រដ្ឋាភិបាលកម្ពុជាប្ដេជ្ញា សង់ផ្ទះជូនអតីតយុទ្ធជន និវត្តជន ជនភៀសសឹក

សង្គម

(ផ្ទះសម្បែងរបស់វិវត្តជន ដែលរដ្ឋសាងសង់ជូន)រូបភាពសមាគមអតីតយុទ្ធជនកម្ពុជា។

រដ្ឋាភិបាលកម្ពុជាប្ដេជ្ញាលើកម្ពស់ជីវភាពនិងសាងសង់ផ្ទះជូនអតីតយុទ្ធជន និវត្តជន ជនភៀសសឹក តាមដែលអាចធ្វើទៅបាន។រដ្ឋាភិបាលក៏ធានាផ្ដល់សេវាសាធារណៈឱ្យបានល្អប្រសើរជូនពួកគេទៀតផង។

ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លោក គន់ គីម មានប្រសាសន៍ថា គិតចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៥ រដ្ឋាភិបាលបានសាងសង់ផ្ទះសរុបបានចំនួនប្រមាណ ៧,៥០០ខ្នងផ្ទះ។ លោកថាសមាគមន៍នៅខ្វះផ្ទះចំនួន៣ ០០០ ខ្នងទៀតដែលត្រូវសាងសង់នៅទូទាំងរាជធានីខេត្ត។ ក្នុងនោះដែរ លោកថា ការសាងសង់ផ្ទះសម្រេចបានចំនួន១៥០០ ខ្នង សម្រេចបាននៅចន្លោះឆ្នាំ២០២៥ និង២០២៦ ដោយមានជំនួយពីរដ្ឋាភិបាល និងដៃគូរពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនឯកជនផ្សេងៗទៀត។

លោកថា៖ «ក្នុងឱកាសនេះ ខ្ញុំក៏បានធូរស្រាលដែរ ហើយខ្ញុំរកអ្នកលំបាកជាងគេមុន ហើយរកអ្នកចាស់ៗឱ្យគាត់មកនៅក្នុងជីវិតចុងក្រោយរបស់គាត់អាចគាត់មកនៅលើផ្ទះហ្នឹង ហើយមានដីឱ្យគាត់ ហើយអាចដាំដំណាំ ហើយម្សិលមិញចៅហ្វាយខេត្ត គាត់ថាគាត់ធានាដាំមៀន ។ ពួកខ្ញុំទិញមកលក់តាមក្រសួង ម្នាក់ពីរតោន បីតោន។ កុំឱ្យគាត់ពិបាក ខ្ញុំដឹកយកមកលក់ហ្មង។ អីចឹងមានទីផ្សារហើយ ដើម្បីបង្កើនជីវភាពថែម»។

លោកបន្ថែមថា៖ «ខ្ញុំនឹងខិតខំ ដើម្បីទាក់ទងជាមួយក្រសួងសង្គមកិច្ច ដើម្បីអាចយកតួលេខឱ្យគាត់ ដើម្បីឱ្យគាត់ជួយដោះស្រាយ ព្រោះទៅតាមខេត្តជូនណាស់គាត់ស្លាប់ ដល់អីចឹងអត់ដឹងថាពីណាជួយឧបត្ថម្ភថវិការ។ […] ឃើញថាក្រសួងស្ថាប័ន លោកសកម្មណាស់ ជួយជ្រោមជ្រែងដោះស្រាយ»។

ចំពោះជនភៀសសឹក ផ្ទះបណ្ដោះអាសន្នប្រហែល ៣ ០០០ខ្នងនឹងត្រូវបានសាងសង់នៅក្នុងខេត្តចំនួនបី មានខេត្តឧត្តមានជ័យ បន្ទាយមានជ័យ និង ខេត្តព្រះវិហារ ដើម្បីសម្រួលដល់គ្រួសារដែលនៅសេសសល់ពីការផ្លាស់ទីលំនៅមុនរដូវវស្សារ ។

ពលរដ្ឋភៀសសឹក អ្នកស្រី គង់ ចន្ថា មកពីពីភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និយាយថា អ្នកស្រីមានឪពុកពលីក្នុងសង្គ្រាមឆ្នាំ១៩៩០ និងមានស្វាមីជាទាហានជួរមុខក្នុងជម្លោះព្រំដែនកម្ពុជា និងថៃដែរ។ ទាក់ទងនឹងការគាំពាសង្គម អ្នកស្រីថា ម្ដាយអ្នកស្រីមានវ័យចំណាស់ និងមិនទាន់ផ្ទះសមរម្យសម្រាប់ស្នាក់ ដោយផ្ទះរបសើអ្នកស្រីត្រូវយោធាថៃទម្លាក់គ្រាប់បែកបំផ្លាញក្នុងជម្លោះព្រំដែន។ អ្នកស្រីបន្តថា ក្នុងគ្រួសារមួយ ដែលមានឪពុកពលីក្នុងភ្លើងសង្គ្រាម គ្រួសារអ្នកស្រីក៏ត្រូវការការគាំពាពីរដ្ឋាភិបាលផ្នែកជីវភាព ជាពិសេសអ្នកស្រីចង់បានផ្ទះមួយខ្នងឱ្យម្ដាយរស់នៅវ័យចាស់។

