កម្ពុជាទាមទាឲ្យប្រទេសថៃដោះលែងប្រជានេសាទកម្ពុជា និងប្រគល់នាវានេសាទរបស់ពួកគាត់មកវិញ ក្រោយចោទថាកងទ័ពជើងទឹកថៃបានធ្វើសកម្មភាពរំលោភចូលដែនទឹកកម្ពុជា។
ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ បានចេញសេចក្ដីប្រកាស តវ៉ាជាផ្លូវការចំពោះសកម្មភាពរបស់កងទ័ពជើងទឹកថៃដែលរឹបអូសដោយខុសច្បាប់នូវនាវានេសាទរបស់ប្រជានេសាទខ្មែរបីនាក់ក្នុងដែនអធិបតេយ្យកម្ពុជា ដែលមានចម្ងាយ ៧.២ ម៉ៃល៍សមុទ្រ ពីកោះយ៉ ខេត្តកោះកុង។ កម្ពុជាចាត់ទុកសកម្មភាពនេះថាជាការរំលោភលើអធិបតេយ្យ និងដែនទឹករបស់កម្ពុជា ព្រមទាំងច្បាប់អន្តរជាតិ។
នៅក្នងការធ្វើសេចក្ដីថ្លែងការណ៍ស្ដីពី « បច្ចុប្បន្នភាពស្តីពីការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា-ថៃ » នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកអំពាវនាវឲ្យភាគីថៃដោះលែងប្រជានេសាទខ្មែរទាំងបីនាក់ជាបន្ទាន់។ លោកថា កងទ័ពជើងទឹកថៃធ្វើការល្បាត ចាប់ប្រជានេសាទកម្ពុជា និងនាវានេសាទជាសកម្មភាពល្មើសច្បាប់អន្តរជាតិ។
លោកលើកឡើងថា៖ «សកម្មភាពទាំងនេះគឺជាការបំពានយ៉ាងច្បាស់លាស់លើអធិបតេយ្យ និងដែនទឹករបស់កម្ពុជា ព្រមទាំងរំលោភច្បាប់អន្តរជាតិ។ កម្ពុជាទាមទារឲ្យប្រទេសថៃដោះលែងពលរដ្ឋកម្ពុជា និងនាវានេសាទរបស់ពួកគេជាបន្ទាន់ និងបញ្ឃប់នូវសកម្មភាពល្បាតដោយគ្មានការអនុញ្ញាត ក៏ដូចជាសកម្មភាពអនុវត្តច្បាប់ក្នុងដែនសមុទ្រកម្ពុជា និងចាត់វិធានការសមស្របដើម្បីទប់ស្កាត់មិនឲ្យសកម្មភាពបែបនេះកើតឡើងទៀតនៅពេលអនាគត»។
ជុំវិញបញ្ហានេះ ប្រជាកាសែតនៅពុំទាន់អាចសុំការបញ្ជាក់បន្ថែមពីអភិបាលរងខេត្តកោះកុង លោក ឈិត រតនៈ បាននៅឡើយ។
ចំណែកឯ សារព័ត៌មានថៃ Khaosod បានចុះផ្សាយថាកងទ័ពជើងទឹកភូមិភាគ១ថៃ បានឃាត់ខ្លួនអ្នកនេសាទកម្ពុជាបីនាក់ ដែលភាគីថៃអះអាងថាចូលនេសាទខុសច្បាប់ក្នុងដែនសមុទ្រថៃនៅស្រុកខ្លុង យ៉ៃ ខេត្តត្រាត។ សារព័ត៌មានថៃដដែលនេះឱ្យដឹងថា នាវានេសាទ និងប្រជានេសាទខ្មែរទាំងបីនាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនទៅកំពង់ផែពហុបំណងខ្លុងយ៉ៃដើម្បីធ្វើការស៊ើបអង្កេត និងបន្តនីតិវិធីតាមច្បាប់របស់ប្រទេសថៃ។
ទោះជាយ៉ាងណា នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា យល់ថា ក្រៅតែពីក្រសួងការបរទេសកម្ពុជាធ្វើការតាមរយៈទូតដើម្បីបញ្ជាក់ថាប្រជានេសាទខ្មែរទាំងបីរូបពិតជានេសាទក្នុងដែនអធិបតេយ្យរបស់កម្ពុជាពិតប្រាកដហើយនោះ កម្ពុជាគួរតែពង្រឹងការការពារដែនទឹករបស់ខ្លួន ដោយធ្វើការល្បាត និងអនុវត្តច្បាប់ឲ្យបានតឹងរឹងជាងមុន។
