ប្រមុខរដ្ឋាភិបាលអំពាវនាវឲ្យភាគីពាក់ព័ន្ធលើកកម្ពស់សេវាសង្គមកិច្ច

សង្គម

រដ្ឋាភិបាលកម្ពុជាអំពាវនាវឲ្យ អ្នកធ្វើការក្នុងវិស័យសង្គមកិច្ចចូលរួមកិច្ចសហប្រតិបត្តិការលើកកម្ពស់សេវាសង្គមកិច្ច និងចូលរួមផ្ដល់សេវាគាំទ្រដល់ជនងាយរងគ្រោះ និងងាយរងគ្រោះក្នុងសហគមន៍។នេះបើតាមសារលិខិតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងពិធីអបអរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពីភពលោកលើកទី១៩។

សារលិខិតអះអាងថា រដ្ឋាភិបាលកម្ពុជាបង្ហាញឆន្ទៈ និងការប្ដេជ្ញាចិត្តជាមួយសមាគមន៍ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកធ្វើការក្នុងសេវាសង្គមកិច្ចរួមគ្នាបង្កើនចំណងសាគ្គីភាព លើកកំពស់កិច្ចសហប្រតិបត្តិការ និងចែករំលែកចំណេះដឹងនិងបទពិសោធន៍ ដោយអនុវត្តយ៉ាងពេញលេញក្នុងការលើកកម្ពស់សិទ្ធ និងការពារឧត្តមប្រយោជន៍ពលរដ្ឋក្រីក្រ ជនរងគ្រោះ ជនងាយរងគ្រោះ តាមរយៈការលុបបំបាត់ភាពក្រីក្រ កាត់បន្ថយការរើសអើង ការលើកកំពស់យុត្តិធម៍សង្គមដើម្បីឲ្យពួកគេទទួលបាននូវគុណភាព និងគុណតម្លៃ នៅក្នុងការរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមគោលការណ៍នីតិរដ្ឋ។ 

លិខិតដដែលបន្ថែមថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអាជ្ញាធរពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់តាមគ្រប់មធ្យោបាយ ដើម្បីលើកកម្ពស់សេវាសង្គមនៅក្នុងសហគមន៍ឲ្យបានកាន់តែល្អប្រសើរ ។លោកថែមទាំងរំលឹកចំពោះគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ត្រូវចូលរួមផ្សព្វផ្សាយ ដើម្បីលើកកំពស់សេវាសង្គមកិច្ច ជាពិសេសជូនជនរងគ្រោះ និងជនងាយរងគ្រោះ។

អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកតូច ចាន់នី លើកឡើងថាក្រសួងសង្គមកិច្ចបានធ្វើការគាំពាសេវាសង្គមកិច្ចអស់រយៈពេលជិត៣០ ឆ្នាំមកហើយ ដោយបានធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការរៀបចំ និងអនុវត្តនយោបាយសុខុមាលភាពសង្គម កម្មវិធីជំនួយសង្គម និងសេវាសង្គមផ្សេងៗ។

លោកថា៖ «ក្រសួងសង្គមកិច្ចបានធ្វើច្រើនណាស់ពាក់ព័ន្ធនឹងការជួយគាំពាមនុស្សចាស់ និងកុមារ។ យើងធ្វើបានច្រើនណាស់។ ចឹងយើងមានពេលវេលាច្រើនណាស់ក្នុងការធ្វើការងារហ្នឹង។ ឥឡូវហ្នឹងសម្រាប់មនុស្សវ័យចាស់យើងមានគោលនយោបាយសម្រាប់ថែទាំ។ ក្រសួងសង្គមកិច្ចក៏បានធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការលើកកំពស់វិស័យសង្គមកិច្ចនេះ ហើយយើងនឹងរៀបចំទិវាជាតិសង្គមកិច្ចលើកទី២ហ្នឹងហើយ»។

ក្រសួងសង្គមកិច្ចបានដាក់ចេញផែនការអនុវត្តកម្មវិធីជាតិជំនួយសង្គមដូចជាកម្មវិធីជំនួយសង្គមផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនក្រីក្រ និងគ្រួសារ​រងហានិភ័យ កម្មវិធីដោះស្រាយជនអនាថា និងជនវិបល្លាសស្មារតី ការលើកកំពស់ការងារយុវនីតិសម្បទា និងជម្រុញឲ្យជនមានពិការភាពមានការងារធ្វើក្នុងវិស័យរដ្ឋ និងឯកជន ក៏ដូចជាការកំណត់គោលនយោបាយសម្រាប់ជនរងគ្រោះ និងងាយរងគ្រោះ។ ជាអទិភាពក្រសួងសង្គមកិច្ចនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរចំពោះបញ្ហាប្រឈមក្នុងការអភិវឌ្ឍ និងដំណើរការសមាគមមនុស្សចាស់ និងការបង្កើនការយកចិត្តទុកដាក់គ្រប់គ្រងមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនជាដើម។

