វស្សារមកដល់ប៉ុន្តែកសិករខ្វល់ចិត្ត ត្បិតថ្លៃដើមចំណាយធ្វើស្រែកាន់តែច្រើនមកពី ជី និង ម៉ាស៊ូត ឡើងថ្លៃ

សង្គម

(កសិករកំពុងភ្ជួរស្រែនៅដើមរដូវវស្សារ រូបថត កឹម សុវណ្ណា ពីក្រុមប្រម៉ាញ់រូបភាពជីវៈចម្រុះកម្ពុជា)រូបភាពផ្សាយតាមហ្វេសប៊ុក)។

កសិករនៅតាមបណ្ដាខេត្តមួយចំនួនព្រួយបារម្ភពីចំណាយថ្លៃដើមធ្វើកសិកម្មច្រើនឡើងជាងរាល់ឆ្នាំ ស្របពេលរដូវវស្សាបានឈានមកដល់នៅខែឧសភានេះ។ ករសិករលើកឡើងថា តម្លៃសាំង ជាពិសេសប្រេងម៉ាស៊ូតឡើងថ្លៃជាកំហុកបង្កផលប៉ះពាល់ដល់ការចាប់ផ្ដើមធ្វើស្រែចម្ការរបស់ពួកគេ ។ ក្នុងនោះតម្លៃជីកសិកម្ម ការចំណាយទៅលើការព្យួររាស់ និងថ្នាំកសិកម្មមានតម្លៃថ្លៃសឹងរាល់ឆ្នាំស្រាប់ទៅហើយ។

ប្រធានកសិករប្រចាំខេត្តព្រៃវែង អ្នកស្រី ឡាយ សុខម ថ្លែងប្រាប់ប្រជាកាសែតថា បញ្ហាតម្លៃប្រេងម៉ាស៊ូតឡើងថ្លៃក្រោយសង្គ្រាមនៅមជ្ឈិមបូព៌ាជាកង្វល់សម្រាប់ប្រជាកសិករនៅខេត្តព្រៃវែង ព្រោះការណ៍នេះធ្វើឱ្យការចំណាយលើថ្លៃព្យួររាស់ ការបូមទឹកបញ្ចូលស្រែត្រូវការចំណាយច្រើន។ អ្នកស្រីបន្តថា ការចំណាយលើថ្លៃដើមច្រើន ធ្វើឱ្យកសិករផ្លាស់ប្ដូរការធ្វើស្រែពីការធ្វើស្រូវទាបដែលមានរយៈពេល៦ខែ មកធ្វើស្រូវធ្ងន់ដែលមានរយៈពេលតែ៣ ខែ ព្រោះការចំណាយថ្លៃមើលថែដូចជាជីកសិកម្ម ថ្នាំជាដើមត្រូវចំណាយតិចជាង។ ក្នុងកាលៈទេសៈនេះអ្នកស្រីសង្កេតឃើញកសិករខ្លះធ្វើស្រូវតែម្ដងប៉ុណ្ណោះក្នុងឆ្នាំនេះ ចំណែកឯកសិករខ្លះបោះបង់ការធ្វើស្រូវ ដោយជួលដីឱ្យគេធ្វើ រួចទៅប្រកបរបរផ្សេងវិញ។

អ្នកស្រីលើកឡើងថា៖ «ប្រេងឡើងថ្លៃ ដល់ប្រេងឡើងថ្លៃដូចជារបស់របរ ដូចជាអាត្រាក់ទ័រចឹងឡើងដែរ។ ដល់អីចឹងប្រជាពលរដ្ឋទៅជាធ្វើស្រូវទាប លែងធ្វើស្រូវធ្ងន់វិញ។ ស្រូវទាបយើងធ្វើតែបីខែទេ»។ 

