ជនសង្ស័យចំនួន ១៩នាក់ ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសបច្ចេកវិទ្យានៅ ៣ទីតាំងផ្សេងគ្នា ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ។ នេះបើតាមសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្សាយជាសាធារណៈតាមសារព័ត៌មានហ្វ្រេសញូយ៍ (Fresh News)។
ជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យាជាជនជាតិវៀតណាមចំនួន ៦នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យឃុំខ្លួននៅមណ្ឌលកែប្រែទី១ (ម១) នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦។ បន្ថែមពីលើនេះ ជនសង្ស័យចំនួន ៥នាក់ជាជនជាតិចិន ត្រូវបានចោទប្រកាន់ពីបទ «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង» និងត្រូវបានឃុំខ្លួននៅមណ្ឌលកែប្រែទី១ ។ ចំណែកឯជនសង្ស័យ ៨នាក់ទៀត ក្នុងនោះមានស្ត្រីម្នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទពីបទ «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានស្ថានទម្ងន់ទោស ដោយមានការរៀបចំជាក្រុមមានការចាត់តាំង» និងសម្រេចឃុំខ្លួននៅមណ្ឌលកែប្រែទី២ (ម២) នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានលើកឡើងតាមរយៈបណ្ដាញតេឡេក្រាមរបស់លោក នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ស្ដីពីការឆ្លើយតបទៅនឹងយុទ្ធនាការបង្ក្រាប និងបោសសម្អាតការឆបោក (Scam) ដែលទទួលបានលទ្ធផលធំធេងគួរកត់សម្គាល់ ដោយនឹងបន្តវាយកម្ទេចបោសសម្អាតក្រុមតូចៗដែលនៅសេសសល់បន្ថែមទៀត។
លោកបានបង្ហាញលទ្ធផលថា ត្រឹមពីរសប្តាហ៍នៃខែមិថុនា សមត្ថកិច្ចក្រសួងមហាផ្ទៃបានសម្អាតបទល្មើសបច្ចេកវិទ្យាចំនួន ៧៨កន្លែងបន្ថែមទៀត លើភូមិសាស្ត្រចំនួន ១២រាជធានី-ខេត្ត ដោយកម្ចាត់ការប្រមូលផ្ដុំមិនឱ្យប្រតិបត្តិការបាន និងឃាត់ខ្លួនមនុស្សបានចំនួន ១,៣៣២នាក់ ស្មើនឹង ១៦សញ្ជាតិ។ ក្នុងនោះ មានការបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចំនួន ១៣៣នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៨២នាក់។
លោក ទូច សុខៈ មានប្រសាសន៍ថា៖ «ជាវិធានការរបស់សមត្ថកិច្ចកម្ពុជា គឺអនុវត្តវិធានការទ្វេភាគ ពោលគឺក្នុងពេលតែមួយប្រើវិធានការពីរដើម្បីបង្ក្រាបឱ្យមានប្រសិទ្ធភាព ដែលក្នុងនោះគឺការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅលើឧក្រិដ្ឋជន ឬក៏ជនល្មើសដែលបម្រើឱ្យឧក្រិដ្ឋជន ព្រមទាំងសង្គ្រោះជនរងគ្រោះ ហើយសម្របសម្រួលនីតិវិធីបញ្ជូនទៅកាន់ប្រទេសកំណើត»។
បើតាមរបាយការណ៍របស់រដ្ឋាភិបាល គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ចុងខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរបង្ក្រាបបានជាង ៤០០ករណី,ដកអាជ្ញាបណ្ណកាស៊ីណូ ២៥ទីតាំង, បញ្ជូនអ្នកពាក់ព័ន្ធត្រឡប់ទៅប្រទេសកំណើតវិញជាង ១៨,០០០នាក់, និងបញ្ជូនសំណុំរឿងទៅតុលាការចំនួន ១៤៣ករណី ដែលពាក់ព័ន្ធនឹងជនសង្ស័យជាង ១,៤០០នាក់។