អនុប្រធានបណ្ដាញមនុស្សវ័យចាស់កម្ពុជា លោក អំ សាម៉េត លើកឡើងថាមនុស្សវ័យចំណាស់នៅកម្ពុជា ប្រឈមនឹងការលំបាកយ៉ាងខ្លាំងដោយសារតែភាពចាស់យ៉ាងឆាប់រហ័ស ការប្រឈមទៅនឹងជំងឺមិនឆ្លង និងផ្នែកសេដ្ឋកិច្ច។ លោកថាពួកគេទាមទារ ការថែទាំសុខភាពមនុស្សចាស់ និងសន្តិសុខសង្គម ដើម្បីប្រយុទ្ធប្រឆាំងនឹងអសន្តិសុខហិរញ្ញវត្ថុ ជាពិសេសសម្រាប់ស្ត្រីដែលប្រឈមមុខនឹងភាពជាស្ត្រីមេម៉ាយ និងការរើសអើង។ លោកបន្ថែមថាបណ្ដាញមនុស្សចំណាស់កម្ពុជាបានជួយគាំពារមនុស្សវ័យចំណាស់ជាង៤ម៉ឺននាក់ឲ្យទទួលបានការពិនិត្យសុខភាព និងការគាំពារផ្នែកហិរញ្ញវត្ថុ។ 

លោកថា៖ «ពួកគាត់ត្រូវការលំហាត់ប្រាណថែទាំសុខភាព។ សមាគមន៍យើងក៏ណែនាំគាត់ឲ្យមានអណាម័យ។ យើងធ្វើការលុបបំបាត់ការរើសអើងលើក្រុមពួកគាត់។ យើងបង្កើនការយល់ដឹងអំពីសុខុមាលភាពទោះលើចំណីអាហារគ្រប់មុខ។ មួយទៀតយើងបង្រៀនឲ្យគាត់ចេះពីរបៀបរកប្រាក់ចំណូលដោយធ្វើកសិកម្មតិចតូចដោយធ្វើការជាមួយមន្ត្រីជំនាញកសិកម្មណែនាំឲ្យគាត់ចេះដាំ»។

លោកបន្ថែមថា៖ «សព្វថ្ងៃយើងធ្វើការជាមួយសង្គមកិច្ច សមាគមន៍មនុស្សវ័យចំណាស់យើងតែងធ្វើការជាមួយក្រសួងសង្គមកិច្ច មន្ទីរ ការិយាល័យស្រុកធ្វើទៅលើការងារមនុស្សចាស់តាមតំបន់មួយចំនួន។ យើងក៏បានកិច្ចសហប្រតិបត្តិការជាមួយនឹងឃុំគឺទំនាក់ទំនងជាមួយឃុំឲ្យបានដឹងដល់ដើម្បីទាញយកការគាំទ្រពីថ្នាក់មូលដ្ឋាន»។ 

លោក អំ សាម៉េត សង្កត់ធ្ងន់ថាមនុស្សវ័យចំណាស់នៅកម្ពុជាត្រូវការការគាំពាសង្គមដូចជាប្រាក់ឧបត្ថមពីរដ្ឋាភិបាល ការពិនិត្រសុខភាពដោយឥតគិតថ្លៃ ការបង្កើតមុខរបរខ្នាតតូចក្នុងសហគមន៍ និងមូលនិធិឃុំសង្កាត់ក្នុងការជួយគាំពារមនុស្សវ័យចំណាស់ជាអទិភាពចម្បង។

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យល់ឃើញថាសេវាសង្គមកិច្ចនៅកម្ពុជាមិនទាន់អាចឆ្លើយតបនឹងតម្រូវចាំបាច់របស់កុមារងាយរងគ្រោះ និងមនុស្សវ័យចំណាស់នៅឡើយដែលតម្រូវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ និងមានចក្ខុវិស័យច្បាស់លាស់ក្នុ្ងងការលើកកំពស់សិទ្ធ និងអត្ថប្រយោជន៍ដល់ពួកគេ។ លោកថារដ្ឋាភិបាលដេលមានក្រសួងសង្គមកិច្ច ត្រូវធ្វើការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការបង្កើតសេវាសង្គមកិច្ចទាំងនោះ និងត្រូវផ្សព្វផ្សាយពីសេវាដែលប្រជាពលរដ្ឋអាចសុំការគាំពារបាន។

លោកថា៖ «ជាការពិតចំពោះកុមារ និងចាស់ជរា យើងឃើញថានៅមានការខ្វះខាតច្រើន និងមិនទាន់ទទួលបានការយកចិត្តទុកដាក់ពីរដ្ឋ ពិសេសកុមារតូចដេលរងគ្រោះដោយសារសង្គ្រាម ឃើញថាគាត់នៅតាមជំរុំមានការលំបាក ហើយរដ្ឋាភិបាលត្រូវផ្ដល់ការយកចិត្តទុកដាក់ដើម្បីឲ្យគាត់មានចំណីអាហារហូបចុកអីគ្រប់គ្រាន់»។ 

លោកបន្ថែមថា៖ «ចំពោះថវិការសម្រាប់ជូនចាស់ៗ អាយុលើស៦០ហ្នឹងក៏មិនទាន់មានដែរ។ ចំណែកកម្មវិធីបបសក្ដីគឺសម្រាប់តែពិនិត្យសុខភាព ហើយមិនទាន់ឆ្លើយតបសម្រាប់ចាស់ជរានៅឡើយ។ ត្រឡប់មកវិញបញ្ហាទាំងអស់នេះរដ្ឋក៏ត្រូវយកចិត្តទុកដាក់ដោះស្រាយចំពោះចាស់ជរាធ្វើម៉េចឲ្យទទួលបានលក្ខណៈល្អប្រសើពីរដ្ឋាភិបាល»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1952}" data-page="1" data-max-pages="1" data-start="1" data-end="1">