បំណុលសាធរណ:របស់កម្ពុជា កើនដល់ជាង ១៣ ពាន់លានដុល្លារ

សង្គម

សាឡង់មួយគ្រឿងកំពុងដឹកខ្សាច់បើកកាត់ ទន្លេចតុមុខ កាលពីខែវិច្ឆកា ឆ្នាំ២០២៥។ (រូបថតដោយ៖ រ៉ាត់ ទី)

សង្គមស៊ីវិលសម្តែងការបារម្ភពីបំណុលសាធារណៈនៅពេលដែលកម្ពុជាកំពុងជំពាក់បំណុលទាំងក្នុងស្រុក និងបរទេសកើនឡើងជាង ១៣ ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ ២០២៥។

នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា លោក សឿង សារឿន មានប្រសាសន៍ថា រាជរដ្ឋាភិបាលគួរពិចារណាឡើងវិញចំពោះកម្ចីនាពេលខាងមុខ ក្នុងស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា និងពិភពលោកកំពុងមានភាពមិនប្រាកដប្រជាដូចសព្វថ្ងៃនេះ។
លោកថា អ្វីជាការព្រួយបារម្ភខ្លាំង គឺបំណុលគ្រួសារដែលមានច្រើន ហើយលទ្ធភាពដែលអាចសងវិញមានការប្រឈមខ្លាំងដោយសារសង្គ្រាមនៅក្នុងតំបន់ និងព្រំដែនខ្មែរ-ថៃ ក៏ដូចជាការកើនឡើងនៃតំលៃប្រេងឥន្ទនៈ និងទំនិញនានា។

លោក សឿង សារឿង៖ «កម្ចីត្រូវផ្តោតយកចិត្តទុកដាក់ខ្លាំងលើការបង្កើតហេដ្ឋារចនាសម្ព័ន្ធ និងសេវាដែលកាត់បន្ថយចំណាយប្រជាពលរដ្ឋ និងបង្កើតការងារដល់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៌សេដ្ឋកិច្ចមូលដ្ឋាន»។

លោកបន្ថែមថា ក្រៅពីដោះស្រាយបញ្ហាបំណុលសាធារណៈដែលរដ្ឋជំពាក់ហើយនោះ រាជរដ្ឋាភិបាលក៏ត្រូវរកមធ្យោបាយជួយដល់ប្រជាកសិករ ជនភៀសសិក និងអ្នកងាយរងគ្រោះបំផុត ដើម្បីឱ្យពួកគាត់រួចផុតពីបំណុលផងដែរ។

លោក សារឿន បន្ត៖ «វាមានសំខាន់ណាស់ និងមានភាពប្រទាក់ក្រឡាគ្នា ព្រោះថាបើប្រជាពលរដ្ឋមិនមានការងារធ្វើ ជំពាក់បំណុលកាន់តែច្រើនធ្វើឱ្យបន្ទុកសម្រាប់រដ្ឋកាន់តែច្រើនហើយមិនអាចប្រមូលចំណូលចូលរដ្ឋវិញបានគ្រប់គ្រាន់សម្រាប់ការសងទៅបំណុលសាធារណៈវិញបាន»។

ការលើកឡើងរបស់មន្រ្តីសង្គមស៊ីវិលនេះ ក្រោយពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បង្ហាញថា កម្ពុជាកំពុងជាប់បំណុលសាធារណៈសរុប ១៣,០៥ ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ ២០២៥ ស្មើនឹងប្រមាណជាង ២៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប ​​កើនឡើងប្រមាណ ៨,៤៧ភាគរយ ធៀបនឹងបំណុលសាធារណៈឆ្នាំ២០២៤។ ក្នុងនោះមានបំណុលបរទេស ៩៨ភាគរយ និងបំណុលក្នុងស្រុក ២ភាគរយ។ 

ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២៥ កម្ពុជាខ្ចីប្រាក់ពីដៃគូអភិវឌ្ឍនានាទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី សរុបប្រមាណជាង ១,២២ពាន់លានដុល្លារអាមេរិក ដែលថយចុះប្រមាណ ៣១ ភាគរយធៀបនឹងឆ្នាំ២០២៤។

ក្នុងអារម្ភកថា នៃព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ លោក អូន ព័ន្ធមុនីរ័ត្ន បានសរសេរបញ្ជាក់ថា៖ «ស្ថានភាពបំណុលបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺ នៅតែមាន ចីរភាព និង ហានិភ័យកម្រិតទាប»។
ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ឱ្យដឹងទៀតថា ប្រាក់កម្ចីថ្មីឆ្នាំ២០២៥ ត្រូវបានដកប្រើប្រាស់ប្រមាណ ៧៩ ភាគរយ សម្រាប់ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ រួមមាន ថាមពល ប្រព័ន្ធធារាសាស្រ្ត ការដឹកជញ្ជូន និងការផ្គត់ផ្គង់ទឹក។ សម្រាប់ ២១ ភាគរយទៀត ផ្តោតលើវិស័យមិនមែនហេដ្ឋារចនាសម្ព័ន្ធ ដូចជាវិស័យកសិកម្ម អប់រំ សុខាភិបាល និងវិស័យអាទិភាពផ្សេងទៀត។

