កម្ពុជាបណ្ដេញជនបរទេសជាង១ពាន់៧រយនាក់ ក្នុងវិធានការបង្ក្រាបឆបោកអនឡាញនៅខែមេសា

សង្គម

(ជនបរទេសដែលអាជ្ញាធរកម្ពុជាបណ្ដេញចេញ ។រូបភាពអគ្គនាយកដ្ឋានអន្តរប្រវេសន៍)។

អាជ្ញាធរកម្ពុជាបានបណ្ដេញចេញជនបរទេសចំនួន ១,១៧៥នាក់ ពាក់ព័ន្ធបទល្មើសឆបោកអនឡាញ និងបទល្មើសផ្សេងៗ។ ចំនួនមនុស្សដែលត្រូវបណ្ដេញចេញនេះ បង្ហាញពីការកើនឡើងនៃវិធានការបង្ក្រាបរបស់អាជ្ញាធរ ខណៈអ្នកវិភាគ និងបក្សប្រឆាំងលើកឡើងថា ការងារនេះត្រូវការពង្រឹងច្បាប់ក្នុងការអនុវត្ត និងធានាតម្លាភាពបន្ថែម។

យោងតាមទិន្នន័យដែលផ្សាយលើបណ្ដាញសង្គម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១២ ដល់ទី១៩ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបណ្ដេញចេញជនបរទេសសរុបចំនួន ១,១៧៥​នាក់ ក្នុងនោះស្ត្រី ១៦៧នាក់ មាន ២៨សញ្ជាតិ។ ក្នុងនោះអាជ្ញាធរ បណ្ដេញជនជាតិចិន ៣២៧​នាក់ និងវៀតណាម២២៦នាក់ ដែលពាក់ព័ន្ធនឹងបណ្តាញឆបោកអនឡាញ ខណៈអ្នកផ្សេងទៀតពាក់ព័ន្ធនឹងបទល្មើសដូចជា លួចឆ្លងដែន បន្លំឯកសារ ស្នាក់នៅខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ។

ជុំវិញរឿងនេះ អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមលោក បណ្ឌិត មាស នី បានយល់ឃើញថា ការដោះស្រាយបញ្ហាឆបោកអនឡាញត្រូវការយល់ដឹងពីមូលហេតុជាក់លាក់ឬសគុលជាមុនសិន ។

លោកលើកឡើងថា៖ «ទី១ត្រូវដឹងអំពីមូលហេតុដឹងថាស្គេមអនឡាញនេះជា កើតជាប្រព័ន្ធឬក៏កើតឡើងជា ដុំៗ ដោយសារតែកើតឡើងធ្វេសប្រហែស ប៉ុន្តែកើតឡើងជាប្រព័ន្ធត្រូវតែកែទម្រង់ជាប្រព័ន្ធនឹងផងដោយបំបាត់ការងារតាំងស្រុង។ អីចឹងនៅស្រុកយើងវារាងពិបាកគឺយើងបែបចែកមិនទាន់ច្បាស់ វាអាចជាប្រព័ន្ធ។ ខ្ញុំមិនចង់និយាយថា ស្គេមអនឡាញនឹងរដ្ឋាភិបាលនឹងបង្កើតទេ ប៉ុន្តែវាមានអ្នកនៅពីក្រោយខ្នងអាចជាមន្ត្រីជាន់ខ្ពស់មានអំណាចដូចតែគេរិះគន់យើង»។

លោកបន្ថែមថា ប្រសិនបើការគ្រប់គ្រងអន្តោប្រវេសន៍នៅតែខ្សោយ បណ្តាញឆបោក​អនឡាញអាចនឹងត្រឡប់មកវិញតាមវិធីផ្សេងៗ។ លោកក៏ជំរុញឲ្យមានការវាយតម្លៃជាក់ស្តែងថា ការប្តេជ្ញាបញ្ចប់បញ្ហានេះអាចសម្រេចបានតាមគោលដៅរបស់រដ្ឋាភិបាល ។

លោកលើកឡើងថា៖ «ខ្ញុំនៅតែទទូចចង់ឲ្យរដ្ឋាភិបាលឲ្យតាមដាន ពិនិត្យផងឱសានវាទ ខែបួននឹងបញ្ចប់តើវា អស់មែនទែនដែលយើងគិត ឬក៏យើងមានការបន្តទៅទៀត។ ហើយរឿងដែលសំខាន់នោះបើសិនជាការគ្រប់គ្រង អន្តោប្រវេសន៍របស់យើងនៅតែខ្សោយដូចរាល់ថ្ងៃ ពួកស្គេមអនឡាញនឹងរកស៊ីខាងនឹងនៅតែ ជៀតចូលមកតាមមធ្យោបាយណាមួយដែលអាចធ្វើបានមកយកប្រទេសកម្ពុជារបបរកស៊ីដដែលប្រសិនជាការត្រួតពិនិត្យជនអន្តោប្រវេសន៍វាអត់រឹងមាំ»។

