ពលរដ្ឋភៀសសឹកបារម្ភពីបញ្ហាជម្រក ក្រោយភ្លៀងមួយមេមកធ្វើឱ្យលិចលង់តង់ស្នាក់នៅ

សង្គម

ស្ថានភាពទឹកភ្លៀងលិចជំរំភៀសសឹកនៅជាយដែនកម្ពុជាថៃ កាលពីថ្ងៃទី២៧ខែកុម្ភៈ២០២៦។ (រូបភាពផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក)។

ក្រោយភ្លៀងកក់ខែធ្លាក់មកមួយមេ ប្រជាពលរដ្ឋភៀសសឹកនៅតំបន់មួយចំនួនបង្ហាញការព្រួយបារម្ភពីកន្លែងរស់នៅ និងថាវាអាចបង្ករជាការលំបាកពេលមានភ្លៀងលិច ដែលតម្រូវឲ្យពួកគាត់ផ្លាស់ទីលំនៅទីទួលសុវត្ថិភាព ជាពិសេសអាចបង្ករជាជំងឺផ្សេងៗ។

ពលរដ្ឋភៀសសឹកមកពីភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តមមានជ័យ អ្នកស្រីគង់ ចន្ថា និយាយថាភ្លៀងធ្លាក់កក់ខែមួយមេកាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានធ្វើឲ្យលិចតង់ដែលជាជម្រកបណ្ដោះអាសន្នរបស់គ្រួសារអ្នកស្រី ក្នុងជំរុំភៀកសឹកវត្តគោកមន ស្ថិតនៅភូមិគោកមន ស្រុកបន្ទាយអំពិល។ អ្នកស្រីថា អ្នកស្រីកំពុងតែមមាញឹករុះរើរតង់ដែលលិចដោយទឹកភ្លៀង និងត្រូវខ្យល់បក់នាំឲ្យខូចខាត ទៅសាងសង់នៅកន្លែងទីទួលក្បែរនោះ ដើម្បីបញ្ចៀសការជន់លិចម្ដងទៀត។ ម្យ៉ាងទៀតអ្នកស្រីចន្ថា ក៏បារម្ភផងដែរថា ភ្លៀងធ្លាក់អាចបង្ករជាជំងឺផ្សេងៗដល់កូនៗអ្នកស្រី។

អ្នកស្រីថា៖ «យប់មិញភ្លៀងធ្លាក់មួយមេលិចតង់អស់។ ពេលភ្លៀងចឹងព្រួយបារម្ភដែរព្រោះលំបាកខ្លាចផ្គរ រន្ទះ មានកូនតូចៗទៀតខ្លាចប៉ះពាល់សុខភាព។ ណាមួយនៅជំរុំគ្នាច្រើនចឹង ខ្លាចតែមេរោគផ្សេងៗដែលទឹកវាលិច»។

អ្នកស្រីបន្ថែមថា៖ «ចង់បានជាជំនួយមានកន្លែងស្នាក់នៅសមរម្យ នៅផ្ទាល់នឹងដីលិចទឹកពិបាកណាស់ ព្រោះខែនេះមានភ្លៀង។ ចង់បានជម្រកបណ្ដោះអាសន្នមួយ ណាមួយមានកូនតូច ហើយខែវស្សាក៏ជិតមកដល់ដែរ»។

ចំណែកឯ ពលរដ្ឋភៀសសឹកមកពីភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អ្នកស្រី នង ពៅ និយាយថាអ្នកស្រីក៏មានការព្រួយបារម្ភដែរចំពោះភ្លៀងធ្លាក់ដែលអាចកើតឡើងឆាប់ ព្រោះអាកាសធាតុហាក់មិនអំណោយផល ខណៈមេឃមានពពកខ្មៅៗ។ អ្នកស្រីថា អ្នកស្រីបានទិញឈើជាដើមប្រេងខ្យល់ ដើម្បីត្រៀមក្នុងការទប់ទល់នឹងករណីខ្យល់ខ្លាំង ឬក៏ភ្លៀងដែលអាចធ្វើឲ្យជន់លិចតង់ដែលជាទីជម្រកបណ្ដោះអាសន្នរបស់អ្នកស្រី។
អ្នកស្រីថា៖ «ព្រួយខ្លាំងហ្មង ព្រោះបើមានខ្យល់អីដឹងតែទប់មិនជាប់ព្រោះតង់យើងស្ដើៗ ភ្ជាប់ដែកបន្តិចៗចឹងនឹង។ ណាមួយភ័យជាងគេអាពេលទឹកលិចមក កំពុងតែជជែកគ្នារកទិញឈើយកមកវាយថែម។ ដឹងគិតមិច យើងមានជម្រករៀងៗខ្លួនហើយតែ បើមានភ្លៀងខ្យល់មកមានតែគិតទៀត»។ 

អ្នកស្រីបន្ថែមថា៖ «ព្រួយខ្លាចភ្លៀងធ្លាក់ ក្មេងៗក៏អាចឈឺ។ ខ្លាចលិចកន្លែងរស់នៅ តែវូរមកតែប៉ើងហើយលិចទាំងអស់»។

