ម្ចាស់ចម្ការទុរេននិងសមាគមទុរេន អំពាវនាវឱ្យអាជ្ញាធររឹតបន្តឹងការនាំចូលទុរេនពីប្រទេសជិតខាង

អភិបាលកិច្ច

(ផ្លែទុរេនខ្ចី នៅលើដើមក្នុងចម្ការស្រុកសំឡូតខេត្តដំបង (រូបភាពថតដោយម្ចាស់ចម្ការទុរេនថតនៅដើមខែឧសភា២០២៦ដែលបង្ហាញថាទុរេនមិនទាន់ទុំនៅឡើយ)។

ម្ចាស់ចម្ការទុរេនមួយចំនួន និងសមាគមទុរេនកម្ពុជា អំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធរឹតបន្តឹង ការនាំចូល និងការចែកចាយទុរេននៅទីផ្សារ ពិសេសចាត់វិធានការចំពោះការបន្លំទីតាំងភូមិសាស្ត្រដាំទុរេន។ការអំពាវនាវនេះកើតឡើង បន្ទាប់ពីមានបាតុភាពករណីអាជីវករខ្មែរនាំចូលទុរេនពីប្រទេសថៃ ហើយប្រកាសប្រាប់គេថាទុរេនខ្មែរ រហូតមានចំណាត់ការពីសមត្ថកិច្ចនគរបាលនិងមន្ត្រីក្រសួងពាណិជ្ជកម្ម ។ 

ម្ចាស់ចម្ការធុរេននៅសំឡូតខេត្តបាត់ដំបង អ្នកស្រី ឯក សិទ្ធិ បានបញ្ជាក់ថា ទុរេនក្នុងតំបន់របស់គាត់ត្រូវរង់ចាំដល់ពាក់កណ្តាលខែឧសភា ទើបចាប់ផ្តើមទុំបណ្ដើរៗ។ អ្នកស្រីបានបន្ថែមថា ចម្ការរបស់អ្នកស្រីគឺដាំប្រភេទទុរេន ពូជម៉ាន់ថង ក្នុងមួយឆ្នាំចម្ការរបស់អ្នកស្រីអាចផលិតបានប្រមាណ ៣ ទៅ ៥ តោន ។

អ្នកស្រី បានអំពាវនាវឱ្យអាជ្ញាធរត្រួតពិនិត្យប្រភពទុរេនឲ្យបានច្បាស់លាស់ ជាពិសេសនៅតាមច្រកព្រំដែន និងទីផ្សារ ដើម្បីធានាថាផលិតផលមានប្រភពត្រឹមត្រូវ។

អ្នកស្រីលើកឡើងថា៖ «ចង់ឲ្យអាជ្ញាធរ គាត់រឹតបន្តឹងដូចថាទុរេន ដូចអ្នកឈ្មួញលក់ដំបូងៗ អីចឹង គួរតែរឹតបណ្តឹងសួរថា បានទុរេនមកពីណា ដល់ពេលខុសរដូវមុនគេ។ តាមច្រកព្រំដែនសួរឈ្មួញលក់នឹង ទុរេននឹងបានប្រភពមកពីណាចង់បញ្ជាក់ចម្ការច្បាស់លាស់ ប្រភពគាត់នាំចូលនឹងពីខាងណា ពីខាងចម្ការឲ្យគាត់ជាក់លាក់ចម្ការរបស់អ្នកណា ឬក៏ស្រុកអីឃុំអីឲ្យគាត់មានអំណះអំណាងច្បាស់លាស់»។

ស្រដៀងគ្នា ម្ចាស់ចម្ការទុរេន នៅស្រុកសំឡូត ខេត្តបាត់ដំបង អ្នកស្រី ជា ជឿន ម៉ីម៉ី បានបញ្ជាក់ដូចគ្នាថា ទុរេនពូជម៉ាន់ថង នឹងចាប់ផ្តើមសម្បូរនៅចន្លោះពាក់កណ្តាលខែឧសភា ដល់ខែមិថុនា។ អ្នកស្រីបន្ថែមថា បើសិនជា មានលក់នៅទីផ្សាគឺមានតែ ពូជមូសាំងឃីងដែលមានបន្តិចបន្តួចនៅទីផ្សាស្រុកសំឡូត ។

