ពលរដ្ឋអំពាវនាវសុំកិច្ចអន្តរគមន៍ពីអាជ្ញាធរ ដោយចោទថាក្រុមហ៊ុននាំពលករទៅក្រៅប្រទេសបោកប្រាស

សង្គម

មជ្ឈមណ្ឌលណែនាំតម្រង់ទិស និងបណ្ដុះបណ្ដាលភាសា ហ្វាទីណា ដែលមានទីតាំងស្ថិតនៅសង្កាត់ច្រាំងចំរះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ (រូបភាព៖ ពលរដ្ឋ)

ពលរដ្ឋប្រមាណជិត១០នាក់ អះអាងថា រងការឆបោកប្រាក់សរុបជាង១ម៉ឺនដុល្លារពីសាលាបណ្ដុះបណ្ដាល ហ្វាទីណា ដែលនាយិកាមានឈ្មោះ ស្វាយ សុគន្ធណារី ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានសន្យាបញ្ជូនពួកគេឱ្យទៅធ្វើការនៅប្រទេសប៉ូឡូញ អំពាវនាវសុំកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទៃ និងក្រសួងការងារដើម្បីបានប្រាក់ត្រលប់មកវិញ។

ពលរដ្ឋរស់នៅខេត្តបាត់ដំបងលោក ធី សុធារ៉ា ដែលអះអាងថា ចាញ់បោកប្រាក់អស់ប្រមាណពីរពាន់ដុល្លារ និយាយថា កាលពីខែសីហា ឆ្នាំ២០២៤ លោកបានចុះឈ្មោះនិងបង់ប្រាក់សម្រាប់រត់ឯកសារនៅសាលាខាងលើដោយភាគីសាលា សន្យាថា ប្រសិនបើមិនអាចបញ្ជូនលោកឱ្យទៅបម្រើការងារនៅប្រទេសប៉ូឡូញនោះ នឹងប្រគល់ប្រាក់ត្រលប់មកវិញ។

យ៉ាងណាលោកថា ក្រោយចាំបាច់ៗ និងការសន្យាម្ដងហើយម្ដងទៀត អស់រយៈពេលច្រើនខែ ស្រាប់តែដល់ពាក់កណ្ដាលឆ្នាំ២០២៥ ជាពេលដែលក្រុមហ៊ុនត្រូវបង្វិលប្រាក់របស់លោកមកវិញតាមការសន្យា ក៏ស្រាប់តែនាយិកាបានប្លុកលេខនិងតេលេក្រាមរបស់លោកមិនឱ្យទាក់ទងបាន។
លោក បានបន្ថែមថា កាលពីពេលកន្លងទៅ ក្រោយលោកគំរាមប្ដឹង ភាគីក្រុមហ៊ុនក៏បានចេញមុខសងប្រាក់រំលស់ខ្លះមកលោកផងដែរ ដោយសរុបបានប្រមាណ៨០០ដុល្លារ ហើយក៏បាត់ការទាក់ទងទៀត។

លោក បន្តទៀតថា នៅសប្ដាហ៍ក្រោយ លោកនិងជនរងគ្រោះដ៏ទៃទៀត គ្រោងដាក់ពាក្យបណ្ដឹងទៅកាន់ក្រសួងមហាផ្ទៃដើម្បីរកយុត្តិធម៌ក្នុងករណីនេះ។ 

ជុំវិញការឆបោកនេះ លោក បានគូសបញ្ជាក់ថា គ្នីគ្នារបស់លោកចំនួន៨នាក់ បានចំណាយប្រាក់ក្នុងម្នាក់ៗ ប្រមាណ៣៥០០ដុល្លារ, ២៥០០ដុល្លារ, និង១៨០០ដុល្លារជាដើម ក្នុងការប្រគល់ឱ្យក្រុមហ៊ុនជាថ្នូរ ទទួលបានឱកាសការងារនៅប្រទេសប៉ូឡូញ ដែលមានប្រាក់ខែចាប់ពីជាងមួយពាន់ដុល្លារ។

លោក និយាយថា៖ «ចំពោះខ្ញុំ ជាករណីឆបោក ធ្វើឱ្យពួកខ្ញុំខាតបង់ពេលវេលា និងលុយ បង ដូចនេះ។ សូមក្រសួងពាក់ពន្ធ័ (ក្រសួងមហាផ្ទៃ ក្រសួងការងារ និង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត) ជួយមានវិធានការទៅលើបុគ្គល ប្ដីប្រពន្ធ២នាក់ (នាយិកាសាលានិងស្វាមី) ខាងលើផង»។