អ្នកស្រីបន្ថែមថា៖ «វាខាតចំណួលហើយ ដែលយើងធ្វើតែម្ដង តែបើធ្វើមិនចំណេញ។ ធ្វើអីវាអត់ប្រយោជន៍ វាឡើងទាំងអស់ ទៅរកធ្វើសំណង់ ធ្វើអីវិញគ្រាន់បើជាង។ ពេលព្រោះហើយចោលទៅធ្វើសំណង់ទាំងស្រីទាំងប្រុស ទៅដេរ ទៅកាត់អីទៅ។ អ្នកខ្លះជួលដីឱ្យគេ ទុកដីចោលឱ្យគេធ្វើចឹងទៅ។ ណាមួយតម្លៃស្រូវក៏មិនដឹងបានថ្លៃឬអត់ឆ្នាំណា មិនហ៊ានថាខ្លាចខុសពាក្យខុសអី»។

ការកើនឡើងនូវតម្លៃប្រេងឥន្ធៈ បានកើតមាននៅពេលដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល កាលពីចុងខែកុម្ភៈ បានសម្រេចបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដែលជំរុញឱ្យមានការបិទច្រកសមុទ្រ ហ័រម៉ូស (Hormuz) ដែលប្រេងនិងឧស្ម័នត្រូវបានដឹកជញ្ជូនតាមច្រកនេះ ប្រមាណ២០ភាគរយសម្រាប់ផ្គត់ផ្គង់លើពិភពលោក។

នៅមុនពេលប៉ះទង្គិចគ្នា តម្លៃប្រេងឥន្ធៈក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ប្រេងសាំងធម្មតាចំនួន ៣,៧៥០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ ៣,៨០០រៀល ក្នុងមួយលីត្រ។ យោងតាមក្រសួងពាណិជ្ជកម្ម គិតចាប់តាំងពីថ្ងៃទី០៦ ខែឧសភា មក តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៥,៣០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ៥,៥៥០រៀល ក្នុងមួយលីត្រ ក្រោយរដ្ឋាភិបាលបញ្ចុះពន្ធអាករប្រេងសាំងពី១០ ភាគរយ មក ៤ ភាគរយ និងប្រេងម៉ាស៊ូត ពី១០ ភាគរយ មក ០ ភាគរយ។

ចំណែកកសិករមកពីស្រុករវៀង ខេត្តបាត់ដំបង លោក តាន់ មាស លើកឡើងថា លោកធ្វើទាំងចម្ការដំឡូង ធ្វើទាំងស្រូវ ដោយលោកមានចម្ការដំឡូង២ ហិកតា និងស្រែ១ ហិកតា។ លោកថា បានចាប់ផ្ដើមភ្ជួររាស់ទាំងចម្ការ និងស្រែអស់មួយហិកតា ៣០ ម៉ឺន ទៅ៤០ ម៉ឺនរៀល ទៅហើយ រួមនឹងចំណាយលើថ្លៃជីកសិកម្ម និងថ្នាំបាញ់ទៀត គឺធ្វើឱ្យការចំណាយមានការកើនឡើង ជាពិសេសថ្លៃប្រេងម៉ាស៊ូតឡើងកាន់តែថ្លៃ។ តែយ៉ាងណា លោកថាអ្នកស្រែចម្ការ គឺគ្មានជម្រើសអ្វីក្រៅពីធ្វើ ព្រោះដើម្បីជីវភាព និងសងបំណុលធនាគារទៀតផង។

លោកនិយាយថា៖ «ថ្លៃជីថ្លៃថ្នាំវាឡើងហ្នឹងហើយ ថោកតែរបស់យើងកសិកម្មតើ។ វាមានតែឡើងតទៅទៀត។ ហើយបើស្រូវអត់ទាល់តែរដូវប្រមូលផលបានដឹងតម្លៃ ហើយបើដំឡូងមានតែចុះថោកទៀត កាលមុនបាន៣០០ រៀលអីឥឡូវបានតែ២៥០ រៀលឬចុះ (ដំឡូងសើម)។ […] ខាងខ្ញុំធ្វើស្រូវធ្ងន់ ដូចជាប៉ុន្មានខែដែរ ព្រោះជូនកាលយើងព្រោះខែ៦ បើភ្លៀងល្អ ហើយច្រូតទាល់តែខែ១០ ខែអីឯណោះ»។