អ្នកស្រីបានបញ្ជាក់ថា៖ «មាំងថននៅខ្ទង់ថ្ងៃទី ១០ មានឡើងតិចៗដោយចម្ការ ប៉ុន្តែដល់ថ្ងៃទី២០ជាងអីឡើងចាប់ផ្តើមមាន រាងច្រើន»។

លេខាប្រតិបត្តិនៃសមាគមទុរេនកម្ពុជា លោក រឿន រតនា បានអះអាងថា ទុរេននៅសំឡូតទុំយឺតជាងតំបន់ផ្សេងៗ ដោយសារកត្តាអាកាសធាតុ និងការប្រែប្រួលបរិស្ថាន។ សមាគមបានអំពាវនាវដល់អាជ្ញាធរ និងមន្ត្រីកាំកុងត្រូល ឲ្យរឹតបន្តឹងការត្រួតពិនិត្យការនាំចូលធុរេន ពិសេសផលិតផលដែលមិនមានប្រភពច្បាស់លាស់ ឬអាចប៉ះពាល់ដល់សុខភាព។

លោកឡើងថា៖ «យើងក៏មានអីគឺយើងមានតែការស្នើសុំក៏ដូចជាការអំពាវនាវដល់មន្ត្រីកាំកុងត្រូលដែលប្រចាំការនៅតាមច្រកនីមួយៗ សូមលោកមេត្តារឹតបន្តឹងអំពីច្បាប់ទម្លាប់នៃការនាំចូលមកសុំឲ្យមានការពិនិត្យអីត្រឹមត្រូវមុននឹងនាំចូល។
លោកបន្តថា៖ «បើឃើញថាវាមានបញ្ហាប៉ះពាល់សុខភាពអ្វីសូមមេត្តាបិទទៅបាន ហេមួយទៀតពាក់ព័ន្ធនឹងអាជីវករក៏ដូចជាអ្នកដែលបរិភោគផ្ទាល់ សូមស្នើដល់អាជីវករកុំគិតអំពីប្រយោជន៍ខ្លួនឯងហើយធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពប្រជាពលរដ្ឋ»។

នៅដើមខែឧសភា នេះ មានករណីពាក់ព័ន្ធនឹងការនាំចូលទុរេនពីប្រទេសថៃ បានក្លាយជាប្រធានបទក្តៅលើបណ្ដាញសង្គម បន្ទាប់ពីមានការចែករំលែកសារសំឡេងរបស់ស្ត្រីម្នាក់នៅខេត្តបាត់ដំបង ដែលអះអាងពីសកម្មភាពទិញ និងដឹកជញ្ជូនធុរេនពីក្រៅប្រទេសចូលមកកម្ពុជា។ ករណីនេះបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសាធារណជន និងអ្នកពាក់ព័ន្ធ ពិសេសនៅពេលដែលទុរេនជាផលិតផលកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងពីអាជ្ញាធរ។
យោងតាមសេចក្តីបំភ្លឺរបស់សាខាអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីជំនាញបានចុះត្រួតពិនិត្យទីតាំងលក់ទុរេន និងរកឃើញថា ផលិតផលភាគច្រើនមានប្រភពពីតំបន់ក្នុងស្រុក និងតាមការបញ្ជាទិញតាមអនឡាញ ដោយមិនមានវិក័យបត្រច្បាស់លាស់។

នៅក្នុងសេចក្តីបំភ្លឺនេះលើកឡើងថា៖ «បានសាកសួរពីប្រភព ទុរេនដែលនាំចូលមកលក់នៅផ្សារភូពុយ គឺមានប្រភពមកពីបែកអន្លូង ស្ទឹងត្រង់ មេមត់ ខេត្តកំពង់ចាម ផ្សារ នាគមាស ផ្សារដើមគរថ្មី រាជធានីភ្នំពេញ និងបានបញ្ជាទិញទុរេនតាមរយៈទូរស័ព្ទ ប្រព័ន្ធទំនាក់ទំនងសង្គម (Facebook, Telegram) ដោយពុំមានវិក័យបត្រទិញ-លក់ ហើយក៏អត់មានទិញពីឈ្មួញ ឬអ្នកនាំចូល ទុរេនពីថៃនោះទេ»។