ប្រជាកាសែតមិនអាចទាក់ទងការឆ្លើយតបបន្ថែមពី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ទោះជាយ៉ាងណា កន្លងមក លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងអនុវត្តយុទ្ធនាការបង្ក្រាបឆបោកអនឡាញយ៉ាងតឹងរឹង ដោយដាក់គោលដៅបោះសម្អាតបញ្ហានេះឲ្យបានសម្រេចត្រឹមខែមេសា ឆ្នាំ២០២៦ តាមរយៈប្រតិបត្តិការ “XXL” ដែលមានគោលបំណង​បោសសម្អាតឲ្យអស់សំណល់បទល្មើសនៅទូទាំងប្រទេស។

ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា បានលើកឡើងថា ការបង្ក្រាបអំពើឆបោក​អនឡាញគឺជាជំហានត្រឹមត្រូវ ប៉ុន្តែត្រូវធានាថាមានតម្លាភាព និងអនុវត្តច្បាប់ដោយស្មើភាព។

លោកនិយាយថា៖«ខ្ញុំជឿថាកម្ពុជានឹងធ្វើបានឲ្យតែអ្នកដឹកនាំមានឆន្ទៈហើយប្ដេជ្ញាយកច្បាប់មកអនុវត្តគ្មានការយោគយល់បក្ខពួកគ្រួសារនិយមក្រៅពីអ្វីដែលបង្ហាញជាចំហតម្លាភាពសុចរិតភាពហើយគោរពគ្នាទៅវិញទៅមក។ បោសសម្អាតស្អាតស្អំគ្មានអំពើពុករលួយទៀតកុំកេងបន្លំ កុំធ្វើអ្វីដែលមិនមែនជាផ្លូវច្បាប់ ។ យើងបង្ហាញពីតម្លាភាព ឲ្យគេឃើញជាជំហរដោយគ្មានការសង្ស័យលាក់លៀម គ្មានការបិទបាំងអាថ៌កំបាំងក្រោយពីជំហរដោយសុចរិតសច្ចៈនៃឆន្ទៈបង្ក្រាប»។

លោកក៏បានបញ្ជាក់ថា កម្ពុជាត្រូវពង្រឹងឆន្ទៈ និងការអនុវត្តច្បាប់ ដើម្បីស្តារជំនឿជាក់ពីអន្តរជាតិ និងជៀសវាងផលប៉ះពាល់ដល់សេដ្ឋកិច្ច និងកិត្តិយសជាតិ។

លោកថ្លែងប្រាប់ថា៖«ខ្ញុំថាកម្ពុជាត្រូវតែធ្វើយ៉ាងម៉េច ដើម្បីស្តារមុខមាត់ឡើងវិញហើយមានការជឿជាក់ទំនុកទុកចិត្តពីប្រទេសដែលគេក៏រងគ្រោះ»។

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ រដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មីមួយទៀត “ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ” ដោយផ្តោតជាពិសេសលើការគ្រប់គ្រងជនបរទេស និងការទប់ស្កាត់ការស្នាក់នៅខុសច្បាប់។

ទាក់ទងនឹងវិធានការបង្រ្កាបការឆបោកតាមអនឡាញនេះ ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ បានសម្រេចអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមការដឹកនាំកិច្ចប្រជុំរបស់ប្រធានស្ដីទីព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ និងមានសមាជិកព្រឹទ្ធសភាចំនួន៥៨ រូបចូលរួម។

ពាក់ព័ន្ធនឹងការបង្ក្រាបឆបោកអនឡាញ អាជ្ញាធរកម្ពុជាបានអនុវត្តច្បាប់ថ្មីហាក់ដូចជាអនុវត្តលើកដំបូងលើករណីនៅខេត្តមណ្ឌលគីរីនៅខែមេសានេះ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ តុលាការខេត្តបានចោទប្រកាន់ជនបរទេស ៣១០នាក់ ពីបទរៀបចំក្រុមឧក្រិដ្ឋជន និងដឹកនាំប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត បន្ទាប់ពីការឆ្មក់ចាប់ខ្លួននៅថ្ងៃទី១០ ខែមេសា នៅក្រុងសែនមនោរម្យ។

អាជ្ញាធរបានរឹបអូសកុំព្យូទ័រ ៤២០គ្រឿង និងទូរស័ព្ទ ១,៤៥០គ្រឿង ខណៈក្នុងចំណោមជនសង្ស័យ មានអ្នកគ្រប់គ្រងក្រុមពីរជនជាតិចិន ថៃ និងមីយ៉ាន់ម៉ា ដែលត្រូវបានចោទក្រោមច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (GDI) ការបណ្ដេញចេញជនបរទេសនេះ គឺអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យា ការពារសុវត្ថិភាពសង្គម និងជួយសង្គ្រោះជនរងគ្រោះឲ្យត្រឡប់ទៅប្រទេសដើមវិញ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2306}" data-page="1" data-max-pages="1" data-start="1" data-end="1">