សង្គមស៊ីវិលជំរុញឱ្យមានការលើកស្ទួយតួនាទីស្ត្រីនិងសមភាពយេនឌ័រក្នុងវិស័យថាមពលស្អាត។ការជំរុញបែបនេះធ្វើឡើងក្នុងវេទិកាថាមពលស្អាតដែលរៀបចំដោយអង្គការសង្គមស៊ីវិល និងដៃគូក្នុងវិស័យថាមពល បានផ្តល់ឱកាសស្ត្រី ចែករំលែកបទពិសោធន៍ និងរឿងរ៉ាវក្នុងការជំរុញប្រើប្រាស់ថាមពលស្អាត។ វេទិកានេះមានអ្នកចូលរួមជាង៥០នាក់ ក្នុងគោលបំណង បង្ហាញរឿងរ៉ាវស្ត្រីក្នុងវិស័យថាមពល បង្ហាញបញ្ហាប្រឈមនិងឱកាសសម្រាប់ស្ត្រីក្នុងវិស័យថាមពល លើកស្ទួយសមភាពយេនឌ័រ និងបរិយាបន្នក្នុងវិស័យថាមពលប្រទេសកម្ពុជា។
នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា លោកស្រី ភាណ សោភ័ណ លើកឡើងនៅក្នុងវេទិការថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ កម្ពុជា មានការរីកចម្រើនយ៉ាងច្រើនក្នុងវិស័យថាមពល ដោយរដ្ឋាភិបាលបានពង្រីកបណ្តាញអគ្គិសនី និងវិនិយោគលើថាមពលកកើតឡើងវិញ។
លោកស្រីបន្តថា រដ្ឋាភិបាលក៏បានកំណត់គោលដៅថា នៅឆ្នាំ ២០៣០ អគ្គិសនីប្រើប្រាស់ ៧០% នឹងមកពីថាមពលកកើតឡើងវិញ។ ដើម្បីសម្រេចគោលដៅនេះ ត្រូវការការចូលរួមពីគ្រប់វិស័យ ជាពិសេស ស្ត្រី និងយុវជន ដើម្បីធានាការអភិវឌ្ឍមានចីរភាព សមភាព និងបរិយាបន្ន។
លោកស្រីថ្លែងប្រាប់ថា៖«ថាមពលស្អាត មិនមែនស្ថិតលើបន្ទះសូឡា ឬកង្ហារថាមពលខ្យល់នោះទេ តែវាជាសុខុមាលភាព ភាពយុត្តិធម៌, និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
អនាគតថាមពលស្អាតរបស់កម្ពុជា មិនអាចសម្រេចបានទេប្រសិនបើគ្មានការចូលរួមរបស់ស្ត្រី យុវជន និងសហគមន៍មូលដ្ឋាន។ ខ្ញុំសង្ឃឹមថាវេទិកាថ្ងៃនេះនិងជួយឲ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់ពីសារសំខាន់នៃការចូលរួមរបស់ស្រ្តីក្នុងវិស័យថាមពល»។
លោកស្រី សេង ធីតា ប្រធានសហគមន៍បូមទឹក ដើរដោយពន្លឺព្រះអាទិត្យនៅខេត្តពោធិ៍សាត់ បានប្រាប់ថានៅក្នុងវេទិការថា ការប្រើបន្ទះសូឡា ជួយផ្លាស់ប្តូរសហគមន៍របស់អ្នកស្រី ពីការបូមទឹកប្រើម៉ាសូតទៅប្រើថាមពលអគ្គិសនី។អ្នកស្រីបន្តថា វាធ្វើឲ្យការបូមទឹក ងាយស្រួល សន្សំថវិកា មិនត្រូវការកម្លាំងច្រើន និងមានសុវត្ថិភាពចំពោះស្ត្រីជាងមុន។
អ្នកស្រីថា ៖«រាល់ដងភាគច្រើនខ្ញុំឃើញសុទ្ធតែជាបុរសក្នុងចំណោមជាង១០០សហគមន៍ ប្រទេសកម្ពុជាគឺស្ត្រីមានភាគតិចណាស់ ដែលខ្ញុំជាប្រធានសហគមន៍ម្នាក់ដែល ដែលក្រសួងធនធានទឹករបស់យើងបង្កើតឡើងនៅស្ថានីយ៍របស់យើងមុនដំបូងគឺប្រើតែម៉ាស៊ីនទេ យើងអត់ប្រើដោយផ្ទាំងសូឡាទេ »។
អ្នកស្រីរៀបរាប់ប្រាប់ថា មុនពេលប្រើប្រាស់ថាមពលសូឡា សហគមន៍ប្រឈមមុខនឹង ការលំបាកច្រើន ពីការប្រើប្រាស់ម៉ាស៊ីនដំណើរការដោយប្រេង ដែលត្រូវការកម្លាំង និងតាមដានម៉ាស៊ីនជាប្រចាំ។ ក្រោយពេលផ្លាស់ប្តូរមកប្រើ ថាមពលសូឡា គាត់អាចគ្រប់គ្រងការបូមទឹកដោយខ្លួនឯង មិនចាំបាច់មានបុរសជាច្រើន មកជួយទៀត និងការងារបានកាន់តែងាយស្រួល។