លោកលើកឡើងថា៖ «ទី១ គឺការស្នើតាមរយៈកំណត់ទូតរបស់ក្រសួងការបរទេសគឺជំហានដំបូងដើម្បីបញ្ជាក់ថាជាទឹកដីរបស់ខ្មែរ ដែនសមុទ្ររបស់ខ្មែរ ដែលអាជ្ញាធរថៃមិនមានសិទ្ធិ មិនមានអំណាចគ្របដណ្ដប់លើដែនដែលជាអធិបតេយ្យរបស់ខ្មែរទេ។ ការងារទី២ ស្ថាប័នពាក់ព័ន្ធត្រូវតែធ្វើការជាមួយភាគីថៃដើម្បីធានាការដោះលែងមកវិញដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ ដែលប្រជានេសាទធ្វើការនេសាទក្នុងដែនអធិបតេយ្យរបស់ខ្មែរ។ ទី៣ យើងត្រូវតែត្រៀមលក្ខណៈសម្បត្តិការពារដែនទឹករបស់យើង។ កងទ័ពជើងទឹករបស់យើងក៏ត្រូវតែមានការល្បាត មានការការពារដែនទឹករបស់យើង ២៤ ម៉ោងដូចគ្នាមិនអនុញ្ញាតឲ្យកងទ័ពនៃរដ្ឋដទៃមកអនុវត្តច្បាប់របស់ពួកគេលើទឹកដីរបស់យើងទេ»។
លោកបន្ថែមថា៖ «ប្រសិនបើធ្វើការក្នុងកម្រិតតួអង្គពាក់ព័ន្ធហើយនៅមិនមានការដោះលែង យើងត្រូវតែប្ដឹងទៅសហគមន៍អន្តរជាតិ ដើម្បីជាការប្រកាសថាថៃបំពានអធិបតេយ្យរបស់យើង»។
ចាប់តាំងពីយោធាថៃវាយប្រហារឈ្លានពានមកលើប្រទេសកម្ពុជានៅក្នុងខែកក្កដា ឆ្នាំ២០២៥ មក នេះជាលើកទីពីរហើយដែលកងទ័ពជើងទឹកថៃចាប់ខ្លួនអ្នកនេសាទកម្ពុជា ដោយចោទថាពួកគេចូលនេសាទខុសច្បាប់ក្នុងដែនទឹកថៃ។ តួយ៉ាង កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ កងទ័ពជើងទឹកថៃបានចាប់ខ្លួនអ្នកនេសាទកម្ពុជាចំនួន៤នាក់ដែលកម្ពុជាអះអាងថាបានធ្វើសកម្មភាពនេសាទនៅលើដែនទឹករបស់កម្ពុជាក្នុងខេត្តកោះកុង។ ទោះជាយ៉ាងណា ប្រជានេសាទខ្មែរទាំង៤នាក់នោះ ត្រូវបានកងទ័ពជើងទឹកថៃដោះលែង និងប្រគល់ជូនមន្ត្រីខេត្តកោះកុង នៅច្រកព្រំដែនហាតលេក ស្រុកខ្លុងយ៉ៃ ខេត្តត្រាត នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ។ ចំណែកទូកនេសាទរបស់ពួកគាត់ អាជ្ញាធរថៃមិនបានប្រគល់ត្រឡប់មកវិញនៅឡើយរហូតមកដល់ពេលបច្ចុប្បន្ន។
ការចាប់ខ្លួនប្រជានេសាទកម្ពុជាលើកទី១ ដោយកងទ័ពជើងទឹកថៃ ធ្វើឡើងក្រោយប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់គ្នានៅថ្ងៃទី ២៧ ខែធ្នូ បន្ទាប់ពីភាគីទាំងពីរបានប្រយុទ្ធគ្នាក្នុងជម្លោះព្រំដែនអស់រយៈពេល ២១ ថ្ងៃ។ ចំណែកការចាប់ខ្លួនប្រជានេសាទខ្មែរនៅពេលនេះ ធ្វើឡើងក៏ស្របពេលជម្លោះរវាងកម្ពុជា និងថៃកំពុងតានតឹងសាជាថ្មី បន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត បានថ្លែងប្រាប់សារព័ត៌មានអន្តរជាតិពីការបន្តរំលោភបំពានរបស់ថៃចូលដែនអធិបតេយ្យកម្ពុជា និងក្នុងពេលកងទ័ពរវាងប្រទេសទាំងពីរកំពុងប្រឈមភាពតានតឹងនៅតាមព្រំដែនជាថ្មីដោយសារតែទាហានថៃបន្តចូលដាក់ទូរកុងតៃន័រ រាយបន្លាលួស និងជីកដីចូលដែនអធិបតេយ្យរបស់កម្ពុជា៕







