និយ័តករទូរគមនាគមន៍កម្ពុជា បានពិន័យក្រុមហ៊ុន វៀតធេល (Viettel) ឬប្រព័ន្ធសេវាទូរសព្ទហ៊ុន មិត្តហ្វូន (Metfone) ចំពោះការធ្វេសប្រហែសក្នុងការលក់ស៊ីមទូរសព្ទចល័ត ដោយពុំបានប្រមូលឯកសារសម្គាល់អត្តសញ្ញាណរបស់ពលរដ្ឋឱ្យបានត្រឹមត្រូវ បណ្ដាលឱ្យជនទុច្ចរិតយកស៊ីមកាតនោះទៅប្រព្រឹត្តអំពើឆបោកប្រាក់។
អ្នកជំនាញផ្នែកសន្ដិសុខលើប្រព័ន្ធឌីជីថលយល់ថា អាជ្ញាធរពាក់ព័ន្ធគួរតែធ្វើសកម្មភាពបង្ការទុកជាមុន ដោយប្រមូលលេខទូរសព្ទដែលពលរដ្ឋបានបង្ហោះលើបណ្ដាញសង្គម (ដែលលេខទាំងនោះបានតេទៅឆបោកពួកគេ) ដើម្បីផ្អាកដំណើរការនិងស្រាវជ្រាវរកជនឆបោក ជាជាងរង់ចាំតែការមកប្ដឹងពីពលរដ្ឋ
យោងតាមសេចក្ដីជូនដំណឹងរបស់និយ័តករទូរគមនាគមន៍កម្ពុជា ចុះថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ និយ័តករកម្ពុជាបានបើកការស៊ើបអង្កេតលើក្រុមហ៊ុន វៀតធេល ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះថា មានជនអនាមិកបានប្រើប្រាស់អត្តសញ្ញាណបណ្ណរបស់ខ្លួន ទៅទិញស៊ីមទូរសព្ទចល័តចំនួន ៣ ខ្សែរបស់ក្រុមហ៊ុននេះ។
លទ្ធផលនៃការស៊ើបអង្កេត និយ័តករកម្ពុជាបានរកឃើញថា លេខទូរសព្ទមួយក្នុងចំណោមលេខទាំងបីនោះ ត្រូវបានជនទុច្ចរិតយកទៅប្រព្រឹត្តអំពើឆបោកប្រាក់ ហើយម្ចាស់អត្តសញ្ញាណបណ្ណពិតប្រាកដ ក៏បានក្លាយជាជនពាក់ព័ន្ធនឹងករណីនេះដោយពុំដឹងខ្លួន។
និយ័តករកម្ពុជាបានបន្តថា តាមរយៈភស្តុតាងដែលប្រមូលបាន ករណីនេះកើតឡើងដោយសារការធ្វេសប្រហែសរបស់ក្រុមហ៊ុន ដែលមិនបានអនុវត្តឱ្យបានត្រឹមត្រូវនូវនីតិវិធីពាក់ព័ន្ធនឹងការលក់ស៊ីម។ ក្រុមហ៊ុនបានអះអាងថា ពលរដ្ឋបានមកទិញស៊ីមនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ ប៉ុន្តែជាក់ស្ដែងនៅថ្ងៃនោះ ពលរដ្ឋដែលរងគ្រោះកំពុងរស់នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ឯណោះវិញ។
សេចក្ដីជូនដំណឹងបានគូសបញ្ជាក់ថា៖ «ជាទូទៅ និយ័តករកម្ពុជាតែងតែណែនាំក្រុមហ៊ុន វៀតធេល (ខេមបូឌា) និងប្រតិបត្តិករទូរសព្ទចល័តទាំងអស់ អំពីការលក់ ការចែកចាយ និងការប្រើប្រាស់ស៊ីម ដោយតម្រូវឱ្យទទួលយកឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវជាមុន ទើបអាចធ្វើការបើកឱ្យដំណើរការសេវាបាន ពីព្រោះរាល់ការលក់ ការចែកចាយ និងការប្រើប្រាស់ស៊ីមដោយពុំមានឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវ គឺជាអំពើខុសច្បាប់ ដែលត្រូវទទួលខុសត្រូវ និងប្រឈមចំពោះមុខច្បាប់ និងបទប្បញ្ញត្តិជាធរមាន»។
