ប្រមុខការទូតកម្ពុជា តវ៉ានៅUNចំពោះការណ៍ដែលយោធាថៃកាន់កាប់ជ្រៅក្នុងដីខ្មែរ

សង្គម

(រូបភាពលោកប្រាក់សុខុនអង្គុយក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ)។

នៅវេទិកាអង្គការសហប្រជាជាតិ រដ្ឋមន្រ្តីការបរទេសកម្ពុជា លោកប្រាក់ សុខុន តវ៉ានិងបង្ហាញក្ដីបារម្ភចំពោះស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលយោធាថៃកំពុងកាន់កាប់ជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។

ក្នុងកិច្ចប្រជុំបើកចំហរកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃទី២៦ ខែឧសភា នៅសហរដ្ឋអាមេរិក រដ្ឋមន្រ្តីការបរទេសលោក ប្រាក់ សុខុន អំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រ បទឈប់បាញ់ និងទទូចឱ្យអនុវត្តពេញលេញ និងជាបន្ទាន់ ថែមទាំងសង្កត់ធ្ងន់ថា ខ្សែព្រំដែនមិនត្រូវផ្លាស់ប្ដូរដោយការប្រើកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនោះទេ។

លោក បន្តថា «ទោះបីបទឈប់បាញ់ត្រូវបានបន្តរក្សាក៏ដោយ យើងនៅតែមានការព្រួយបារម្ភ​ចំពោះស្ថានភាពបច្ចុប្បន្ន នៅក្នុងតំបន់ដែលកំពុងត្រូវបានទន្រ្ទានកាន់កាប់យ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជា»។

រដ្ឋមន្រ្តីការបរទេសថៃលោក ស៊ីហាសាក់ (Sihasak Phuangketkeow) នៅលើវេទិកាអង្គការសហប្រជាជាតិនេះដែរក៏បានថ្លែងដោយច្រានចោលការចោទពីសំណាក់ភាគីកម្ពុជាពាក់ព័ន្ធនឹងការទាមទារទឹកដី។ បើតាមការចុះផ្សាយរបស់កាសែតថៃ The Nation Thailand។

សមាជិកព្រឹទ្ធសភាកូតាបក្សឆន្ទៈខ្មែរលោក គង់ មុនីកា ទទូចឱ្យរាជរដ្ឋាភិបាលដាក់បណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិបន្ថែមទៀតពីលើយន្តការការទូត ដែលជាផ្នែកមួយនៃការផ្ដល់ទំនុកចិត្តដល់ពលរដ្ឋឱ្យបានដឹងថា កម្ពុជានឹងប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការដោះស្រាយបញ្ហាព្រំដែន។

លោក និយាយថា៖ «ដូច្នេះ យើងទទូចឱ្យរាជរដ្ឋាភិបាល ក្នុងការតតាំងក្ដីនៅលើឆាកអន្តរជាតិ តាមរយៈតុលាការអន្តរជាតិបន្ថែមទៀត»។

រីឯអ្នកតាមដានភូមិសាស្រ្តនយោបាយលោក សេង វណ្ណលី យល់ថា ការថ្លែងរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជាលើឆាកអន្តរជាតិនេះមានប្រសិទ្ធិតិចតួច ដោយសាររចនាសម្ព័ន្ធអំណាចនៅក្នុងកិច្ចប្រជុំនោះផ្ទាល់ និងពិសេសដែលចិនដើរតួជាប្រធានប្ដូរវេន។ 

លោក បន្ថែមថា ក្នុងបរិបទភូមិសាស្ត្រនយោបាយ ចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងនិយមគាំទ្រការដោះស្រាយទំនាស់ទ្វេភាគីជាជាងការធ្វើអន្តរាគមន៍ពីខាងក្រៅ។ 

លោក បន្តថា៖ «ម្យ៉ាងវិញទៀត ទំនាក់ទំនងយុទ្ធសាស្ត្រដ៏ជិតស្និទ្ធរវាងកម្ពុជានិងចិន មិនមែនជាទុនរុញច្រានឱ្យចិនដាក់សម្ពាធលើថៃក្នុងបញ្ហាព្រំដែននោះទេ ព្រោះចិនក៏ត្រូវរក្សាតុល្យ​ភាព​ទំនាក់ទំនងជាមួយប្រទេសដទៃក្នុងតំបន់អាស៊ានផងដែរ»។

លោក ផ្ដល់យោបល់ថា យន្តការចម្បងបំផុតគឺការបន្តរុញច្រានការងាររបស់គណៈកម្មាធិការព្រំដែនរួមទ្វេភាគីឱ្យមានសកម្មភាពរស់រវើក និងម៉ត់ចត់ ដោយផ្អែកលើឯកសារគតិយុត្ត និងផែនទីដែលទទួលស្គាល់ជាអន្តរជាតិ ដោយមិនត្រូវទុកឱ្យកិច្ចចរចាជាប់គាំងនោះទេ។

បន្ថែមលើនេះ លោក ថា ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដូចជាការស្វែងរកការបកស្រាយបន្ថែមពីតុលាការយុត្តិធម៌អន្តរជាតិ ឬការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ក៏ជាជម្រើសច្បាប់ដែលអាចយកមកពិចារណា ប្រសិនបើយន្តការទ្វេភាគីឈានដល់ផ្លូវទាល់ច្រក។ 

លោក បន្តថា «ទន្ទឹមនឹងនេះ កម្ពុជាត្រូវបង្កើនវត្តមានស៊ីវិលនៅតាមខ្សែបន្ទាត់ព្រំដែន តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតភូមិករ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីបង្កើតជារបងការពាររស់ដ៏រឹងមាំ ដែលជាយុទ្ធសាស្ត្រមានប្រសិទ្ធភាពជាងការដាក់ពង្រាយកម្លាំងយោធាតែមួយមុខ»។ 

គួររម្លឹកផងដែរ បន្ទាប់ពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសថា យោធាថៃបានរំលោភចូលជ្រៅក្នុងទឹកដីកម្ពុជាចំនួន១៤ទីតាំង និងតំបន់តាមព្រំដែន រួមទាំងទីតាំងរបស់ជនស៊ីវិលកម្ពុជា និងរារាំងមិនឱ្យជនភៀសសឹកកម្ពុជាត្រឡប់ចូលទៅលំនៅឋានរបស់ខ្លួនវិញឡើយ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2662}" data-page="1" data-max-pages="1" data-start="1" data-end="1">