សង្គមស៊ីវិល ទទូចឱ្យមានការយកចិត្តទុកដាក់ដល់ជនងាយរងគ្រោះ នៅជំរំភៀសសឹក

សង្គម

នាយកអង្គការសង់ត្រាល់ លោក មឿន តុលា ពេលទៅគាំទ្រជនភៀសសឹកនៅជំរំមួយនៅជាយដែនខ្មែរថៃ កាលពីដើមឆ្នាំ២០២៦។ (រូបភាពអង្គការសល់ត្រាល់)

សង្គមស៊ីវិលទទូចឱ្យមានការយកចិត្តទុកដាក់ដល់ជនងាយរងគ្រោះ ដែលរស់នៅក្នុងជំរុំភៀសសឹក ដោយបញ្ចូលពួកគេក្នុងប្រព័ន្ធគាំពារសង្គម ដើម្បីទទួលបានប្រយោជន៍ពីវិសេវាសង្គមកិច្ច និងអ្នកផ្តល់សេវាផ្សេងៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

នាយកប្រតិបត្តិអង្គការសង់ត្រាល់ លោក មឿន តុលា លើកឡើងថាជនដែលងាយរងគ្រោះដូចជា កុមរា ចាស់ជរា និងជនមានពិការភាពគួរតែត្រូវបន្ថែមការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ជាងជនដទៃនៅក្នុងជំរុំភៀសសឹក ដូចជាកន្លែងស្នាក់នៅដែលល្អប្រសើរ ការជួយមើលថែទាំនិង ការគាំាពារផ្នែកសុខភាព។ លោកថាជនងាយរង មិនគួរដាក់ឱ្យរស់នៅក្នុងតង់ដែលក្ដៅ និងអាចបង្ករជាផលប៉ះពាល់ដល់សុខភាព។

លោកថា៖ «ធម្មតាគាតរ់ប្រឈមនឹងបញ្ហាទូទៅដូចគេ ដូចគាត់សម្រាកនៅលើដី ក្នុងតង់។ ធម្មតានៅក្នុងជំរុំហ្នឹងវាហុយដី ក្ដៅទាំងលើ ក្ដីទាំងក្រោមអីចឹងទៅ។ បើមានភ្លៀងវាលិច ហើយបន្ទប់ទឹកនៅឆ្ងាយពីកន្លែងគាត់សម្រាកអីចឹងទៅ។ ការប្រឈមដូចគ្នាទោះបីអ្នកប្រភេទណាក៏ដោយ ក៏ប៉ុន្តែបញ្ហាត្រង់ថាបើគាត់ចាស់ជរា ឬក៏មានពិការភាព ផលលំបាករបស់គាត់វាអាចលំបាកជាងអ្នកធម្មតា»។

លោកបន្ថែមថា៖ «យើងឃើញថានៅក្នុងជំរុំភៀសសឹកដូចជាមិនមានការគិតគូរអីថាជនពិការត្រូវមានកន្លែងពិសេសអីសម្រាប់គាត់ទេ។ ខ្ញុំមើលទៅឃើញបែបហ្នឹង ប៉ុន្តែគោលនយោបាយរបស់រដ្ឋគឺគេដាក់ជនពិការ ចាស់ជរា ស្ត្រីមានផ្ទៃពោះ គឺស្ថិតក្នុងប្រភេទជនដែលងាយរងគ្រោះ»។

លោកលើកឡើងទៀតថា៖ «សម្រាប់ខ្ញុំថាពួកគាត់ហ្នឹងមិនគួរឱ្យគាត់នៅជំរុំទេ គឺឱ្យគាត់នៅទីតាំងណាមួយដែលងាចឱ្យគាត់រស់នៅបាន ហើយមានអ្នកមើលថែគាត់ចឹងទៅ។ បើមិនចឹងទេប្រព័ន្ធនៃរាងកាយរបស់គាត់ងាយធ្លាក់ខ្លួនឈឺ។ សម្រាប់ខ្ញុំៗថាខាងរដ្ឋអំពាវនាវ [ឱ្យដៃគូរពាក់ព័ន្ធចូលរួមលើកកំពស់វិស័យសង្គមកិច្ច] គឺល្អហើយ តែតូនាទីរបស់រដ្ឋគឺមិនមែនអំពាវនាវទេ គឺអនុវត្តដូចជាកន្លែងសម្រាប់ចាស់ជរា ឬក៏ជនពិការអីហ្នឹងគឺត្រូវរៀបចំ»។

លោកបន្ថែមថា ក្នុងគ្រាលំបាកនេះ លោក អំពាវនាវឲ្យរដ្ឋាភិបាលដាក់បញ្ចូលពលរដ្ឋដែលជាជនភៀសសឹក ជាពិសេសជនងាយរងគ្រោះ ឱ្យទទួលបាន ប្រព័ន្ធសន្តិសុខសង្គម ឬ ជំនួយសង្គម ដើម្បីឱ្យពួកគាត់ អាចទទួលបានជំនួយជាសាច់ប្រាក់ សេវាថែទាំសុខភាព និងសេវាសង្គម ផ្សេងៗ ចំណែកឯពលករចំណាកស្រុកក៏ដូចគ្នា រដ្ឋាភិបាលគប្បីបន្តជួយឡាំពាផ្នែកសង្គម ដើម្បីសម្រួលជីវភាព។

អ្នកស្រី សេង ហាត ជាជនភៀសសឹកមកពីឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយបច្ចុប្បន្នស្នាក់នៅជំរុំវត្តបូរណ៍ លើកឡើងថាអ្នកស្រីមានប្អូនប្រុសមានពិការភាព ដែលមិនអាចដើរបានដោយសារជំងឺរបេងអស់រយៈពេលពីរឆ្នាំមកហើយ។ អ្នកស្រីថាប្អូនរបស់អ្នកស្រីមិនអាចធ្វើការបាន ដែលត្រូវការប្រព័ន្ធសមធម៍ពីរដ្ឋាភិបាល ដូចជាប្រាក់ឧបត្ថម្ភ និង សេវាសុខភាពជាដើម។ អ្នកស្រីថា អ្នកស្រីបានស្នើសុំបណ្ណសម្រាប់ជនមានពិការភាព តែអាជ្ញាធរបានពន្យាពេល ហើយអ្នកស្រីសំណូមពរឱ្យពន្លឿនការចេញបណ្ណនេះ។

អ្នកស្រីថា៖ «គេឱ្យបានរទេះមួយដែរគ្រាន់នឹងជិះ។ តែអត់ដែរបានលុយបានអីទេ បានតែរទេះមួយហ្នឹង។ អត់ទាន់បានប្រាកឧបត្ថម្ភអីទេ។ ឥឡូវគាត់ពិបាកអត់លុយអត់អី។ ឃើញយើងពិការដែរតែអត់ធ្វើបណ្ណពិការឱ្យ។ ខ្ញុំសូមគេដែរតែអត់ឃើញគេមកធ្វើ ហើយចាំគេចុះមកអត់ឃើញមក។ គួរតែលើកទឹកចិត្ត តែសូមគេអត់ឱ្យ។ គេអត់គិតអត់គូរផង»។

អ្នកស្រីបន្ថែមថា៖ «សូមឱ្យគាត់មានបណ្ណពិការ គ្រាន់បានលុយកាក់ខ្លះ គ្រាន់បានលុយមើលខ្លួនបន្តទៀតណា។ ពិបាកអត់លុយទិញចំណីចំណុកអីហ្នឹង»។ 

អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកតូច ចាន់នី មិនទាន់អាចឆ្លើយតបបាន ដោយលាកថាជាប់រវល់។ តែយ៉ាងណាលោកធ្លាប់ប្រាប់ប្រជាកាសែតឱ្យដឹងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការរៀបចំ និងអនុវត្តនយោបាយសុខុមាលភាពសង្គម កម្មវិធីជំនួយសង្គម និងសេវាសង្គមផ្សេងៗដល់ជនងាយរងគ្រោះដូចជាកុមារ ចាស់ជរា ក៏ដូចជាជនមានពិការភាពជាដើម។ 
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គន់ គីម ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាស ចុះពិនិត្យមើលសំណង់ស្នាក់នៅបណ្ដោះអាសន្នសម្រាប់ជនភៀសសឹក ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែមីនាឆ្នាំ២០២៦ ថា ជនភៀសសឹកដែលចាស់ជរា ជនពិការ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់អាទិភាពចម្បង ដែលត្រូវនាំមករស់នៅជម្រកបណ្ដោះអាសន្នមុនគេ ដើម្បីជួយឱ្យគាត់អាចរស់នៅប្រកបដោយផាសុខភាព និងបរិយាកាសល្អ។ 

លោកថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «យើងយកចាស់ៗចឹងមកមុន ឱ្យគាត់មកនេះចឹងទៅ ដើម្បីបានត្រជាក់ ព្រោះនៅនោះ[មណ្ឌលសុវត្ថិភាព]ក្ដៅណាស់។ ឥឡូវយើងបានជម្រកបណ្ដោះអាសន្ននេះមួយហើយ។»។

កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នាយករងយូនីសេហ្វកម្ពុជា លោក Anirban Chatterjee ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គ្រួសារ និងកុមារភៀសសឹក ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅក្នុងខេត្តបន្ទាយមានជ័យ។ កិច្ចសហប្រតិបត្តិការនេះដែរក៏មានគោលដៅគាំទ្រជំនួយសាច់ប្រាក់ជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យគ្រួសារជនងាយរងគ្រោះឱ្យមានលទ្ធភាពរកជម្រកសុវត្ថិភាព អាហារ ថ្នាំសង្កូវ សម្លៀកបំពាក់ និងសម្ភារៈចាំបាច់ផ្សេងៗ។

កន្លងមករដ្ឋាភិបាលកម្ពុជាក៏បានអំពាវនាវឱ្យស្ថាប័នរដ្ឋ និងឯកជនដែលធ្វើការលើការលើកកំពស់វិស័យសង្គមកិច្ចចូលរួមបង្កើនការយកចិត្តទុកដាក់តាមគ្រប់មធ្យោបាយ ដើម្បីលើកកម្ពស់សេវាសង្គមនៅក្នុងសហគមន៍ឲ្យបានកាន់តែល្អប្រសើរ ជាពិសេសជូនជនរងគ្រោះ និងជនងាយរងគ្រោះ «ឈរលើស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់»។

យោងតាមក្រសួងមហាផ្ទៃ គិតត្រឹមព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ពលរដ្ឋភៀសសឹកកម្ពុជាចំនួន ៣៦ ៧២៣ នាក់ ក្នុងនោះមានស្រ្តី និងកុមារជាង ៣ម៉ឺននាក់ នៅតែបន្តស្នាក់នៅក្នុងជំរំភៀសសឹក និងមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបានឡើយ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2011}" data-page="1" data-max-pages="1" data-start="1" data-end="1">