រដ្ឋាភិបាលបានបញ្ចុះពន្ធប្រេងសំាង និងប្រេងម៉ាស៊ូត ដើម្បីទប់ស្កាត់តម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ និងជួយសម្រួលបន្ទុករស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងអំឡុងជម្លោះនៅតំបន់មជ្ឈិមបូព៌ា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមកត្រឹមសូន្យដុល្លារ បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសចំនួន ៦%។
យោងតាមសេចក្តីប្រកាសដដែលបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២០ ខែមីនា ប្រេងសាំងចុះថ្លៃ ១០០រៀល ត្រូវនឹងតម្លៃ ៥៤០០រៀលក្នុងមួយលីត្រ ហើយប្រេងម៉ាស៊ូតឡើងថ្លៃ ១៥០រៀល ត្រូវនឹងតម្លៃ ៦៧០០រៀលក្នុងមួយលីត្រ។
ការបញ្ជាក់បែបនេះ គឺធ្វើឡើងបន្ទាប់ពីគណបក្សក្រៅរដ្ឋាភិបាលមួយចំនួនបានចេញសេចក្តីថ្លែងការណ៍ស្នើសុំឱ្យរាជរដ្ឋាភិបាលបញ្ចុះពន្ធប្រេងឥន្ធនៈមកត្រឹមសូន្យ និងបញ្ចេញថវិកាជាតិ ដើម្បីជួយសម្រួលទុក្ខលំបាករបស់ពលរដ្ឋក្នុងកាលៈទេសៈដែលសណ្ដាប់ធ្នាប់ពិភពលោកបានធ្លាក់ចុះ។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា លើកឡើងថា នៅពេលរដ្ឋាភិបាលមិនយកពន្ធគយលើការនាំចូលប្រេងឥន្ធនៈគឺជារឿងមួយល្អ ប៉ុន្តែដើម្បីឱ្យមានលំនឹងនៃតម្លៃលក់ប្រេងឥន្ធនៈ ក្រសួងពាក់ព័ន្ធគួរមានថវិកាបម្រុងទិញប្រេងឥន្ធនៈបម្រុងទុកដូចប្រទេសដទៃក្នុងរយៈពេលបណ្ដោះអាសន្នណាមួយទម្រាំវិបត្តិថាមពលសកលត្រឡប់ទៅរកសភាពដើមឡើងវិញ។
លោក មាជ សុវណ្ណរ៉ា បានបន្ថែមថា៖« រដ្ឋាភិបាលគួរតែសហការជាមួយក្រុមហ៊ុនប្រេងឥន្ធនៈនាំចូល និងទិញប្រេងឥន្ធនៈបម្រុងទុកនៃថវិកាណាមួយ កុំឱ្យតម្លៃប្រេងឥន្ធនៈបន្តឡើងថ្លៃ ទោះបីមានការបញ្ចុះពន្ធប្រេងឥន្ធនៈមកត្រឹមសូន្យក៏ដោយ»។
ស្រដៀងគ្នានេះដែរ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បាននិយាយថា បើសិនជារដ្ឋាភិបាលទម្លាក់អាករលើតម្លៃបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតពី ១០% មក ០% តែម្ដងកាន់តែល្អ ព្រោះអាចធ្វើឱ្យតម្លៃប្រេងទាំងពីរនេះចុះ ដោយប្រេងសាំងអាចចុះដល់១០០០រៀល និងប្រេងម៉ាស៊ូតអាចចុះពី៧០០រៀល ទៅ៨០០រៀល ដែលអាចសម្រួលបន្ទុករបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងកម្មករ កម្មការិនីផងដែរ។
លោក រ៉ុង ឈុន យល់ថា៖« បើសាំង និងម៉ាស៊ូត នៅតែថ្លៃ ពលរដ្ឋនឹងជួបបញ្ហាលំបាកព្រោះទំនិញជាច្រើនឡើងថ្លៃទៅតាមនោះដែរ បើពុំមានដំណោះស្រាយពីរដ្ឋគឺពិបាកក្នុងការសម្របខ្លួនជាមួយស្ថានភាពនេះណាស់ »។
តាមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ដែលបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី១៨ ខែមីនា ថា កម្ពុជាកំពុងនាំចូលប្រេងឥន្ធនៈបន្ថែមទៀតពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី បន្ទាប់ពីចិន និងវៀតណាមបានកាត់បន្ថយការនាំចេញប្រេងឥន្ធនៈរបស់ខ្លួន។ ទោះជាយ៉ាងណា លោកអះអាងថា កម្ពុជានៅតែអាចនាំចូលប្រេងឥន្ធនៈបន្តិចបន្តួចពីប្រទេសចិន និងភាពជាដៃគូរជាមួយអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈធំៗ ដូចជា Total និង Chevron ដែលនៅតែអាចឲ្យកម្ពុជាកាត់បន្ថយហានិភ័យនៃការខ្វះប្រេងឥន្ធនៈបាន៕







