កម្ពុជាជំរុញជាថ្មីឱ្យថៃចូលរួមកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC និងបញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) បន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត បន្ទាប់ពីថៃយកលេសលើកពេលជាបន្តបន្ទាប់។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឱ្យដឹងថា ថៃតែងពន្យារពេលក្រោមហេតុផលបំពេញនីតិវិធីផ្ទៃក្នុង រង់ចាំការបោះឆ្នោតថ្នាក់ជាតិ រង់ចាំការតែងតាំងនាយករដ្ឋមន្ត្រីថ្មី រង់ចាំការបោះឆ្នោតជ្រើសតាំងគណៈរដ្ឋមន្ត្រីថ្មី និងរង់ចាំការអនុម័តដោយគណៈរដ្ឋមន្ត្រីថៃលើការតែងតាំងប្រធាន និងសមាសភាពថ្មីនៃគណៈកម្មការ JBC ភាគីថៃជាដើម។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ទោះបីជានាយករដ្ឋមន្ត្រីថៃថ្មីត្រូវបានតែងតាំង ហើយគណៈរដ្ឋមន្ត្រីថៃថ្មី ត្រូវបានបង្កើតឡើង និងបានដំណើរការកិច្ចប្រជុំជាច្រើនលើកមកហើយក៏ដោយ ក៏រដ្ឋាភិបាលថៃនៅតែអូសបន្លាយ ពុំទាន់តែងតាំងប្រធាន និងសមាសភាពថ្មីនៃគណៈកម្មការ JBC របស់ខ្លួនជាផ្លូវការនៅឡើយ។
នៅក្នុងកំណត់ទូតផ្ញើទៅកាន់ភាគីថៃជាថ្មីនេះ កម្ពុជាចាត់ទុក ការអូសបន្លាយពេលវេលានៃការតែងតាំងប្រធាន និងសមាសភាព JBC ថ្មី រួមទាំងការមិនចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង គឺផ្ទុយនឹងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
យោងតាមលទ្ធផលកិច្ចប្រជុំកន្លងមក ភាគីទាំងពីរត្រូវបន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុត ព្រមទាំងអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញដោយគ្មានការរារាំង សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ផ្ទុយទៅវិញ ភាគីថៃនៅតែបន្តកាន់កាប់ទឹកដីកម្ពុជា និងធ្វើសកម្មភាពដោយខុសច្បាប់ ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli) បើទោះបីជាភាគីកម្ពុជាបានតវ៉ាជាច្រើនលើកតាមផ្លូវការទូតយ៉ាងណាក៏ដោយ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនរំលឹកថា ផ្អែកតាមនីតិវិធី និងបែបបទការងារ ដែលបានឯកភាពគ្នានាពេលកន្លងមក និងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ភាគីថៃគប្បីចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះ (IST)ចុះលើដីជាក់ស្តែង ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន។
កម្ពុជាតាមរយៈគណៈកម្មការ JBC មិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ទាំងពេលកន្លងមក ទាំងពេលបច្ចុប្បន្ន និងអនាគត។
គួរបញ្ជាក់ថា យោធាថៃបានវាយប្រហារឈ្លានពានមកលើប្រទេសកម្ពុជាចំនួនពីរលើកគឺនៅក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ បើទោះជាប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ភាគីថៃនៅតែគគ្លើនបន្តឈ្លានពានចូលក្នុងទឹកដីប្រទេសកម្ពុជានៅតាមបណ្តោយខេត្តព្រំដែន តាមរយៈការរាយលួសបន្លា ដាក់ទូរកុងតឺន័រ កសាងហេដ្ឋារចនាសម្ព័ន្ធ និងតំឡើងទង់ជាតិថៃនៅលើទឹកដីកម្ពុជាដោយអះអាងថាទឹកដីទាំងនោះជាទឹកដីរបស់ពួកគេ បើទោះជាកម្ពុជាបានចេញមុខតវ៉ាប្រឆាំងជាហូរហែក៏ដោយ៕