អ្នកស្រីថា៖ «បើសិនមានការឧបត្ថម្ភពីរដ្ឋាភិបាល ខ្ញុំគិតថាល្អ។ ខ្ញុំអត់ចង់បានអីទេ ចង់បានតែផ្ទះមួយខ្នងឱ្យម៉ែ។ ម៉ែគាត់ចាស់ហើយអត់មានអី។ ឱ្យតែឧបត្ថម្ភល្អ។ និយាយទៅប្ដីខ្ញុំក៏ទាហាន ឪពុកខ្ញុំក៏ទាហាន។ និយាយរួមគ្រួសារកងទ័ពទាំងអស់»។

អ្នកស្រីបន្ថែមថា៖ «និយាយរួមចង់បានគ្រប់មុខហ្មងបង ដល់ផ្ទះក៏ខូចខាតគ្មានកន្លែងនៅផង។ មានផ្ទះណារាល់ថ្ងៃនៅតែក្រោមតង់ក្ដៅចង់ងាប់ហើយ។ […] ចូលផ្ទះបានតែវាចេះតែខ្លាចបើយន្តហោះៗរាល់ថ្ងៃ។ មានផ្ទះណានៅបើខូចអស់ហើយ»។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែងថា ៖ «ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាត្រូវសហការជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជារៀបចំកម្មវិធីជាក់ស្ដែងរបស់ទិវាអតីតយុទ្ធជន និងនិវត្តជននិងត្រូវយកចិត្តទុកដាក់ធ្វើការបូកលទ្ធផលការងារវិស័យអតីតយុទ្ធជន និងនិវត្តជនកន្លងមក និងកំណត់ទិសដៅសម្រាប់អនុវត្តបន្ត»។

ទាក់ទងនឹងជនភៀសសឹក លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងរដ្ឋបាលខេត្តដែលរងផលប៉ះពាល់ ពីជម្លោះព្រំដែន ត្រូវសាងសង់លំនៅឋានបណ្តោះអាសន្ន ជូនជនភៀសសឹក ប្រកបដោយតម្លាភាព ដើម្បីឱ្យអ្នកដែលរងគ្រោះនិងអ្នកបាត់ដីពិតប្រាកដ ទទួលបានផ្ទះបណ្តោះអាសន្នដែលរដ្ឋផ្តល់ជូន។ លោកបន្តថា ការសាង់សង់នេះ នឹងនៅតែបន្តធ្វើគ្រប់កន្លែងទាំងអស់ដែលរងគ្រោះដោយសារការឈ្លានពានរបស់ថៃ រួមមាន ខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និងពោធិ៍សាត់។

លោកថ្លែងថា៖ «ពីណាមកមុនស្រង់ឈ្មោះធ្វើមុន បានន័យថា អ្នកដែលស្រួលបំផុត គឺអ្នកដែលនៅកន្លែង ធ្វើម៉េចឱ្យចំគោលដៅ អ្នកដែលនៅក្នុងមណ្ឌលជនភៀសសឹក ហើយកុំឱ្យជាន់គ្នា ព្រោះមួយគ្រួសារបានមួយ ជួនកាលប្តីនៅជំរុំភៀសសឹកមួយ ប្រពន្ធនៅជុំរំភៀសសឹកមួយ ពេលចុះឈ្មោះបាន២ អ៊ីចឹងយើងដកឈ្មោះវិញ ទុកឱ្យអ្នកដែលអត់ទាន់បាន និងអ្នកដែលមានដីពិតប្រាកដ។ ធ្វើម៉េចត្រួតពិនិត្យឱ្យខ្ញុំ ឱ្យប្រាកដឱ្យច្បាស់ អ្នកដែលត្រូវបាន ត្រូវតែបាន ឱ្យមានតម្លាភាពឱ្យទទួលខុសត្រូវ ការជួយយើងនឹងជួយបន្ត អានេះ គឺសំខាន់ ។ កុំឱ្យបានហើយ អ្នកដែលត្រូវបាន អត់បាន អ៊ីចឹងគឺមិនចេះចប់រឿង» ។

