កម្ពុជាត្រៀមរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ឱ្យក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយ ក្រោយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវបានរៀបចំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកាលពី២៩ឆ្នាំកន្លងទៅ។
សេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ក្រោយដំណើរទស្សនកិច្ចរបស់អ្នកស្រី Louise MUSHIKIWABO អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីមកកាន់ប្រទេសកម្ពុជា ឱ្យដឹងថា អ្នកស្រី និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានផ្លាស់ប្តូរយោបល់គ្នាពីវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និង ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ក្រៅពីនេះ អ្នកទាំងពីរក៏បានពិភាក្សាផ្ដោតសំខាន់លើការលើកកម្ពស់តម្លៃនៃសន្តិភាព ការសន្ទនា និងសាមគ្គីភាពរបស់ហ្វ្រង់កូហ្វូនីនៅក្នុងបរិបទនៃការកើនឡើងអស្ថិរភាពភូមិសាស្ត្រនយោបាយ និងការរីករាលដាលនៃជម្លោះប្រដាប់អាវុធ។
ក្នុងឱកាសទស្សនកិច្ចនៅកម្ពុជា អ្នកស្រី Louise MUSHIKIWABO បានអញ្ជើញទៅទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីសួរសុខទុក្ខជនភៀសសឹកចំនួន ៤១៤គ្រួសារ ក្នុងជម្រកសុវត្ថិភាពបណ្ដោះអាសន្នស្ថិតនៅបរិវេណវត្តធម្មរង្សី ភូមិសំពៅលូន ស្រុកក្រឡាញ់ ។ អ្នកស្រីក៏បានចុះទៅទស្សនាសាលាទេសចរណ៍ Paul Dubrule ដែលទទួលជំនួយគាំទ្រពីអង្គការ OIF ហើយសាលានេះបានចូលរួមចំណែកបណ្តុះបណ្តាលផ្នែកសណ្ឋាគារ និងវិជ្ជាធ្វើម្ហូបដល់យុវជនកម្ពុជា ជាពិសេសការផ្តោតលើការ អភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។ ការវិនិយោគក្នុងវិស័យអភិវឌ្ឍន៍ជំនាញ និងការពង្រឹងសកម្មភាព យុវជន គឺជាអាទិភាពចម្បងរបស់អង្គការហ្វ្រង់កូហ្វូនី។
អំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ អ្នកស្រីក៏បានចុះពិនិត្យទីតាំងមួយចំនួន ដែលត្រៀម រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ និងព្រឹត្តិការណ៍អមសំខាន់ៗ ដូចជា «ភូមិហ្វ្រង់កូហ្វូនី» និង«ហ្វ្រង់កូតិច»។
លោក ប្រាក់ សុខុន និងអ្នកស្រី Louise MUSHIKIWABO សង្ឃឹមថា ប្រមុខរដ្ឋ និងរដ្ឋាភិបាលជាច្រើននឹងអញ្ជើញចូលរួមកិច្ចប្រជុំខាងលើនេះ ដែលជាឱកាសល្អផងដែរសម្រាប់ស្វែងយល់ពីសម្បត្តិវប្បធម៌ និងសេដ្ឋកិច្ចរបស់កម្ពុជា៕







