កម្ពុជាលើកលែងទិដ្ឋាការដល់ប្រជាជនចិនដែលធ្វើដំណើរចេញចូលប្រទេសកម្ពុជា ដោយអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ហួត ហាក់ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឱ្យដឹងថា ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា។
លោកបញ្ជាក់ថា ប្រជាជនចិនដែលកាន់លិខិតឆ្លងដែនសាធារណរដ្ឋប្រជាមានិត្យចិន (People’s Republic of China) អាចចូលមកកម្ពុជាដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ ក្នុងអំឡុងពេលសាកល្បងចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ និងអាចស្នាក់នៅរយៈពេល ១៤ថ្ងៃ ព្រមទាំងអាចចូលចេញបានច្រើនដង។
អ្នកនាំពាក្យក្រសួងទេសចរណ៍អ្នកស្រី ហ៊ុន ដានី បានលើកឡើងថា ការលើកលែងទិដ្ឋាការដល់ប្រជាជនចិន នឹងជួយពង្រឹងចំណងការទូតរវាងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងពង្រីកចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ជាពិសេសជួយដល់ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
អ្នកស្រីបន្តថា៖ «ការអនុវត្តគោលនយោបាយសាកល្បងនេះនឹងទទួលបានលទ្ធផលជាផ្លែផ្កាពីព្រោះយោងទៅលើទិន្នន័យទេសចរណ៍ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦នេះ គឺភ្ញៀវទេសចរចិនកំពុងតែឋិតនៅលំដាប់ទី១រួចហើយ»។
ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) អ្នកស្រី ឆាយ ស៊ីវលីន និយាយថា ការលើកលែងទិដ្ឋាការដល់ប្រជាជនចិនជារឿងល្អ ដែលនេះជាយុទ្ធសាស្ត្រមួយទាក់ទាញភ្ញៀវទេសចរណ៍ តាមរយៈការសម្របសម្រួល និងកាត់បន្ថយការធ្វើឯកសារ រួមទាំងការចំណាយរបស់ភ្ញៀវ។
អ្នកស្រីបន្តថា៖ «ទីផ្សារចិនគឺធំហើយប្រទេសណាក៏ចង់បានទីផ្សារចិនដែរ ទន្ទឹមនឹងនេះ យើងក៏ត្រូវគិតអំពីអ្នកដែលមានចេតនាមិនល្អដែលឆ្លៀតចូលតាមរយៈភ្ញៀវទេសចរនេះដែរ យើងត្រូវពង្រឹងសន្តិសុខឱ្យខ្លាំង យើងគ្រាន់បើកចំហមាត់ច្រក តែចូលមកក្នុងត្រូវតែពង្រឹងឱ្យត្រូវគោលដៅ»។
ក្នុងពេលរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមអនុវត្តការលើកលែងទិដ្ឋាការដល់ជនជាតិចិនចូលមកកម្ពុជា រដ្ឋាភិបាលក៏កំពុងមមាញឹកក្នុងការបោសសំអាតទីតាំងឆបោកតាមអនឡាញ និងចាប់ខ្លួនជនបរទេសដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនេះដែលភាគច្រើនគឺជាជនជាតិចិន។ ការលើកលែងទិដ្ឋាការដល់ជនជាតិចិននេះ ក៏បង្កការបារម្ភថា ជាការបើកឱកាសឱ្យជនជាតិចិនចូលកម្ពុជាកាន់តែច្រើនជាថ្មីទៀត ដែលអាចបង្កបញ្ហាអសន្តិសុខដល់សង្គមកម្ពុជា។
អ្នកជំនាញភូមិសាស្រ្តនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ យល់ថា ការលើកលែងទិដ្ឋាការតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ ដោយកម្ពុជាត្រូវពង្រឹងបញ្ហាផ្សេងទៀត ជាពិសេសបញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងសង្គម។
លោកក៏ព្រួយបារម្ភដែរថា ការអនុវត្តនេះអាចបើកឱកាសឱ្យជនជាតិចិនដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញបន្លំចូលមកកម្ពុជាបន្តទៀត បើសិនជាសមត្ថកិច្ចអនុវត្តច្បាប់មិនមានភាពច្បាស់លាស់។
ប្រភពដដែលសង្កត់ធ្ងន់ថា៖ «បើសិនជាយើងច្បាស់លាស់ គឺមិនសំខាន់លើចំណាត់ការនោះទេ ពីព្រោះអ្នកទាំងអស់ហ្នឹងចូលមកសុទ្ធតែមានលិខិតឆ្លងដែន ហើយយើងគួរតែអនុវត្តវិធានការសន្តិសុខផ្ទៃក្នុងឱ្យច្បាស់លាស់ទៅ ជនជាតិកម្ពុជាខ្លួនឯងក៏ដោយ ជនជាតិបរទេសផ្សេងទៀតក៏ដោយ បើអនុវត្តខុសច្បាប់ត្រូវមានទោសទណ្ឌទៅតាមច្បាប់កុំឱ្យមានគប់គិតគ្នា ឬត្រីងៀតឆ្លៀតពង»។
យោងតាមស្ថិតិទេសចរណ៍ ឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦លាននាក់ ដែលក្នុងនោះមានភ្ញៀវទេសចរចិនជាង ១,២លាននាក់ កើនឡើងប្រមាណ ៤២ភាគរយ។ ចំណែកឯ ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកកម្ពុជា ដែលឆ្លុះបញ្ចាំងពីសក្តានុពលខ្ពស់នៃទីផ្សារទេសចរចិនសម្រាប់វិស័យទេសចរណ៍កម្ពុជា៕







