អាជ្ញាធរជាតិអប្សរាណែនាំភ្ញៀវទេសចរប្រុងប្រយ័ត្នក្នុងពេលទស្សនារមណីយដ្ឋានអង្គរនារដូវរស្សា

សង្គម

(កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណជិត៥ល្ងាច មានករណីខ្យល់បោកបក់យ៉ាងខ្លាំង នៅតំបន់រមណីយដ្ឋានអង្គរ បណ្តាលឱ្យដើមឈើមួយចំនួន បានដួលរលំ កាត់តាមដងផ្លូវ។ ភ្លាមៗនោះ មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា កំពុងធ្វើប្រតិបត្តិការ កាត់សម្អាតដើមឈើទាំងនោះ ដើម្បីសម្រួលចរាចរណ៍ឡើងវិញ៕រូបភាពអាជ្ញាធរអប្សារា)។

អាជ្ញាធរជាតិអប្សរា ណែនាំភ្ញៀវទេសចរឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុវត្ថិភាព និងអំពាវនាវឱ្យអ្នកធ្វើការក្នុងវិស័យទេសចរណ៍ទាំងអស់ ចូលរួមផ្ដល់បទពិសោធល្អដល់ទេសចរ ដែលមកលេងតំបន់រមណីយដ្ឋានអង្គរនារដូវវស្សា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។

អាជ្ញាធរជាតិអប្សរារម្លឹកដល់អ្នកធ្វើការក្នុងវិស័យទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ អំពីវិធានការគួរអនុវត្តមួយចំនួន ក្នុងគោលបំណងរក្សាឱ្យបាននូវបទពិសោធន៍ទស្សនា ប្រកបដោយភាពសប្បាយរីករាយ ព្រមទាំងបង្ការផលប៉ះពាល់ ផ្សេងៗនារដូវវស្សា។

វិធានការទាំងនោះ មានដូចជា ចៀសវាងចតយានយន្តគ្រប់ប្រភេទក្រោមដើមឈើនៅពេលមានខ្យល់កន្ត្រាក់ ឬភ្លៀងខ្លាំង ដែលអាចបណ្តាលឱ្យមានហានិភ័យជាយថាហេតុ។ ក្នុងករណីមេឃខ្មៅ ធ្លាក់ភ្លៀង ឬមានផ្គររន្ទះខ្លាំង ត្រូវចៀសវាងប្រើឧបករណ៍អេឡិចត្រូនិច និងកុំជ្រកក្រោមដើមឈើធំៗ។

សម្រាប់ការរៀបចំខ្លួន និងសម្លៀកបំពាក់ អាជ្ញាធរឱ្យដឹងថាគួរប្រើប្រាស់ស្បែកជើង ដែលមានសភាពស្អិតល្អ ពីព្រោះថ្មប្រាសាទអាចនឹងមានសភាពរអិលខ្លាំងនៅពេលសើម។ គួរត្រៀមអាវភ្លៀង ឬឆ័ត្រ ដែលមិនមានចុងស្រួចខ្លាំង ដែលអាចប៉ះពាល់ថ្ម និងចម្លាក់ ប្រាសាទ និងចៀសវាងប្រើប្រាស់សម្ភារទាំងនោះ ដែលមានស្លាកសញ្ញា (Logo) តំណាងឱ្យការ ផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ផ្ទុយពីគោលការណ៍គ្រប់គ្រងបេតិកភណ្ឌពិភពលោក ក៏ដូចជាស្លៀកពាក់ឱ្យបានសមរម្យ។

លើសពីនេះ សាធារណជន គួរចៀសវាងការស្លៀកពាក់ស៊ិចស៊ី ការប៉ះចម្លាក់ ឫថ្មប្រាសាទ និយាយឡូឡានៅកន្លែងទីសក្ការៈបូជា ការចូលទីតាំងហាមឃាត់ និងទីគ្រោះថ្នាក់ជាដើម។ ក្រមប្រតិបត្តិនេះ ក៏ហាមរាល់ភ្ញៀវទេសចរទាំងអស់មិនឱ្យជក់បារីក្នុងបរិវេណប្រាសាទ ចោលសំរាមគ្មានសណ្តាប់ធ្នាប់ ការប៉ះពាល់ព្រះសង្ឃ ដូចជាសុំព្រះសង្ឃថតរូប និងហាមមិនឱ្យភ្ញៀវទេសចរឱ្យស្ករគ្រាប់ និងថវិកាដល់ក្មេងៗនៅតំបន់អង្គរជាដើម។

ជាចុងក្រោយ អាជ្ញាធរជាតិអប្សរា ណែនាំឱ្យទេសចរលាបថ្នាំការពារសត្វល្អិត ដោយសាររដូវវស្សា អាចនឹងមានសត្វល្អិតច្រើន នៅតំបន់មានព្រៃ និងអនុវត្តទៅតាមស្លាកសញ្ញាឱ្យដំណឹងនានា ជាពិសេសគោរពតាមការណែនាំរបស់ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំការនៅតាមទីតាំងនីមួយៗ។ ចៀសវាងជាដាច់ខាតការផ្តល់ចំណី និងការប៉ះពាល់ផ្ទាល់ជាមួយសត្វស្វា ដើម្បីការពារសុខភាពកាត់បន្ថយហានិភ័យគ្រោះថ្នាក់ និងទុកឱ្យសត្វរស់នៅតាមបែបធម្មជាតិ។

ក្រសួងទេសចរណ៍ឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្លៀវទេសចរអន្តរជាតិ ចំនួន ៥,៥៧ លាននាក់ ចំនួននេះថយចុះ ១៦,៩ ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៤។ យ៉ាងណា ចំណូលទេសចរណ៍អន្តរជាតិមាន ៣ ៨៧៨ លានដុល្លារអាមេរិក កើនឡើង ៦,៦ ភាគរយ ស្របពេលមានអ្នកប្រកបមុខរបរ និងការងារទេសចរណ៍ចំនួន ៤២ ម៉ឺននាក់។ ចំណែកអត្រាចំណូលទេសចរណ៍សរុបក្នុងឆ្នាំ២០២៥ រួមចំណែក ៩,៨ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2520}" data-page="1" data-max-pages="1" data-start="1" data-end="1">