ជាមួយគ្នានេះនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២៦ នេះអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក៏បានចេញសេចក្តីជូនដំណឹងអំពាវនាវឲ្យមានការរឹតបន្តឹងការនាំចូល និងចែកចាយផលិតផល ដែលមានប្រភពមិនច្បាស់លាស់ ឬអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ 

ប្រភពដដែលបន្តថា អាជ្ញាធរបានស្នើឲ្យអាជីវករ និងអ្នកប្រើប្រាស់ចូលរួមសហការ ដោយជៀសវាងផលិតផលសង្ស័យ និងគោរពតាមគោលការណ៍សុវត្ថិភាពអាហារ ដើម្បីការពារសុខុមាលភាពសាធារណៈ។
សេចក្តីជូនដំណឹងនេះលើកឡើងថា៖ «ចំពោះពាណិជ្ជករ អាជីវករជាអ្នកនាំចូល លក់ និងចែកចាយ៖ មិនត្រូវនាំចូល លក់ ចែកចាយ ផ្គត់ផ្គង់ នូវ ផលិតផលទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ឬកែច្នៃលួចលាយសារធាតុដែលអាចបង្កគ្រោះថ្នាក់ដល់ សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ ឬផលិតផលទំនិញជាប់បម្រាមនាំចូល ឬផលិតផលមានប្រភពមិន ច្បាស់លាស់ ឬផលិតផលមិនមានភាពអនុលោម ជាដាច់ខាត និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ សុវត្ថិភាពផលិតផល ជាពិសេសផលិតផលម្ហូបអាហារ ជាអាទិ៍ លក្ខខណ្ឌទុកដាក់ កត្តាអនាម័យ ការវេចខ្ចប់ ការដឹកជញ្ជូន ការចែកចាយ និងការផ្គត់ផ្គង់»។

បន្ទាប់ពីមានការចែកចាយព័ត៌មានលក់ទុរេនថៃនេះ អាជ្ញាធរពាក់ព័ន្ធនាថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៦ បានចូលរួមស្រាវជ្រាវ ដោយអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានផ្សព្វផ្សាយលើបណ្តាញសង្គម បានបញ្ជាក់ថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «អា ឡែន»បានចូលខ្លួនមកបំភ្លឺ ហើយទទួលស្គាល់ថាបានទិញទុរេនពីប្រទេសថៃប្រមាណ ២,០០០ គីឡូក្រាម ក្នុងរយៈពេលពីខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២៦ ដើម្បីផ្គត់ផ្គង់តាមការបញ្ជាទិញ។

អាជ្ញាធរលើកឡើងថា៖ «លទ្ធផលនៃការសាកសួរនិងបំភ្លឺបានឱ្យដឹងថា គាត់ជាម្ចាស់គណនីឈ្មោះ អា ឡែន មានឈ្មោះពិតគឺ ឈ្មោះលឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំរស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង គាត់បន្តថាសារសម្លេងដែលបែកធ្លាយនៅតាមបណ្តាញសង្គមរឿងទិញ លក់ផ្លែទុរេនពីប្រទេសថៃនាប៉ុន្មានថ្ងៃ កន្លងមកនេះគឺជាសម្លេងរបស់គាត់ដែលបានទំនាក់ទំនងជាមួយអ្នករកស៊ីទិញផ្លែទុរេនពិតមែន»។

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបញ្ជាក់ថាខ្លួនកំពុងបន្តស្រាវជ្រាវបន្ថែម ដើម្បីកំណត់អ្នកពាក់ព័ន្ធ និងអនុវត្តតាមនីតិវិធីច្បាប់៕

អភិបាលកិច្ច","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2453}" data-page="1" data-max-pages="1" data-start="1" data-end="1">