សង្គមស៊ីវិលស្នើអាជ្ញាធរផ្ដល់ទីលានប្រជាធិបតេយ្យឱ្យគ្រប់ភាគីជួបជុំដោយគ្មានការរើសអើង

សិទ្ធិមនុស្ស

ប្រធានសហពន្ធ័សហជីពកម្ពុជា CATU អ្នកស្រី យ៉ាង សុភ័ណ្ឌ (រូបថត៖ អង្គការសង់ត្រាល់)

សង្គមស៊ីវិលចង់ឱ្យអាជ្ញាធរអនុវត្តស្មើគ្នាចំពោះការផ្ដល់ទីលានប្រជាធិបតេយ្យសម្រាប់ការជួបជុំប្រារព្ធពិធីនានា ក្រោយសាលាក្រុងមិនអនុញ្ញាតឱ្យក្រុមសង្គមអង្គការស៊ីវិលជិត១០ស្ថាប័នជួបជុំប្រារព្ធទិវាអន្តរជាតិនារី នៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦។

តាមរយៈលិខិតរបស់សាលារាជធានីភ្នំពេញផ្ញើទៅកាន់សមាគម សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បញ្ជាក់ថា អាជ្ញាធរក្រុងមិនអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិលទាំងអស់នេះ ជួបជុំប្រារព្ធទិវាអន្តរជាតិនារី នៅទីលានប្រជាធិបតេយ្យនាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នោះទេ។ 

លិខិតបន្តថា៖ «ក្នុងករណីនៅតែរៀបចំកម្មវិធី ដោយពុំគោរពទៅតាមខ្លឹមសារខាងលើបង្កឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នោះ លោក-លោកស្រី ត្រូវទទួលខុសត្រូវ ទាំងស្រុងចំពោះមុខច្បាប់ជាធរមាន»។

ទោះជាយ៉ាងណា អាជ្ញាធរក្រុងភ្នំពេញមិនបានបញ្ជាក់ពីមូលហេតុនៃការមិនអនុញ្ញាតនេះឡើយ ដោយគ្រាន់តែស្នើឱ្យក្រុមអង្គការសង្គមស៊ីវិលប្រារព្ធទិវាអន្តរជាតិនារី នៅទីស្នាក់ការសមាគមរបស់ខ្លួន ឬទីតាំងឯកជនជំនួសវិញ។

ប្រតិកម្មចំពោះរឿងនេះ ប្រធានសហពន្ធ័សហជីពកម្ពុជា CATU អ្នកស្រី យ៉ាង សុភ័ណ្ឌ ចាត់ទុកការហាមឃាត់របស់សាលារាជធានីភ្នំពេញនេះជាការរឹតត្បិតសិទ្ធិសេរីភាព ដែលផ្ទុយនឹងច្បាប់ស្ដីពីការធ្វើបាតុកម្ម កូដកម្មដោយសន្តិវិធី។

អ្នកស្រីថា៖ «បើយើងមើលទៅលើច្បាប់ធ្វើបាតុកម្ម កូដកម្មដោយសន្តិវិធីគឺបាននិយាយច្បាស់មែនទែនថា យើងគ្រាន់តែត្រូវជូនដំណឹងទៅអាជ្ញាធរ ដើម្បីឱ្យអាជ្ញាធរហ្នឹងការពារសណ្ដាប់ ធ្នាប់ ការពារសិទ្ធិរបស់ពួកយើងវិញទេ »។

អ្នកស្រីចង់ឱ្យអាជ្ញាធរអនុញ្ញាតឱ្យគ្រប់ភាគីអាចជួបជុំគ្នានៅទីលានប្រជាធិបតេយ្យដោយស្មើភាពគ្នា និងមិនដាក់លក្ខខណ្ឌចំពោះប្រភេទនៃពិធីដែលអាចជួបជុំនៅទីនោះបាន។

