រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានបន្តលើកយកបញ្ហាព្រំដែនកម្ពុជា-ថៃ និងការរារាំងជនភៀសសឹកខ្មែរវិលទៅកាន់ផ្ទះសម្បែងវិញពីសំណាក់យោធាថៃ ប្រាប់ទៅកាន់សមភាគីសិង្ហបុរី អំឡុងពេលធ្វើទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី១០-១១ មីនា។
សេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១១ មីនា ឱ្យដឹងថា នៅក្នុងអំឡុងទស្សនកិច្ចនោះ ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន បានប្រាប់រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរីលោក វីវៀន បាឡាគ្រីស្សណាន់ ពាក់ព័ន្ធនឹងស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងស្ថានភាពពលរដ្ឋភៀសសឹកដែលនៅមិនទាន់អាចវិលត្រលប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។
ក្រសួងការបរទេសថា រដ្ឋមន្រ្តីទាំងពីររូប ក៏បានបញ្ជាក់អំពី ការប្ដេជ្ញារួមក្នុងការគាំទ្រផលប្រយោជន៍ស្នូលទៅវិញទៅមក និងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។
អ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេសលោក ចាន់ រតនា មានប្រសាសន៍ប្រាប់ប្រជាកាសែតនៅថ្ងៃទី១២ មីនា ថា រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានប្រាប់ភាគីសិង្ហបុរី ជុំវិញការបន្តវាយកម្ទេចផ្ទះពលរដ្ឋខ្មែរ និងអគាររដ្ឋ រួមទាំងការដាក់ទូកុងទីន័រ និងការរាយបន្លាលួសរបស់ថៃ ដើម្បីរារាំងពលរដ្ឋខ្មែរក្នុងការវិលត្រលប់ទៅផ្ទះសម្បែងវិញ។
លោក បន្តថា៖ «ការរំលោភបន្តឈ្លានពានរបស់ថៃ តាមរយៈការឈូសធ្វើផ្លូវ មកកាន់តំបន់ប្រាសាទព្រះវិហារ មកកាន់វត្តកែវសិក្ខាគីរីស្វារៈអីនេះ យើងបាន ធ្វើបច្ចុប្បន្នភាពនេះ ទៅជូនភ្ញៀវបន្តបន្ទាប់ទៅលើបញ្ហានេះ»។
រីឯរដ្ឋមន្រ្តីក្រសួងការបរទេសសឹង្ហបុរីលោក វីវៀន បាឡាគ្រីស្សណាន់ បានសរសេរសារលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១១ ខែមីនា ថា លោក និងរដ្ឋមន្រ្តីការបរទេសកម្ពុជា បានផ្លាស់ប្តូរយោបល់គ្នាជុំវិញស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ។
លោក បន្តថា៖ «យើងសង្ឃឹមថាសមាជិកអាស៊ានទាំងពីរអាចកសាងលើបទឈប់បាញ់បច្ចុប្បន្ន និងដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធីតាមរយៈការសន្ទនា និងការចរចា»។
រដ្ឋមន្រ្តីការបរទេសសិង្ហបុរី បន្ថែមថា ភាគីទាំងពីរ ក៏បានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាសន្តិសុខស្បៀងអាហារ ថាមពលកកើតឡើងវិញ និងសេដ្ឋកិច្ចឌីជីថល។
ពលរដ្ឋរស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អ្នកស្រី គឹម សារ៉ាន់ អាយុ៤៨ឆ្នាំ និយាយថា គ្រួសាររបស់អ្នកស្រីដែលមានទាំងកូនៗនិងចៅសរុប ៨នាក់ កំពុងរស់នៅជំរំភៀសសឹក ចង់វិលទៅកាន់ផ្ទះសម្បែង ដើម្បីអាចប្រកបរបររកស៊ី និងធ្វើការឡើងវិញ។