ប្រធានផ្នែកគោលនយោបាយថាមពល និងទំនាក់ទំនងរាជរដ្ឋាភិបាល នៅ EnergyLab Asia កញ្ញា អ៊ុត សុខផល្គុន បានលើកឡើងថា ខែមីនាគឺជាទិវារបស់ស្ត្រី ដែលមានវេទិកាច្រើននៅឆ្នាំនេះទាក់ទងទៅនឹងការជជែកចូលរួមស្ត្រីច្រើន។ ប៉ុន្តែក៏មានកម្មវិធីមួយចំនួនភាគច្រើនគឺបុរស ហើយតំណាងស្ត្រីនៅតិច។ កញ្ញាបន្តថាការចូលរួមពីស្ត្រីច្រើន នឹងជួយ លើកស្ត្រីផ្សេងទៀត និងបង្កើនឱកាសស្ត្រីក្នុងការចូលរួមនិងដឹកនាំ ក្នុងវិស័យថាមពល និងគោលនយោបាយ ឲ្យកាន់តែច្រើន។
អ្នកស្រីថា៖ «ទី១ គឺជម្រុញឲ្យគាត់មានភាពក្លាហ៊ាន ទី២សូមបញ្ជាក់ថាស្ត្រីក៏អាចមានសម្ថតិភាពក្នុងការធ្វើដំណើរជាអ្នកនិយាយនៅ វាទិការបានដែល […] អីចឹងបើយើងមានការចូលរួមស្ត្រីកាន់តែច្រើនជួយលើកស្ត្រីបានកាន់តែច្រើនដែល»។
កញ្ញា បាននិយាយថា ភាគីពាក់ព័ន្ធត្រូវពិចារណាថា ត្រូវមានវិធីសាស្រ្តបែបណាដើម្បីធានាថា ជំនាញ និងសមត្ថភាពរបស់មនុស្សពីគ្រប់ស្ថានភាព ត្រូវសម្របសម្រួលជាមួយនឹងតម្រូវការនៃទីផ្សារ និងធនធានដែលមានក្នុងវិស័យថាមពល។
តំណាងក្រសួងរ៉ែ និងថាមពល កញ្ញា មួន ធីម បានលើកឡើងក្នុងវិទិការ ថារដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងទៅលើសមភាពយ៉េនឌ័រ និងការចូលរួមស្ត្រីក្នុងគោលនយោបាយ ក្នុងវិស័យថាមពល។កញ្ញាបន្តថា ក្នុងការសាងសង់អគ្គិសនីដោយពន្លឺព្រះអាទិត្យ ការចូលរួមរបស់ស្ត្រីត្រូវបានកំណត់ឲ្យមាន ៦០% នៅពេលសាងសង់និង ៤០–៥០% អគ្គិសនីដោយផ្ទះទឹកបានសាងសង់រួច។ នេះបង្ហាញថា រដ្ឋាភិបាលខិតខំធានាឱ្យស្ត្រីមានភាពស្មើនឹងបុរស និងចូលរួមយ៉ាងសំខាន់ក្នុងវិស័យថាមពល និងអគ្គិសនី។
កញ្ញាលើកឡើងថា៖ «អ៊ីចឹងទាំងអស់នេះសុទ្ធតែជាគោលនរយោបាយដែលគឺការកត់សម្គាល់វិជ្ជមានមួយគឺជាការផ្លាស់ប្តូរវិជ្ជមានមួយដែលក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលយកចិត្តទៅលើស្រ្តី សូម្បីតែខ្ញុំជា ភ្នាក់ងារកំពុងអនុវត្តគម្រោងនឹងក៏កំពុងតែធ្វើការ ធ្វើការជាមួយដៃគួរ អភិវឌ្ឍន៍រួមមាន ADB ក្រសួងរ៉ែនិងថាមពល ដើម្បីឲ្យស្ត្រីចូលរួមច្រើនក្នុងគម្រោង»។
កញ្ញាលើកឡើងថាតាមគោលនយោបាយរដ្ឋាភិបាលសម្រាប់ឆ្នាំ ២០៣០ គ្រប់ផ្ទះគួរតែមានអគ្គិសនីប្រើប្រាស់បាន ដើម្បីធានាថាប្រជាជនទាំងប្រជាជនទីក្រុង និងតំបន់ឆ្ងាយទទួលបានសេវាកម្មថាមពលដែលស្មើរគ្នា។ អគ្គិសនីនេះនឹងចែកចាយជា ២ វិធីរបៀបទីមួយ គឺពី បណ្តាញជាតិ សម្រាប់តំបន់ឆ្ងាយ ឬកោះ ដែលអាចភ្ជាប់ទៅបណ្តាញបានដោយផ្ទាល់ និងមានប្រសិទ្ធភាព។ របៀបទីពីរ គឺពី គម្រោងថាមពលក្នុងតំបន់ ដែលត្រូវមានការតង់ស្យង់បណ្តាញច្រើន និងបច្ចេកវិទ្យាដែលសមស្រប ដើម្បីផ្គត់ផ្គង់អគ្គិសនីសម្រាប់តំបន់ដែលភ្ជាប់ទៅបណ្តាញជាតិពិបាក ឬនៅចម្ងាយខ្លាំង៕







