កម្ពុជា-ចិន ប្តេជ្ញាជាថ្មីពង្រឹងមិត្តភាពដែកថែប

ទំនាក់ទំនងអន្តរជាតិ

(លោកប្រាក់ សុខុននិងលោកវ៉ាង យី ចាប់ដៃគ្នាថតរូបអនុស្សាវរីយ៍នៅក្រសួងការបរទេសកម្ពុជានៅខេមេសា២០២៦)រូបភាពក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

កម្ពុជា-ចិនបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាឥតងាករេក្នុងការពង្រឹងបន្ថែមទៀតនូវមិត្តភាពដែកថែប និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍វាសនារួម គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងចិន របស់ក្រសួងការបរទេស ចេញផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

សេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា កម្ពុជាចិន គូសបញ្ជាក់ក្នុងការអនុវត្ត ឱ្យបានពេញលេញនូវកុងសង់ស៊ីសជាយុទ្ធសាស្ត្រកម្រិតខ្ពស់ ដែលសម្រេចបានរវាងថ្នាក់ដឹកនាំកម្ពុជា និងប្រធានាធិបតីចិន លោក ស៊ី ជីនពឹង។

ក្នុងនោះ កម្ពុជាចិន បានអះអាងសាជាថ្មីនូវការប្តេជ្ញាពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដោយវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព លើវិស័យជាច្រើន ដូចជា សន្តិសុខ-នយោបាយ ការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីធានានូវវឌ្ឍនភាពបន្ថែមទៀតក្នុងការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»។

រដ្ឋមន្ត្រីទាំងពីរ បញ្ជាក់នូវការគាំទ្រគ្នាទៅវិញទៅមក ដោយរដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានបញ្ជាក់ឡើងវិញពីការប្រកាន់ខ្ជាប់ចំពោះគោលការណ៍ចិនមួយ និងចាត់ទុកតៃវ៉ាន់ គឺជាផ្នែកមួយ ដែលមិនអាចបំបែកបានពីទឹកដីរបស់ចិន។ ឯរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក៏បានបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះកម្ពុជា ក្នុងការជ្រើសរើសដោយឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ ដែលស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ព្រមទាំងកោតសរសើរចំពោះតួនាទីកាន់តែសកម្ម និងប្រកបដោយស្ថាបនារបស់កម្ពុជា នៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ 

សេចក្ដីប្រកាសព័ត៌មានបញ្ជាក់៖ «បន្ថែមលើនេះ ភាគីចិនបានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ»។

រដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តក្នុងតំបន់ និងសកលលោក ដែលជាកង្វល់រួម និងអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌពហុភាគី ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក។ 

លោក ប្រាក់ សុខុន ក៏បានប្រាប់ភាគីចិន អំពីការវិវត្តចុងក្រោយនៃបញ្ហាព្រំដែនកម្ពុជា-ថៃ។ លោកសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីចិន ចំពោះតួនាទីសកម្ម និងជាស្ថាបនិក ក្នុងការជំរុញឱ្យមានកិច្ចសន្ទនា និងទំនាក់ទំនងផ្ទាល់រវាងប្រទេសកម្ពុជា-ថៃ ដែលបានជួយបន្ធូរបន្ថយភាពតានតឹង និងផ្តល់ជំនួយមនុស្សធម៌ជូនជនភៀសសឹក និងការគាំទ្រក្នុងការបោសសម្អាតមីនមនុស្សធម៌សម្រាប់កម្ពុជា។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២២-២៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាជាយុទ្ធសាស្ត្រ «២+២» រវាងកម្ពុជា និងចិន៕

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2359}" data-page="1" data-max-pages="1" data-start="1" data-end="1">