រដ្ឋសភាអនុម័តជាឯកច្ឆន្ទ នូវសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

សង្គម

(សភាពេញអង្គបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី៣០ខែមីនា២០២៦)រូបភាព សារព័ត៌មានក្នុងស្រុកផ្សាយតាមហ្វេសប៊ុក។

រដ្ឋសភាកម្ពុជានៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានប្រជុំអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្នុងសំឡេង ១១២ លើ១១២ សំឡេង នៃសមាជិករដ្ឋសភាទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំ។ 

ការអនម័តនេះ ធ្វើឡើងក្នុងសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ក្រោមវត្តមានប្រធានរដ្ឋសភា អ្នកស្រី ឃួន សុដារី។ 

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមាន៥ជំពូក និង២៤មាត្រា ត្រូវបានទីស្តីការគណៈរដ្ឋមន្រ្តីអនុម័តកាលពីថ្ងៃទី១៣ ខែមីនា ។ រដ្ឋាភិបាលបានអះអាងថា សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិ និងអន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងច្បាប់ នៃបណ្តាប្រទេសមួយចំនួន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តស្របតាមស្តង់ដាជាអន្តរជាតិ។

បើតាមរដ្ឋាភិបាល សេចក្តីព្រាងច្បាប់នេះ ក៏បង្កើតឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។

ប្រសិនបើត្រូវបានប្រកាសឱ្យប្រើ កម្ពុជាគឺជាប្រទេសដំបូងគេក្នុងតំបន់ដែលមានច្បាប់ព្រហ្មទណ្ឌពិសេសបែបនេះ។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក កើត រិទ្ធ អះអាងប្រាប់សារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះថា ច្បាប់នេះ នឹងមានការដាក់ទោសទណ្ឌធ្ងន់ធ្ងរចំពោះជនល្មើសរហូតដល់ជាប់ពន្ធនាគារអស់មួយជីវិត ចំពោះបទល្មើសរៀបចំ និងដឹកនាំមជ្ឈមណ្ឌលឆបោក ជាពិសេសប្រសិនបើមានបទល្មើសផ្សេងទៀតដូចជា ចាប់ជំរិត ឬសម្លាប់មនុស្សកើតឡើង។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានរៀបចំឡើងស្របពេលអាជ្ញាធរកំពុងធ្វើសកម្មភាពចុះបង្រ្កាបទីតាំងឆបោកអនឡាញនៅស្ទើរទូទាំងប្រទេស។ រដ្ឋាភិបាលប្តេជ្ញាថានឹងបង្រ្កាបបទល្មើសនេះឱ្យអស់នៅក្នុងខែមេសា និងអាចបន្តជាហូរហែដោយគ្មានការលើកលែង។ ទោះជាយ៉ាងណា ពលរដ្ឋនៅតែទទូចឱ្យរដ្ឋាភិបាលអនុវត្តការបង្រ្កាបអំពើឧក្រិដ្ឋកម្មឆបោកតាមអនឡាញឱ្យដល់ឫសគល់ដើម្បីស្តារមុខមាត់ប្រទេសកម្ពុជា ព្រមទាំងទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរចូលមកប្រទេសកម្ពុជា៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2069}" data-page="1" data-max-pages="1" data-start="1" data-end="1">