចមកពីការចំណាយលើសំបុត្រយន្តហោះមកកម្ពុជាមានតម្លៃថ្លៃ ដោយសារយើងពុំទាន់មានជើងយន្តហោះត្រង់ពីអ៊ឺរ៉ុប អាមេរិក មកកម្ពុជានោះទេ » ។

ក្រសួងទេសចរណ៍ធ្លាប់បានបញ្ជាក់ថា វិស័យទេសចរណ៍បានងើបឡើងវិញនៅឆមាសទី១ ឆ្នាំ ២០២៥ ដោយសារការធ្វើពិពិធកម្មទិសដៅទេសចរណ៍ និងការបង្កើនការតភ្ជាប់ជើងហោះហើរត្រង់ គួបផ្សំនឹងការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលជាសក្ដានុពលក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ជាការកត់សម្គាល់ទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ ដែលមកខេត្តសៀមរាប រួមមាន អាមេរិក, អង់គ្លេស, បារាំង, ចិន, ជប៉ុន, អាល្លឺម៉ង, អូស្ត្រាលី, កូរ៉េខាងត្បូង, ឥណ្ឌា និងអេស្ប៉ាញ។ 

មគ្គុទ្ទេសក៍ទេសចរខេត្តសៀមរាប-អង្គរ ដដែលបន្ថែមថា លោកបានបម្រើការងារនេះតាំងពីឆ្នាំ១៩៩៤ មកទល់ពេលនេះគឺ៣២ឆ្នាំ ហើយអ្វីដែលលោកតែងតែបានលឺពីភ្ញៀវទេសចរបរទេសសរសើរពីកម្ពុជាគឺពាក់ព័ន្ធនឹងវប្បធម៌ខ្មែរ ស្ថាបត្យកម្ម សំណង់ប្រាសាទបុរាណ ភាពរួសរាយ រាក់ទាក់ ម្ហូបអាហារ និងបដិសណ្ឋារកិច្ចល្អ ដែលធ្វើឱ្យពួកគាត់សប្បាយរីករាយចង់មកទស្សនាប្រទេសកម្ពុជាម្ដងហើយម្ដងទៀត។

ប្រភពរូបនេះនិយាយថា៖ « ភ្ញៀវទេសចរបរទេសមានអារម្មណ៍រំភើបដែលប្រទេសកម្ពុជាមានកន្លែងគួរឱ្យចាប់អារម្មណ៍ច្រើន ហើយពួកគេស្ដាយដែលជ្រើសរើសមកប្រទេសកម្ពុជាត្រឹមតែពីរ បី ថ្ងៃ ដោយចំណាយពេលជាងកន្លះខែនៅប្រទេសជិតខាង »។

បើតាមរយៈគេហទំព័រ Tripadvisor នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានប្រកាសថា ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ជាទីតាំងទាក់ទាញទេសចរខ្លាំងបំផុតក្នុងតំបន់អាស៊ីប្រចាំឆ្នាំ២០២៥។

ជាមួយគ្នានេះ អ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានសង្គម លោក ឈត ប៊ុនថង គិតថា អង្គរវត្តបានជាប់ចំណាត់ថ្នាក់កំពូលសឹងតែជារៀងរាល់ឆ្នាំ ជាទីតាំងទាក់ទាញបំផុតនៅតំបន់អាស៊ី ពិតជាផ្ដល់ផលចំណេញច្រើនដល់កម្ពុជា ដោយសារតែបានលើកកិត្តិនាមកម្ពុជាតាមរយៈមរតកវប្បធម៌ និងបានទាក់ទាញមនុស្សជាច្រើនស្គាល់ ព្រមទាំងជួយដល់សេដ្ឋកិច្ចក្នុងស្រុក។

លោកបន្តថា៖ «ការរក្សាចំណាត់ថ្នាក់កំពូលនេះ គឺជាមោទនភាពមួយផង ហើយជាឱកាសដែលកម្ពុជាទាក់ទាញភ្ញៀវទេសចរ និងចំណូលបន្ថែមសម្រាប់អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ផងដែរ »។

ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយព្រះវិហារវត្តសៅលីង ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា រដ្ឋបាលប្រជាជនខេត្តហឺណាន រដ្ឋបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ជាង ២,០០០នាក់ នៅកន្លែងផ្ទាល់ និងអ្នកទស្សនាតាមរយៈការផ្សាយផ្ទាល់ប្រមាណជាង៥០ម៉ឺននាក់។

ក្រសួងរំលឹកថា «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នេះ មិនត្រឹមតែជាការសម្តែងសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពរស់នៃការផ្លាស់ប្តូរវប្បធម៌ សាមគ្គីភាព និងមិត្តភាពដ៏យូរអង្វែង ដែលនឹងបន្តរួមចំណែកជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទាក់ទាញអ្នកទេសចរចិន និងអន្តរជាតិ ឱ្យមកស្វែងយល់ និងទទួលយកបទពិសោធន៍ដ៏សម្បូរបែបនៅកម្ពុជា៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2441}" data-page="1" data-max-pages="1" data-start="1" data-end="1">