សាច់បង្កកនៅតែមានវត្តមាននាំចូលក្នុងទីផ្សារកម្ពុជា ទោះរដ្ឋាភិបាលថាខ្លួនរឹតបន្ដឹងការនាំចូល

សង្គម

(អាជ្ញាធរចាប់សាច់បង្កកកាលពីសប្ដាហ៍កន្លងទៅ )។រូបភាពបណ្ដាញសារព័ត៌មាននានាផ្សាយតាមហ្វេសប៊ុក)។

សាច់បង្កកជាច្រើនតោនត្រូវបានអាជ្ញាធររកឃើញនៅរាជធានីភ្នំពេញ បើទោះបីរដ្ឋាភិបាល​ថាខ្លួនកំពុងរឹតបន្តឹងការនាំចូលតាមព្រំដែន និងចាត់វិធានចំពោះអ្នកពាក់ព័ន្ធយ៉ាងណាក៏ដោយ។ 

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចតាមបណ្ដាខណ្ឌនៃរាជធានីភ្នំពេញចុះបង្រ្កាបទីតាំងផ្ទុកសាច់បង្កក ដូចជាប្រហិតសាច់ក្ដាម សាច់គោ សាច់បង្កកខូចគុណភាពចំនួនបីទីតាំងផ្សេងៗគ្នា។ កម្លាំងចំរុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយសង្ស័យថា សាច់បង្កកទាំងអស់នោះភាគច្រើន គឺនាំចូលពីមកពីប្រទេសថៃ។ ចំណែកឯ សមត្ថកិច្ចចម្រុះខណ្ឌសែនសុខក៏បានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកដ៏ធំមួយស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បន្ថែមពីលើនេះ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានចុះឆែកឆេរឃ្លាំងដ៏ធំមួយនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ក្រុមការងាររកឃើញទីតាំងឃ្លាំងយីហោ «ភុត ប៊ុន ហម» ថាបាននាំយកសាច់បង្កក និងផលិតផលមួយចំនួនពីប្រទេសថៃ។ រដ្ឋបាលរាជធានីភ្នំពេញបន្តថា ចំពោះម្ចាស់ទីតាំងត្រូវបាននាំខ្លួនទៅសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជុំវិញការនាំចូលផលិតផលទាំងនេះ និងស្វែងរកអ្នកពាក់ព័ន្ធ រីឯទីតាំងឃ្លាំង ក្រុមការងារសម្រេចបិទបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីច្បាប់។

អគ្គនាយក នៃនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម លោក គឹម មាសសុខសីហា លើកឡើងថាមន្ត្រីនៃអង្គភាពរបស់លោកមានតួនាទីត្រួតពិនិត្យផលិតផល និងទំនិញ ថាមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមស្ដង់ដារ និងធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាលើកកម្ពស់ការយល់ដឹងអ្នកប្រើប្រាស់អំពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ពាក់ព័ន្ធ។ ចំណែកការត្រួតពិនិត្យប្រភព ឬបុគ្គលដែលនាំចូល លោកអះអាងថា អាជ្ញាធរពាក់ព័ន្ធជាអ្នកត្រូតពិនិត្យ អង្គភាពរបស់លោកមិនមានតួនាទីក្នុងការចាត់វិធានការលើរឿងនេះឡើយ។

លោកថា៖ «យើងទៅតាមការស្នើសុំកិច្ចសហប្រតិបត្តិការពីអង្គភាពខណ្ឌ យើងចុះត្រួតពិនិត្យជាមួយកម្លាំងចម្រុះ។ […] ហើយតួនាទីរបស់យើងទៅដើម្បីចុះយកសំណាកសាច់បង្កកបញ្ជូនមកមន្ទីរពិសោធធ្វើការត្រួតពិនិត្យ ក្រែងមានឃើញសារធាតុគីមីហាមឃាត់»។

ក្នុងឱកាសជួបសំណេះសំណាលជាមួយជនភៀសសឹកនៅមជ្ឈមណ្ឌលភៀសសឹកបណ្តោះអាសន្ននៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានព្រមានថា អាជ្ញាធរត្រូវចាត់វិធានការតឹងរ៉ឹងចំពោះបុគ្គល ឬមន្ត្រីណាដែលលួចនាំចូលទំនិញខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា ដោយអាចឈានដល់ការដកហូតទ្រព្យសម្បត្តិ និងអនុវត្តវិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់។ លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា អ្នកពាក់ព័ន្ធដែលប្រព្រឹត្តខុសត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានការលើកលែង។

លោកមានប្រសាសន៍ថា៖ ««ខ្ញុំក៏សូមប្រដៅ អាអ្នកនាំទំនិញ ខាងនោះគេថា រត់ពន្ធទំនិញពីនោះមក ឯខាងយើងមើលតាមទល់ដែនទាំងឡាយ បិទពួកអាអ្នកនាំចូលទំនិញចូលមកដែលខុសច្បាប់ ដាក់វាមើល រឹបអូសស្អីៗហើយឱ្យវាទៅរែកដី។ ក្រែងរាល់ថ្ងៃនេះ យើងមានទឹកសុទ្ធរបស់យើង យើងមានមីរបស់យើង ហើយមានស្អីរបស់យើងអស់ហើយ ហើយទៅប្រកាច់ស្អី។ ហើយជួនកាលលេងយកមកសុទ្ធតែជង្គង់មាន់ អាគេមិនស៊ីជើងមាន់ ឯងមកយកជើងមាន់មកឱ្យខ្មែរស៊ី»។

