អ្នកបើកឡានបុកសម្លាប់មនុស្ស៥នាក់ រួមទាំងកូនក្នុងផ្ទៃម្នាក់ នៅមោងឬស្សីបានចូលខ្លួនបំភ្លឺនៅស្នងការនគរបាលខេត្តបាត់ដំបងហើយ នៅរសៀលថ្ងៃទី០១ខែមេសា២០២៦។នេះបើតាមការបញ្ជាក់របស់ស្នងការនគរបាលខេត្តបាត់ដំបង។
សេចក្ដីប្រកាសព័ត៌មានរបស់ស្នងការនគរបាលខេត្តបាត់ដំបងលើកឡើងថា ៖«ដោយមានការសហការពីក្រុមគ្រួសាររបស់ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋជាមួយសមត្ថកិច្ចនគរបាល នាវេលាម៉ោង១៥និង៤៥នាទីរសៀល ។ពួកគាត់បាននាំខ្លួនឈ្មោះស៊ីវជ័យសិដ្ឋ មកប្រគល់ឱ្យសមត្ថកិច្ចស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៥ ចំណុចភូមិកកោះ ស្រុកមោងឬស្សីខេត្តបាត់ដំបង»។
កាលពីព្រឹកថ្ងៃទី១ខែមេសា អ្នកនាំពាក្យស្នងការខេត្តបាត់ដំបងលោក អិន កុសល ថ្លែងថា នគរបាលគ្រោងកសាងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្ស៥ស្លាប់និងកូនក្នុងផ្ទៃម្នាក់ ទៅស្ថាប័នអយ្យការខេត្ត ក្នុងពេលឆាប់ៗ ។
លោក និយាយថា៖ «សមត្ថកិច្ចនគរបាលនឹងរៀបចំសំណុំរឿងនេះ ដាក់ទៅអយ្យការនៃសាលាដំបូងខេត្តបាត់ដំបង ដើម្បីឱ្យចេញជាលិខិតឬដីកា ដើម្បីយើងបន្តអនុវត្តបន្តទៀត»។
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្ដាលឱ្យមនុស្សស្លាប់ចំនួន៥នាក់និងទារកក្នុងផ្ទៃម្នាក់ ។ បន្ទាប់មក សមត្ថកិច្ច ក៏បានរកឃើញថា ជនសង្ស័យម្ចាស់រថយន្ត ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលគេស្គាល់ថា ជាកូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យមួយរូប ជាអ្នកបង្កគ្រោះថ្នាក់នេះឡើង ដោយបើកបរលើសល្បឿនកំណត់ ប៉ុន្តែសមត្ថកិច្ចមិនអាចបញ្ជាក់អំពីការបើកបរក្នុងស្ថានភាពស្រវឹងបានទេ ដោយសារជនបង្កបានគេចចេញពីទីតាំងកើតហេតុ។
អនុប្រធានគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន សង្កេតឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍ប៉ុន្មានលើកហើយ នៅពេលដែលពាក់ព័ន្ធនឹងកូនៗរបស់មន្រ្តីជាន់ខ្ពស់ ភាគច្រើនមានការក្លែងអត្តសញ្ញាណ ដែលលោកយល់ថា ករណីនេះអាចនឹងធ្វើឱ្យពលរដ្ឋបាត់ទំនុកចិត្តលើការអនុវត្តរបស់សមត្ថកិច្ច។
លោក និយាយថា៖ «ខ្ញុំឃើញករណីប៉ុន្មានហើយដែលធ្វើឱ្យប្រជាពលរដ្ឋបាត់ទំនុកចិត្ត ជាពិសេសស្ថាប័នមានសមត្ថកិច្ចច្រើនតែបន្លំចេះចុះ។ ឱ្យតែពាក់ព័ន្ធកូនអ្នកធំ កូនអ្នកមាន ឬក៏ខ្លួនឯងជាមន្រ្តី ច្រើនតែមានភាពបន្លែបន្លំដែលធ្វើឱ្យបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋ»។
លោក បន្តថា៖ «ករណីនេះខ្ញុំមិនដឹងយ៉ាងម៉េចដែរ បុកមនុស្សស្លាប់៥ទៅ៦នាក់ ហើយអត់មានវិធានការអីភ្លាមៗ»។
ជុំវិញករណីនេះ កាលពីថ្ងៃអង្គារ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិ នាំអ្នកបើករថយន្ត «ពិតប្រាកដ» ដែលបុកមនុស្សស្លាប់ទាំង៦នាក់ មកកាត់ទោសតាមច្បាប់ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា បានណែនាំឱ្យលោកស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចដើម្បីនាំខ្លួនកូនប្រុសដែលជាជនសង្ស័យ មកទទួលខុសត្រូវចំពោះមុខច្បាប់ និងបញ្ជាឱ្យដាក់ឈ្មោះជនសង្ស័យក្នុងបញ្ជីខ្មៅមិនឱ្យចាកចេញពីប្រទេស៕