លោកបន្តថា៖ «បានជីថ្នាំថោកវាល្អដែរ។ បើយើងអ្នកចម្ការបើមិនធ្វើ មិនដឹងទៅធ្វើអី ថ្លៃធ្វើម៉េចចេះតែទ្រាំទៅ។ ជូនកាលអ្នកខ្លះជួលដីឱ្យគេទៅធ្វើការឱ្យគេទៅ បើធ្វើវាអត់បានផល។ បើអ្នកគេមានដីច្រើន គេចេះតែធ្វើទៅគេមានធនធាន អ្នកខ្លះខ្សត់ខ្សោយទៅ មានដីតិចតូចជួលដីឱ្យគេ ទៅស៊ីឈ្នួលឱ្យគេអីចឹងទៅ។ […]គិតមើលធ្វើទិញជីទិញថ្នាំគេថ្លៃ ដល់បានផលមកវាថោក ទូទាត់ទៅសងគេមិនរួច»។

ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈកើនឡើង ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៩ ខែមីនា បានចេញសេចក្ដីប្រកាសណែនាំឱ្យក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ នៅតាមរាជធានី-ខេត្ត ទាំងអស់ ត្រូវលក់ប្រេងតាមតម្លៃទីផ្សារដែលបានកំណត់។ ក្រសួងក៏បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធ បន្តចុះត្រួតពិនិត្យ និងតាមដានការលក់ជាប្រចាំ នៅតាមស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈ ដើម្បីធានាថាការលក់ដូរបានអនុវត្តត្រឹមត្រូវតាមច្បាប់។ 

អ្នកនាំពាក្យក្រសួងកសិកម្មលោក ឃឹម ហ្វីណង់ លើកឡើងថា ភាពប្រែប្រួលនៃសភាពការណ៍សេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន បានធ្វើឱ្យមានការកើនឡើងនូវថ្លៃដើមផលិតកម្មកសិកម្ម ដែលទាមទារឱ្យកសិករមានការថ្លឹងថ្លែង និងគ្រប់គ្រងហានិភ័យឱ្យបានម៉ត់ចត់។ លោកបន្តថា ប្រជាកសិករគួរពិចារណា លើចំណុចសំខាន់ៗ ដូចជា ការវាយតម្លៃស្ថានភាពដី ការជួលដីស្រែ ការពង្រីកផលិតកម្ម និងការពិចារណាចូលរួមជាមួយសហគមន៍កសិកម្មទំនើប។
លោកថា៖តំបន់ដែលតែងទទួលបានទិន្នផលទាបឬប្រព័ន្ធធារាសាស្ត្រមិនសូវអំណោយផល គួរមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងការកើនឡើងនូវបន្ទុកចំណាយបន្ថែមដែលមិនចាំបាច់។ សម្រាប់បងប្អូនដែលប្រកបរបរនេះដោយពឹងផ្អែកលើការជួលដីគេ គួរមានការគណនាចំណូលនិងចំណាយឱ្យបានល្អិតល្អន់ ដោយពិចារណាឱ្យបានច្បាស់លាស់ទៅលើការប្រែប្រួលនៃថ្លៃវត្ថុធាតុដើម ដូចជា ជី ថ្នាំ ប្រេងឥន្ធនៈ ថ្លៃសេវាកម្មនានា និងថ្លៃឈ្នួលដី»។

លោកបន្ថែមថា៖ «ការសម្រេចចិត្តពង្រីកផ្ទៃដីដាំដុះ ឬបង្កើនទំហំផលិតកម្មក្រោមរួមភាពណាមួយក្នុងកាលៈទេសៈនេះ មានភាពប្រថុយប្រថានខ្ពស់ គួរធ្វើឡើងតែករណីមានកិច្ចសន្យាទីផ្សារនិងការធានាថ្លៃទុកជាមុនតែប៉ុណ្ណោះ។ បងប្អូនកសិករអាចចងក្រងឬចុះឈ្មោះចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានការគាំទ្រគ្រប់ជ្រុងជ្រោយពីក្រសួងកសិកម្ម ទាំងផ្នែកបច្ចេកទេស ដើមទុន និងការធានាទីផ្សារច្បាស់លាស់»។