លោក ហ៊ុន សែន ថ្លែងថាកម្ពុជាខ្វះទំនិញ តែកម្ពុជាមិនបានខ្វះទំនិញប្រើប្រាស់នោះទេ ក្នុងរយៈមួយឆ្នាំនេះ គឺខ្មែរមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ទំនិញខ្លួនឯង ហើយក្នុងករណីដែលទំនិញក្នុងស្រុកមានការខ្វះខាត អាចនាំទំនិញពីវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី យកមកលក់វិញ។

អ្នកឃ្លាំមើលលើបញ្ហាសុខភាព និងសង្គមអំពាវនាវឱ្យសាធារណជន ប្រុងប្រយ័ត្នចំពោះសាច់បង្កក ដែលកំពុងនាំចូលច្រើនទាំងខុសច្បាប់ និងស្របច្បាប់អាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងប្រឈមកើតជំងឺច្រើនមុខ។

អ្នកឯកទេសចិញ្ចឹមសត្វកម្ពុជាលោក រស់ ឆាំងគី មានប្រសាសន៍ថា សាច់បង្កកដែលនាំចូលខុសច្បាប់ដោយឈ្មួញមួយចំនួនអាចប៉ះពាល់សុខភាពធ្ងន់ធ្ងរដោយសារសាច់ទាំងនោះមានទាំងសាច់ជ្រូកឈឺ សាច់ខូចគុណភាព និងមានការប្រើថ្នាំដើម្បីរក្សាសាច់ទុកឱ្យបានយូរជាដើម។ លោកបន្តថា ការនាំចូលសាច់បង្កកធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារ និងផលិតកម្មក្នុងស្រុក ប្រសិនបើគ្មានវិធានការរឹតបន្តឹង។ 

លោកលើកឡើងថា៖ «ការនាំចូលសាច់បង្កកវាអាចជះឥទ្ធិពលដល់អ្នកចិញ្ចឹមក្នុងស្រុក។ វាអាចធ្វើឱ្យអ្នកចិញ្ចឹមបាក់ទឹកចិត្តព្រោះតម្លៃចុះថោក។ ពីខ្ញុំអ្នកធ្វើការលើវិស័យចិញ្ចឹមសត្វ ខ្ញុំអត់ចង់ឱ្យនាំចូលសាច់បង្កកទេ ជាពិសេសសាច់បង្កកដែលខូចគុណភាពឬសាច់បង្កកដែលមិនបានត្រួតពិនិត្យឱ្យបានត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាព»។

លោកបន្ថែមថា៖ «ប្រសិនបើសាច់បង្កកនាំចូលមានវិញ្ញាប័នប័ត្រត្រឹមត្រូវ និងស្តង់ដាពិតប្រាកដវាមិនមានផលប៉ះពាល់ដល់អ្នកហូបទេ។ ប៉ុន្តែអ្វីដែលយើងព្រួយបារម្ភគឺសាច់បង្កកដែលមិនបានត្រួតពិនិត្យត្រឹមត្រូវ សម្រាប់ការនាំចូល ឬនាំចូលដោយខុសច្បាប់អីហ្នឹង ហើយការនាំចូលសាច់ដែលគេបញ្ចេញចោលមកយើង វាអាចប៉ះពាល់ដល់សុខុមាលភាពអ្នកហូប»។

ចំណែកឯ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង យល់ឃើញថា ការទប់ស្កាត់ការនាំចូលសាច់បង្កកខុសច្បាប់ធ្វើទៅបានលុះត្រាតែអាជ្ញាធរត្រួតពិនិត្យតាមច្រកព្រំដែន និងចាត់វិធានឱ្យបានតឹងរ៉ឹងចំពោះអ្នកលួចនាំចូល ទោះបីអ្នកនោះជាអ្នកមានអំណាចក៏ដោយ។ តែយ៉ាងណា លោកមើលឃើញថា ការនាំចូលខុសច្បាប់នៅតែកើតមាន និងមិនទាន់ឃើញការវែកមុខអ្នកនាំចូលសាច់បង្កកខុសច្បាប់មកទទួលខុសត្រូវនៅឡើយ ដែលលោកថាមន្ត្រីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់។

លោកថា៖ «ទាល់តែការដាក់ទោសទណ្ឌ ការចាត់វិធានការហ្នឹងទាល់តែធ្វើចំពោះអ្នកដែលមានខ្នង អ្នកដែលមានអំណាចមួយចំនួនឆ្លៀតរកស៊ី ឬក៏អ្នកដែលនាំចូល ហើយយើងចាត់វិធានការមិនរើសមុខនឹងអាចដោះស្រាយបញ្ហាហ្នឹងបាន ប៉ុន្តែបើសិនធ្វើដោយករណីនឹងមិនមានប្រសិទ្ធភាពទេ»។

លោកបន្ថែមថា៖ «បើមិនធ្វើដូច្នោះទេ ហើយវិធានការការពារនៅមានកម្រិតហើយមិនត្រូវបានកែលំអឱ្យមានប្រសិទ្ធភាព យើងនឹងជួបប្រទះបញ្ហាដដែលៗមិនចេះចប់»។

មាត្រា១១៥ នៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ចែងថា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងត្រូវពិន័យជាប្រាប់ចំនួន១០លានរៀលទៅ៥០លានរៀល ចំពោះបុគ្គលណាដែលប្រព្រឹត្តអំពើ នាំចូលដោយចេតនានូវសត្វ ឬផលិតផលសត្វដែលដែលមានជំងឺឆ្លង ឬផ្ទុកមេរោគបង្កជំងឺ ខូចគុណភាព ឬបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ មកក្នុងព្រះរាជាណាចក្រកម្ពុជា៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2924}" data-page="1" data-max-pages="1" data-start="1" data-end="1">