ស្ថិតិបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៥ដដែល រដ្ឋាភិបាលកម្ពុជា ក៏បានសងបំណុលត្រលប់ទៅវិញចំនួនជាង ៦៧៨ លានដុល្លារអាមេរិក មានកំណើនសងប្រមាណ ២១ ភាគរយធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះសងប្រាក់ទៅបរទេសមានជាង ៥០០លានដុល្លារអាមេរិក ដែលរួមនឹងការប្រាក់ និងកម្រៃផ្សេងៗជាង ១៣២លានដុល្លារអាមេរិក ខណៈចំនួនសងក្នុងស្រុកមានជាង ៤៥លានអាមេរិក ជាមួយការប្រាក់ ៥លានដុល្លារអាមេរិក។

ជុំវិញបញ្ហាបំណុលរបស់កម្ពុជានេះដែរ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្កម និងសេដ្ឋកិច្ចលោកបណ្ឌិត ជ័យ តិច យល់ថា កម្រិតបំណុលសាធារណៈរបស់កម្ពុជា មិនទាន់ស្ថិតក្នុងហានិភ័យនៅឡើយទេ បើធៀបនឹងស្ដង់ដារកំណត់ដោយអង្គការរូបិយវត្ថុអន្តរជាតិ IMF ដែលកំណត់ថា បំណុលសាធារណៈលុះណាតែលើសពី ៤០ភាគរយ នៃផលិតផលក្នុងស្រុក ទើបជាបំណុលគ្រោះថ្នាក់។ លោកមានប្រសាសន៍ថា បើធៀបនឹងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន បំណុលសាធារណៈរបស់កម្ពុជានៅទាបជាងប្រទេសមួយចំនួននៅឡើយ។

លោកបណ្ឌិត ជ័យ តិច៖ «លើកលែងតែប្រ៊ុយណេមួយគត់ ដែលមានបំណុលសាធារណៈតែ ២ ទៅ ៣ភាគរយធៀបនឹង GDP ហើយបន្ទាប់ពីកម្ពុជានោះ គឺមានខាងមីយ៉ាន់ម៉ា ដែលមានប្រមាណ ៦០ភាគរយធៀបនឹង GDP ក្រៅពីនោះមានពី ៧០ភាគរយឡើងទៅ ដែលសិង្ហបុរី មានខ្ពស់ជាងគេ រហូតទៅដល់ប្រមាណ ១៧០ភាគរយនៃ GDP»។

យ៉ាងណា លោកបណ្ឌិត ជ័យ តិច ថារដ្ឋាភិបាល គួរផ្តល់អាទិភាពក្នុងការប្រើប្រាស់កម្ចីលើការអភិវឌ្ឍវិស័យអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សសម្រាប់បម្រើការងារលើវិស័យចាំបាច់ផ្សេងៗ និងកាត់បន្ថយអំពើពុករលួយជាដើម។

លោក ជ័យ តិច មានប្រសាសន៍យ៉ាងដូច្នេះ៖ «អ្វីដែលខ្ញុំមើលឃើញ ការខ្ចីចំនួនប៉ុន្មាន គឺមិនសំខាន់ទេ ប៉ុន្ដែត្រូវធ្វើការតាមដាន ការអនុវត្តឱ្យមានតម្លាភាព កាត់បន្ថយអំពើពុករលួយ ការប្រើប្រាស់ថវិកាឱ្យមានប្រសិទ្ធភាព ជារឿងសំខាន់ ដើម្បីប្រសិទ្ធភាព នៃការអភិវឌ្ឍប្រទេសកម្ពុជាយើង»។

ច្បាប់ថវិកាជាតិឆ្នាំ២០២៦ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាសរុបជាង ១០ពាន់លានដុល្លារអាមេរិក ក្នុងនោះរាជរដ្ឋាភិបាលគ្រោងខ្ចីបំណុលពីដៃគូនានាប្រមាណ ៣,១ពាន់លានដុល្លារអាមេរិក ដើម្បីបង្គ្រប់ការចំណាយ ដែលនេះជាការកើនឡើង ១២,៥ ភាគរយ ធៀបនឹងឆ្នាំមុន ដែលកម្ចីមានត្រឹម ២,៦ ពាន់លានដុល្លារ។ ច្បាប់ដដែលវាយតម្លៃថា រដ្ឋាភិបាល អាចប្រមូលចំណូលបានប្រមាណ៨ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៦៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1958}" data-page="1" data-max-pages="1" data-start="1" data-end="1">