អ្នកនាំពាក្យនិយ័តករកម្ពុជា លោក សៀង សិទ្ធី ថ្លែងថា នេះជាករណីលើកដំបូងហើយដែលនិយ័តករសម្រេចពិន័យជាប្រាក់លើក្រុមហ៊ុន វៀតធេល។ បច្ចុប្បន្ន និយ័តករកំពុងរៀបចំយន្តការឱ្យពលរដ្ឋទាក់ទងទៅកាន់ក្រុមហ៊ុន ដើម្បីពិនិត្យមើលអត្តសញ្ញាណបណ្ណរបស់ខ្លួន ថាតើកំពុងជាប់ឈ្មោះប្រើប្រាស់ស៊ីមចំនួនប៉ុន្មានខ្សែ។ លោកបានបន្តទៀតថា ចំពោះពលរដ្ឋដែលកំពុងប្រើប្រាស់ស៊ីមដោយមិនមានអត្តសញ្ញាណត្រឹមត្រូវ និយ័តករក៏មានយន្តការក្នុងការសម្អាតទិន្នន័យជាមួយក្រុមហ៊ុនផងដែរ។
អ្នកសារព័ត៌មានមិនទាន់ទទួលបានការឆ្លើយតបពីក្រុមហ៊ុន មិត្តហ្វូន តាមរយៈសារអេឡិចត្រូនិក (Email) នៅឡើយទេ គិតត្រឹមថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៦ នេះ។
ជុំវិញរឿងនេះ អ្នកប្រឹក្សាផ្នែកសន្ដិសុខលើប្រព័ន្ធឌីជីថល លោក ង៉ែត ម៉ូសេ បានផ្តល់មតិថា និយ័តករកម្ពុជាគួរតែតម្រូវឱ្យក្រុមហ៊ុននេះ ប្រមូលមកវិញនូវស៊ីមទាំងឡាយណាដែលបានលក់ទៅឱ្យតំណាងចែកចាយបន្ត ដើម្បីត្រួតពិនិត្យឡើងវិញនូវចំនួនស៊ីមដែលបានលក់ចេញ ថាតើមានទិន្នន័យអតិថិជនត្រឹមត្រូវ និងមិនត្រឹមត្រូវកម្រិតណា។
លោកថា ក្រសួងពាក់ព័ន្ធ និងនិយ័តករកម្ពុជា គួរតែបង្កើតកម្មវិធីតាមប្រព័ន្ធអនឡាញ (Online App/Platform) ដើម្បីឱ្យពលរដ្ឋអាចផ្ទៀងផ្ទាត់បញ្ជីលេខទូរសព្ទដែលមិនមានអត្តសញ្ញាណ និងណែនាំដល់ពលរដ្ឋដែលកំពុងប្រើស៊ីមគ្មានអត្តសញ្ញាណបណ្ណ ឱ្យទៅផ្ដល់ដំណឹងនៅទីតាំងប្រតិបត្តិករទូរសព្ទចល័តដែលនៅជិតបំផុត ដើម្បីបញ្ចូលព័ត៌មានឱ្យបានត្រឹមត្រូវស្របច្បាប់ឡើងវិញ។
លោកបានបន្ថែមថា៖«ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និយ័តករកម្ពុជា និងក្រសួងមហាផ្ទៃ គួរសហការគ្នាពិនិត្យមើលការលក់ និងចែកចាយគណនីបណ្តាញសង្គម ដូចជា ហ្វេសប៊ុក តេឡេក្រាម ឬ WhatsApp ដោយសារតែអ្នកលក់ និងចែកចាយគណនីទាំងនេះ បានប្រើប្រាស់លេខទូរសព្ទដើម្បីទៅបង្កើតគណនី។ ពួកគេអាចជាតម្រុយក្នុងការតាមដាន និងស្វែងរកបណ្តាញលក់ ឬចែកចាយលេខទូរសព្ទខុសច្បាប់»។
បើតាមទិន្នន័យពីក្រសួងព័ត៌មាន ក្រុមហ៊ុន មិត្តហ្វូន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន វៀតធេល មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៦ និងបានចាប់ផ្តើមធ្វើអាជីវកម្មជាផ្លូវការនៅឆ្នាំ ២០០៩។ គិតត្រឹមឆ្នាំ ២០២២ ក្រោយការអភិវឌ្ឍអស់រយៈពេល ១៦ ឆ្នាំ ក្រុមហ៊ុនមួយនេះបានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលដ៏ធំបំផុតនៅកម្ពុជា ដោយមានអតិថិជនប្រើប្រាស់ជាង ៩ លាននាក់ ស្មើនឹង ៥០ ភាគរយ នៃចំណែកទីផ្សារទូរគមនាគមន៍សរុបនៅក្នុងប្រទេសកម្ពុជា៕







