មេដឹកនាំកម្ពុជា-ថៃ ប្ដេជ្ញាដោះស្រាយជម្លោះព្រំដែនគោកនិងសមុទ្រដោយសន្តិវិធី

ទំនាក់ទំនងអន្តរជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថៃ ប្ដេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនគោកនិងសមុទ្រ​ដោយសន្តិវិធី និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរវិលត្រលប់មកប្រក្រតីភាពវិញ។

ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីថៃ លោក អនុទីន ឆានវីរ៉ាកុល (Anutin Charnvirakul) បានមានជំនួបក្រៅផ្លូវការ កាលពីថ្ងៃទី០៧ ខែឧសភា ក្រោមការសម្របសម្រួលពីប្រធានាធិបតី ហ្វីលីពីន ដែលជាប្រធានអាស៊ានឆ្នាំ២០២៦។

(នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ប្រធានាធិបតីហ្វីលីពីលោកម៉ាកូស និងនាយករដ្ឋមន្ត្រីថៃអនុទីន ចាប់ដៃខ្វែងគ្នាបន្ទាប់ពីជួបពិភាក្សាគ្នារួចរាល់។រូបភាពពីហ្វេសប៊ុកលោកហ៊ុនម៉ាណែត)។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមស្តីពីជំនួបត្រីភាគីរវាងកម្ពុជា ហ្វីលីពីន និងថៃ ក្រោយកិច្ចប្រជុំ នាយករដ្ឋមន្រ្តីថៃ អនុទីន មានប្រសាសន៍ថា ថៃ និងកម្ពុជា គឺជាប្រទេសជិតខាង ហើយវាជាការល្អបំផុតក្នុងការចៀសវាងជម្លោះដែលនាំមកនូវការខាតបង់ និងទុក្ខវេទនា។

លោក បន្ថែមថា ប្រទេសទាំងពីរ ត្រូវតែឆ្ពោះទៅមុខជាមួយគ្នាមួយជំហានម្តងៗ ក្នុងទិសដៅដូចគ្នា ហើយគួរតែទំនាក់ទំនងដោយផ្ទាល់ជាមួយគ្នាទៅវិញទៅមកគ្រប់កម្រិត និងរកមធ្យោបាយដើម្បីដោះស្រាយបញ្ហាដែលមាន និងពង្រីកកិច្ចសហប្រតិបត្តិការ។

លោកនិយាយថា៖ «ក្នុងស្មារតីនេះ ខ្ញុំ និងនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត យល់ព្រមចាត់តាំងរដ្ឋមន្ត្រីការបរទេសរបស់យើងឱ្យធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធលើវិធានការកសាងទំនុកចិត្តជាក់ស្តែង ដោយចាប់ផ្តើមពីបញ្ហាដែលយើងមានចំណុចរួម និងអាចអនុវត្តបានភ្លាមៗ។ វិធានការនេះនឹងជាគន្លឹះក្នុងការស្តារទំនុកចិត្តរបស់យើងឡើងវិញ និងកសាងទំនាក់ទំនងទ្វេភាគីរបស់យើងឡើងវិញបន្តិចម្តងៗ»។

លោកបន្តថា៖ «លើបញ្ហាព្រំដែនគោក និងសមុទ្រ។ ខ្ញុំបានស្នើឡើងក្នុងអំឡុងពេលពិភាក្សាអំពីវិធីស្ថាបនាដើម្បីដោះស្រាយបញ្ហានេះក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ។ ថ្ងៃនេះ យើងបានឈានមួយជំហានដ៏សំខាន់មួយ ហើយជឿជាក់ថា ជាមួយនឹងការស្តារឡើងវិញនូវការតាំងចិត្ត និងភាពស្មោះត្រង់ពីភាគីទាំងពីរ យើងអាចជំរុញការស្វែងរកសន្តិភាពសម្រាប់ប្រទេសយើងទាំងពីរ និងសម្រាប់តំបន់ទាំងមូល»។

បើទោះបីជាថ្នាក់ដឹកនាំថៃបានថ្លែងយ៉ាងដូច្នេះនៅចំពោះមុខប្រធានប្តូរវេនអាស៊ានក៏ដោយ ក៏ប៉ុន្តែស្ថានភាពជាក់ស្ដែងនៅតាមព្រំដែន ថៃនៅតែធ្វើសកម្មភាពជាច្រើនលើទីតាំងដែលកាន់កាប់ ក្រោយបទឈប់បាញ់កាលពីចុងឆ្នាំមុន តាមរយៈការសាងសង់ប៉ុស្តិ៍យាម ផ្លូវថ្មើរ​ជើង ឈូសឆាយដី និងជីកលេណដ្ឋានជាដើម ទោះជាមានការជំទាស់ពីភាគីកម្ពុជាក៏ដោយ។
ចំណែកនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត ក៏ថ្លែងក្នុងសន្និសីទខាងលើផងដែរ ដោយសង្កត់ធ្ងន់ថា ខ្សែបន្ទាត់ព្រំដែនពុំអាចផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំង ឬការកាន់កាប់ជាក់ស្ដែងនោះទេ។

លោក បន្ថែមថា កម្ពុជា-ថៃ ក៏បានពិភាក្សាគ្នាលើការកាត់បន្ថយភាពតានតឹង និងការកសាងទំនុកចិត្ត រួមទាំងការជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរត្រលប់ទៅកាន់ប្រក្រតីភាពឡើងវិញ។

