អាជ្ញាធរកម្ពុជា បានបន្តបណ្ដេញជនជាតិចិនចំនួន ៣១៩នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចេញពីប្រទេស កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ។មន្ត្រីជាន់ខ្ពស់
រដ្ឋាភិបាលអះអាងថា យុទ្ធនាការបោសសម្អាតបទល្មើសប្រភេទនេះនៅតែបន្ត ទោះបីបានដាក់គោលដៅបញ្ចប់ត្រឹមខែមេសា ឆ្នាំ២០២៦ កន្លងមកក្តី។
យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (GDI) ជនជាតិចិនទាំង ៣១៩នាក់ ក្នុងនោះស្រី ៧នាក់ ត្រូវបានបណ្ដេញចេញពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការស្នាក់នៅ-ធ្វើការខុសច្បាប់។ ការបណ្ដេញចេញធ្វើឡើងតាមយន្តហោះពិសេស ដោយ ១៦៦នាក់ ត្រូវបញ្ជូនចេញតាមអាកាសយានដ្ឋានអន្តរជាតិតេជោ និង ១៥៣នាក់ទៀត តាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ មានប្រសាសន៍ថា សមត្ថកិច្ចកំពុងបន្តប្រតិបត្តិការបង្ក្រាប និងបោសសម្អាតទីតាំងប្រមូលផ្ដុំធំៗ ដែលជាមូលដ្ឋានប្រតិបត្តិការរបស់ក្រុមឧក្រិដ្ឋជនអនឡាញ។ លោកបញ្ជាក់ថា បន្ទាប់ពីការបង្ក្រាបកន្លែងធំៗ ក្រុមជនល្មើសបានបំបែកខ្លួនទៅជាក្រុមតូចៗ និងផ្លាស់ទីទៅតាមផ្ទះល្វែង វីឡា និងអគារផ្សេងៗ ដើម្បីគេចវេះពីការតាមដានរបស់សមត្ថកិច្ច។
លោកលើកឡើងថា៖ «គោលការណ៍រដ្ឋាភិបាលនៅតែបន្តគឺការត្រួតពិនិត្យរដ្ឋបាលនៅតាមទីតាំងរស់នៅប្រមូលផ្ដុំពោលគឺតាមបណ្ដាផ្ទះល្វែងវីឡាក្រុមហ៊ុនសំណង់អគារផ្សេងៗដែលមើលទៅឃើញថាមានការរស់នៅប្រមូលផ្ដុំការ។យើងពិនិត្យឲ្យដឹងថា តើជាក្រុមហ៊ុនស្របច្បាប់ឬមិនស្របច្បាប់ហើយប្រតិបត្តិការនៃអាជីវកម្មរបស់ខ្លួនស្របច្បាប់ឬមិនស្របច្បាប់ពោលគឺពិនិត្យរកឲ្យឃើញថាតើមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
លោកបន្ថែមថា អាជ្ញាធរកំពុងពង្រឹងការត្រួតពិនិត្យរដ្ឋបាលនៅតាមទីតាំងរស់នៅប្រមូលផ្ដុំ និងដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវសំខាន់ៗ ដើម្បីស្ទាក់ចាប់ការផ្លាស់ទីរបស់ជនបរទេសដែលពាក់ព័ន្ធនឹង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
លោកលើកឡើងថា ៖ «ឆន្ទៈនយោបាយរបស់ថ្នាក់ដឹកនាំតែម្ដងមួយរយៈចុងក្រោយយើងឃើញទាំងអស់គ្នាគឺបានបង្កើតច្បាប់បាន ប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដែលបំពេញបន្ថែមឲ្យនៃក្រមព្រហ្មទណ្ឌ២០០៩»។
កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះនៅខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន២កន្លែង នៅក្រុងប៉ោយប៉ែត ដោយនាំខ្លួនជនបរទេសសរុប ១៣៥នាក់ ក្នុងនោះមានជនជាតិវៀតណាម ១០១នាក់ និងជនជាតិថៃ ៣៤នាក់ មកសាកសួរ និងអនុវត្តនីតិវិធីបន្ត។
ទាក់ទងនឹងការបង្ក្រាបនេះ សមាជិកព្រឹទ្ធសភា និងជាអគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ប៉ុន្តែលោកយល់ថា ការប្ដេជ្ញាចិត្តបញ្ចប់បញ្ហា Online Scam ត្រឹមខែមេសា ឆ្នាំ២០២៦ មិនទាន់ឃើញលទ្ធផលជាក់ស្តែងនៅឡើយ។
លោកមានប្រសាសន៍ថា បទល្មើសអនឡាញមិនបានបាត់បង់ទាំងស្រុងទេ ប៉ុន្តែបានផ្លាស់ប្ដូរពីទ្រង់ទ្រាយធំៗ ទៅជាក្រុមតូចៗនៅតាមផ្ទះ និងអគារផ្សេងៗដែលអាជ្ញាធរបានប្រាប់កន្លងមក។
