រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំគោលនយោបាយលើការគ្រប់គ្រង និងដោះស្រាយបញ្ហាជនអនាថា។ បើតាមក្រុមប្រឹក្សាជាតិគាំពារសង្គម គោលនយោបាយនេះ មានគោលបំណង ផ្តល់ដំណោះស្រាយជាយុទ្ធសាស្ត្រ និងមានលក្ខណៈជាប្រព័ន្ធ ការជំរុញការគាំទ្រលើសុខុមាលភាពជនអនាថា ដោយធានាលទ្ធភាពទទួលបានសេវាសង្គមកិច្ចសំខាន់ៗ និងអត្ថប្រយោជន៍នានាពីប្រព័ន្ធគាំពារសង្គម ការរៀបចំប្រព័ន្ធអភិបាលកិច្ចច្បាស់លាស់តាមរយៈការពង្រឹងតួនាទី និងភារកិច្ចរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងៗ។
ក្រុមប្រឹក្សាជាតិគាំពារសង្គមដែលមានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជាប្រធាន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំលើកទី១៥ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយនេះ។ ចំណុចសំខាន់ៗមួយចំនួនដែលដាក់បញ្ចូលនៅក្នុងគោលនយោបាយរួមមានការកាត់បន្ថយភាពអនាថា, លើកកម្ពស់ជីវភាព ស្តារនីតិសម្បទា, និងជំរុញការធ្វើសមាហរណកម្មពួកគេទៅក្នុងសហគមន៍វិញ តាមរយៈការបង្កើតយន្តការកំណត់អត្តសញ្ញាណច្បាស់លាស់។
កិច្ចប្រជុំបញ្ជាក់ថា គោលនយោបាយនេះ នឹងក្លាយជាក្របខណ្ឌរួម ដែលចង្អុលបង្ហាញនូវដំណោះស្រាយជាយុទ្ធសាស្ត្រ និងយន្តការនានា សម្រាប់តម្រង់ទិសដល់ភាគីពាក់ព័ន្ធគ្រប់កម្រិតលើការងារគ្រប់គ្រង និងដោះស្រាយបញ្ហាជនអនាថាទូទាំងប្រទេស។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត កត់សម្គាល់ឃើញថា មូលហេតុមួយចំនួនដែលបង្កើតឱ្យមានជនអនាថា គឺដោយសារកង្វះមុខរបរ ជីវភាពក្រលំបាក និងភាពក្រីក្រ ដែលនាំឱ្យពួកគេធ្វើចំណាកស្រុកទៅរស់នៅតាមទីក្រុងដើម្បីស្វែងរកការងារធ្វើ ប៉ុន្តែនៅពេលរកការងារមិនបាន និងគ្មានចំណូលច្បាស់លាស់ ពួកគេត្រូវពឹងទីសាធារណៈដើម្បីស្នាក់នៅ ខ្លះក្លាយជាអ្នកសុំទាន ឬប្រកបមុខរបរតាមចិញ្ចើមផ្លូវ និងខ្លះទៀតក្លាយជាជនរងគ្រោះដោយសារគ្រឿងញៀនថែមទៀត។
អ្នកធ្វើការផ្នែកការពារសិទ្ធិមនុស្សរូបនេះ គាំទ្រ និងចង់ឃើញរដ្ឋាភិបាល មានគោលនយោបាយមួយដែលផ្ដល់ដំណោះស្រាយយូរអង្វែង ឱ្យមានកិច្ចគាំពារសង្គម សម្រាប់ជនអនាថា។
លោក អំ សំអាត៖ «ការគាំពារមួយហើយ សំខាន់មធ្យោបាយ ឬក៏ដំណោះស្រាយយូរអង្វែង ធ្វើម៉េចឱ្យពួកគាត់មានមុខរបរ មានវិជ្ជាជីវៈ ហើយមានការងារត្រឹមត្រូវទៅ ពួកគាត់បោះបង់ការងារមករកស៊ីរស់នៅតាមចិញ្ចើមផ្លូវនោះហើយ»។
លោកបន្ថែម៖ «ទាក់ទងនឹងមនុស្ស ដែលមានវិបត្តិផ្លូវចិត្ត ឬក៏ហៅថាវិកលចរិតអីជាដើម ពីសង្គមក៏យើងមានមន្ទីរពេទ្យ ដែលឥឡូវមន្ទីរពេទ្យតាខ្មៅជ័យជម្នះ ពីមុនមន្ទីរដាក់មនុស្សមានវិបល្លាសស្មារតី ដែលយើងគួរគិតគូរលើមណ្ឌលទាំងអស់ហ្នឹងឡើងវិញដែរ»។
បើតាមការសង្កេតរបស់លោក អំ សំអាត ជនអនាថាមានស្ទើរទូទាំងប្រទេស ប៉ុន្ដែលោកថារាជធានីភ្នំពេញមានចំនួនជនអនាថាច្រើនជាងគេ ដែលពេលមានបុណ្យជាតិធំៗម្ដងៗ អាជ្ញាធរតែងប្រមូលជនទាំងនោះទៅដាក់នៅមណ្ឌលសុំចតរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងតាមសារលិខិតក្នុងពិធីអបអរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ណែនាំឱ្យអ្នកធ្វើការក្នុងវិស័យសង្គមកិច្ចចូលរួមកិច្ចសហប្រតិបត្តិការលើកកម្ពស់សេវាសង្គមកិច្ច និងចូលរួមផ្ដល់សេវាគាំទ្រដល់ជនងាយរងគ្រោះក្នុងសហគមន៍ ដោយអនុវត្តឱ្យពេញលេញលើការលើកកម្ពស់សិទ្ធ និងការពារឧត្តមប្រយោជន៍ពលរដ្ឋក្រីក្រ ជនរងគ្រោះ ជនងាយរងគ្រោះ តាមរយៈការលុបបំបាត់ភាពក្រីក្រ កាត់បន្ថយការរើសអើង ការលើកកម្ពស់យុត្តិធម៌សង្គមដើម្បីឱ្យពួកគេទទួលបាននូវគុណភាព និងគុណតម្លៃ នៅក្នុងការរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមគោលការណ៍នីតិរដ្ឋ៕