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ អង្គការអន្តរជាតិមួយបានចេញរបាយការណ៍ដោយរកឃើញថា រដ្ឋាភិបាលកម្ពុជានៅមានចន្លោះប្រហោងក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ដែលអាចធ្វើឱ្យជនរងគ្រោះនៃការជួញដូរកាន់តែងាយរងគ្រោះ និងមិនទាន់អាចវែកមុខមេខ្លោងធំៗនៅពីក្រោយបទល្មើសនេះបាននៅឡើយ។ របាយការណ៍នេះផ្អែកលើការសម្ភាសន៍ជនរងគ្រោះចំនួន ៧៣នាក់ មកពី ១៦ប្រទេស ព្រមទាំងការស្រាវជ្រាវ និងចុះពិនិត្យទីតាំងពាក់ព័ន្ធផ្ទាល់នៅកម្ពុជា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា ការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ជាការបង្ក្រាបបទល្មើសមួយដែលមានភាពស្មុគស្មាញ និងត្រូវប្រើរយៈពេលយូរ។ លោក អំ សំអាត សាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាលកន្លងមកក្នុងយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យានេះ តែយ៉ាងណាលោកថាការបង្ក្រាបនេះត្រូវបន្តធ្វើឥតឈប់ឈរ។ លោកបន្ថែមថា អាជ្ញាធរក៏ត្រូវស្វែងរកឫសគល់នៃមន្ត្រី ឬបុគ្គលពាក់ព័ន្ធដែលមានការបើកដៃ ឬចូលរួមប្រព្រឹត្ត ទើបជាវិធានការមួយដ៏មានប្រសិទ្ធភាពបន្ថែមទៀត។
លោកបានថ្លែងថា៖ «បទល្មើសតាមប្រព័ន្ធអនឡាញជាបទល្មើសទំនើបកម្មមួយមានភាពស្មុគស្មាញ ព្រោះវាជាបទល្មើសប្រព្រឹត្តតាមអនឡាញ ឬប្រព័ន្ធបច្ចេកវិទ្យា។ អ៊ីចឹងវាមានភាពស្មុគស្មាញនៅក្នុងការបង្ក្រាបទៅលើបញ្ហាទាំងអស់នេះ។ តែយ៉ាងណាក៏ដោយ យើងឃើញថារាជរដ្ឋាភិបាលបានបង្ហាញការប្ដេជ្ញាចិត្ត»។
លោកបន្ថែមថា៖ «បញ្ហាឆបោកតាមប្រព័ន្ធអនឡាញនេះ ដើម្បីបង្ក្រាបឱ្យមានប្រសិទ្ធភាព រដ្ឋាភិបាល និងអាជ្ញាធរត្រូវតែបង្ក្រាបរាល់អាជ្ញាធរដែលពាក់ព័ន្ធដូចគ្នា គឺត្រូវតែចាត់វិធានការតាមផ្លូវច្បាប់។ ទី២ គឺត្រូវកម្ចាត់អំពើពុករលួយ និងអនុវត្តវិធានការតាមច្បាប់ឱ្យមានប្រសិទ្ធភាព ពោលគឺជនណាក៏ដោយ បុគ្គលណាក៏ដោយឱ្យតែពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ ទោះមានឥទ្ធិពលប៉ុណ្ណាក៏ដោយ ក៏ត្រូវចាត់វិធានការតាមផ្លូវច្បាប់ដែរ»។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា ថ្លែងថា ការបង្ក្រាបបទល្មើសបច្ចេកវិទ្យាត្រូវធ្វើឡើងដោយទន្ទឹមនឹងការកម្ចាត់អំពើពុករលួយ វែកមុខអ្នកដែលពាក់ព័ន្ធ មិនថាអ្នកមានអំណាច ឬអ្នកមានណាម្នាក់នោះឡើយ។ ដូច្នេះលោកថា ប្រតិបត្តិការនេះត្រូវតែបន្តធ្វើរហូត មិនអាចសម្រេចបានភ្លាមៗទេ ព្រោះបទល្មើសនេះជាបទល្មើសងងឹត។
លោកមានប្រសាសន៍ថា៖ «ក្នុងនាមជាអាជ្ញាធរ ឬមួយក៏សមត្ថកិច្ចដែលជាសេនាធិការរបស់រដ្ឋាភិបាល ត្រូវតែម្ចាស់ការច្បាស់លាស់ ហើយការបង្ក្រាបជនបរទេសដែលជាឧក្រិដ្ឋជនអនឡាញមិនមែនជារឿងស្រួលទេ គឺអាជ្ញាធរត្រូវតែគោរពច្បាប់ ហើយអនុវត្តច្បាប់ ដើរឱ្យឆ្ងាយពីអំពើពុករលួយ និងមិនប្រកាន់បក្សពួក»។
លោកបន្ថែមថា៖ «យើងប្ដេជ្ញាសន្យា ហើយអនុវត្តច្បាប់ ពង្រឹងច្បាប់ដែលមិនមានអ្នកណាល្មើសច្បាប់ហើយមិនអាចអត់ឱនឱ្យបាននោះទេ។ នោះទើបជាយន្តការយូរអង្វែង»។
កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ រដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មីមួយទៀត ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដោយផ្តោតជាពិសេសលើការគ្រប់គ្រងជនបរទេស និងការទប់ស្កាត់ការស្នាក់នៅខុសច្បាប់៕