ចំណែកជនរងគ្រោះមួយរូបទៀតអ្នកស្រី អ៊ុត ម៉ាលីន អាយុ៤៣ឆ្នាំ បម្រើការងារនៅរោងចក្រមួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រៀបរាប់ថា ដំបូងឡើយអ្នកស្រីបានចុះឈ្មោះរៀនភាសាជប៉ុន និងគ្រោងទៅបម្រើការងារនៅប្រទេសជប៉ុនតាមរយៈសាលាខាងលើ ដែលបានបង់ប្រាក់អស់១៥០០ដុល្លារ កាលពីខែកុម្ភៈ ឆ្នាំ២០២៤។

អ្នកស្រី បន្តទៀតថា អំឡុងឆ្នាំ២០២៤ដដែល សាលាបានជួបប្រទះបញ្ហាពាក់ព័ន្ធនឹងការបញ្ជូនពលករទៅកាន់ អារ៉ាប៊ី សាអ៊ូឌីត ហើយភាគីសាលាក៏បានប្រាប់អ្នកស្រី ឱ្យត្រលប់ទៅផ្ទះវិញ ដោយចាំមើលការដោះស្រាយរួចរាល់សិន។ ក្រោយរងចាំអស់រយៈពេលច្រើនខែ អ្នកស្រីបានព្យាយាមទំនាក់ទំនងទៅកាន់សាលា។

លុះក្រោយមក ខាងសាលាក៏បានណែនាំឱ្យអ្នកស្រីទៅបម្រើការងារនៅប្រទេសប៉ូឡូញវិញ ដោយធ្វើជាអ្នកដុតនំ តាមរយៈក្រុមហ៊ុនរបស់ខ្លួនមួយទៀត ខណៈប្រាក់ដែលបង់ដើម្បីទៅជប៉ុន ក៏បង្វែរទៅបង់សម្រាប់ធ្វើការនៅប្រទេសប៉ូឡូញវិញ។

តែយ៉ាងណាក៏ដោយ អ្នកស្រី ថា ភាគីសាលាបានតែសន្យា ថានឹងបញ្ជូនទៅបម្រើការងារនៅខែនេះ ឬខែនោះ ហើយគេចវេះក្នុងការទទួលខុសត្រូវ។ អ្នកស្រី អះអាងថា ប្រាក់១៥០០​ដុល្លារនោះ អ្នកស្រីបានខ្ចីបុលពីធនាគារ និងបានចំណាយប្រាក់ប្រមាណ៦០០ដុល្លារទៀត ដើម្បីធ្វើលិខិតឆ្លងដែន និងបង់ថ្លៃរៀនភាសាអង់គ្លេសបន្ថែម តាមការណែនាំរបស់ភាគីសាលា។

អ្នកស្រី និយាយថា៖ «ករណីនេះចំពោះខ្ញុំ គឺគាត់ឆបោកពួកខ្ញុំ បោកទំនុកចិត្តពួកខ្ញុំ។ គាត់គេចវេះអត់ដោះស្រាយឱ្យ ទៅមុខរួច ទៅមុខមិនរួច ថយក្រោយម៉េចអីម៉េច ក៏គាត់អត់មានដំណោះស្រាយ។ យាយទៅគឺគាត់ប្លុកពួកខ្ញុំចោល អាហ្នឹងហើយជាការឆបោក គាត់អត់ដោះស្រាយ។ គាត់បានលុយយើងយកទៅស្រួលៗ ហើយគាត់ធ្វើចឹងដាក់យើង ហើយយើងខំទន្ទឹងរងចាំខាតពេល ខាតវេលា ២ឆ្នាំជាង»។

អ្នកស្រី បន្តថា៖ «ខ្ញុំអត់ទាមទារអីក្រៅពីលុយដែលខ្ញុំបង់ឱ្យគាត់ឱ្យត្រលប់មកវិញ។ គាត់និយាយចេញពីមាត់គាត់ ថាបើគាត់អត់មានសមត្ថភាពបញ្ជូនពួកខ្ញុំទៅធ្វើការរកលុយនៅប៉ូឡូញទេ គាត់នឹងបញ្ជូនសំណងខ្ញុំវិញ។ ហើយប្រពន្ធគាត់និបានយាយថា គាត់នឹងប្រគល់លុយដែលពួកខ្ញុំបង់ទាំងប៉ុន្មានត្រលប់មកវិញ»។

