រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងទៅទស្សនកិច្ចសិង្ហបុរី ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី

ទំនាក់ទំនងអន្តរជាតិ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ។ (ថតដោយមន្ត្រីក្រសួងការបរទេសថ្ងៃទី០៦មីនា២០២៦)

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ ។ 

សេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ឱ្យដឹងថា តបតាមការអញ្ជើញរបស់លោក វីរៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក ប្រាក់ សុខុន នឹងចំណាយពេលពីរថ្ងៃស្នាក់នៅប្រទេសដែនកោះមួយនេះចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមីនា។ ក្នុងអំឡុងពេលទស្សនកិច្ច លោក ប្រាក់ សុខុន នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី និងជួបពិភាក្សាការងារជាមួយលោក វីរៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ 

សេចក្ដីប្រកាសដដែលបានបន្ថែមថា ប្រមុខការទូតទាំងពីរនឹងផ្តោតការពិភាក្សាលើការជំរុញទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងកក់ក្តៅ តាមរយៈការស្វែងរកវិស័យថ្មីៗដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ។
ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន ទៅកាន់ប្រទេសសិង្ហបុរីនៅពេលនេះ គឺក្នុងបរិបទប្រទេសកម្ពុជាកំពុងបន្តទទួលរងនូវការរំលោភបំពានទឹកដីនៅតាមបណ្តោយព្រំដែនពីសំណាក់យោធាថៃ និងក្នុងពេលសង្រ្គាមនៅក្នុងតំបន់មជ្ឈិមបូព៌ាកំពុងបន្តកើតមានក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ដែលកំពុងគំរាមកំហែងដល់ទីផ្សារថាមពលសកល។ 

ប្រទេសកម្ពុជា និងសិង្ហបុរីបានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការនៅក្នុងឆ្នាំ ១៩៦៥។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សង្កត់ធ្ងន់ថា ទស្សនកិច្ចផ្លូវការនេះបញ្ជាក់យ៉ាងមុតមាំអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសទាំងពីរ ហើយបង្ហាញអំពីការប្តេជ្ញាចិត្តរួម និងទស្សនវិស័យឆ្ពោះទៅមុខ សំដៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅកាន់កម្រិតថ្មី ដោយប្រែក្លាយប្រទេសទាំងពីរទៅជាដៃគូល្អក្នុងការចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព យូរអង្វែងនៅក្នុងតំបន់៕

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1825}" data-page="1" data-max-pages="1" data-start="1" data-end="1">