រដ្ឋាភិបាលប្ដេជ្ញាគ្រប់គ្រង់ការប្រមូលផ្ដុំរបស់ជនបរទេសប្រព្រឹត្តបទល្មើសឆបោក

សង្គម

ក្រុមអាជ្ញាធរឆ្មក់ចូលបង្ក្រាបទីតាំងឆបោកអនឡាញមួយនៅទឹកដីរាជធានីភ្នំពេញនាដើមខែមីនា២០២៦។ (រូបភាពសមត្ថកិច្ចផ្សាយតាមបណ្ដាញសង្គម)

រដ្ឋាភិបាលកម្ពុជាប្ដេជ្ញារឹតបន្តឹងការរស់នៅរបស់ជនបរទេស និងការជួលអាគារឱ្យពួកគេស្នាក់នៅដើម្បីបង្ការអំពើរៀបចំ និងដឹកនាំទីកន្លែងឆបោកតាមបច្ចេកវិទ្យាដែលមានលក្ខណៈប្រមូលម្ដុំជាទម្រង់មជ្ឈមណ្ឌល។ នេះបើតាមការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ មានប្រសាសន៍ថា អាជ្ញាធរត្រូវត្រួតពិនិត្យអាគារដែលជួលឱ្យជនបរទេស និងពិនិត្យមើលការប្រមូលផ្ដុំរបស់ជនបរទេសដែលមានលក្ខណៈជាប្រព័ន្ធ ដែលអាចអនុញ្ញាតឱ្យពួកគេប្រព្រឹត្តបទល្មើសអនឡាញ។ លោកក៏ស្នើសុំឱ្យម្ចាស់អាគាររាយការណ៍ទៅសមត្ថកិច្ចក្នុងករណីដែលសង្ស័យថាមានការប្រមូលផ្ដុំ ដើម្បីប្រពឹត្តបទល្មើស។

លោកថា៖ «អ្នកចូលមកយើងមិនដឹងថាពីណា Scam មិន Scam ទេមិនអីចឹង។ យើងបើកចំហសម្រាប់ការទាក់ទាញទេសចរណ៍ ប៉ុន្តែយ៉ាងណាបង្ក្រាប Scam នោះអាចថាប្រើពាក្យថារឹតបន្តឹងក៏បាន អាចថាត្រួតពិនិត្រក៏បាន។ ការគ្រប់គ្រងជនបរទេសនៅកម្ពុជាគឺជាការចាំបាច់ដើម្បីធានាម្យ៉ាងគឺដើម្បីសន្តិសុខ ឯម្យ៉ាងទៀតធានាក្នុងការគ្រប់គ្រងលំហូរបស់មនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជាហ្នឹង»។ 

លោកបន្ថែមថា៖ «អីចឹងហើយជៀសមិនផុតដែលរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការ គោលដៅទី១ បង្ការទប់ស្កាត់ហើយបង្ក្រាប ប៉ុន្តែមិនមែនមានវិធានការតែប៉ុណ្ណឹងទេរាជរដ្ឋាភិបាលឥលូវនេះអនុក្រឹត្យ០៣ ក៏ជាអនុក្រឹត្យបង្ការទប់ស្កាត់ដែរ ហើយក្រសួងដែលពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកដាក់វិធានការដែលមានចរិតជាការបង្ការទប់ស្កាត់»។

កាលលើកឡើងរបស់លោក កើត រិទ្ធ ក្រោយពីអង្គការលើកលែងទោសអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ បានចេញរបាយការណ៍ស៊ើបអង្កេតដោយបានរកឃើញថា មានអគារកាស៊ីណូនៅកម្ពុជាជាងដប់កន្លែង បានជាប់ទាក់ទងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្ស និងការធ្វើទារុណកម្ម ហើយដែលកាស៊ីណូទាំងនេះ ត្រូវបានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ផ្តល់អាជ្ញាបណ្ណ ចាប់ពីខែធ្នូ ឆ្នាំ២០២៥ ដល់ខែមករា ឆ្នាំ២០២៦ ទោះបីជារដ្ឋាភិបាលបានដាក់ផែនការបង្ក្រាបការឆបោកអនឡាញ ដែលហៅថា «សេដ្ឋកិច្ចខ្មៅ» នៅទាំងប្រទេសត្រឹមខែមេសា ឆ្នាំ២០២៦ក៏ដោយ។

