ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមាន បន្ទាប់ពីប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន ចេញព្រះរាជក្រមប្រកាសដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។
ការដាក់ឱ្យប្រើប្រាស់ច្បាប់នេះ គឺបន្ទាប់ពីទីស្តីការគណៈរដ្ឋមន្រ្តីបានអនុម័ត និងឆ្លងកាត់ការពិនិត្យ ពិភាក្សា និងអនុម័តពីស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភាក្នុងរយៈពេលដ៏ខ្លី។
យោងតាមមាត្រា៥ នៃច្បាប់នេះ អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឧបាយកលទុច្ចរិត ដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ឬដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយ ក្នុងគោលបំណងទទួលបាននូវការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ ការផ្គត់ផ្គង់សេវា និងការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចពីកាតព្វកិច្ច។
រដ្ឋាភិបាលបានអះអាងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីក្នុងពេលកន្លងទៅថា ការរៀបចំឱ្យមានច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឡើង គឺដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តផ្នែកនយោបាយដ៏មោះមុតឥតងាករេក្នុងការបោសសម្អាតឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ឆ្នាំ២០២៤ និងប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។
បទល្មើសទាក់ទងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ២០០ លានរៀល ទៅ ៥០០ លានរៀល និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ និងពិន័យជាប្រាក់ពី ៥០០ លានរៀល ទៅ ១ ប៊ីលានរៀល កាលបើអំពើនេះត្រូវបានប្រព្រឹត្តដោយមានការរៀបចំជាក្រុមមានការចាត់តាំង និងដោយមានជនរងគ្រោះច្រើននាក់។
ការបង្កើតច្បាប់នេះឡើង ស្របពេលអាជ្ញាធរកំពុងធ្វើសកម្មភាពចុះបង្រ្កាបទីតាំងឆបោកអនឡាញនៅស្ទើរទូទាំងប្រទេស។ រដ្ឋាភិបាលប្តេជ្ញាថានឹងបង្រ្កាបបទល្មើសនេះឱ្យអស់នៅក្នុងខែមេសា និងអាចបន្តជាហូរហែដោយគ្មានការលើកលែង។ រដ្ឋាភិបាលក៏បានព្រមានអាជ្ញាធរ និងសមត្ថកិច្ចស្ថិតនៅឱ្យឆ្ងាយពីបទល្មើសនេះ ហើយម្ចាស់អាគារទាំងឡាយត្រូវសហការរាយការណ៍ពីទីតាំងឆបោកដល់សមត្ថកិច្ចប្រសិនបើមិនចង់ជាប់ពាក់ព័ន្ធ។
មាត្រា៦នៃច្បាប់នេះចែងថា ការរៀបចំ ឬដឹកនាំទីកន្លែងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលមានលក្ខណៈប្រមូលផ្តុំ ឬក្នុងទម្រង់ជាមជ្ឈមណ្ឌល ដែលអនុញ្ញាតឱ្យបុគ្គលច្រើននាក់ចងក្រងគ្នាជាក្រុម ឬជាបណ្តាញ ទោះមាន ឬគ្មានរចនាសម្ព័ន្ធ គ្រប់គ្រងដាក់លាក់ក៏ដោយ ដើម្បីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវកំណត់ជាបទល្មើសដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ និងពិន័យជាប្រាក់ពី ៥០០ លានរៀល ទៅ ១ ប៊ីលានរៀល។
ស្រដៀងគ្នានេះដែរ ចំពោះអំពើរៀបចំ ឬដឹកនាំទីកន្លែង ដាច់ដោយឡែកៗពីគ្នាដើម្បីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប៉ុន្តែអាចចងក្រងគ្នាជាបណ្តាញតាមគ្រប់រូបភាព ទោះបីពុំមានលក្ខណៈប្រមូលផ្តុំគ្នាក្នុងទម្រង់ជាមជ្ឈមណ្ឌលក៏ដោយ។
អំពើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ២០ ឆ្នាំ និងពិន័យជាប្រាក់ពី ១ ប៊ីលានរៀល ទៅ ២ ប៊ីលានរៀល កាលបើអំពើនេះត្រូវបានប្រព្រឹត្តដោយប្រើអំពើហិង្សា ទារុណកម្ម ឬអំពើឃោរឃៅ មានការចាប់ ការឃុំឃាំង ឬការបង្ខាំង និងមានការរត់ពន្ធមនុស្ស ការជួញដូរមនុស្ស ការកេងចំណេញលើពលកម្ម ការធ្វើអំពើបង្ខិតបង្ខំ ឱ្យធ្វើសកម្មភាពខុសពីឆន្ទៈ ឬទម្រង់នៃការកេងប្រវ័ញ្ចផ្សេងៗទៀត។
ក្នុងមាត្រាដដែលឱ្យដឹងថា អំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ ឬអស់មួយជីវិត កាលបើអំពើនេះត្រូវបានប្រព្រឹត្តឱ្យមានមនុស្សស្លាប់ម្នាក់ ឬច្រើននាក់។
ក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ រដ្ឋាភិបាលកម្ពុជាកាលពីដើមខែមករា ឆ្នាំ២០២៦ បានចាប់ខ្លួនមេឧក្រិដ្ឋជនឆបោកជនជាតិចិនលោក ចេន ហ្ស៊ី (Chen Zhi) បញ្ជូនទៅកាន់ប្រទេសចិនវិញ។ ការចាប់បញ្ជូននេះ គឺបន្ទាប់ពីសហគមន៍អន្តរជាតិ រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសិង្ហបុរីជាដើម បានដាក់ទណ្ឌកម្មបង្កក និងរឹបអូសទ្រព្យសម្បត្តិរបស់លោក ចេន ហ្សី ក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារដែលចោទថាបានមកពីការប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ៕







