រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា ចាត់ទុកគម្រោងលុបចោលអនុស្សារណនៃការយោគយល់គ្នា ឬ MOU43 ស្តីពីការដោះស្រាយបញ្ហាព្រំដែនគោកជាមួយកម្ពុជា ពីសំណាក់ភាគីថៃ គឺជាសកម្មភាពផ្ទុយនឹងច្បាប់អន្តរជាតិ និងអាចប៉ះពាល់ដល់ដំណើរការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីរវាងប្រទេសទាំងពីរ។
ការអះអាងបែបនេះរបស់កម្ពុជា គឺបន្ទាប់ពីសារព័ត៌មានក្នុងស្រុកថៃ បានផ្សព្វផ្សាយព័ត៌មាន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ថាគណៈកម្មាធិការព្រឹទ្ធសភាថៃ បានលើកហេតុផលស្នើលុបកិច្ចព្រមព្រៀងនេះជាឯកតោភាគី ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា លើកឡើងនៅក្នុងសេចក្តីប្រកាស នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦ ថា កម្ពុជាបដិសេធ និងច្រានចោលសំណើ និងហេតុផលដែលភាគីថៃលើកឡើងសម្រាប់លុប MOU ឆ្នាំ២០០០។ ភាគីកម្ពុជាថា ការរលើកឡើងរបស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ គ្មានមូលដ្ឋានត្រឹមត្រូវ និងផ្ទុយពីច្បាប់អន្តរជាតិ ដោយមានចេតនាកេងចំណេញនយោបាយ និងបំផ្លាញសមិទ្ធផលដែលគណៈកម្មការ JBC ភាគីប្រទេសទាំងពីរនាពេលកន្លងមក។
សេក្តីប្រកាសលើកឡើងថា៖ «តាមគោលការណ៍ច្បាប់អន្តរជាតិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីថៃមិនអាចលើកយកហេតុផលច្បាប់ និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយ ដើម្បីជាមធ្យោបាយក្នុងការលុប MOU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែនដែលខ្លួនជាភាគីបានឡើយ (យោងតាមមាត្រា៦២ ចំណុចទី២ នៃ អនុសញ្ញាទីក្រុងវ៉្យែន ស្តីពីច្បាប់សន្ធិសញ្ញា-VCLT ឆ្នាំ1969)»។
សេចក្តីប្រកាសបន្តថា៖ «ជារួម ការលុប MOU ឆ្នាំ២០០០ ដោយហេតុផលណាមួយ គឺមិនត្រឹមតែរំលោភច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ប៉ុណ្ណោះទេ ថែមទាំងបង្កជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី និងមិនអាចឈានទៅកសាងព្រំដែនមួយដែលមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍បានឡើយ»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី លើកឡើងថា តាមគោលការណ៍ច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងដែលប្រទេសណាមួយបានចុះហត្ថលេខា និងទទួលស្គាល់ជាអន្តរជាតិ គឺមានសុពលភាពតាមផ្លូវច្បាប់។ លោកថា ប្រសិនបើភាគីណាមួយសម្រេចដកខ្លួនចេញ ឬបដិសេធមិនទទួលស្គាល់កិច្ចព្រមព្រៀងនោះ វាអាចបង្កឲ្យប្រទេសនោះប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ដោយខ្លួនឯង។
លោកបន្តថា៖ «ដូច្នេះអ្វីដែលថៃបានប៉ុនប៉ងនៅក្នុងការលុប MOU នេះ លុបជាឯកតោភាគី វាខុសច្បាប់ជាអន្តរជាតិ អីចឹងអ្វីដែលរដ្ឋាភិបាលកម្ពុជាលើកឡើងនេះ វាជារឿងត្រឹមត្រូវ ប៉ុន្តែរឿងដែលសំខាន់បំផុតប្រសិនជាថៃនៅតែទទឹងរឹងរូសនូវការធ្វើ ត្រូវតែមានវិធានការច្បាប់ដែលកម្ពុជាត្រូវតែធ្វើ»។
