គ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅឫស្សីកែវទទូចឱ្យសមត្ថកិច្ចស្វែងរកយុត្តិធម៌

សង្គម

ជនសង្ស័យពីរនាក់ដែលត្រូវស្នងការនគរបាលហៅសួរចម្លើយក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានរៀបរាប់ក្នុងអត្ថបទខាងលើ។ (រូ​បភាពផ្សាយដោយស្នងការរាជធានី២០មីនា២០២៦)។

បងប្រុសរបស់ក្មេងប្រុសរងគ្រោះថ្នាក់ដោយរថយន្តបុកនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយស្វែងរកយុត្តិធម៌ក្រោយប្អូនប្រុសគាត់រងរបួសធ្ងន់ និងកំពុងសម្រាកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ បណ្តាលឱ្យក្មេងប្រុសឈ្មោះ ថា ឧត្តម វ័យ១២ឆ្នាំ រងរបួសធ្ងន់។ គ្រោះថ្នាក់នេះបង្កដោយរថយន្តដែលមានអ្នកបើកបរ និងអ្នករួមដំណើរប្រុសស្រីសរុបចំនួន២នាក់។

បងប្រុសបង្ហើតរបស់ក្មេងប្រុសរងគ្រោះ ថា ឧត្តម គឺលោក ថា ភត្តី អាយុ២១ឆ្នាំ បានប្រាប់ប្រជាការសែតនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ថាប្អូនប្រុសរបស់គាត់កំពុងសន្លប់នៅឡើយ នៅមន្ទីរពេទ្យគុន្ធបុប្ផា។

លោកបញ្ជាក់ថា ករណីនេះលោកបានដាក់ពាក្យបណ្ដឹងទៅកាន់ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ រួចហើយ។

លោកថា៖ «សំណូមពរដល់សមត្ថកិច្ចជួយរកយុត្តិធម៌ឱ្យប្អូន ហើយនិងជួយដោះស្រាយឱ្យប្អូនតាមច្បាប់ ប្អូនចង់បាននូវយុត្តិធម៌ឱ្យប្អូនប្រុស»។

បុរសដែលមានមុខរបរជាអ្នកទិញអេតចាយរូបនេះឱ្យដឹងថា បញ្ហានេះធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារគាត់ និងប៉ះពាល់ដល់សុខភាពម្ដាយគាត់ផង ព្រោះថាម្ដាយដែលមានវ័យជាង៤០ឆ្នាំមានបញ្ហាសុខភាព និងបានវះកាត់ពោះវៀនកាលពីដើមឆ្នាំ២០២៦។

លោកថា៖ «មុនប្អូនកើតហេតុហ្នឹង ម៉ែគាត់ឈឺ វះពោះវៀន កាត់ពោះវៀនបានមួយកង់ដែរ[…]ឥឡូវគាត់កំពុងនៅផ្ទះ សម្រាននៅបន្ទប់ហ្នឹង អត់ចង់ឱ្យគាត់ដឹង ព្រោះអីគាត់ទើបវះពោះវៀនវះអីប៉ះពាល់ដល់គាត់ទៀត[…]ព្រោះអីគាត់ទប់អារម្មណ៍អត់ជាប់ ឱ្យតែជួបមុខប្អូន ជួបមុខបង ជួបមុខពុក គាត់យំ»។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅរសៀលថ្ងៃទី២០ ខែមីនា ថាសមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបាននាំខ្លួនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ ព្រមទាំងអ្នករួមដំណើរសរុបចំនួន២នាក់ទៅសាកសួរតាមច្បាប់។

ប្រភពបន្តថា៖ «បើយោងតាមការបំភ្លឺរបស់ភាគីរថយន្តបង្កបានឆ្លើយចំពោះមុខសមត្ថកិច្ចឲ្យដឹងថាអ្នកបើកបររថយន្តបង្កជាស្រ្តី ដោយមុនពេលកើតហេតុស្រ្តីនោះបានបើករថយន្តចេញពីកន្លែងផឹកស៊ីជាមួយបុរសដែលរួមដំណើរពីហាងមួយកន្លែងក្នុងខណ្ឌសែនសុខ»។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្ថែមថា សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតករណីនេះ និងបញ្ជូនសំណុំរឿងនេះទៅតុលាការនាពេលឆាប់ៗខាងមុខ។

ជុំវិញរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក គង់ រតនៈ សង្កេតឃើញថា តាមព័ត៌មានដំបូងឡើយថាអ្នកបើកបរជាបុរស ក៏ប៉ុន្តែក្រោយមកមានស្ត្រីម្នាក់ចេញមុខទទួលថាខ្លួនជាអ្នកបើកបរ។

លោកថា៖ «ទោះជាយ៉ាងណា សម្រាប់ខ្ញុំ ការបើកបរដែលបង្កគ្រោះថា្នក់អ៊ីចឹង អ្នកដែលបើកបរហ្នឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន»។ 

លោកបន្ថែមថា៖ «អ៊ីចឹងខ្ញុំជឿជាក់ថានឹងមានការស៊ើបអង្កេតបន្ថែម ហើយនិងមានការបញ្ជាក់ព្រោះជៀសវាងថា យើងឃើញហើយថាមានពាក្យសំដីមួយចំនួនដែលគាត់បានពោលឡើង ខ្ញុំបានមើលតាមរយៈសារព័ត៌មានដែរទេ គាត់ថាដូចជាការស្លាប់ដោយបង់លុយ២ម៉ឺន បញ្ចប់រឿងអីជាដើមហ្នឹង វាជាការប្រមាថមើលស្រាលជីវិតមនុស្ស»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1996}" data-page="1" data-max-pages="1" data-start="1" data-end="1">