កម្ពុជាត្រូវម្ចាស់ការលើខ្លួនឯងក្នុងពេលសណ្តាប់ធ្នាប់ពិភពលោកប្រែប្រួល

សង្គម

មេទ័ពជើងគោកនាយឧត្តមសេនីយ៍ម៉ៅ សុផាន់ ត្រួតពលនិងគោរពទង់ជាតិកងទ័ពជើងគោកក្នុងកម្មវិធីមួយរបស់បញ្ជាការកងទ័ពជើងគោកនៅដើមខែមីនា២០២៦។ (រូបថតបញ្ជាការកងទ័ពជើងគោក។)

អ្នកតាមដានបញ្ហាសង្គម និងគណបក្សក្រៅរដ្ឋាភិបាលស្នើឲ្យរដ្ឋាភិបាលកម្ពុជាធ្វើកំណែទម្រង់វិស័យសេដ្ឋកិច្ចឲ្យខ្លាំង និងទំនើបកម្មវិស័យយោធាដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ក្នុងបរិបទដែលពិភពលោកងាយនឹងជួបវិបត្តិសង្រ្គាម។

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «សណ្តាប់ធ្នាប់ពិភពលោកក្នុងបរិវត្ដថ្មី»។ ប្រធានបទមួយចំនួនពាក់ព័ន្ធនឹងបញ្ហាសកលត្រូវបានលើកយកមកពិភាក្សារួមមានបញ្ហាជម្លោះនៅតំបន់មជ្ឍមបូព៌ារវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ជម្លោះរវាងរុស្សី និងអ៊ុយក្រែន វិបត្តិប្រេងសកល និងជម្លោះព្រំដែនកម្ពុជា និងថៃ ជាដើម។ 

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា លើកឡើងថាសណ្តាប់ធ្នាប់ពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងស្មុគស្មាញ ស្របពេលអំណាចយោធា និងសេដ្ឋកិច្ចកំពុងដើរតួយ៉ាងសំខាន់ក្នុងបរិបទពិភពលោកថ្មី ដែលច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់លែងមានឥទ្ធិពលលើការស្វែងរកសន្តិភាពតទៅទៀត។ 
លោកថ្លែងថា៖ «ផ្អែកលើទិដ្ឋភាពប្រវត្តិសាស្ត្រ ផ្អែកលើស្ថានការណ៍ដែលកំពុងកើតនាពេលបច្ចប្បន្នទី១ យើងអាចនិយាយបានថាសណ្ដាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់នេះគឺវាបានស្លាប់បាត់ទៅហើយ ហើយសណ្ដាប់ធ្នាប់ពិភពលោកថ្មីក៏មិនទាន់កើតដែរ។ ពិភពលោកគឺកំពុងវិលទៅរកច្បាប់ព្រៃ ហើយប្រសិនបើពិភពលោកវិលទៅរកច្បាប់ព្រៃ អ្នកណាខ្លាំង អ្នកហ្នឹងឈ្នះ អ្នកណាខ្លាំងអ្នកហ្នឹងត្រូវ។ យើងអាចវិភាគបានថា ក្នុងសង្គមតូចមួយប្រសិនបើ ច្បាប់លែងត្រូវបានប្រើប្រាស់ដើម្បីការពារប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋគ្រប់រូបលែងមានសមភាពចំពោះមុខច្បាប់ ហើយច្បាប់ត្រូវបានប្រើប្រាស់ទៅជាឧបករណ៍ការពារផលប្រយោជន៍ ការពារអំណាចរបស់អ្នកមានអំណាច ឬក៏អ្នកមានធនធានពេលនោះតើសង្គមក្រឡាប់ចាក់បែបណា»។

លោក គិន ភា សង្កត់ធ្ងន់ថា កម្ពុជា ក្នុងនាមជាប្រទេសតូចមួយ ក្នុងបរិបទដែលពិភពលោកអស្ថិរភាពសកល ត្រូវតែពង្រឹងសមត្ថភាពយោធា និងកំណើនសេដ្ឋកិច្ច ដើម្បីការពារអធិបតេយ្យភាព ជាពិសេសក្រោយជម្លោះព្រំដែនរវាងកម្ពុជា និងថៃកម្ពុជានៅមិនទាន់មានសព្វាវុទ្ធទំនើបដើម្បីប្រកួតប្រជែងនៅឡើយ។ ចំណែកផ្នែកសេដ្ឋកិច្ច លោថាកម្ពុជាត្រូវពង្រឹងលើគ្រប់វិស័យ ដូចជាវិស័យទេសចរណ៏ ឧស្សាហកម្ម និងវិស័យផ្សេងៗទៀត ដើម្បីប្រកួតប្រជែងជាមួយប្រទេសដទៃ។ លោកបន្ថែមថាការពឹងផ្អែកលើខ្លួនឯងលើកកម្ពស់អំណាចចរចា ស្ថិរភាព និងវិបុលភាពនៅក្នុងពិភពលោកពហុប៉ូល ដែលអំណាចមានឥទ្ធិពលលើច្បាប់ និងសណ្ដាប់ធ្នាប់អន្តរជាតិ។