អ្នកនាំពាក្យក្រសួងការងារលោក ស៊ុន មេសា មានប្រសាសន៍ថា កម្ពុជាមិនមានកិច្ចសហការជាមួយប្រទេសប៉ូឡូញក្នុងការនាំពលករទៅបម្រើការងារនោះទេ។លោកបន្តថា ការនាំចេញពលករទៅបម្រើការងារនៅទីនោះ គឺជាករណីខុសច្បាប់និងរំលោភសិទ្ធិមនុស្ស។

លោក មេសា ក៏បានឱ្យអ្នកសារព័ត៌មានផ្ដល់ឈ្មោះសាលា និងថ្នាក់ដឹកនាំ រួមទាំងភស្តុតាងដែលពលរដ្ឋចាញ់បោកប្រាក់ទៅកាន់លោកផ្ទាល់ ដើម្បីចាត់វិធានការតាមច្បាប់។

លោក បន្ថែមថា បច្ចុប្បន្នប្រទេសកម្ពុជាមានកិច្ចសហការជាមួយប្រទេសចំនួន៧ និងដែនដីមួយ ពាក់ព័ន្ធនឹងការបញ្ជូនពលករខ្មែរបម្រើការងារនៅបរទេស។ ក្នុងនោះមាន ប្រទេស​ម៉ាឡេស៊ី ថៃ សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន អារ៉ាប៊ី សាអ៊ូឌីត និងអ៊ីស្រាអែល រួមទាំងដែនដី ហុង កុង។

លោក និយាយថា៖ «សូមផ្ដល់ឈ្មោះសាលានិងនាយក និងភស្តុតាងដែលគាត់ចាញ់បោកគេ ដើម្បីខ្ញុំចាត់វិធានការផ្លូវច្បាប់»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ សំអាត ជំរុញឱ្យអាជ្ញាធរបើកការស៊ើបអង្កេតនិងចាត់វិធានការតាមច្បាប់ ចៀសវាងបណ្ដែតបណ្ដោយឱ្យពលរដ្ឋរងគ្រោះបែបនេះ។

លោក និយាយថា៖ «បើសាលាបើកហើយបញ្ជូនទៅខុសច្បាប់ ហេតុអ្វីបានជាអាជ្ញាធរពាក់ព័ន្ធមិនចាត់វិធានការតាមផ្លូវច្បាប់ទុកឱ្យពលរដ្ឋរងគ្រោះដូច្នេះ។ ចឹងជាកម្សោយមួយក្នុងការត្រួតពិនិត្យទៅលើក្រុមហ៊ុន ដែលធ្វើអាជីវកម្មដោយខុសច្បាប់។ ចឹងបញ្ហានេះវាត្រូវតែមានការស្រាវជ្រាវ ស៊ើបអង្កេតហើយចាត់វិធានាការផ្លូវច្បាប់ បើសិនជាសាលាមិនមានច្បាប់អនុញ្ញាតហើយបញ្ជូនពលករទៅប្រទេសដែលមិនមានអនុស្សរណៈជាមួយរដ្ឋាភិបាលវាជារឿងខុសច្បាប់»។

កាលពីឆ្នាំ២០២៤ សារព័ត៌មានមួយចំនួនបានផ្សាយ ពាក់ព័ន្ធនឹងក្រុមហ៊ុន ហ្វាទីណា មេនផៅវើ (Fatina Manpower Co., Ltd) នេះដែរ។គេផ្សាយថា មានពលករខ្មែរមួយក្រុម បម្រើការងារនៅប្រទេស អារ៉ាប៊ី សាអូឌីត បានចោទក្រុមហ៊ុនមួយនេះថា អនុវត្តខុសពីកិច្ចសន្យាការងារ និងគ្មានទំនួលខុសត្រូវ ដែលធ្វើឱ្យថៅកែក្នុងប្រទេស អារ៉ាប៊ី សាអូឌីត បង្ខំឱ្យពលករខ្មែរធ្វើការច្រើនម៉ោង មិនផ្ដល់អាហារហូបចុកគ្រប់គ្រាន់ និងបង្ខាំងក្រុមពលករក្នុងបន្ទប់ ពេលពួកគាត់ទាមទារឱ្យក្រុមហ៊ុន និងថៅកែគោរពសិទ្ធកម្មករ។

ប្រជាកាសែតមិនអាចសូមការអត្ថាធិប្បាយពីនាយិកាសាលាបណ្ដុះបណ្ដា ហ្វាទីណា លោកស្រី ស្វាយ សុគន្ធណារី បាននៅឡើយទេ គិតថ្ងៃទី១៦ខែមីនា២០២៦៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1917}" data-page="1" data-max-pages="1" data-start="1" data-end="1">