លោក គង់ មុនីកា ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលបន្តបង្ក្រាបដោយគ្មានការលាក់បាំង ឬបក្ខពួកនិយម ជាពិសេសចំពោះមន្ត្រី ឬអ្នកមានអំណាចដែលអាចជាប់ពាក់ព័ន្ធ។
លោកបន្តថា ៖«នៅពេលណាដែល អាចធ្វើការ កម្ចាត់នូវមេខ្លោងធំៗឬក៏ជនពាក់ព័ន្ធដែលមានអំណាចអាចធ្វើជាខ្នងបង្អែកទៅឲ្យមេខ្លោងធំៗទាំងអស់នោះបាននិយាយទៀតថាការបង្ក្រាបកន្លែងស្កេនហ្នឹងមានលក្ខណៈប្រសើរឬក៏ប្រសិទ្ធភាពជាងសព្វថ្ងៃហើយនឹងជួយជំរុញឲ្យ ប្រទេសកម្ពុជាយើងហ្នឹងអាចស្តារមុខមាត់របស់ខ្លួនឡើងវិញនៅលើឆាកអន្តរជាតិ»។
ដោយឡែក នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ទោះបីរដ្ឋាភិបាលបន្តបើកយុទ្ធនាការទ្រង់ទ្រាយធំក៏ដោយ បទល្មើស Online Scam គឺជាបទល្មើសបច្ចេកវិទ្យាដែលមានភាពស្មុគស្មាញ និងមិនអាចបញ្ចប់បានក្នុងរយៈពេលខ្លី។
លោកមានប្រសាសន៍ថា៖ «ប៉ុន្តែក៏មានបរទេសជាច្រើនដែលកំពុងស្នាក់នៅក្នងមណ្ឌលសុវត្ថិភាព(អ្នកដែលមិនមានឯកសារគ្រប់គ្រាន់) និងកំពុងមានបញ្ហាប្រឈមជាច្រើនដែលបានកើតឡើងសម្រាប់ពួកគេ ។ ករណីនេះអាជ្ញាធរគួរបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងស្រាវជ្រាវនិងការបែងចែកឱ្យច្បាស់លាស់រវោងជនប្រព្រឹត្តបទល្មើស និងជនរងគ្រោះ និងកិច្ចសហការក្នុងការពន្លឿននីតិវិធីបញ្ជូនជនបរទេសដែលមិនមានឯកសារគ្រប់គ្រាន់ត្រលប់ទៅប្រទេសដើមវិញ»។
លោកក៏សង្កេតឃើញថារាជរដ្ឋាភិបាល និងអាជ្ញាធរកំពុងបន្តយុទ្ធនាការក្នុងការបង្ក្រាបបទល្មើសទាំងនេះជាបន្តបន្ទាប់ ដូច្នេះដើម្បីឱ្យការបង្ក្រាបបទល្មើសទាំងនោះមានប្រសិទ្ធភាព និងជោគជ័យបានត្រូវបន្តបង្ក្រាបដូចដូចភ្លៀងរលឹម មិនត្រូវធ្វើដូចការវែកចកក្នុងបឹងនោះទេ ។
លោកមានប្រសាសន៍ថា៖«ដើម្បីឱ្យការបង្ក្រាបការឆរបោក Online Scam កាន់តែមានប្រសិទ្ធភាពគឺត្រូវពង្រឹងការអនុវត្តជាពិសេសច្បាប់ថ្មីស្តីពីការប្រឆាំងការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យបានតឹងរឹងបំផុត ដូច្នេះជនដែលពាក់ព័ន្ធការឆេរបាក Online Scam ត្រូវធានាថានាំយកទៅអនុវត្តតាមច្បាប់ទោះជននោះមានអំណាច ឬឥទ្ធិពលយ៉ាងណាក៏ដោយមិនត្រូវយល់យោគ ឬបន្ធូបន្ថយឡើយ ការលុបបំបាត់ងពើពុករលួយ និងអាជ្ញាធរក៏ត្រូវមានកកិច្ចសហប្រតិបត្តការល្អជាមួយបណ្តាប្រទេសនានាដើម្បីរួមគ្នាបង្ក្រាប និងទប់ស្កាត់ការឆរបោក Online Scam ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ព្រឹទ្ធសភាកម្ពុជា បានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ដើម្បីពង្រឹងការគ្រប់គ្រងជនបរទេស និងទប់ស្កាត់ការស្នាក់នៅខុសច្បាប់។
កាលពីពាក់កណ្ដាលខែមេសា ឆ្នាំ២០២៦ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ៩ខែ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើស Online Scam ជាង ២៥០ករណី បោសសម្អាតទីតាំងកាស៊ីណូជិត ១០០កន្លែង និងចាប់ខ្លួនជនសង្ស័យជាង ១,០០០នាក់។ របាយការណ៍ដដែលបញ្ជាក់ថា ជនបរទេសជាង ១០,០០០នាក់ ត្រូវបានបណ្ដេញចេញ ខណៈជាង ២៤,០០០នាក់ទៀត ស្ម័គ្រចិត្តចាកចេញពីកម្ពុជា៕