លោកថា៖ «ប្រទេសផ្សេងៗចាប់ផ្ដើមអភិវឌ្ឍវិស័យការពារជាតិរបស់ខ្លួនផលិត បំពាក់នូវសព្វាវុធទំនើប បច្ចេកវិទ្យាទំនើប ពង្រឹងសមត្ថភាពកងទ័ព រើសកងទ័ពបន្ថែម អនុវត្តកាតព្វកិច្ចយោធាអីសព្វបែបយ៉ាង។ អាហ្នឹងគេហៅថាបើមិនយកទៅច្បាំង ភាសាបច្ចេកទេស គេហៅថា Deterent approach គឺជាវិធីសាស្ត្រមួយកំញើញរដ្ឋដទៃមុនពេលដែលគេបើកការឈ្លានពានយើងគេត្រូវពិចារណាពីរបីដងថា គួរឬមិនគួរឈ្លានពាន។ ឧទាហរណ៍ថាយើងមានវិបត្តិព្រំដែន ហើយយើងមាន F35 F16 ហើរឆ្វែលចុះឆ្វែលឡើងដែរ ខ្ញុំគិតថាថៃវាថ្លើមធំហ៊ាន វាមកច្រឡើមមកទម្លាក់គ្រាប់បែកចំកណ្ដាលប្រទេសចឹងទេ»។

លោកបន្ថែមថា៖ «យើងត្រូវចាំថាបើយើងនៅបន្តខ្សោយ នៅតែបន្តក្រ ហើយនៅតែបន្តលើកហេតុផលថាទើបតែងើបពីសង្រ្គាមទៀតគឺគេនឹងឈ្លានពានយើងទៀត។ ចំណុចមួយទៀតមានន័យថាយើងត្រូវហ៊ានធ្វើម្ចាស់ការលើខ្លួនឯង ជោគវាសនាខ្លួនឯង បើយើងមិនខ្លាំងគ្មានអ្នកណាមកច្បាំងការពារទឹកដីយើងទេ »។

ក្នុងសង្រ្គាមវាយប្រហារឈ្លានពានលើប្រទេសកម្ពុជាទាំងពីរលើក យោធាថៃបានប្រើយន្តហោះប្រភេទ T-50TH ទម្លាក់គ្រាប់បែកចំនួន៤គ្រាប់ នៅខេត្តបាត់ដំបង និងយន្តហោះប្រភេទ F-16 និង Gripen ទម្លាក់គ្រាប់បែកបំផ្លាញផ្ទះពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធដូចជាស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម រួមទាំងប្រាសាទបុរាណនានា ដូចជាប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភ័ណពិភពលោកជាដើម។ 

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យល់ឃើញថានៅក្នុងពិភពលោកដ៏ច្របូកច្របល់មួយ ដែលត្រូវបានសម្គាល់ដោយភាពតានតឹងខាងភូមិសាស្ត្រនយោបាយ និងសង្គ្រាមពាណិជ្ជកម្ម ប្រទេសកម្ពុជាត្រូវតែអនុម័តយុទ្ធសាស្ត្ររួមមួយដែលលើសពីការពង្រឹងសមត្ថភាពយោធា និងកំណើនសេដ្ឋកិច្ច។ លោកថារដ្ឋាភិបាលត្រូវតែលុបបំបាត់អំពើពុករលួយដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។ មិនតែប៉ុណ្ណោះលោបន្ថែមថា ប្រទេសកម្ពុជាត្រូវការពង្រឹងការទូត លើកកម្ពស់សម្ព័ន្ធភាព ចំណងសេដ្ឋកិច្ច ក៏ដូចជាការពារ និងគោរពសិទ្ធមនុស្សផងដែរ។

លោកលើកឡើងថា៖ «បើក្រឡេកមើលស្ថានភាពនៅកម្ពុជាយើង វិស័យសេដ្ឋកិច្ច និងយោធានៅមានភាពទន់ខ្សោយមែនទែន នឹងចាំបាច់ត្រូវពង្រឹងហើយលើវិស័យសេដ្ឋកិច្ច។ យើងមានសេដ្ឋកិច្ចខ្លាំង និងយោធាត្រូវពង្រឹងឲ្យខ្លាំងទៅនឹងបានល្អប្រសើរ។ បើពង្រឹងវិស័យយោធា ហើយសេដ្ឋកិច្ចយើងនៅតែទន់ខ្សោយក៏មិនអាចទៅរួចដែរ ត្រូវដើរទន្ទឹមគ្នា។ ហើយការពង្រឹងទៅលើវិស័យទាំងនេះមិនទាន់គ្រប់គ្រាន់ទេ។ ដើម្បីឲ្យមានប្រសិទ្ធភាពទាំងវិស័យយោធា និងសេដ្ឋកិច្ច យើងត្រូវលុបបំបាត់អំពើពុករលួយជាកត្តាសំខាន់។ បើយើងពង្រឹងតែវិស័យយោធា និងសេដ្ឋកិច្ច ហើយមិនបានលុបបំបាត់អំពើពុករលួយក៏ទៅមិនរួចដែរ»។

លោកបន្ថែមថា៖ «ដើម្បីឲ្យយើងខ្លាំងបាន យើងត្រូវពង្រឹងវិស័យការទូតដែរ ព្រោះក្នុងសង្គមមួយដែលប្រកាន់យករបបប្រជាធិបតេយ្យយើងមិនអាចរស់ដោយគ្មានទំនាក់ទំនងជាមួយអន្តរជាតិទេ ហើយដើម្បីឲ្យការទូតមានប្រសិទ្ធភាពត្រូវស្ដារសិទ្ធិមនសុ្សដែរ។ នៅពេលយើងមានការសាមគ្គីផ្ទៃក្នុងជាតិបាន នោះយើងនឹងអាចធ្វើអ្វីៗបាន»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1905}" data-page="1" data-max-pages="1" data-start="1" data-end="1">