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន លើកឡើងថា រដ្ឋាភិបាលត្រូវបានគោលនយោបាយច្បាស់លាស់ទាក់ទៅនឹងការផ្ដល់សេវាសង្គមកិច្ច ដល់អតីតយុទ្ធជន និវត្តជន រួមទាំងជនភៀសសឹក ដែលត្រូវការផ្ទះសម្បែង និងការចូលរួមលើកកម្ពស់ផ្នែកជីវភាព។ លោកបន្តថា គោលនយោបាយទាំងនោះមិនអាចធ្វើឡើងតាមតែសាលិខិតនោះទេ គឺត្រូវអនុវត្តជាមួយគ្រប់ភាគីពាក់ព័ន្ធ។ 

លោកថា៖ «រដ្ឋត្រូវតែយកចិត្តទុកដាក់ ជារឿងដែលល្អប្រសើរ។ ប៉ុន្តែអ្វីដែលយើងកត់សម្គាល់ រដ្ឋហាក់ដូចជាបានតែផ្ញើសារការអនុវត្ត។ យើងឃើញថាសារវាល្អប្រសើរ ប៉ុន្តែការអនុវត្តវាមិនដូចអ្វីដែលបានផ្ញើសារ។ អីចឹងវាត្រូវតែផ្សារភ្ជាប់ការផ្ញើសារ បន្ទាប់មកវាត្រូវការការអនុវត្តឱ្យក្លាយជាការពិត។ បើបានតែផ្ញើសារ វាអត់បានលទ្ធផល វាហាក់ដូចជាអត់ន័យ»។

លោកបន្ថែមថា៖ «យុទ្ធជនចូលនិវត្តក្ដី ពលីក្ដីយើងត្រូវគិតពីបញ្ហាប្រាក់សោធននិវត្តន៍ក្ដី ធ្វើម៉េចឱ្យមានតុល្យភាព អាចឱ្យគាត់អាចរស់បាន។ ទី២ ទាក់ទងនឹងក្រុមគ្រួសារយុទ្ធជនពាលី រដ្ឋត្រូវតែមានការផ្គត់ផ្គង់កូនរហូតដល់រៀនចប់ នៅត្រឹមកម្រិតមធ្យមសិក្សាដូចថាអាយុ១៨ ឆ្នាំអីទៅ។ ត្រូវយកចិត្តទុកដាក់ថ្លៃសិក្សា យកចិត្តទុកដាក់លើជីវភាពអីសព្វបែបយ៉ាង»។

ចំណែកឯ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង លើកឡើងថា ការពន្លឿនការសាងសង់ផ្ទះសម្បែងសម្រាប់អតីតយុទ្ធជន រួមទាំងជនភៀសសឹកជារឿងសំខាន់ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ស្របពេលរដូវវស្សាខិតជិតមកដល់។ បន្ថែមពីលើនេះ លោកអំពាវនាវឱ្យរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់បង្កើនមុខរបរ ដើម្បីសម្រួលដល់ជីវភាពគ្រួសារ។

លោកថា៖ «ការពន្លឿនការសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ហើយនឹងជនភៀសសឹកនេះ ខ្ញុំថារឿងសំខាន់ណាស់ ព្រោះរដូវភ្លៀងបានខិតជិតមកដល់ហើយ។ បើសិនជាមិនពន្លឿនទេ បើសិនជាយើងនៅយឺតយ៉ាវ គ្នានឹងរងគ្រោះយឺតយ៉ាវពិបាក ហើយជួបប្រទះនូវជម្ងឺដង្កាត់អីផ្សេងៗ ហើយគ្នានៅរងគ្រោះដោយសារនៅរដូវវស្សានឹងភ្លៀងហូរហែនឹងគ្នានៅរងគ្រោះ។ ការរស់នៅក៏ពិបាក។ អីចឹងខ្ញុំថាការសន្យានេះជារឿងល្អ»។

លោកបន្ថែមថា៖ «ហើយម្យ៉ាងទៀតអ្នកដែលជួបបញ្ហាជីវភាព គួរតែដោះស្រាយជីវភាពគ្នាដែរ ហើយជួយឱ្យពួកគាត់មានមុខរបរចិញ្ចឹមជីវិត មានរបររកស៊ីមួយចំនួន ដើម្បីកុំឱ្យរដ្ឋទទួលរ៉ាប់រងខ្លាំង ហើយម្យ៉ាងវិញទៀតឱ្យគាត់មានទំនុកចិត្ត និងមានភាពកក់ក្ដៅសម្រាប់ជីវភាពរស់នៅរបស់គាត់ទៅមុខទៀត»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2554}" data-page="1" data-max-pages="1" data-start="1" data-end="1">