ពលរដ្ឋភៀសសឹកស្ងប់ចិត្តពេលលឺ រដ្ឋាភិបាលអះអាងថា ការរៀបចំដី និងផ្ទះឱ្យរស់នៅបណ្ដោះអាសន្នមិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់ពួកគាត់ដែលទាហានថៃកំពុងហ៊ុំព័ទ្ធយក នៅតាមតំបន់ព្រំដែន។
ការលើកឡើងបែបនេះ គឺបន្ទាប់ពីរដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញសេចក្ដីប្រកាសកាលពីថ្ងៃ២៣ ខែមីនា ឆ្នាំ២០២៦ ឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងរៀបចំដីធ្លីជាគម្រោងរបស់សមាគមអតីតយុទ្ធជន ដើម្បីសាងសង់ផ្ទះសម្រាប់ផ្តល់ជូនពលរដ្ឋដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងតំបន់ហ៊ុំព័ទ្ធនោះ ឱ្យបានទៅរស់នៅជាបណ្តោះអាសន្ន។ ផ្ទះបណ្ដោះអាសន្ននោះស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លើផ្ទៃដីទំហំ៤០០ហិកតា។
អាជ្ញាធរអះអាងថា សម្រាប់ទីតាំងជម្រកស្នាក់នៅបណ្តោះអាសន្ននេះ ត្រូវបានអាជ្ញាធររៀបចំសាងសង់ឱ្យមានជាសាលារៀន មណ្ឌលសុខភាព ទីស្នាក់ការសន្តិសុខជាដើម សម្រាប់បម្រើសេវាជូនពលរដ្ឋភៀសសឹក។
អ្នកស្រី គឹម សារ៉ាន់ អាយុ ៤៧ឆ្នាំ មុខរបរជាអ្នកលក់ដូរទំនិញបោះដុំ មានកូនប្រុសស្រី៣នាក់ គឺជាពលរដ្ឋភៀសសឹកមួយរូប ដែលមកពីភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ អ្នកស្រីបានភៀសខ្លួនមករស់នៅជំរុំភៀសសឹកនៅក្នុងវត្តតាមការចាត់ចែងរបស់អាជ្ញាធរមូលដ្ឋានអស់ជាច្រើនខែមកហើយចាប់តាំងពីសង្រ្គាមថៃឈ្លានពានកម្ពុជាលើកទីមួយមកម្ល៉េះ ដោយពុំទាន់បានត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនម្ដងឡើយ។
អ្នកស្រីបានឱ្យដឹងថា បច្ចុប្បន្ននេះ អ្នកស្រីពុំទាន់បានទៅរស់នៅក្នុងជម្រកស្នាក់នៅបណ្តោះអាសន្នដែលរដ្ឋាភិបាលបានរៀបចំជូនស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេកនៅឡើយទេ។
ទោះជាយ៉ាងណា ពលរដ្ឋភៀសសឹករូបនេះ មានអារម្មណ៍សប្បាយចិត្តពេលអាជ្ញាធរអះអាងថា ការរៀបចំឱ្យជនភៀសសឹករស់នៅស្រុកស្វាយចេក គ្រាន់តែជាការរស់នៅបណ្តោះអាសន្ន មិនមែនជាថ្នូរដោះដូរដីជាមួយថៃ ដោយរង់ចាំឱ្យរាជរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៃចប់ ពលរដ្ឋភៀសសឹកទាំងអស់នឹងត្រូវវិលត្រឡប់ទៅរស់នៅលើទីតាំងលំនៅឋានរបស់ខ្លួនវិញ។
បែបនេះក្ដី អារម្មណ៍នឹករលឹកដល់ផ្ទះសម្បែងនៅតែមាន និងចង់ឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាជាមួយថៃឱ្យបានឆាប់ ហើយបានត្រឡប់ទៅផ្ទះបន្តការរកស៊ីរបស់ខ្លួនវិញ។ អ្នកស្រីប្រាប់ថាផ្ទះដែលយោធាថៃហ៊ុំព័ទ្ធ និងដាក់ទូរកុងតឺន័រនោះ គឺអ្នកស្រីនិងគ្រួសាររស់នៅអស់រយៈពេល២៥ឆ្នាំ ហើយការរស់នៅជំរុំភៀសសឹកនាពេលបច្ចុប្បន្ននេះទៀតសោត ពុំស្រណុកដូចផ្ទះដែលធ្លាប់រស់នៅឡើយ។ អ្នកស្រីថា នៅជម្រកជនភៀសសឹកអ្នកស្រីជួបការលំបាកច្រើនជាពិសេសបញ្ហាការប្រែប្រួលអាកាសធាតុ រស់នៅក្នុងតង់មានសភាពចង្អៀត កង្វះម្ហូបអាហារ ពិបាកបញ្ហាទឹក ភ្លើង សម្រាប់ប្រើប្រាស់ និងបន្ទប់ទឹកជាដើម។
អ្នកស្រីនិយាយថា៖«ខ្ញុំចង់ទៅនៅដីរបស់ខ្ញុំវិញ តែធ្វើយ៉ាងម៉េចបើពេលនេះតម្រូវឱ្យនៅទីនេះសិនហើយខ្ញុំក៏ចង់ទៅនៅផ្ទះរបស់ខ្ញុំ ព្រោះធ្លាប់តែរស់នៅផ្ទះរបស់យើងមានក្ដីសុខ»។
ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារយោធាថៃហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រយកដីធ្លី ផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបាន មានដូចជាភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូរបំបែក និងភូមិបន្ទាយមានឬទ្ធិ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
បច្ចុប្បន្ន ចំពោះពលរដ្ឋដែលរងផលប៉ះពាល់ដោយសារយោធាថៃហ៊ុព័ទ្ធផ្ទះសម្បែង ដែលមិនអាចចូលទៅរស់នៅក្នុងទីតាំងភូមិទាំង៦ខាងលើ រាជរដ្ឋាភិបាលកំពុងដំណើរការសាងសង់ផ្ទះបានមួយចំនួន និងផ្តល់ជូនសម្រាប់ជនភៀសសឹក ដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងតំបន់ហ៊ុំព័ទ្ធចូលទៅរស់នៅជាបណ្តោះអាសន្នជាជំហានដំបូងតាមរយៈការចាប់ឆ្នោត។ ជាលទ្ធផល កាលពីពេលថ្មីៗនេះ ពលរដ្ឋភៀសសឹកប្រមាណ ៨០០គ្រួសារ មកពីតំបន់បឹងត្រកួន ក៏បានបន្តមករស់នៅក្នុងជម្រកបណ្តោះអាសន្ន ដែលរដ្ឋាភិបាលសាងសង់រួចជាជំហានទី១ ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេកផងដែរ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានរៀបរាប់ថា ការអះអាងរបស់រដ្ឋាភិបាលថា ការរស់នៅបណ្ដោះអាសន្នមិនមែនជាថ្នូរដោះដូរដីជាមួយថៃ ពិតជាត្រឹមត្រូវ ពីព្រោះដីរបស់ពួកគាត់ដែលជាជនភៀសសឹកនៅតាមព្រំដែនត្រូវបានភាគីថៃរឹបអូស ហើយពុំមានផ្ទះសម្បែងស្នាក់នៅ។ លោកថា ក្នុងនាមជារដ្ឋត្រូវមានការទទួលខុសត្រូវចំពោះពលរដ្ឋ ដោយត្រូវផ្ដល់ជម្រកដល់ពួកគាត់។ លោកយល់ថា កម្ពុជានៅមានលទ្ធភាពដោះស្រាយដីជូនពួកគាត់ ទីមួយគឺដីសម្រាប់ឱ្យស្នាក់នៅបណ្ដោះអាសន្ន និងទីពីរដីសម្រាប់ប្រកបរបរអាជីវកម្ម ឬដីធ្វើកសិកម្មបណ្ដោះអាសន្ន។
លោកបន្ថែមថា ប្រសិនបើការដោះស្រាយរបស់រដ្ឋាភិបាលជាមួយភាគីថៃអាចអូសបន្លាយក្នុងរយៈពេលយូរ យ៉ាងហោចណាស់អាចឱ្យពួកគាត់មានជម្រក និងដីសម្រាប់ប្រកបរបរបណ្ដោះអាសន្ន គឺអាចជួយសម្រាលទុក្ខលំបាកពលរដ្ឋភៀសសឹក ចៀសវាងកុំឱ្យប៉ះពាល់ដល់ផ្លូវចិត្តពួកគាត់ធ្ងន់ធ្ងរ ពីព្រោះពួកគាត់បានបាត់បង់ផ្ទះសម្បែង មុខរបរដែលធ្លាប់រកស៊ីដោយកម្លាំងញើសឈាម កន្លែងដែលធ្លាប់រស់នៅសុខស្រួលរាប់សិបឆ្នាំមកហើយ។
លោក យង់ គិមអេង យល់ថា៖«ការដោះស្រាយនេះមិនមែនឆាប់ទេ អាចនឹងប្រើរយៈពេលយូរ ដូច្នេះហើយរដ្ឋាភិបាលគួរតែប្រើប្រាស់យន្តការជាតិ និងអន្តរជាតិ ព្រោះមានតែជម្រើសនេះទេទើបអាចមានសង្ឃឹមក្នុងការដោះស្រាយរឿងហ្នឹងឱ្យបានឆាប់»។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បានគូសបញ្ជាក់ថា ការផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺជាការគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងបរិស្ថាន និងសុខុមាលភាព តែមិនមែនមានន័យថា រាជរដ្ឋាភិបាល បោះបង់សិទ្ធិទាមទារទឹកដីនោះឡើយ។ លោកសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល មានជំហរម៉ឺងម៉ាត់ និងដាច់ខាតក្នុងការការពារបូរណភាពទឹកដី ហើយកំពុងធ្វើការងារនេះយ៉ាងសកម្មតាមយន្តការការទូតដោយសន្តិវិធីដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ៕