អ្នកស្រីបន្ថែម៖«កន្លែងទីតាំងហ្នឹងវាជាទីតាំងមួយដែលត្រូវឱ្យភាគីទាំងពលរដ្ឋ សកម្មជន កម្មករនិយោជិតវិស័យផ្សេងៗហ្នឹងដែលគាត់អាចមានឱកាសប្រើទីតាំងហ្នឹងដោយស្មើភាពគ្នាអ៊ីចឹង កុំមានការតម្រូវថាទីតាំងនេះត្រូវចាំបាច់ឱ្យធ្វើពិធីនេះពិធីនោះ ខ្ញុំគិតថាវាជារឿងមួយដែលអត់ត្រឹមត្រូវទេ[…]បើយើងក្រឡេកទៅមើលទីតាំងកន្លែងសាធារណៈមួយចំនួនពាក់ព័ន្ធនឹងការប្រារព្ធ concert [ប្រគុំតន្ត្រី] ពាក់ព័ន្ធនឹងការធ្វើសង្ក្រាន្តអីផ្សេងៗគេជួបជុំមនុស្សរហូតដល់ទៅរាប់ពាន់រាប់ម៉ឺននាក់ឯណោះ។ កម្មវិធីហ្នឹងប្រារព្ធធ្វើបាន ហេតុអីកម្មវិធីតូចមួយយើងស្នើសុំការជួបជុំតែ៥០០នាក់តែមិនផ្ដល់មិនសហការ»។

ទោះជាយ៉ាងណា អ្នកស្រី យ៉ាង សុភ័ណ្ឌ បញ្ជាក់ថា ជំហររបស់ក្រុមអង្គការសង្គមស៊ីវិល គឺនៅតែចង់ជួបជុំនៅទីលានប្រជាធិបតេយ្យដដែល តែការសម្រេចជារួមចុងក្រោយយ៉ាងណានោះ គឺនៅមិនទាន់ច្បាស់លាស់នៅឡើយ។ 

ស្រដៀងគ្នានេះដែរ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថាIDEA លោក វន់ ពៅ ក៏ចាត់ទុកការមិនអនុញ្ញាតរបស់អាជ្ញាធរ ជារឿងអយុត្តិធម៌ និងជាការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ។

លោកបន្ថែមថា៖ «ខ្ញុំសំណូមពរទៅដល់សាលារាជធានីភ្នំពេញឱ្យគិតពិចារណាឡើងវិញត្រូវផ្តល់ឱកាសឱ្យពួកយើងប្រារព្ធទិវានេះប្រកបដោយភាពរលូន មិនមានការរារាំង មិនមានការរំខាន ពីព្រោះគណបក្សនយោបាយ បក្សកាន់អំណាច អ្នកតាចិនអ្នកតាអី គេហែគគ្រឹកគគ្រេងបាន ហេតុអីពួកយើងគ្រាន់តែប្រារព្ធទិវានៅមួយកន្លែងមិនអនុញ្ញាតឱ្យធ្វើ វាហាក់ដូចជាមិនសមហេតុសមផល វាលំអៀងរវាងក្រុមទាំងនោះ និងពួកយើងខ្ញុំ»។

លោក វន់ ពៅ លើកឡើងថា ការហាមប្រាមនេះ បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ ព្រមទាំងប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ខណៈដែលរដ្ឋាភិបាលកំពុងប្រាប់អន្តរជាតិថាកម្ពុជាគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

ឆ្លើយតបចំពោះប្រតិកម្មរបស់អង្គការសង្គមស៊ីវិលនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ អ្នកស្រី ដោ សម្ផស្ស ប្រាប់ប្រជាកាសែតថា រដ្ឋបាលរាជធានីភ្នំពេញមិនបានហាមក្រុមអង្គការសង្គមស៊ីវិលមិនឱ្យប្រារព្ធទិវាអន្តរជាតិនារីនោះទេ គ្រាន់តែមិនឱ្យធ្វើឡើងនៅទីលាន ប្រជាធិបតេយ្យ ព្រោះអ្នកស្រីថា ទីលានប្រជាធិបតេយ្យនេះ គឺសម្រាប់តែការជួបជុំតស៊ូមតិ មិនសម្រាប់ប្រារព្ធពិធីឡើយ។

អ្នកស្រីថា៖ «កន្លែងទីលានមិនមែន Design មករៀបចំមកសម្រាប់ឱ្យធ្វើពិធីបុណ្យទានអ៊ីចឹងទេ សូម្បីតែខាងខ្ញុំធ្វើពិធីសិទ្ធិនារីក៏ខ្ញុំអត់ប្រើទីលានហ្នឹងដែរ ហើយក៏អត់ដែលឱ្យស្ថាប័នណា ឬក៏អង្គការ ឬក៏សមាគមណាធ្វើពិធីសិទ្ធិនារីនៅទីតាំងហ្នឹងដែរ»។

