កសិករមួយចំនួនថាចំណាយថ្លៃដើមផលិតខ្ពស់ បន្ទាប់ពីម៉ាស៊ូតឡើងថ្លៃខ្លាំង

សង្គម

ចម្ការដំណាំដែលរបស់ប្រជាកសិករដែលថតនិងផ្សាយដោយផេកក្រសួងកសិកម្មនាខែមីនា២០២៦។ (រូបភាពហ្វេសប៊ុកក្រសួងកសិកម្ម)។

ប្រជាកសិករមួយចំនួន ត្អូញត្អែរចំពោះការចំណាយលើវត្ថុធាតុដើមកើនឡើង ដោយសារតម្លៃប្រេងសាំងនិងប្រេងម៉ាស៊ូត បានហក់ឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។កសិករទាំងនោះ ក៏បង្ហាញបំណងក្នុងការកាត់បន្ថយការដាំដុះរបស់ខ្លួនផងដែរ ប្រសិនបើតម្លៃប្រេងឥន្ធៈ នៅតែបន្តកើនឡើង ដោយក្ដីបារម្ភពីការខាតបង់ប្រាក់ ក្រោយប្រមូលផលរួច។

កសិករដាំស្វាយនិងទុរេនមួយរូប នៅស្រុកទឹកឈូ ខេត្តកំពត លោក សួន ថៃ អាយុ៣៨ឆ្នាំ និយាយថា នៅពេលនេះ លោកបានចំណាយថវិកាច្រើនជាងមុន លើការទិញប្រេងម៉ាស៊ូតដើម្បីបូមទឹកស្រោចស្រពចំការរបស់លោកដែលមានទំហំជាង៤០ហិកតា ដែលតម្រូវការប្រេងម៉ាស៊ូតចំនួនមួយកាន រៀងរាល់ពីរថ្ងៃម្ដង។

លោក និយាយថា៖ «វាប៉ះពាល់ទី១ វាពាក់ព័ន្ធនឹងអាជីវកម្មរបស់យើង ប៉ះពាល់យើងលក់ដូរចឹង។ កសិករ កាលណាប្រេងឡើងថ្លៃ ការផលិតថ្លៃដើមរបស់គាត់វាកើនឡើង វាស្របពេលដែលកសិផលរបស់គាត់វាអត់មានតម្លៃ ហើយចំពេលប្រេងឡើងទៀត។ ការចំណាយរបស់គាត់កាន់តែកើន។ ចឹងបញ្ហាខ្លាំងសម្រាប់កសិកម្ម ទាក់ទងនឹងប្រេងសាំង»។

ការកើនឡើងនូវតម្លៃប្រេងឥន្ធៈ បានកើតមាននៅពេលដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល កាលពីចុងខែមុន បានសម្រេចបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដែលជំរុញឱ្យមានការបិទច្រកសមុទ្រ ហ័រម៉ូស (Hormuz) ដែលប្រេងនិងឧស្ម័នត្រូវបានដឹកជញ្ជូនតាមច្រកនេះ ប្រមាណ២០ភាគរយសម្រាប់ផ្គត់ផ្គង់លើពិភពលោក។

នៅមុនពេលប៉ះទង្គិចគ្នា តម្លៃប្រេងឥន្ធៈក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ប្រេងសាំងធម្មតាចំនួន ៣,៧៥០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ ៣,៨០០រៀល ក្នុងមួយលីត្រ។ គិតត្រឹមថ្ងៃទី១១ ខែមីនា តម្លៃប្រេងសាំងបានហក់ឡើង ៥,២០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ ៦,០ ៥០រៀល ក្នុងមួយលីត្រ។

លោក ថៃ បន្ថែមថា ប្រសិនបើតម្លៃប្រេងឥន្ធៈនៅបន្តហក់ឡើង អំឡុងពេលចាប់ផ្ដើមដាំដុះនៅខែឧសភាខាងមុខ លោកគ្រោងនឹងកាត់បន្ថយការដាំស្វាយពី ៤ពាន់ដើម មកត្រឹម ២ពាន់ដើម ដោយបារម្ភចំពោះការចំណាយលើថ្លៃដើមផលិតខ្ពស់ ហើយមិនមានប្រាក់ចំណេញ។

