សង្គមស៊ីវិលស្នើរដ្ឋាភិបាលដោះស្រាយបញ្ហារបស់អ្នកកាសែតក្រោយនាយករដ្ឋមន្ត្រីផ្អាកធ្វើពិធីជួបអ្នកកាសែត

សង្គម

(ពិធីជួបជុំរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានលើកទី៧ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥។រូបភាព៖ ក្រសួងព័ត៌មាន)។

ក្រុមអង្គការសង្គមស៊ីវិលមានការសោកស្ដាយពេលរដ្ឋាភិបាលសម្រេចផ្អាកកម្មវិធីជំនួបជាមួយអ្នកសារព័ត៌មានសម្រាប់ឆ្នាំ២០២៦ ដោយពួកគេយល់ថា វេទិកានេះជាជំនួបមួយដ៏កម្រ គឺមួយឆ្នាំមានតែម្ដងប៉ុណ្ណោះ។

ការលើកឡើងនេះ គឺបន្ទាប់ពីក្រសួងព័ត៌មាននៅថ្ងៃទី២ ខែមេសា បានជូនដំណឹងស្តីពីការផ្អាកពិធីជួបជុំរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន ប៉ុន្តែក្រសួងមិនបានបញ្ជាក់ពីមូលហេតុនៃការផ្អាកនេះឡើយ។ ទោះជាយ៉ាងណា ក្រសួងព័ត៌មានបញ្ជាក់ថា រដ្ឋាភិបាលនៅតែរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ រំលឹកដល់គុណូបការៈ និងវីរភាពរបស់អ្នកសារព័ត៌មានដែលបានបាត់បង់ជីវិតអំឡុងពេលសង្គ្រាម ដោយកម្មវិធីគ្រោងធ្វើនៅស្តូបខាងមុខស្ថានទូតបារាំង នៅព្រឹកថ្ងៃទី៣ ខែឧសភា ខាងមុខ។

ប្រជាកាសែតមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ដើម្បីសាកសួរពីមូលហេតុនៃការផ្អាកជួបជុំអ្នកកាសែតបាននៅឡើយនៅថ្ងៃទី២ ខែមេសា។ 

ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី សង្កេតឃើញថា កន្លងមកជំនួបរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន មិនទាន់មានលទ្ធផលវិជ្ជមានគួរឱ្យកត់សម្គាល់នោះទេ ដោយសារតែមិនមែនជាជំនួបដែលអាចឱ្យអ្នកសារព័ត៌មានបានលើកឡើងពីអ្វីជាបញ្ហាប្រឈម និងការព្រួយបារម្ភរបស់អ្នកសារព័ត៌មាន ដើម្បីឱ្យរដ្ឋាភិបាលលើកសំណើទៅក្រសួងពាក់ព័ន្ធចាត់ចែងដោះស្រាយ និងឆ្លើយតបបញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន។

លោក ណុប វី បញ្ជាក់បន្ថែមថា៖« នេះជាឱកាសដ៏កម្រដោយសារប្រមុខរដ្ឋាភិបាលក្នុងហ្នឹងមានក្រសួងគ្រប់ស្ថាប័នចូលរួម ថ្នាក់ដឹកនាំរដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តីច្រើនចូលរួម សម្រាប់ខ្ញុំទោះជាជំនួបនេះមិនទាន់មានអ្វីជាលទ្ធផល តែជាជំនួបល្អ បើអាចគ្រាន់តែពិនិត្យកែលម្អបន្ថែមទៀត ខ្ញុំថាយើងកាន់តែទទួលអ្វីជាលទ្ធផលចេញពីជំនួបហ្នឹងហើយ»។

កន្លងទៅ រដ្ឋាភិបាលជ្រើសរើសយកថ្ងៃទី៣ ខែឧសភា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំឱ្យមានជំនួបរវាងអ្នកសារព័ត៌មានជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ដើម្បីឱ្យស្របគ្នាជាមួយនឹងការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក។

ក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥» កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បាននិយាយថា ជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ជាឱកាសដ៏សំខាន់ និងមានតម្លៃសម្រាប់អ្នកសារព័ត៌មាន ក្នុងនោះ ក្រសួងក៏បានលើកយកពីបញ្ហាប្រឈម សំណើ និងសំណូមពរមួយចំនួនរបស់អ្នកសារព័ត៌មាន ដាក់ជូននាយករដ្ឋមន្ត្រីពិនិត្យ និងសម្រេច ដោយរំពឹងថា នឹងមានដំណោះស្រាយពាក់ព័ន្ធនឹងកិច្ចការងារមួយចំនួន។

ទោះជាយ៉ាងណា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី ចង់ឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់អ្នកសារព័ត៌មានដែលកំពុងជាប់ពន្ធនាគារ ទទួលរងការប្ដឹងផ្ដល់ ការចោទប្រកាន់ពីតុលាការ ព្រមទាំងការកែលម្អច្បាប់ពាក់ព័ន្ធដូចជាក្រមព្រហ្មទណ្ឌ និងច្បាប់ស្ដីពីរបបសារព័ត៌មានជាដើម។ លើសពីនេះ លោកក៏ស្នើឱ្យរដ្ឋាភិបាលអនុម័តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដែលលោកយល់ថាជាកន្សោម អាទិភាពគួរតែរដ្ឋាភិបាលយកចិត្តទុកដាក់។

ការស្នើនេះដោយសារលោក ណុប វី មើលឃើញថា បច្ចុប្បន្ននេះមានអ្នកសារព័ត៌មានមួយចំនួនកំពុងជាប់ពន្ធនាគារដោយសារតែការអនុវត្តវិជ្ជាជីវៈរបស់ខ្លួូន។ ជាក់ស្តែង សាលាឧទ្ធរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានតម្កល់ការសម្រេចរបស់តុលាការសាលាដំបូងខេត្តសៀមរាប ដែលកាត់ទោសអ្នកសារព័ត៌មាន២រូប គឺលោក ផន សុភាព និងលោក ភាព ភារ៉ា ឱ្យជាប់ពន្ធនាគារចំនួន ១៤ឆ្នាំ ពីបទផ្តល់ព័ត៌មានឱ្យរដ្ឋបរទេសទាក់ទងនឹងការការពារជាតិ ដែលសង្គមស៊ីវិលយល់ថាជាការដាក់ទោសទណ្ឌធ្ងន់ធ្ងរពិបាកទទួលយកបាន៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2155}" data-page="1" data-max-pages="1" data-start="1" data-end="1">