សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់លោក ធី ថន អនុប្រធាននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដោយខ្លាចប៉ះពាល់ដល់នីតិវិធីនៅតុលាការជាន់ទាប បើទោះបីមានការទទូចពីជនត្រូវចោទនិងមេធាវីការពារក្ដីដែលបារម្ភពីបញ្ហាសុខភាព។
កាលពីថ្ងៃទី០២ខែមីនា សាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការជំនុំជម្រះនិងប្រកាសសាលដីកាលើបណ្ដឹងសុំនៅក្រៅឃុំរបស់លោក ធី ថន ដែលរងបទចោទ «រួមគំនិតក្បត់» ក្នុងសំណុំរឿងដែលមនុស្សជាង១០០នាក់ត្រូវបានចាប់និងចោទកាលពីចុងឆ្នាំ២០២៤ ពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម។
អំឡុងពេលសវនាការលោក ធី ថន បានថ្លែងប្រាប់ក្រុមប្រឹក្សាជំនុំជម្រះ ថា លោកកំពុងមានជំងឺថ្លើមប្រចាំកាយ និងសំណូមពរឱ្យចៅក្រមដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីបន្តការសិក្សាផ្នែកគីមីចំណីអាហារ ឆ្នាំទី៤ នៅមហាវិទ្យាល័យ។
លោក ថន និយាយថា៖ «ខ្ញុំសំណូមពរ ចៅក្រម ឱ្យខ្ញុំមានសេរីភាព ដើម្បីអនាគតខ្ញុំ»។
រីឯតំណាងអយ្យការ ក៏បានរៀបរាប់ប្រាប់ចៅក្រមថា ដើម្បីកុំឱ្យបទល្មើសកើតមានបន្តទៀត តំណាងអយ្យការស្នើឱ្យសាលាឧទ្ធរណ៍រក្សាការឃុំខ្លួនលោក ថន ដើម្បីសាលាដំបូងរាជធានីភ្នំពេញបន្តនីតិវិធី។
ភ្លាមៗនោះ មេធាវីការពារចុងចោទ លោក លី សុចិត្រា បានថ្លែងជំទាស់ការលើកឡើងរបស់តំណាងអយ្យការ ដោយថា កូនក្ដីរបស់លោកមិនបានប្រព្រឹត្តបទល្មើសនោះទេ ហើយក៏មិនជាប់ពាក់ព័ន្ធនឹងគ្រុប (Group) តេលេក្រាមនិងមនុស្ស៣នាក់ដែលជាអង្គហេតុក្នុងសំណុំរឿងនេះនោះដែរ។
លោក សុចិត្រា បន្តអះអាងនៅចំពោះមុខប្រធានក្រុមប្រឹក្សាជំនុំជម្រះ ថា កូនក្ដីរបស់លោក មានទីលំនៅច្បាស់លាស់ និងកំពុងមានជំងឺថ្លើមដែលពេទ្យបានពិនិត្យឃើញ ហើយលោកបារម្ភថា ការបន្តឃុំខ្លួនលោក ធី ថន នឹងបង្កហានិភ័យដល់គាត់ រួមទាំងអ្នកជាប់ឃុំផ្សេងទៀត។
ក្រោយស្ដាប់ការលើកឡើងរបស់ភាគីពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក អ៊ិត សុធា បានសម្រេចតម្កល់សាលាក្រមសាលាដំបូងរាជធានីភ្នំពេញ ដោយរក្សាការឃុំខ្លួនលោក ធី ថន ដដែលដោយបារម្ភប៉ះពាល់ដល់នីតិវិធីនៅតុលាការជាន់ទាប។
លោក សុធា និយាយថា៖ «តម្កល់សាលក្រមសាលាដំបូង ដោយសារសំណុំរឿងនៅអង្គសេចក្ដី បើដោះលែងឱ្យក្រៅឃុំប៉ះពាល់នីតិវិធីសាលាដំបូងរាជធានីភ្នំពេញ។ (សាលាដំបូងរាជធានីភ្នំពេញក៏ជិតបើកសវនាការអង្គសេចក្ដី) រងចាំការសម្រេចនៅសាលាដំបូងរាជធានីភ្នំពេញ»។
លោក ថន ជាយុវជនម្នាក់ក្នុងចំណោមមនុស្សជាង១០០នាក់ ដែលត្រូវបានចាប់និងចោទប្រកាន់ ចំពោះការបញ្ចេញមតិ ឬគ្រោងប្រមូលផ្ដុំគ្នានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម។
លោកត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០២៤ និងត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។ ប្រសិនបើលោក ថន ត្រូវបានកាត់ទោសនោះ លោកនឹងប្រឈមជាប់ពន្ធនាគាររយៈពេលរហូតដល់១០ឆ្នាំ។
មន្រ្តីគោលនយោបាយនិងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ កញ្ញា ហេង គឹមសួ ដែលបានចូលស្ដាប់សវនាការផងដែរ យល់ថា សាលាឧទ្ធរណ៍គួរដោះលែងលោក ថន ឱ្យមានសេរីភាព ដោយកញ្ញាយល់ថា គាត់មិនបានធ្វើសកម្មភាពណាមួយដែលបង្កផលប៉ះពាល់ដល់នរណាម្នាក់ និងសង្គមនោះទេ។
កញ្ញា និយាយថា៖ «ខ្ញុំយល់ថា វាមិនសូវជាសមស្របប៉ុន្មានទេ ពីព្រោះអីគាត់មិនបានប្រព្រឹត្តនូវបទល្មើសណាមួយ បង្កឱ្យមានភាពធ្ងន់ធ្ងរទៅដល់អាយុជីវិតរបស់នរណាម្នាក់ ហើយក៏មិនធ្វើឱ្យសង្គមហ្នឹងលិចលង់ទៅក្រោមរូបភាពណាមួយដែរ។ ដូច្នេះហើយការសម្រេចបែបនេះ ខ្ញុំគិតថាវាមិនសមស្របទេពីព្រោះថា គាត់កំពុងមានជំងឺជាប់កាយ ហើយគាត់មិនបានប្រព្រឹត្តអ្វីខុសឆ្គងទេ។ ចឹងហើយ តុលាការគួរណាស់តែដោះលែងគាត់ឱ្យនៅក្រៅឃុំ»៕