រីឯកសិករមួយរូបទៀតលោក នៅ រ៉ាត់ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង និយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត លោកនឹងចាប់ផ្ដើមព្យួររាស់ដីទំហំ២ហិកតាសម្រាប់ធ្វើស្រែ និងបូមទឹកដាក់ចំការឪឡឹក គ្រាប់សណ្ដែក និងម្ទេសដែលមានទំហំជាង១ហិកតា ដោយត្រូវការប្រើប្រាស់ប្រេងម៉ាស៊ូត។

លោក អះអាងថា ប្រសិនបើតម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត បន្តហក់ឡើង លោកនឹងមិនអាចទទួលបានផលចំណេញនោះឡើយ ស្របពេលដែលរាល់រដូវប្រមូលផលចូលមកដល់ តម្លៃរបស់កសិផលនឹងអាចចុះថោកដែរ។

លោក និយាយថា៖ «ដូចមិនចំណេញប៉ុន្មានទេ ម៉ាស៊ូតវាឡើងចឹង ដំណាំពេលបានផល វាថោក ហើយទូទាត់ទិញប្រេងសាំងវាមិនរួចខ្លួន»។

លោក ទទូចឱ្យស្ថាប័នពាក់ព័ន្ធអន្តរាគមន៍កុំឱ្យតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតកើនឡើងខ្ពស់ពេក ដែលទាំងកសិករ រួមទាំងលោកផ្ទាល់ពិបាកក្នុងការទទួលបានប្រាក់ចំណេញ ក្រោយប្រមូលផល។

លោក និយាយថា៖ «ចង់បានម៉ាស៊ូតសាំងអីកុំឱ្យឡើងដល់ហួសកម្រិតពេក អត់មានលុយទិញ ប្រកបអាជីវកម្ម ដល់ថ្លៃពេកម្នាក់ៗចង់ផ្អាកធ្វើការអីអស់ហើយ។ បានផលមកវាថោក ដល់ប្រេងម៉ាស៊ូតឡើងចឹង។ យើងទូទាត់ទៅវាអត់បានចំណេញ បានតែរួចខ្លួនហើយនឹងខាត»។

ចំណែកលោក សារ ចំរើន ប្រធានក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិន និយាយថា តម្លៃប្រេងឡើងថ្លៃ បានបង្កផលប៉ះពាល់ដល់សមាជិកជាង២០០នាក់របស់សហគមន៍ ដោយសារពួកគេមួយចំនួនបានប្រើប្រាស់ប្រេងម៉ាស៊ូតដើម្បីបូមទឹកស្រោចស្រពចំការ។

លោក និយាយថា៖ «វាប៉ះពាល់នឹងប្រាក់ចំណូលរបស់កសិករ។ យើងធ្លាប់គិតថាចំណូលប៉ុនណា ចំណាយប៉ុនណា»។

ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងកសិកម្មលោក ឃឹម ហ្វីណង់ ប្រសាសន៍ថា ក្ដីកង្វល់របស់កសិករ ក្រសួងកសិកម្មក៏បានពិភាក្សាជាមួយក្រសួងរ៉ែ និងក្រសួងពាណិជ្ជកម្មផងដែរ។ តែយ៉ាងណាលោកថា ក្នុងកាលៈទេសៈនេះ ក្រសួងកសិកម្មលើកទឹកចិត្តឱ្យប្រជាកសិករតាមដានព័ត៌មាន និងអនុវត្តតាមការណែនាំរបស់ក្រសួងរ៉ែនិងក្រសួងពាណិជ្ជកម្មឱ្យបានខ្ជាប់ខ្ជួន។

លោក ឃឹម ហ្វីណង់ និយាយថា៖ «ក្នុងអំឡុងពេលនេះ ក្រសួងសូមលើកទឹកចិត្តដល់បងប្អូនប្រជាកសិករទាំងអស់ឱ្យបន្តតាមដានព័ត៌មាន និងអនុវត្តតាមការណែនាំរបស់ក្រសួងជំនាញទាំងពីរឱ្យបានខ្ជាប់ខ្ជួន»។

ចំណែកអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា កម្ពុជា ជាប្រទេសនាំចូលប្រេងសុទ្ធសាធពីអន្តរជាតិ ដែលនាំឱ្យតម្លៃប្រេងឥន្ធៈឡើង ឬចុះអាស្រ័យលើទីផ្សារអន្តរជាតិ។ លោក ក៏បានអះអាងថា ក្រសួងពាណិជ្ជកម្មនៅមិនទាន់អាចជួយអ្វីដល់កសិករបាននៅឡើយទេ ប៉ុន្តែក្រសួងនឹងព្យាយាមឱ្យកសិករអាចរកទិញប្រេងឥន្ធៈបាន បើទោះបីជាតម្លៃកើនឡើងជាងមុនក៏ដោយ។

លោក និយាយថា៖ «ចំពោះចំណុចថ្លៃ យើងពុំទាន់អាចធ្វើយ៉ាងណានៅក្នុងការជួយដល់កសិករបានទេ ដោយសារថ្លៃនេះ ជាថ្លៃអន្តរជាតិ។ តែអ្វីដែលយើងអាចជួយបានគឺ ការធ្វើយ៉ាងណាឱ្យមានប្រេងសម្រាប់លក់ចែកចាយ ទោះបីជាប្រេងនោះថ្លៃបន្តិចក៏ដោយ»។

បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រភេទប្រេងឥន្ធៈ និងឧស្ម័នដែលប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា មានប្រភពនាំចូលពីប្រទេសសឹង្ហបុរី ម៉ាឡេស៊ី វៀតណាម និងប្រទេសចិន ជាដើម។

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះ ក៏ប្រាប់ឱ្យពលរដ្ឋកុំបារម្ភ រហូតដល់ថ្នាក់ទិញប្រេងសាំងមកស្តុកទុកដែលអាចបង្កាជាហានិភ័យ ស្របពេលដែលប្រេងសាំងក៏អាចខូចគុណភាពដោយសារការរក្សាទុកមិនមានស្តង់ដាបច្ចេកទេស។ លោក ក៏បានណែនាំឱ្យពលរដ្ឋសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធៈ និងទទូចឱ្យម្ចាស់ស្ថានីយ និងដេប៉ូចែកចាយ កុំស្តុកប្រេងឥន្ធៈទុក ក្នុងគោលបំណងលក់ដំឡើងថ្លៃ ដែលនាំឱ្យប៉ះពាល់ដល់ច្រវាក់ផលិតកម្មក្នុងវិស័យផ្សេងៗដែលត្រូវការថាមពល។

ចំណែកអ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាលោក បណ្ឌិត ហុង វណ្ណៈ មានប្រសាសន៍ថា នៅពេលនេះ រដ្ឋាភិបាលកម្ពុជាគួរពិចារណាក្នុងការផ្ដល់រថយន្តអគ្គិសនីឱ្យមន្រ្តីរាជការប្រើប្រាស់សម្រាប់បម្រើការងាររដ្ឋ និងបង្កើតរោងចក្រចម្រាញ់ប្រេង ឬថាមពលផ្សេងៗដែលអាចទាញបានពីធម្មជាតិដូចជា ទឹក និងពន្លឺជាដើម។

លោក និយាយថា៖ «យើងត្រូវគិតគូរអំពី ការកែច្នៃផលិតប្រេងនៅកម្ពុជា គួរតែត្រូវគិតឱ្យបានជាពិសេស ពីព្រោះស្ថានភាពមួយបើយើងពិបាកគ្រប់គ្រងគឺវាកើតមានចឹង ធ្វើឱ្យយើងវឹកវរ ហើយវិបត្តិគឺជះទៅលើប្រជាជាតិយើងទាំងមូលតែម្ដង មិនមែនបុគ្គលណាមួយ សូម្បីតែរដ្ឋក៏ប៉ះពាល់ ប្រជាជនក៏ប៉ះពាល់ អាជីវករក៏ប៉ះពាល់ ទាំងអស់តែម្ដង គ្រប់វិស័យទាំងអស់»។

ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៩ ខែមីនា បានចេញសេចក្ដីប្រកាសមួយ ដោយណែនាំឱ្យក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធៈ តាមបណ្ដារាជធានី-ខេត្ត ផ្ដល់អាទិភាពក្នុងការផ្គត់ផ្គង់ប្រេង ឱ្យប្រជាកសិករ និងបុគ្គលពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម និងភស្តុភារកម្ម ដែលមានតម្រូវការចម្បងក្នុងការរក្សាដំណើរការចាំបាច់នៃសេដ្ឋកិច្ច។ ក្រសួងពាណិជ្ជកម្ម ក៏បានប្រាប់ឱ្យមន្រ្តីពាក់ព័ន្ធ បន្តចុះតាមដាននិងត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាបានអនុលោមភាពនៃការគ្រប់គ្រងការទិញ-លក់ ប្រេងឥន្ធៈតាមស្ថានីយ និងដេប៉ូ រួមទាំងអនុវត្តច្បាប់ចំពោះបុគ្គលខិលខូចដែលកេងប្រវ័ញ្ច និងឆ្លៀតឱកាសដំឡើងថ្លៃដែលបង្កផលប៉ះពាល់ដល់សាធារណៈ។

អ្នកជំនាញសេដ្ឋកិច្ច លោក ច័ន្ទ សុផល ពន្យល់ក្នុងទំហ័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកលើសំណួរដែលថា ហេតុអ្វីបានជាប្រេងម៉ាស៊ូតថ្លៃជាងសាំងក្នុងពេលមានវិបត្តិ? ហេតុអ្វីបានជាថ្លៃម៉ាស៊ូតនាំចូលមកខ្ពស់ជាងថ្លៃសាំង?លោកសុផលបំភ្លឺថា ចម្លើយគឺមកពីតម្រូវការម៉ាស៊ូតពិបាកកាត់បន្ថយ ខណៈតម្រូវការសាំងអាចកាត់បន្ថយបាន។

លោក សុផល បន្ថែម៖ «បើក្នុងមុខវិទ្យាសេដ្ឋកិច្ចគេហៅថា តម្រូវការមិនងាយប្រែប្រួលតាមថ្លៃ ដោយសារភាពចាំបាច់នៃទំនិញ (demand inelasticity)។ គេអាចកាត់បន្ថយការប្រើប្រាស់​ឡានទេសចរណ៍បាន ។ គេអាចផ្អាកជិះឡានមួយរយៈដោយជិះម៉ូតូ ជិះកង់ ឬជិះឡានក្រុងក៏ប៉ុន្ដែការបូមទឹក ភ្ជួរដី ច្រូតស្រូវ ដឹកដំឡូង ដឹកស្វាយ ដឹកស្វាយចន្ទី ដឹកស្រូវ ដឹកអង្ករនាំចេញ ដឹកក្រណាត់ចូល ដឹកសម្លៀកបំពាក់នាំចេញ ដឹកប្រេងចែកចាយ ដឹកសម្ភារៈសំណង់ ។ល។

សុទ្ធតែប្រើប្រាស់ប្រេងម៉ាស៊ូត និងបើកាត់បន្ថយនាំឱ្យមានការខាតបង់កាន់តែច្រើន ដូច្នេះហើយ តម្រូវការម៉ាស៊ូតមានភាពចាំបាច់ជាងសាំង ដែលនាំឱ្យប្រទេសជាច្រើនដណ្ដើមគ្នាទិញម៉ាស៊ូត»។

លោក សុផលបញ្ជាក់ទៀតថា ៖«ថ្លៃដឹកជញ្ជូនកើនឡើង នាំឱ្យថ្លៃទំនិញឧបភោគ បរិភោគ នឹងកេីនឡើង រីឯអ្នកលក់ទំនិញនាំចេញនឹងបានចំណូលតិចជាងមុន។ បើខ្វះម៉ាស៊ូតកាន់តែពិបាកខ្លាំង។ រដ្ឋាភិបាលគួរយកចិត្តទុកដាក់ឱ្យបានខ្លាំងចំពោះប្រេងម៉ាស៊ូតដែលជាយុទ្ធសាស្ត្រនេះ។ គួរមានការលើកទឹកចិត្តសម្រាប់ការទិញឡានដឹកទំនិញដោយប្រើឋាមពលអគ្គិសនីឱ្យបានឆាប់ជាទីបំផុត។ បើខ្វះឋាមពលអគ្គិសនី គួរបង្កើតគម្រោង ឬអនុញ្ញាតការប្រើប្រព័ន្ធសូឡាឱ្យបានច្រើន»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1890}" data-page="1" data-max-pages="1" data-start="1" data-end="1">