របាយការណ៍សើបអង្កេតនេះអះអាងថា អាជ្ញាប័ណ្ណផ្លូវការដែលចេញដោយគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងពាណិជ្ជកម្មរបស់កម្ពុជា (CGMC) ទៅឱ្យម្ចាស់កាស៊ីណូមួយចំនួន ដែលគ្រប់គ្រងដោយផ្ទាល់នូវអគារ និងទីតាំងដែលមានការរំលោភសិទ្ធិមនុស្សយ៉ាងហោចណាស់ ១២ កន្លែងផ្សេងៗគ្នា។ របាយការណ៍ដដែលនេះ បញ្ជាក់ថា ការរកឃើញទាំងនេះមានមកពីការបញ្ជាក់សក្ខីកម្មពីអ្នករស់រានមានជីវិតដែលបានរាយការណ៍ថាត្រូវបានគេឃុំឃាំង និងរំលោភបំពានរាងកាយ។

នាយកស្រាវជ្រាវប្រចាំតំបន់នៃអង្គការលើកលែងទោសអន្តរជាតិ លោក ម៉ន់ស្តឺ ហ្វ័រ័រ (Montse Ferrer) លើកឡើងនៅក្នុងរបាយការណ៍ថា ការស្រាវជ្រាវនេះរកឃើញពីទំនាក់ទំនងច្បាស់លាស់រវាងកាស៊ីណូដែលមានអាជ្ញាប័ណ្ណរបស់ប្រទេសកម្ពុជា និងស្ថាប័នឆបោកតាមប្រព័ន្ធអនឡាញ។ លោកបន្តថា នៅពេលដែលរដ្ឋាភិបាលកម្ពុជាកំពុងតែមមាញឹកលុបបំបាត់ឧស្សាហកម្មឆបោកតាមប្រព័ន្ធអនឡាញ ការស្រាវជ្រាវបានបង្ហាញភស្តុតាងថា ក្នុងពេលដំណាលគ្នានេះ អាគារឆបោកដែលរំលោភបំពានត្រូវបានអនុញ្ញាតឱ្យដំណើរការដដែល។

លោកថា៖ «ភាពមិនស្របគ្នារវាងគោលនយោបាយបង្ក្រាប និងការអនុញ្ញាតឱ្យមានអាជ្ញាបណ្ណកាស៊ីណូថ្មីទាំងនេះបង្កើតសំណួរបន្ទាន់អំពីថាតើនិយតករកម្ពុជាកំពុងធ្វើឱ្យក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយការរំលោភបំពានធ្ងន់ធ្ងរឬអត់។ អាជ្ញាធរត្រូវតែពន្យល់ពីមូលហេតុដែលកាស៊ីណូដែលមានឯកសារភ្ជាប់ទៅនឹងការជួញដូរមនុស្ស និងការធ្វើទារុណកម្មនៅតែបន្តទទួលបានការយល់ព្រមជាផ្លូវការ។ ប្រសិនបើកាស៊ីណូទាំងនោះនៅតែមានអាជ្ញាប័ណ្ណ គឺគង់មានថ្ងៃណាមួយ នឹងមានបញ្ហាប្រឈមនឹងហានិភ័យនៃការរំលោភសិទ្ធិមនុស្សបន្តទៀត»។

ទីតាំងទាំងនោះរួមមានកាស៊ីណូ «Crown Casino» នៅប៉ោយប៉ែត បាវិត និងជ្រៃធំ ក៏ដូចជាកាស៊ីណូ Majestic Two និងសណ្ឋាគារ និងកាស៊ីណូ Majestic នៅក្រុងព្រះសីហនុ ដែលអតីតម្ចាស់កាស៊ីណូនេះត្រូវបានចោទប្រកាន់នៅក្នុងខែមករា ឆ្នាំ២០២៦ ពីបទជ្រើសរើសបុគ្គលិកខុសច្បាប់សម្រាប់ការកេងប្រវ័ញ្ច ការក្លែងបន្លំធ្ងន់ធ្ងរ ឧក្រិដ្ឋកម្មដែលបានរៀបចំ និងការលាងលុយកខ្វក់ជាដើម។

ប្រជាកាសែតមិនអាចសុំការឆ្លើយតបពីអគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងពាណិជ្ជកម្ម លោក រស់ ភីរុណ បានទេនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះ។ ទោះជាយ៉ាងណា អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងពាណិជ្ជកម្ម នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ សម្រេចលុបអាជ្ញាបណ្ណកាស៊ីណូឈ្មោះសៀងហៃ រីហ្សត ស្ថិតនៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្រោយកម្លាំងសមត្ថកិច្ចបានរកឃើញសកម្មភាពពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ មិនទាន់ឆ្លើយតបប្រជាកាសែតទេពាក់ព័ន្ធនឹងការផ្ដល់អាជ្ញាបណ្ណដល់ទីតាំងកាស៊ីណូ។ តែយ៉ាងណា លោកធ្លាប់អះអាងថាយុទ្ធនាការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃគឺនៅតែបន្តយ៉ាងសកម្ម តាមរយៈការចុះបង្ក្រាបបោសសម្អាតនិងការត្រួតពិនិត្យឡើងវិញ លើទីតាំងដែលបានបិទ និងមិនអនុញ្ញាតឱ្យមានសកម្មភាពប្រមូលផ្ដុំសាជាថ្មី។