អ្នកស្រីបន្ថែមថា៖ «គាត់យកគណបក្សយកមកនិយាយលាយឡំជាមួយនឹងការងាររដ្ឋបាល មិនមែនពួកគាត់មិនដែលមកប្រជុំស្ដាប់ការងារអីជាមួយពួកខ្ញុំទេ។ សំណូមពរពួកគាត់ ឬមួយក៏ការស្នើសុំពួកគាត់ មិនមែនរាល់ពេលដែលពួកគាត់ស្នើ ពួកខ្ញុំបដិសេធគាត់គ្រប់ពេលឯណា។ គាត់ទទួលបានការសម្របសម្រួលពីពួកខ្ញុំសម្រាប់ធ្វើកម្មវិធីផ្សេងៗជាច្រើនដែរតើ[…]គាត់និយាយអ្វីដែលជាការពិតទៅ ព្រោះស្រុកយើង ចង់និយាយថាខ្មែរមានជំនឿ ជឿបុណ្យបាប អ៊ីចឹងកុំឱ្យនិយាយអីខុសពីការពិតអ៊ីចឹង»។

ជុំវិញករណីនេះ មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត យល់ថា នេះជាភាពកំសោយរបស់សាលារាជធានីភ្នំពេញ និងជាការរឹតត្បិតសិទ្ធិសេរីភាព ដោយលោកចាត់ការមិនអនុញ្ញាតឱ្យក្រុមអង្គការសង្គមស៊ីវិលប្រារព្ធទិវាអន្តរជាតិនារី នៅទីលានប្រជាធិបតេយ្យ ជាការរើសអើងក្រុមអង្គការសង្គមស៊ីវិល។

លោកថា៖ «គួរតែបើកលំហ Space នៃការឹតត្បិតនេះទៅ ដើម្បីឱ្យពលរដ្ឋយើងបានសម្ដែងមតិ ហើយបានប្រារព្ធទិវានេះ ពីព្រោះអីអង្គការសង្គមស៊ីវិលលោកគ្រាន់តែជាអង្គការមួយដែលសម្ដែងមតិ និងពន្យល់ និងផ្ដល់ព័ត៌មាន ឬមួយក៏ជាការផ្សព្វផ្សាយមួយដែលជាការជួយដល់រដ្ឋាភិបាលទេ ដែលចាត់ទុកថា កម្ពុជាហ្នឹងបានធ្វើពិធី បានរៀបចំបានធ្វើវេទិកាធ្វើអីនេះ វាសបញ្ជាក់ថា ជាការលើកស្ទួយរដ្ឋាភិបាលក្នុងការបើកលំហសេរីភាពឡើងវិញ មិនមែនមានន័យថា ជាការទៅបង្កឱ្យមានភាពអនាធិបតេយ្យប៉ះពាល់សណ្ដាប់ធ្នាប់នោះទេ»។

នេះមិនមែនជាលើកទីមួយទេដែលរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យក្រុមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយប្រារព្ធពិធីនានានៅទីលានប្រជាធិបតេយ្យ មិនថាទិវាអន្តរជាតិនារី ទិវាពលកម្មអន្ដរជាតិ ឬទិវាគ្រូបង្រៀននោះឡើយ។ សាលាក្រុងតែងតែអះអាងថា ទីលាននេះសម្រាប់តែធ្វើបាតុកម្ម និងបញ្ចេញមតិជាសាធារណៈ ដោយមិនមែនសម្រាប់ប្រារព្ធពិធីផ្សេងៗឡើយ។ ទោះជាបែបនេះក្តី កន្លងទៅ សាលារាជធានីភ្នំពេញក៏ធ្លាប់មិនអនុញ្ញាតឱ្យបក្សនយោបាយនៅក្រៅរដ្ឋាភិបាលជួបជុំធ្វើបាតុកម្មនៅលើទីលានប្រជាធិបតេយ្យនោះឡើយ៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1801}" data-page="1" data-max-pages="1" data-start="1" data-end="1">