រដ្ឋបាលរាជធានីភ្នំពេញណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រៀម ទប់ស្កាត់ការកើតមានជាយថាហេតុនៃគ្រោះអគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួនក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញបានហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបុគ្គល និងម្ចាស់ទីតាំងណាធ្វើការអុជកាំជ្រួច និងបង្ហោះគោម ដែលអាចធ្វើឱ្យមានអគ្គិភ័យកើតឡើងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
រដ្ឋបាលរាជធានីភ្នំពេញពន្យល់ថា អាកាសធាតុថ្មីៗនេះ គឺកំពុងតែក្តៅស្ងួតខ្លាំងងាយនឹងបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើង ហើយដើមហេតុដែលអាចបង្កើតឱ្យមានគ្រោះអគ្គិភ័យមានដូចជា ភ្លើងចង្ក្រាន ភ្លើងធូប ទៀន ការតភ្ជាប់ ឬប្រើចរន្តអគ្គិសនីមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬងាយផ្ទុះឆេះជាដើម។
បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេសមានគ្រោះអគ្គិភ័យកើតឡើងចំនួន៦១ករណី។ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៤៣ខ្នង តូប២០ បន្ទប់១០ ឡថ្នាំជក់១កន្លែង និងឡចំហុយសន្លឹកថ្នាំជក់២កន្លែង។
ក្រៅពីនេះ ក៏បណ្ដាលឱ្យឆេះគំនរអេតចាយ១កន្លែង រោង៣កន្លែង ម៉ាស៊ីន៣គ្រឿង បំពង់កម្ដៅ១ គ្រឿង រថយន្ត២គ្រឿង ព្រៃ៥កន្លែង ដើមប្រេងខ្យល់៣៥០ដើមព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។ បើធៀបនឹងខែកុម្ភៈ ករណីអគ្គិភ័យដែលកើតមានឡើងក្នុងខែមីនាបានថយចុះ៣៦ករណី និងការខូចខាតផ្ទះសំបែងប្រជាពលរដ្ឋបានថយចុះ៤០ខ្នង។
រដ្ឋបាលរាជធានីភ្នំពេញ សំណូមពរឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់នូវការប្រើប្រាស់ប្រភពភ្លើង និងត្រូវពិនិត្យឱ្យបានហ្មត់ចត់ បង្ការកុំឱ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យដែលធ្វើឱ្យបាត់បង់ទាំងទ្រព្យសម្បត្តិ និងអាចដល់អាយុជីវិត៕