លោកបណ្ឌិត មាស នី បានលើកឡើងថា ប្រសិនបើភាគីថៃនៅតែគោរព និងអនុវត្តតាម MOU ឆ្នាំ២០០០ នោះបញ្ហាតាមព្រំដែននឹងមិនកើតមានឡើយ ព្រោះកិច្ចព្រមព្រៀងនេះបានកំណត់ឲ្យយកសន្ធិសញ្ញាបារំាង-សៀមជាមូលដ្ឋានក្នុងការកំណត់ព្រំដែន។ ជាមួយគ្នានេះ លោកថា ប្រសិនបើ MOU 43 ត្រូវបានលុប ថៃអាចយកផែនទីថ្មីរបស់ខ្លួនមកប្រើ ដើម្បីទាមទារទឹកដី ដែលអាចបង្កការខាតបង់ផលប្រយោជន៍ដល់កម្ពុជា។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា ផ្តល់ទស្សនៈថា រដ្ឋាភិបាលកម្ពុជា គួរតែមានប្រតិកម្មចំពោះសំណើណាមួយច្បាស់លាស់របស់ភាគីថៃដែលចង់លុប MOU ឆ្នាំ២០០០។ លោកថា កិច្ចព្រមព្រៀង MOU 43 គឺត្រូវបានទទួលស្គាល់តាមច្បាប់អន្តរជាតិ និងអង្គការសហប្រជាជាតិ ដូច្នេះថៃមិនអាចលុបចោលជាឯកតោភាគីតាមអំពើចិត្តបានឡើយ។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹងការចង់លុបការចង់ធ្វើអីតាមឯកតោភាគីតាមអំពើ របស់ភាគីសៀមហ្នឹងគឺថាត្រូវតែមានការតវ៉ាប្ដឹងផ្ដល់ដេញដោលគ្នានៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលតុលាការយុត្តិធម៌អន្តរជាតិ ICJ ហ្នឹងហើយដែលជាសេនាធិការនៃអង្គការសហប្រជាជាតិក្នុងការធ្វើការសម្រេចអ្វីមួយ។ ខ្ញុំថាការដែលប្រតិកម្មពីភាគីរដ្ឋាភិបាលកម្ពុជាវាជារឿងត្រឹមត្រូវប៉ុន្តែយើងប្រតិកម្មត្រឹមតែលិខិតការទូតប្រតិកម្មប្រឆាំងទៅនឹងអ្វីដែលរដ្ឋាភិបាលសៀមបដិសេធសំណើលុបចោល MOUគឺថា រដ្ឋាភិបាលកម្ពុជាត្រូវតែធ្វើលិខិតឬក៏ការប្តឹងផ្តល់បែបណាទៅអង្គការសហប្រជាជាតិ»។
លោកបានលើកឡើងថា ដើម្បីធានាស្ថិរភាព និងសន្តិភាពតាមព្រំដែន កម្ពុជាត្រូវបង្ហាញគោលជំហរច្បាស់លាស់ និងរឹងមាំក្នុងការការពារអធិបតេយ្យ។ លោកបញ្ជាក់ថា រដ្ឋាភិបាលគួរបន្តប្រើយន្តការអន្តរជាតិ ដូចជា តុលាការ និងអង្គការសហប្រជាជាតិ ព្រមទាំងសហការជាមួយដៃគូអន្តរជាតិ ដើម្បីរកដំណោះស្រាយដោយសន្តិវិធី។
ក្នុងនាមជាបក្សក្រៅរដ្ឋាភិបាល លោកក៏អំពាវនាវឲ្យមានតម្លាភាព និងការបង្ហាញព័ត៌មានច្បាស់លាស់ ដើម្បីបង្កើនការជឿជាក់ពីប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ ក្នុងការរួមគ្នាការពារបូរណភាពទឹកដីកម្ពុជា។
ជុំវិញជម្លោះព្រំដែនជាមួយថៃនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បញ្ជាក់ថា ភាគីកម្ពុជា តែងតែប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនតាមគ្រប់មធ្យោបាយដោយសន្តិវិធី រួមទាំងយន្តការទ្វេភាគី ដែលមានស្រាប់ ជាពិសេសយន្តការ JBC និងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តជំរុញការអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនលើដីជាក់ស្តែងជាមួយភាគីថៃឱ្យបានចប់ជាស្ថាពរក្នុងគោលដៅរក្សាសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕







