ការប្រែប្រួលអាកាសធាតុ ជាមូលហេតុចម្បងមួយនាំឱ្យស្ត្រីខ្មែររស់តាមដងទន្លេសាបទៅចំណាកស្រុក

សង្គម

(ស្ត្រី រស់នៅតាមបឹងទន្លេសាបកំពង់ធ្វើត្រី ដែលក្រុមគ្រួសារនេសាទបាន(រូបភាពអាជ្ញាធរទន្លេសាបខែឧសភា២០២៦)។

ការសិក្សាស្រាវជ្រាវមួយស្ដីពី «ការបញ្ចូលទេសន្តរប្រវេសន៍ទៅក្នុងសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា» របស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា បង្ហាញ​ថា ពលរដ្ឋកម្ពុជាជាពិសេសស្ត្រីដែលរស់នៅតាមដងទន្លេសាបកំពុងប្រឈមនឹង​ហា​និ​ភ័យ​ខ្ពស់បំផុតពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ដែលកត្តានេះធ្វើឱ្យពួកគេចំណាកស្រុករកការងារធ្វើដើម្បីសេដ្ឋកិច្ចគ្រួសារ។

របាយការណ៍ស្រាវជ្រាវជិត១០០ទំព័រ ដែលផ្សព្វផ្សាយសម្រាប់ឆ្នាំ២០២៦នេះ បន្តថា ការធ្វើចំ​ណាកស្រុកបាននាំមកនូវទាំងឱកាស និងបញ្ហាប្រឈមសម្រាប់ស្ត្រី។ ការចំណាកស្រុកធ្វើឱ្យស្ត្រីជាច្រើនសម្រេចបាននូវស្ថិរភាពហិរញ្ញវត្ថុ ទទួលបានជំនាញថ្មីៗ និងពង្រឹងសេដ្ឋកិច្ចរបស់ពួកគេ។ យោងតាមទិន្នន័យស្ទង់មតិ ស្ត្រី ៥៣,១ ភាគរយរាយការណ៍ថា ទទួលបានសន្តិសុខហិរញ្ញវត្ថុតាមរយៈការធ្វើចំណាកស្រុក។ តួរលេខនេះខ្ពស់ជាងបុរសដែលមានតែ ៣៩,៣ ភាគរយ។

ទោះជាយ៉ាងណាក៏ដោយ ការធ្វើចំណាកស្រុកក៏ធ្វើឱ្យស្ត្រីប្រឈមនឹងហានិភ័យសំខាន់ៗ ជាពិសេសទាក់ទងនឹងការកេងប្រវ័ញ្ច បញ្ហាប្រឈមផ្នែកសុខភាព ការរើសអើងក្នុងសង្គម និងអស្ថិរភាពអាពាហ៍ពិពាហ៍។ ស្ត្រីសរុបចំនួន ៣៥,៨ ភាគរយរាយការណ៍ថាបានជួបប្រទះនឹងការយាយី ការកេងប្រវ័ញ្ច ឬការរំលោភបំពានក្នុងអំឡុងពេលធ្វើចំណាកស្រុក ខណៈដែល ៣៦,៩ ភាគរយជួបបញ្ហាប្រឈមផ្នែកសុខភាពដោយសារតែលក្ខខណ្ឌការងារមិនល្អ ភាពតានតឹង ឬការថែទាំសុខភាពមិនគ្រប់គ្រាន់។

ការសិក្សាស្រាវជ្រាវនេះ ធ្វើឡើងផ្តោតលើតំបន់ទន្លេសាបរបស់ប្រទេសកម្ពុជា ដែលគ្រប​ដណ្តប់លើខេត្តចំនួនប្រាំមួយដែលមានតំបន់អេកូឡូស៊ី និងប្រព័ន្ធជីវភាពរស់នៅចម្រុះ។ តំបន់នេះមានប្រជាជនរស់នៅចំនួន ៤.៥ លាននាក់នៅទូទាំងភូមិចំនួន ១ ៥៥៥ ហើយត្រូវបានបែងចែកជាបីតំបន់ដូចជា តំបន់នេសាទ (៥%) តំបន់កសិកម្ម (៦០%) និងការតាំងទីលំនៅក្នុងទីក្រុង (៣៥%)។ ជីវភាពរស់នៅរបស់ពលរដ្ឋពឹងផ្អែកយ៉ាងខ្លាំងទៅលើការនេសាទ និងការធ្វើស្រែចម្ការ ដែលធ្វើឱ្យសហគមន៍ងាយរងគ្រោះខ្លាំងចំពោះភាពប្រែប្រួលអាកាសធាតុ។

ការស្រាវជ្រាវបន្តរកឃើញថា ការធ្វើចំណាកស្រុកបានក្លាយជាយុទ្ធសាស្ត្របន្សាំសំខាន់មួយសម្រាប់គ្រួសារដែលជួបផលលំបាកផ្នែកសេដ្ឋកិច្ច និងភាពតានតឹងទាក់ទងនឹងអាកាសធាតុ។ ទោះជាយ៉ាងណាក៏ដោយ ការរួមចំណែករបស់ពួកគេចំពោះការសម្របខ្លួនទៅនឹងអាកាសធាតុរយៈពេលវែងនៅតែត្រូវបានរារាំងដោយបំណុល ធនធានហិរញ្ញវត្ថុមានកំណត់ និងអាទិភាពរស់រានមានជីវិតរយៈពេលខ្លី។ ជាមួយគ្នានោះដែរ ការធ្វើចំណាកស្រុកជួយ​សម្រួលផ្នែកហិរញ្ញវត្ថុ តែវាក៏ដាក់បន្ទុកចំណាយផ្នែកអារម្មណ៍ និងសង្គមជាពិសេសសម្រាប់ស្ត្រី និងកុមារ ដូចជាការបែកបាក់គ្រួសារ ភាពតានតឹងផ្លូវចិត្ត និងរចនាសម្ព័ន្ធថែទាំចុះខ្សោយ។

ការស្រាវជ្រាវនេះថា៖ « ភ្នាក់ងារជាតិគួរតែបង្កើនការសម្របសម្រួល និងបង្កើតគោលនយោបាយច្បាស់លាស់ និងអាចអនុវត្តបាន ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងទេសន្តរប្រវេសន៍ និងបម្រែបម្រួលអាកាសធាតុ។ ក្នុងពេលជាមួយគ្នានេះ អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវការធនធាន និងការគាំទ្រកាន់តែប្រសើរឡើង ដើម្បីអនុវត្តគោលនយោបាយទាំងនេះប្រកបដោយប្រសិទ្ធភាព»។

ការស្រាវជ្រាវនេះបន្តថា៖ «ការបណ្តុះបណ្តាល ការកសាងសមត្ថភាព និងជំនួយបច្ចេកទេសកាន់តែប្រសើរឡើងនៅគ្រប់កម្រិតទាំងអស់ អាចសម្រួលដល់វិធីសាស្រ្តកាន់តែស៊ីសង្វាក់គ្នាក្នុងការបញ្ជ្រាបចំណាកស្រុក ដែលនៅទីបំផុតនាំទៅរកយុទ្ធសាស្ត្រសម្របខ្លួនទៅនឹងអាកាសធាតុ និងភាពធន់កាន់តែមានប្រសិទ្ធភាព។ តាមរយៈការបំពេញចន្លោះប្រហោងទាំងនេះ ប្រទេសកម្ពុជាអាចដោះស្រាយបញ្ហាស្មុគស្មាញនៃទេសន្តរប្រវេសន៍បានកាន់តែប្រសើរឡើងនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់បរិយាកាសគោលនយោបាយដែលមានការរួមបញ្ចូលគ្នា និងឆ្លើយតបកាន់តែប្រសើរ»។

ប្រធានសហគមន៍នេសាទសាមឃួយ និងជាអ្នកសម្របសម្រួលគម្រោងរស្រាវជ្រាវលើបញ្ហាបម្រែបម្រួលអាកាសធាតុជាមួយអង្គការភូមិខ្ញុំ លោក ប៊ូ ចាន់ណាក់ លើកឡើងថា អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវការធនធាន និងការគាំទ្រកាន់តែប្រសើរឡើង ដើម្បីអនុវត្តគោលនយោបាយបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។ លោកថា ការបណ្តុះបណ្តាល ការកសាងសមត្ថភាព និងជំនួយបច្ចេកទេសកាន់តែប្រសើរឡើងនៅគ្រប់កម្រិតទាំងអស់ អាចសម្រួលដល់វិធីសាស្រ្តកាន់តែស៊ីសង្វាក់គ្នាក្នុងការកាត់បន្ថយការចំណាកស្រុក និងលើកកំពស់ជីវភាពប្រជាសហគម៍។ លោកបន្តថា តាមរយៈការបំពេញចន្លោះប្រហោងទាំងនេះ ប្រទេសកម្ពុជាអាចដោះស្រាយបញ្ហាស្មុគស្មាញនៃចំណាកស្រុកបានកាន់តែប្រសើរឡើងនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់បរិយាកាសគោលនយោបាយដែលមានការរួមបញ្ចូលគ្នា និងឆ្លើយតបកាន់តែប្រសើរ។

លោកថា៖ «គម្រោងផ្សេងៗដែលគួរមានវិធានការ ទី១គឺឱ្យគាត់មានមុខរបរ និងជំនាញកសិម្ម ការចិញ្ចឹមសត្វអីផ្សេងៗ។ មួយទៀតការជ្រើសរើសពូជបន្លែអីផ្សេងៗ ដើម្បីគាត់បានចំណូល យើងមើលឃើញថាដើម្បីកុំឱ្យគាត់ធ្វើការនៅក្រៅ អីចឹងឱ្យគាត់ចិញ្ចឹមមាន់ ចិញ្ចឹមទា ហើយមួយទៀតការជ្រើសរើសពូជបន្លែហ្នឹង ធ្វើម៉េចឱ្យធន់នឹងការប្រែប្រួលអាកាសធាតុ ។ មន្ទីរកសិកម្មក៏ត្រូវមានពូជណារយៈពេលខ្លី ហើយធន់នឹងការប្រែប្រួលអាកាសធាតុ»។

លោកបន្ថែមថា៖ «ក្រសួងដែលមានការពាក់ព័ន្ធត្រូវធ្វើការរួមគ្នា គឺកន្លែងណាដែលខ្វះខាតទឹក គឺផ្ដល់ជាទឹកដូចជាជីកស្រះ ឬជីកអណ្ដូង ដើម្បីឱ្យមានទឹកក្នុងការដាំបន្លែ។ មួយទៀតបរិស្ថានយើងត្រូវធ្វើយ៉ាងណាកុំឱ្យមានការបាត់បង់បរិស្ថាន គឺដាំដើមឈើ ហើយមន្ទីរកសិកម្មគាត់ផ្ដល់នូវជំនាញផ្នែកបច្ចេកទេសកសិកម្ម ផ្ដល់ជាពូជបន្លែ ក៏ដូចជាដំណាំផ្សេងៗ គឺត្រូវជាមួយគ្នា។ បើយើងធ្វើដាច់ដោយឡែកៗ ការធ្វើមិនបានជោគជ័យទេ។

ចំណែក នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ច័ន្ទរឿន មើលឃើញថាក្រសួងនានាបានធ្វើការច្រើនជាមួយដៃគូពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ជាពិសេសអង្គការក្រៅរដ្ឋាភិបាលបានសហការ និងផ្ដល់ជំនួយលើគម្រោងបម្រែបម្រួលអាកាសធាតុ។ តែយ៉ាងណា លោកថាជំនួយទាំងអស់នោះនៅមិនទាន់ឆ្លើយតបនៅ​ឡើយ ដោយតម្រូវឱ្យមានការពង្រឹងការចូលរួមពីភាគីពាក់ព័ន្ធច្រើនក្នុងនោះកិច្ចសហការប្រកបដោយប្រសិទ្ធភាពរវាងភ្នាក់ងាររដ្ឋាភិបាល ដៃគូអន្តរជាតិ អាចនាំឱ្យមានគោលនយោ​បាយ និងកម្មវិធីសម្របសម្រួលកាន់តែច្រើន ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍​សហ​គមន៍កាន់តែទូលំទូលាយ និងជួយធានាបាននូវការគាំទ្រប្រកបដោយចីរភាព។

លោកថា៖ «ជាពិសេសសម្រាប់សហគមន៍ដែលរស់នៅតាមដងទន្លេ តាមដងទន្លេមេគង្គ និងទន្លេសាបហ្នឹងរងផលប៉ះពាល់ខ្លាំងដែលវាធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់គាត់តាំងពីមានការប្រែប្រួលអាកាសធាតុមក អាកាសធាតុក៏ក្ដៅ ភ្លៀងហ្នឹងក៏វាមិនទៀតទាត់ បរិមាណត្រី ឬមួយក៏អនុផលត្រីក៏មិនសម្បូរដូចមុន វាប៉ះពាល់ដល់ប្រាក់ចំណូល និងជីវភាពរបស់ប្រជាពលរដ្ឋ។ ខ្លះក៏សម្រេចចិត្តទៅខ្ចីបុលធនាគារ ទៅធ្វើចំណាកស្រុក ទៅធ្វើការនៅស្រុកផ្សេង ដូច្នេះជាដំណោះស្រាយជាទូទៅប្រទេសនីមួយតែងតែមានគោលនយោបាយ ដើម្បីជួយដោះស្រាយ បន្ធូរបន្ថយ និងសម្រាលដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ»។

លោកថ្លែងបន្ថែមថា៖ «ចំណុចនេះទាមទារឱ្យរដ្ឋាភិបាលហ្នឹងដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងអនុវត្តអ្វីដែលមានហ្នឹងឱ្យមានប្រសិទ្ធភាពខ្ពស់ជាងមុន ជាពិសេសការជួយបណ្ដុះបណ្ដុះឱ្យមានជំនាញបន្ថែមពីលើផលពីការនេសាទ ពីការធ្វើស្រែចម្ការហ្នឹងក៏គួរតែមានបច្ចេកទេសក្នុងការដាំដុះ ការចិញ្ចឹមសត្វ រួមទាំងការចិញ្ចឹមត្រីផងដែរ ដើម្បីជួយសម្រួល និងដោះបន្ទុកផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទាំងអស់នោះបាន»។

លោកលើកឡើងទៀតថា អាជ្ញាធរថ្នាក់កក្រោមជាតិនៅមិនមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុនៅក្នុងមូលដ្ឋានរបស់ខ្លួននៅឡើយ ដោយថវិកាជាតិមានកម្រិត។ លោកថា អាជ្ញាធរថ្នាក់កក្រោមជាតិត្រូវស្វះស្វែងរកដៃគូអភិវឌ្ឍ ដើម្បីពង្រឹងសមត្ថភាពបន្សាំទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ក៏ដូចជារៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួន៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2561}" data-page="1" data-max-pages="1" data-start="1" data-end="1">