អភិបាលរងខេត្តឧត្តរមានជ័យ លោក ម៉េត មាសភក្តី ថ្លែងប្រាប់ប្រជាកាសែតថា អាជ្ញាធរខេត្តមិនទាន់ទទួលបានដំណឹងពីតំបន់ដែលរងផលប៉ះពាល់ដោយសារទឹកភ្លៀងទេ។ យ៉ាងណាលោកថា អាជ្ញាធរនឹងចុះត្រួតពិនិត្យ តំបន់ទាំងនោះករណីមានភ្លៀងធ្លាក់។

ទិន្នន័យក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា ចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៦ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ លាយឡំខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួន ដែលជះឥទ្ធិពលពីរបបខ្យល់មូសុងឦសាន។
នាយកប្រតិបត្តិអង្គការសង់ត្រាល់ លោក មឿន តុលា លើកឡើងថា ភ្លៀងធ្លាក់ជាករណីធម្មជាតិដែលពលរដ្ឋត្រូវត្រៀមដែរ ព្រោះវាអាចធ្វើប៉ះពាល់ទីជម្រករបស់ពួកគាត់។ លោកថា រដ្ឋាភិបាលគួររកទីតាំងមានទីទួលសម្រាប់សាងសង់ជម្រកបណ្ដោះអាសន្នបញ្ជៀសបញ្ហាពេលភ្លៀងធ្លាក់។ លោកបន្ថែមទៀតថា ភ្លៀងធ្លាក់ក្នុងរដូវប្រាំងក៏អាចបង្ករជាជម្ងឺដែលប្រជាពលរដ្ឋងាយរងផលប៉ះពាល់ដែរ។

លោកថា៖ «ជាបណ្ដោះអាសន្ននេះដោយសារវាជាបាតុភូតធម្មជាតិអីចឹងយើងគួរតែរកទីតាំងណាទីទួលណាខ្ពសើមិនលិចនៅក្នុងជំរុំ។ ពេលភ្លៀងលិចហើយតង់ទប់មិនជាប់ទេ អីចឹងប្រហែលរដ្ឋពិចារណារកមធ្យោបាយមួយចំនួនដែលឲ្យវាផុតពីទឹក ផុតពីភ្លៀង ចំណុតទី១។ ចំណុចទី២ អ្វីដែលបារម្ភជាងគែនឹងធម្មតាភ្លៀងខែប្រាំងភាគច្រើនគឺធ្វើឲ្យមនុស្សឈឺ។ វាកំពុងក្ដៅ ហើយចំហាយចេញពីដីមក សត្វមាន់ សត្ចអីក៏វាងាប់។ អីចឹងអ្នកដែលងាយគ្រោះជាងគេ ដូចជាកុមារ ដូចជាស្ត្រីមានផ្ទៃពោះ ហើយនឹងស្ត្រីចាស់ជរា បុរសចាស់ជរា»។

ក្នុងគ្រាលំបាកនេះ លោកតុលា អំពាវនាវឲ្យរដ្ឋាភិបាលដាក់បញ្ចូលពលរដ្ឋដែលជាជនភៀសសឹក ឱ្យទទួលបាន ប្រព័ន្ធសន្តិសុខសង្គម ឬ ជំនួយសង្គម ដូចជា ប័ណ្ណក្រីក្រ ឬកញ្ចប់ថវិការ ដើម្បីឱ្យពួកគាត់ អាចទទួលបានជំនួយជាសាច់ប្រាក់ សេវាថែទាំសុខភាព និងសេវាសង្គម ផ្សេងៗ ដោយឥតគិតថ្លៃដើម្បីសម្រួលជីវភាព។ 

លោកថា៖ «ជាដំណោះស្រាយបញចូលគាត់ចូលក្នុងកម្មវិធីជំនួយសង្គមដែលគាត់អាចបានប្រាក់ឧបត្ថម្ភមួយចំនួនពីរដ្ឋអីចឹង ហើយនឹងការថែទាំជម្ងឺ សុខភាពអីដោយឥតគិតថ្លៃ»។
យោងតាមក្រសួងមហាផ្ទៃ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ ជនភៀសសឹកបន្ថែមចំនួន ១៤៥៤នាក់បានចាកចេញពីជំរំសុវត្ថិភាព ត្រឡប់ទៅផ្ទះសម្បែងវិញ។ សរុមមកជនភៀសសឹកចំនួន ៥សែន៨មឺុននាក់ ស្មើនឹង៩០ភាគរយ បានត្រឡប់ទៅផ្ទះសម្បែងវិញ ខណៈពលរដ្ឋភៀសសឹកចំនូួន៦៥ ១៧៤ នាក់ទៀតនៅបន្តស្នាក់នៅតំបន់ភៀសសឹក ក្នុងនោះស្ត្រីមានចំនួន ៣៤ ៣៣៨នាក់ និងកុមារចំនួន២១ ៧៩៣នាក់៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1677}" data-page="1" data-max-pages="1" data-start="1" data-end="1">