ស្ថានភាពសន្តិសុខនៅតាមព្រំដែនរវាង កម្ពុជា និង ថៃ បានស្ងប់ស្ងាត់ក្រោយបទឈប់បាញ់ប៉ុន្តែ ប្រជាពលរដ្ឋនៅតំបន់ព្រំដែនអះអាងថា ភាគីថៃនៅតែបន្តដាក់ឡានកុងតឺន័រទៅតាមព្រំដែន និងកាយប្រឡាយនៅតាមតំបន់មួយចំនួន ។ ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលបានត្រឡប់ទៅផ្ទះវិញ និងអ្នកដែលកំពុងរស់នៅជំរំភៀសសឹកបានប្រាប់ប្រជាកាសែតថា ពួកគាត់ប្រឈមការលំបាកខ្លាំងផ្នែកជីវភាព។
អ្នកស្រុក មកពីភូមិព្រៃចាន់ អ្នកស្រី នង ពៅ និយាយថាគ្រួសាររបស់អ្នកស្រីទាំងមូលកំពុងនៅកន្លែងជនភៀសសឹក នៅឯវត្តចន្ទី ខេត្តបន្ទាយមានជ័យ។
អ្នកស្រីបន្តថាបច្ចុប្បន្ននេះ ទីស្នាក់នៅដែលអ្នកស្រីកំពុងរស់នៅមានប្រជាពលរដ្ឋភៀសសឹកច្រើន ប៉ុន្តែអាជ្ញាធរកំពុងដោះស្រាយ ដោយផ្លាស់ទីប្រជាពលរដ្ឋទៅកន្លែងទូលាយជាងមុន និងរៀបចំផ្ទះគ្រោងសម្រាប់រស់នៅ។ អ្នកស្រីបានបន្ថែមថា នៅថ្ងៃទី១៤ ខែកុម្ភៈ មន្ត្រីរដ្ឋាភិបាលបានចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីពន្យល់ និងសំណេះសំណាលអំពីដំណោះស្រាយនេះកន្លែងជនផាសសឹកដែលកំពុងស្នាក់នៅ។
អ្នកស្រីនិយាយថា ៖ «គេនៅតែដាក់ កង់តាន័រ ដដែលនឹង ហើយពួកខ្ញុំចូលទៅអត់បានដដែល ហើយវាកាយនៅក្នុងភូមិ នៅក្នុងអីអស់ហើយ អស់មួយកាណាត់ភូមិហើយ»។
អ្នកស្រុកមកពីភូមិជោគជ័យ លោក ស្រី ទាវ និយាយថា បច្ចុប្បន្នលោកកំពុងរស់នៅវត្តចន្ទី ខេត្តបន្ទាយមានជ័យ និយាយថា ផ្ទះរបស់លោកនៅតាមព្រំដែនមិនអាចចូលនៅឡើយ។
លោកនិយាយថា ៖ «ហឺ គ្មានបានរកអីទេចឹង ដេកចាំ មិនដឹងថារកអីបើយើងចឹង»។
លោកសង្កេតឃើញថា នៅតាមព្រំដែនខាងថៃ ក៏នៅតែមានការដាក់ឡានកុងតឺន័រ និងមានការជីកប្រឡាយតាមព្រំដែន។ លោកបន្តថា អាជ្ញាធរនិយាយថា បង្កើតផ្ទះបណ្តោះអាសន្ននៅថ្មក្រាម ក្បាល ២០ ម៉ែត្រ បណ្តោយ ៣០ ម៉ែត្រ នាពេលខាងមុខដល់ប្រជាពលរដ្ឋផង។
ពលរដ្ឋដែលទើបតែត្រឡប់មកពីកន្លែងជនភៀសសឹកបានប្រមាណកន្លះខែ អ្នកស្រី ផេង ស្រីល័ក្ខ អាយុ ៥៥ ឆ្នាំ រស់នៅភូមិស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បាននិយាយថា បច្ចុប្បន្នស្ថានភាពនៅតាមព្រំដែនមានភាពស្ងប់ស្ងាត់ ប៉ុន្តែជីវភាពរស់នៅនៅតែមិនទាន់វិលត្រឡប់ទៅធម្មតាវិញទេ។
អ្នកស្រីនិយាយថា ៖ «គ្មានអីរកស៊ី មិនកើតទេ គ្មានលុយកាក់ ហើយរកស៊ីក៏វាមិនកើត អ្នកទារលុយនៅតែទារលុយ។ អត់លុយឲ្យគេវាពិបាក ត្រូវរកកន្លែងរកស៊ីទៀត ប៉ុន្តែអត់ទាន់បានទៅរក»។
អ្នកស្រីក៏កំពុងប្រឈមបញ្ហាបំណុលប្រមាណ ១០ លានរៀល និងបំណុលក្រៅមួយចំនួនទៀត ទោះបីធនាគារបានផ្អាកការទូទាត់រយៈពេល ៤ ខែ ក៏ដោយ។ អ្នកនិយាយថាការត្រឡប់មកវិញ គឺដើម្បីមើលថែផ្ទះសម្បែង ខណៈជីវភាពនៅតែមិនទាន់មានស្ថេរភាព។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានផ្សាយសេចក្តីថ្លែងការណ៍លើបណ្តាញសង្គម ស្តីពី «បច្ចុប្បន្នភាពការវិវត្តន៍ស្ថានភាពព្រំដែនកម្ពុជា–ថៃ»នាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ និយាយថា កម្ពុជា នៅតែទទួលខុសត្រូវក្នុងការអនុវត្តបទឈប់បាញ់ និងគោរពច្បាប់អន្តរជាតិ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី ២៧ ធ្នូ ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់។
លោកថ្លែងថា៖ «កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ»។
ក្រសួងមហាផ្ទៃបានផ្សាយនៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ថា មានពលរដ្ឋភៀសសឹកបន្ថែម ១,៣៥៨ នាក់ បានវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេ។ បើគិតលើសរុប ពលរដ្ឋភៀសសឹកជាង ៦សែនម៉ឺង នាក់ មានច្រើនជាង ៥សែន ៧ម៉ឺងនាក់ ឬប្រមាណ ៨៨% បានវិលត្រឡប់ទៅផ្ទះរបស់ខ្លួន។ ទោះបីជាយ៉ាងណា នៅមានពលរដ្ឋចំនួន ៧៤,១៣៩ នាក់ (ស្រី ៣៩,១៧១ នាក់ និងកុមារ ២៥,៣៧២ នាក់) ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានបាននៅឡើយ។
ចាប់តាំងពីបទឈប់បាញ់លើកទីពីរនៅចុងខែធ្នូឆ្នាំ ២០២៥ ប្រជាជនកម្ពុជាជាងកន្លះលាននាក់ដែលបានភៀសខ្លួនបានវិលត្រឡប់ទៅផ្ទះវិញ៕