ទាក់ទិននឹងបញ្ហានេះដែរ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សេក សុខា លើកឡើងថា ប្រជាកសិករនៅតែប្រឈមមុខនឹងបញ្ហាធំៗដូចជាការរកទីផ្សារ ការចំណាយលើថ្លៃវត្ថុធាតុដើមខ្ពស់ ដូចជាការកើនឡើងនៃតម្លៃជី គ្រាប់ពូជ ថ្នាំសម្លាប់សត្វល្អិត និងតម្លៃអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងការបូមទឹកបញ្ចូលស្រែជាដើម។ លោកបន្តថា បំណុលពីមីក្រូហិរញ្ញវត្ថុដែលប្រជាកសិករខ្ចីសម្រាប់ការផ្គត់ផ្គង់ថ្លៃដើម ក៏បានជម្រុញឲ្យប្រជាកសិករខ្លះបង្ខំចិត្តលក់ទោះក្នុងតម្លៃថោកក៏ដោយ។ លោកថា ក្នុងនាមជាគណបក្សក្រៅរដ្ឋាភិបាល លោកសំណូមពរឱ្យមានការបង្កើតទីផ្សារសម្រាប់កសិករ កាត់បន្ថយការនាំចូលនូវវត្ថុធាត់ដើម និងងាកមកបង្កើតរោងចក្រផ្គត់ផ្គង់ក្នុងស្រុកវិញ។

លោកថា៖ «សំណូមពរទៅរដ្ឋាភិបាលជួយសោះស្រាយបញ្ហាទាំងបីហ្នឹង។ បើសិនជាតម្លៃគាត់ប្រើប្រេងប្រើម៉ាស៊ូត ប្រើសាំង សម្រួលធ្វើម៉េចតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។ កសិករហ្នឹងគាត់អាចមានលទ្ធភាពប្រើប្រាស់មធ្យោបាយដូចជាម៉ាស៊ូត ដូចជាប្រេងហ្នឹងបាន។ ឧទាហរណ៍ថាពួកគាត់ខ្ចីប្រាក់ពីធនាគារ ដោយការប្រាក់ទាប ឬដោយគ្មានការប្រាក់ ដើម្បីពួកគាត់មានលទ្ធភាពយកទៅចំណាយថ្លៃដើមហ្នឹង»។ 

លោកបន្ថែមថា៖ «បើអាចជួយបានរដ្ឋាភិបាលអាចជួយសម្រួលថ្លៃជី កុំឱ្យថ្លៃពេក ធ្វើម៉េចកុំឱ្យប្រជាកសិករទិញជីក្នុងតម្លៃសមរម្យ។ ពាក់ព័ន្ធនឹងជីដដែល ខ្ញុំគិតថាគួរបង្កើតរោងចក្រផលិតជីនៅក្នុងស្រុក រោងចក្ររបស់ខ្មែរផលិត។ ចង់និយាយថាផលិតផលិតផលខ្មែរហើយយកធនធានផលិតជាបស់ខ្មែរអីចឹងណា»។ 

លោកបន្តថា សម្រាប់ទីផ្សារកសិកម្ម រដ្ឋាភិបាលត្រូវបង្កើតសហគមន៍កសិកម្មឱ្យបានច្រើន ដើម្បីធានាការដោះស្រាយបញ្ហាគ្មានទីផ្សារ និងកង្វល់របស់ប្រជាកសិករ។ លោកថា រដ្ឋាភិបាលក៏គួរបង្កើតរោងរក្សាស្រូវផងដែរ ដើម្បីរក្សាទុកបានយូរកុំឱ្យខូច។

របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ឱ្យដឹងថា គិតត្រឹមខែមេសា ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណជិត៤៧ម៉ឺនតោន និងស្រូវសើមជាង២,៦លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះមានប្រទេសចិន ប្រទេសនៅតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា ក្នុងរង្វង់ទឹកប្រាក់សរុបជាង ៨៤០លានដុល្លារ ដោយក្នុងនោះចំណូលនាំចេញអង្ករមានជាង ២៦៦លានដុល្លារ។ ការនាំចេញនោះមានប្រភេទអង្ករក្រអូប អង្ករសគ្រាប់វែង, អង្ករបាក់គ្រប់ប្រភេទ, អង្ករចំហុយ និងអង្ករសរីរាង្គ ផងដែរ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2532}" data-page="1" data-max-pages="1" data-start="1" data-end="1">