អាជ្ញាធរជាតិអប្សរាបន្តរឹតបន្តឹងជាថ្មីលើការថតរូបភាព និងវីដេអូផ្សព្វផ្សាយមិនសមរម្យនៅបរិវេណតំបន់រមណីដ្ឋានអង្គរក្រោយសង្កេតឃើញមានភាពមិនប្រក្រតីមួយចំនួនកើតឡើង។
សេចក្ដីប្រកាសរបស់អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឱ្យដឹងថា កន្លងមកពាក់ព័ន្ធនឹងការថតវីដេអូ ឬរូបភាពសន្លឹកនៅក្នុងតំបន់អង្គរ ប្រជាពលរដ្ឋបានចូលរួមអនុវត្តបានល្អប្រសើរក្នុងស្មារតី អភិរក្ស និងលើកតម្លៃបេតិកភណ្ឌ និងវប្បធម៌ជាតិ។ ប៉ុន្តែជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានកត់សម្គាល់ឃើញមានចំណុចខ្វះចន្លោះមួយចំនួន ដែលអាចបង្កផលប៉ះពាល់ដល់សង្គម បេតិកភណ្ឌ និងវប្បធម៌ជាតិ។
ពាក់ព័ន្ធនឹងការព្រួយបារម្ភជាថ្មីនេះ អាជ្ញាធរជាតិអប្សរានឹងស្នើសុំត្រួតពិនិត្យ និងសួរនាំទៅលើការថតមួយចំនួនដែលអាជ្ញាធរយល់ថាជាទង្វើខុសពីក្រមប្រតិបត្តិអង្គរ ការថតសម្តែង ការស្លៀកសម្លៀកបំពាក់មិនសមរម្យនៅនឹងទីតាំងបេតិភណ្ឌជាតិ ការដើរបង្ហាញម៉ូត និងការបញ្ចេញសកម្មភាពដែលឆ្គាំឆ្គង ព្រមទាំងការថតផ្សាយផលិតផលមិនមានការអនុញ្ញាត ក៏ដូចជាកាយវិការប្រមូលផ្តុំណាមួយ ដែលអាចរំខានដល់ការទស្សនារបស់ភ្ញៀវជាតិ អន្តរជាតិ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈជាដើម។
ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី សង្កេតឃើញថា មានបុគ្គលមួយចំនួនតូចបានថតរូបភាព និងវីដេអូមិនសមរម្យនៅតំបន់រមណីដ្ឋានអង្គរ ដែលគួរតែមានការរឹតបន្តឹង ឬលុបបំបាត់នូវសកម្មភាពទាំងនេះតែម្ដង ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់អរិយធម៌ វប្បធម៌ខ្មែរ សណ្តាប់ធ្នាប់ ជាពិសេសនៅតំបន់អង្គរ។
លោកសង្កត់ធ្ងន់ថា៖«ចំពោះការធ្វើមាតិកា ឬវីដេអូផ្សព្វផ្សាយផ្សេងៗ និងការថតរូបភាពអាពាហ៍ពិពាហ៍សម្រាប់មង្គលការ គឺពុំគួររឹតបន្តឹង ឬមានច្បាប់សុំអនុញ្ញាតតឹងរឹងពេកទេ ព្រោះនេះជាការផ្សព្វផ្សាយមួយដែលជួយទាក់ទាញឱ្យមានកំណើនភ្ញៀវទេសចរទៅវិញទេ»។
ស្រដៀងគ្នានេះដែរ អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គមលោកបណ្ឌិត ឈត ប៊ុនថ លើកឡើងថា ការកំណត់គោលការណ៍រឹតបន្តឹងលើការថតរូបភាព និងវីដេអូផ្សព្វផ្សាយនៅតំបន់អង្គររបស់អាជ្ញាធរជាតិអប្សរាមិនមានអ្វីអាក្រក់នោះទេ ប៉ុន្តែលោកថាធ្វើយ៉ាងណាកុំឱ្យច្បាប់ ឬបទបញ្ជាផ្ទៃក្នុងទាំងអស់នោះធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរដែលទៅទស្សនានៅតំបន់នោះ។
លោកបញ្ជាក់បន្ថែមថា៖«កាលណាមានច្បាប់គឺត្រូវមានការអនុវត្ត ប៉ុន្តែសូមអនុវត្តធ្វើយ៉ាងណាឱ្យអ្នកប្រព្រឹត្តខុសយល់ថាគាត់ពិតជាប្រព្រឹត្តកំហុសមែន ហើយឱ្យគាត់យល់ថាការអនុវត្តរបស់អាជ្ញាធរពិតជាចាំបាច់ និងសមហេតុផល»។
កន្លងទៅធា្លប់មានបុគ្គលមួយចំនួនបានធ្វើសកម្មភាពមិនគួរគប្បី និងមិនសមរម្យនៅក្នុងតំបន់រមណីដ្ឋានអង្គរដែលធ្វើឱ្យមានការរិះគន់ និងខឹងសម្បារពីសំណាក់មហាជនខ្មែរ ដូចជាការស្លៀកសម្លៀកបំពាក់សិចស៊ីមិនសមរម្យថតរូប និងវីដេអូនៅក្នុងតំបន់អង្គរ ឬការថតវីដេអូសម្តែងកាយវិការក្នុងន័យប្រមាថមើលងាយ និងមិនឱ្យតម្លៃដល់ប្រាង្គប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាជាដើម។
អាជ្ញាធរជាតិអប្សរាបានអំពាវនាវដល់ម្ចាស់គណនី ដែលបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គមទាំងអស់ដែលបានបង្កការយល់ច្រឡំដល់មតិសាធារណជន លុបរូបថត ឬវីដេអូចេញពីគណនីរបស់ខ្លួន ដើម្បីរក្សាបរិយាកាសសង្គមកម្ពុជា ប្រកបដោយសាមគ្គីភាពជាតិតែមួយ៕







