ក្រសួងការពារជាតិកម្ពុជាថា ទាហានថៃបាញ់២២គ្រាប់នៅអូរស្មាច់និងបាញ់ឡើងលើ៨គ្រាប់នៅព្រះវិហារ។ នៅថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២៦ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានថា យោធភូមិភាគទី៤កម្ពុជា បានប្រាប់ឱ្យកងទ័ពភូមិភាគទី២ថៃ ធ្វើការផ្ទៀងផ្ទាត់ និងរឹតបន្តឹងការគ្រប់គ្រងវិន័យកងទ័ពឱ្យបានតឹងរឹង បន្ទាប់ពីមានករណីឮសំឡេងបាញ់កាំភ្លើងឡើងលើសរុបចំនួន៨គ្រាប់ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ នៅយប់ថ្ងៃទី២៤ ខែឧសភា ដែលសង្ស័យបង្កឡើងដោយភាគីថៃ។
ក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃទី២៤ខែឧសភា បានចេញសេចក្ដីប្រកាសព័ត៌មានថា មានការលាន់ឮសំឡេងគ្រាប់កាំភ្លើងចំនួន២២គ្រាប់ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ទឹកដីកម្ពុជាដែលយោធាថៃកំពុងកាន់កាប់។
កម្ពុជាបានដាក់លិខិតតវ៉ាទៅកាន់កងទ័ពភូមិភាគទី២ ថៃ ដោយជំរុញឱ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឱ្យបានតឹងរឹង និងគោរពឱ្យបានពេញលេញនូវសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចលោកបណ្ឌិត ញិល រដ្ឋា យល់ថា ការបំផ្ទុះអាវុធនេះ ជាសង្រ្គាមចិត្តសាស្រ្តរបស់ថៃ ដើម្បីដាក់សម្ពាធលើកម្ពុជាក្នុងការចរចា គួបផ្សំនឹងរដ្ឋាភិបាលថៃចង់បង្វែរចំណាប់អារម្មណ៍ពលរដ្ឋថៃឱ្យគិតពីព្រំដែន ជាជាងបញ្ហាសេដ្ឋកិច្ច និងថាមពលដែលកំពុងកើតឡើងក្នុងស្រុក។
លោកបន្ថែមថា នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជាត្រូវធ្វើកំណែទម្រង់វិស័យដែលចាំបាច់ និងពង្រឹងការធ្វើពាណិជ្ជកម្មចំពោះទំនិញណាដែលមិនអាចឆ្លងកាត់ព្រំដែនខាងលិចបាន។
លោក និយាយថា៖ «ត្រូវពង្រឹងខ្លួនឯង ជារដ្ឋតូចតែមានភាពខ្លឹម ដែលយើងពង្រឹងទាំងវិស័យឯកជន ហើយនឹងវិស័យសាធារណៈតាមរយៈការពង្រឹងរដ្ឋបាលរបស់យើងឱ្យវាមានតម្លាភាព សុក្រឹតភាពជាពិសេសតែម្ដង»។
ចំណែកឯកពលរដ្ឋរស់នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អ្នកស្រី ផេម សុភា និយាយថា ជារៀងរាល់ថ្ងៃអ្នកស្រីតែងតែបារម្ភចំពោះសភាពការណ៍តាមបន្ទាត់ព្រំដែន ហើយវីវក់តែការត្រៀមបង្វិចភៀសសឹក។
ស្រី្តវ័យ៤២ឆ្នាំរូបនេះ និយាយថា៖ «ត្រៀមប្រយ័ត្នរហូតហ្នឹង។ ភ័យខ្លាច ត្រៀមវ៉ាលិសរហូតហ្នឹង។ វេទនា លក់ដូរអត់បាន យើងត្រៀមរហូត»។
បើតាមក្រសួងមហាផ្ទៃកម្ពុជា សង្គ្រាមវាយប្រហារឈ្លានពានរបស់យោធាថៃមកលើកម្ពុជា បានបង្កឱ្យមានជនភៀសសឹកកម្ពុជាជាង៦០ម៉ឺននាក់ និងគិតត្រឹមថ្ងៃទី២៤ ខែឧសភា ជនភៀសសឹកកម្ពុជាជាង៣ម៉ឺននាក់នៅមិនទាន់អាចវិលត្រលប់ទៅកាន់ផ្ទះសម្បែងវិញបាននៅឡើយដោយសារតែការរារាំងរបស់យោធាថៃ។ក្រសួងមហាផ្ទៃ ឱ្យដឹងទៀតថា សាលារៀនចំនួន២០ និងមន្ទីរពេទ្យចំនួន៨ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារ នៅតែបន្តផ្អាកសកម្មភាពនៅឡើយ៕