អ្នកស្រី និយាយថា៖ «ចង់ [ទៅផ្ទះ] ឱ្យតែគេឱ្យទៅវិញ ខ្ញុំចង់ទៅវិញ ឱ្យតែបានដីវិញ ទៅវិញហើយ។ នៅនេះមិនស្រួលទេ ចង់តែទៅផ្ទះវិញ ទៅផ្ទះវិញយើងអាចរកស៊ីអីបាន»។
អ្នកស្រី បានអះអាងថា ផ្ទះរបស់អ្នកស្រីដែលមានអីវ៉ាន់លក់ដូរ ដោយបោះដុំគ្រឿងកំប៉ុង និងសាងសង់អស់ថវិកាប្រមាណ១០ម៉ឺនដុល្លារ ត្រូវបានទាហានថៃវាយកម្ទេចចោល និងដាក់ទូកុងទីន័រ រារាំងមិនឱ្យអ្នកស្រីបានចូលទៅកាន់ផ្ទះវិញនោះទេ។
អ្នកស្រី បន្ថែមថា ជារៀងរាល់ថ្ងៃ ការរស់នៅក្នុងជំរំភៀសសឹកមានភាពលំបាកលំបិន ដោយសារនៅពេលថ្ងៃ មានភាពក្ដៅខ្លាំង និងមានការជ្រាបទឹកចូលក្នុងតង់ នៅពេលមានភ្លៀងធ្លាក់។
កាលពីខែកុម្ភៈ អំឡុងពេលទស្សនកិច្ចការងារនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានផ្ដល់បទសម្ភាសដល់សារព័ត៌មាន Reuters ថា ក្រោយបទឈប់បាញ់ យោធាថៃ នៅបន្តកាន់កាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា តាមបណ្ដោយព្រំដែនជាច្រើនកន្លែង ព្រមទាំងដាក់ទូកុងទីន័រ និងរាយបន្លាលួសដែលប៉ះពាល់ដល់ពលរដ្ឋដែលធ្លាប់រស់នៅទីនោះមិនអាចត្រឡប់ទៅលំនៅដ្ឋានវិញបាន។
បើតាមក្រសួងមហាផ្ទៃ គិតត្រឹមល្ងាចថ្ងៃទី១១ ខែមីនា មានជនភៀសសឹកជាង៤ម៉ឺននាក់ទៀត នៅមិនទាន់អាចវិលទៅកាន់លំនៅឋានវិញបាននៅឡើយ។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ក្នុងកិច្ចប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានថ្លែងអំពាវនាវឲ្យថៃគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយដកកងកម្លាំងចេញពីទឹកដីកម្ពុជា។
ជុំវិញករណីនេះ អ្នកវិភាគនយោបាយលោក ឯម សុវណ្ណរ៉ា គាំទ្រនិងជំរុញឱ្យកម្ពុជាបន្តកៀរគរប្រទេសជាមិត្តឱ្យគាំទ្រខ្លួន ដែលលោកយល់ថា ជាយន្តការដែលកម្ពុជាត្រូវអនុវត្តដើម្បីជំរុញឱ្យថៃគោរពតាមច្បាប់អន្តរជាតិ។
លោក និយាយថា៖ «ការធ្វើសកម្មភាពជាក់ស្ដែងការទូតនឹងជាកិច្ចការសំខាន់ណាស់ ជាជាងការថ្លែង ឬក៏គ្រាន់តែថា។ ចឹងដើម្បីឱ្យអន្តរជាតិក្រឡេកមើលភាពឈឺចាប់ ភាពរងគ្រោះរបស់ពលរដ្ឋ ឬជនភៀសសឹកពីសង្រ្គាមកម្ពុជា-ថៃ យើងត្រូវការធ្វើសកម្មភាពបែបហ្នឹងច្រើនទៅមុខទៀត»។
ក្រៅពីធ្វើទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ក៏គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសនូវែលហ្សេឡង់ និងអូស្ត្រាលីចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមីនា។ អ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេសលោក ចាន់ រតនា បញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ក៏នឹងពាំនាំបញ្ហាព្រំដែន និងជនភៀសសឹក ប្រាប់ទៅកាន់ភាគីនូវែលសេឡង់ និងអូស្រ្តាលីនៅអំឡុងដំណើរទស្សនកិច្ចទាំងនេះ៕