ចំណែកឯ នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា លោកមានការព្រួយបារម្ភចំពោះការរកឃើញរបស់អង្គការលើកលែងទោសអន្តរជាតិ។ លោកបន្តថា ការបន្តផ្ដល់អាជ្ញាបណ្ណឱ្យដំណើរការកាស៊ីណូស្របពេលរដ្ឋាភិបាលកំពុងចាត់វិធានការបង្ក្រាបបទល្មើសអនឡាញ អាចជាឧបសគ្គសម្រាប់យុទ្ធនាការបង្រ្កាប និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ។ លោកបន្ថែមថា អាជ្ញាធរ និងរដ្ឋាភិបាលត្រូវតែតាំងចិត្តខ្ពស់ និងប្ដេជ្ញាចិត្ត នៅក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញដោយអនុវត្តច្បាប់តឹងរឹង និងតម្លាភាព ក៏ដូចជាលុបបំបាត់អំពើពុករលួយ ។

លោកថា៖ «ប្រសិនបើដូចអ្វីដែលអង្គការលើកលែងទោសអន្តរជាតិបានរកឃើញមែនវាជាឧបសគ្គធំសម្រាប់គម្រោងផែនការក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញឱ្យអស់ក្នុងខែមេសា ប៉ុន្តែអាជ្ញាធរ និងរដ្ឋាភិបាលអាចអនុវត្តតាមគម្រោងផែនការ ប្រសិនបើមានការស៊ើបអង្កេតនិងចាត់វិធានការច្បាប់ដោយប្រសិទ្ធភាពលើបញ្ហាទាំងអស់នេះ ដោយវះកាត់សាច់ស្អួយចោល»។

លោកបន្ថែមថា៖ «ការអនុវត្តគម្រោងផែនការឱ្យបានសម្រេចគឺត្រូវតែកំណត់ពេលវេលាឱ្យបានជាក់លាក់ ដូច្នេះការកំណត់ពេលវេលាក្នុងការបង្រ្កាបការឆបោកតាមប្រព័ន្ធអនឡាញឱ្យអស់ក្នុងខែមេសា គឺជាការប្តេជ្ញាចិត្តមួយខ្ពស់ ប៉ុន្តែទន្ទឹមគ្នានេះក៏ត្រូវមានផែនការក្នុងការអនុវត្ត មធ្យោបាយ វិធានការ ឱ្យបានគ្រប់ជ្រុងជ្រោយផងដែរទើបការបង្ក្រាបមានប្រសិទ្ធភាពពេញលេញ »។
ទាក់ទងនឹងវិធានការបង្រ្កាបការឆបោកតាមអនឡាញនេះ ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ បានសម្រេចអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមការដឹកនាំកិច្ចប្រជុំរបស់ប្រធានស្ដីទីព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ និងមានសមាជិកព្រឹទ្ធសភាចំនួន៥៨ រូបចូលរួម។

សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសអនឡាញ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ចំនួន ៥ ៧៧១ នាក់ មាន២៣សញ្ជាតិ ក្នុងការបង្ក្រាប៩៨កន្លែង នៅ១៣រាជធានីខេត្ត។ នេះបើតាមរបាយការណ៍របស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ថ្លែងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ 

ចំណែកទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស លោក ឆៃ ស៊ីណារិទ្ធ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅទីស្តីការក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ដោយអះអាងថា រហូតដល់ពេលនេះ សមត្ថកិច្ចរកឃើញករណីឆបោកតាមប្រព័ន្ធអនឡាញចំនួន២៥០ករណី ស្មើនឹង ២៥០ទីតាំង ត្រូវបានបង្ក្រាប ក្នុងនោះមានកាស៊ីណូចំនួន៩២កន្លែង ដោយមានការឃុំខ្លួនមនុស្សជាង៨០០នាក់ និងជិត៧០០នាក់ទៀតមានដីកាចាប់ខ្លួន៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2168}" data-page="1" data-max-pages="1" data-start="1" data-end="1">