ក្រៅពីនេះ លោក ហ៊ុន ម៉ាណែត ក៏អំពាវនាវចំពោះការពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីផ្ទៀងផ្ទាត់និងធានាដល់ការអនុវត្តបទឈប់បាញ់ និងរាល់វិធានការដែលបានព្រមព្រៀង។ 

ជាងនេះទៅទៀត លោកក៏អំពាវនាវឱ្យថៃអនុវត្តពេញលេញនូវសេចក្ដីថ្លែងការណ៍រួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសពាក់ព័ន្ធនឹងដំណើរការវាស់វែង និងខណ្ឌសីមារបស់គណៈ​កម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ដោយគ្មានការពន្យារពេល ដើម្បីធានាអធិប​តេយ្យភាព និងខ្សែព្រំដែនតាមច្បាប់អន្តរជាតិ។ លោក បន្ថែមថា៖ «ការណ៍នេះក៏នឹងជួយលើកកម្ពស់ទំនុកចិត្ត និងនាំមកនូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ»។

ជុំវិញករណីនេះ អ្នកវិភាគភូមិសាស្រ្តនយោបាយលោក សេង វណ្ណលី មើលឃើញថា ភាពយឺតយ៉ាវ និងការអូសបន្លាយពេលរបស់ភាគីថៃក្នុងការអនុវត្ដកិច្ចព្រមព្រៀង គឺជាយុទ្ធសាស្ដ្រទិញពេលវេលា ដើម្បីពង្រឹងអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែងនៅតាមព្រំដែន ដែលលោក ម៉ាណែត ក៏បង្ហាញក្ដីបារម្ភនៅក្នុងសុន្ទរកថានេះដែរ។

លោកបន្តទៀតថា ការដែលថៃបង្ហាញឥរិយាបថសហការក្នុងឆាកតំបន់ ទំនងជាការសម្ដែងដើម្បីតុបតែងមុខមាត់ឱ្យបានល្អក្នុងនាមជាសមាជិកអាស៊ានប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែងថៃដែលនៅតែធ្វើសកម្មភាពលើដីកម្ពុជាដែលកាន់កាប់នោះ បានសបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសថៃគ្មានឆន្ទៈពិតប្រាកដក្នុងការបញ្ចប់ជម្លោះនោះទេ។

លោក និយាយថា៖ «ការរត់ទៅរកច្បាប់អន្ដរជាតិក្នុងស្ថានភាពដែលកម្ពុជាកំពុងមានវិបត្តិទំនុកចិត្តពីសហគមន៍អន្ដរជាតិលើបញ្ហាសិទ្ធិមនុស្ស និងអភិបាលកិច្ច អាចនឹងធ្វើឱ្យកម្ពុជាមិនទទួលបានផលចំណេញដូចការរំពឹងទុក»។

លោក បន្ថែមថា៖ «ដូច្នេះ ដើម្បីពង្រឹងអំណាចការទូត និងការពារផលប្រយោជន៍ជាតិឱ្យមានប្រសិទ្ធភាព លោក ហ៊ុន ម៉ាណែត ចាំបាច់ត្រូវបោះបង់ចោលនូវយុទ្ធសាស្ត្រទន់ភ្លន់តាមកាលៈទេសៈ ដែលនាំឱ្យធ្លាក់ក្នុងល្បែងទិញពេលវេលារបស់ភាគីថៃ ហើយងាកមកអនុវត្តនយោបាយការទូតដែលមានការធានា តាមរយៈការដាក់ចេញនូវវិធានការឆ្លើយតបជាក់ស្ដែងនៅតាមបន្ទាត់ព្រំដែន រួមផ្សំជាមួយនឹងការបង្ហាញឆន្ទៈមោះមុតក្នុងការកម្ចាត់ឫសគល់នៃឧស្សាហកម្មឆបោកឱ្យអស់ពីផ្ទៃប្រទេស»។

រីឯប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត គិន ភា យល់ថា រដ្ឋាភិបាលថៃ និងក្រុមយោធា គ្មានឆន្ទៈពិតក្នុងការកសាងសន្តិភាពឡើយ ដោយចាត់ទុក សម្ដីបង្ហាញចេតនាចង់ផ្សះផ្សារបស់រដា្ឋភិបាលថៃនៅពេលនេះ គ្រាន់តែចង់ទិញពេលវេលាប៉ុណ្ណោះ។ លោកថា៖ «តែចរិតពុតត្បុត និងសកម្មភាពរបស់ពួកគេ មិនឆ្លុះបញ្ចាំងសម្ដីរបស់ពួកគេឡើយ»។

លោកបន្ថែមថា៖ «ដរាបណាព្រំដែននៅមិនទាន់បោះបង្គោលច្បាស់លាស់ ទឹកដីយើងនៅមិនត្រូវបានគេប្រគល់ឱ្យយើងវិញ ហើយដរាបណាសមត្ថភាពវិស័យការពារជាតិយើងនៅតែខ្សោយ ក្ដីបារម្ភនៅតែមាន»។

លោកបណ្ឌិត គិន ភា ក៏បានផ្ដល់យោបល់ដែរថា កម្ពុជាត្រូវបន្តពង្រឹងភាពធន់ផ្ទៃក្នុងនិងសមត្ថភាពលើវិស័យយោធា សេដ្ឋកិច្ច ការទូត ស្ថិរភាពនយោបាយ ឯកភាពជាតិ និងការទូតព័ត៌មាន។ ជាពិសេស បន្តគាំទ្រប្រព័ន្ធនិងយន្តការពហុភាគីនិយម និងគាទ្រការគោរពច្បាប់អន្តរជាតិ រួមទាំងលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់៕

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2507}" data-page="1" data-max-pages="1" data-start="1" data-end="1">