អាជ្ញាធរស្នើពលរដ្ឋកុំទិញសាំងលើសតម្រូវការ ប៉ុន្តែពលរដ្ឋមួយចំនួនដណ្ដើគ្នាទិញសាំងទុក

សង្គម

ពលរដ្ឋកំពុងទិញសាំងស្តុកទុក នៅខេត្តបាត់ដំបង ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។ (រូបថតពីវិដេអូ៖ លោក មាជ សុវណ្ណារ៉ា)

ក្រសួងពាណិជ្ជកម្មបានក្រើនរំលឹកពលរដ្ឋកុំសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសពីតម្រូវការចាំបាច់ ដែលអាចបង្កឱ្យមានហានិភ័យឆាបឆេះ ស្របពេលពលរដ្ឋកំពុងសម្រុកទិញសាំងស្តុកទុក ដោយបារម្ភសាំងឡើងថ្លៃព្រោះជម្លោះនៅមជ្ឃិមបូព៌ា។

ការរំលឹកនេះធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែនិងថាមពល ព្រមទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យតាមដានតម្លៃប្រេងឥន្ធនៈ។

តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានក្រើនរំលឹកពលរដ្ឋកុំឱ្យសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសពីតម្រូវការចាំបាច់ ដែលអាចបង្កឱ្យមានហានិភ័យ ព្រមទាំងអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេសអនុវត្តស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុកឱ្យបានត្រឹមត្រូវ។

សេចក្តីជូនដំណឹងបន្តថា៖ «ក្រសួងពាណិជ្ជកម្ម សូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្ត និងយោគយល់ចំពោះស្ថានីយលក់ ប្រេងឥន្ធនៈ ដែលបានខិតខំប្រឹងប្រែងគ្រប់គ្រងហានិភ័យ និងចូលរួមសន្សំសំចៃ ក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ ព្រមទាំងចៀសវាងការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសពីតម្រូវការចាំបាច់ ដែលអាចបង្កឱ្យមានហានិភ័យឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន»។

ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា សង្កេតឃើញថា មានម្ចាស់ស្ថានីយប្រេងឥន្ធនៈមួយចំនួនបិទស្ថានីយរបស់ខ្លួន ដោយប្រាប់ថាអស់ប្រេងសម្រាប់លក់ហើយ ទាំងដែលការពិតពួកគេបិទទ្វារដើម្បីដំឡើងថ្លៃសាំ។

លោក សុវណ្ណារ៉ា បារម្ភថាបញ្ហានេះអាចប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសចំពោះពលរដ្ឋដែលមានជីវភាពលំបាក អាជីវករ ឬអ្នកដែលកំពុងជាប់បំណុល។ លោកថា នេះអាចបង្កជាវិបត្តិ ហើយអាចធ្វើឱ្យមានការតវ៉ានាពេលខាងមុខ។

លោកថា៖ «រដ្ឋាភិបាលតាមរយៈសេនាធិការក្រសួងពាណិជ្ជកម្មមិនអាចឈរមើលបានទេ ត្រូវតែធ្វើការកោះប្រជុំជាបន្ទាន់មួយជាមួយនឹងក្រុមហ៊ុននាំប្រេងឥន្ធនៈចូល ហើយតាមដាននូវក្រុមជំនាញឯកទេសហ្នឹងតាមដានទៅតាមស្ថានីយ៍ ទៅតាមក្រុមហ៊ុនដែលហ្ការ៉ាស់ត្រូវបានបិទ ឬក៏ដោយប្រការណា អ្នកខ្លះបិទស្ដុកសាំងនៅថាអស់ ដើម្បីទុកលក់ឡើងថ្លៃ ឬក៏ក្រុមហ៊ុនដំឡើង ឬក៏អ្នកដែលនៅហ្ការ៉ាស់សាំង ស្ថានីយ៍ ដេប៉ូហ្នឹងគាត់ដំឡើងខ្លួនគាត់»។

ប្រជាពលរដ្ឋតាមបណ្ដាខេត្តមួយចំនួនបានដណ្ដើមគ្នាទិញសាំងស្តុកទុក អ្នកខ្លះដាក់ប៊ីដុងអ្នកខ្លះទិញចាក់ឡាន ហើយស្ថាននីយ៍ចាក់ប្រេងមួយចំនួនប្រកាសថាខ្លួនអស់ប្រេងសាំងលក់។

ជុំវិញបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងពិធីបិទសន្និបាតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បញ្ជាឱ្យក្រសួងពាក់ព័ន្ធតាមដានបញ្ហាប្រេងឥន្ធនៈ និងចាត់វិធានការឱ្យទាន់ពេលវេលា។

លោកថា៖ «ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ ថាមពល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមឱ្យបានជាប់ទៅលើទិន្នន័យ និងការប្រែប្រួលនៃបញ្ហាប្រេង។ កិច្ចការនេះ ខ្ញុំបានប្រគល់ភារកិច្ចការឱ្យឯកឧត្តម កែវ រតនៈ តាមដានពីដើមទី ហើយលោកជំទាវ ចម និម្មល ធ្វើការងារនេះ ហើយទី១រឿងបរិមាណ ការនាំចូលកម្រិតណា? តើមើលប្រទេសណាដែលគ្រោងបិទការនាំចេញ ឬទេ? ព្រោះឥឡូវស្ថានភាពបើយូរអង្វែងប្រទេសច្រើនអាចមានការបិទការនាំចេញ នាំឱ្យមានការខ្វះខាត។ អ៊ីចឹងត្រូវតាមដានឱ្យជាប់ ដាក់វិធានការឱ្យទាន់ពេលវេលា»។

ក្រុមហ៊ុនប្រេង និងម្ចាស់នាវាដឹកប្រេងជាច្រើនបានផ្អាកការដឹកជញ្ជូនប្រេងឆៅ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិរាវ(LNG) ជាបណ្តោះអាសន្នតាមច្រកសមុទ្រ Hormuz។ ការផ្អាកនេះគឺបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើប្រទេសអ៊ីរ៉ង់។ 

ច្រកសមុទ្រ Hormuz ជាច្រកដឹកជញ្ជូនសំខាន់មួយក្នុងពិភពលោក ដោយប្រហែល ២០% នៃប្រេងពិភពលោក និងឧស្ម័ន LNG ត្រូវដឹកជញ្ជូលតាមផ្លូវនេះ រួមទាំងប្រេងដែលមានប្រភពពីប្រទេសអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អ៉ីរ៉ាក់ គុយវ៉ែត អ៊ីរ៉ង់ និងពីប្រទេសកាតា។ នេះបើតាមសារព័ត៌មាន Reuters ចុះផ្សាយនៅចុះខែកុម្ភ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1816}" data-page="1" data-max-pages="1" data-start="1" data-end="1">