លោក ហ៊ុន ម៉ាណែត និងប្រធានាធិបតីកូរ៉េខាងត្បូងឆ្លងឆ្លើយតាមបណ្ដាញសង្គមបង្ហាញលទ្ធផលបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន

ទំនាក់ទំនងអន្តរជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែតនិងប្រធានាធិបតីកូរ៉េខាងខាងត្បូងបានបង្ហោះសារឆ្លើយឆ្លងគ្នាតាមបណ្ថាញសង្គមហ្វេសប៊ុកដោយបញ្ជាក់ពីលទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន។

សារឆ្លើយឆ្លងនេះផ្ដើមចេញពីប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myungកាលពីវេលាព្រលប់ថ្ងៃទី១៣ខែកុម្ភៈ បានបង្ហោះសារបង្ហាញពីសមិទ្ធផលបង្ក្រាបឧក្រិដ្ឋឆ្លងដែននានាដែលប៉ូលីសកូរ៉េនិងកម្ពុជាសម្រេចបាន។

លោក Lee Jae Myung បញ្ជាក់ថា ៖ «សាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ចាប់ដៃសហការគ្នាដើម្បីឈានទៅរកការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន»។លោកបន្ថែមថា ក្រុមការងារចម្រុះបានចុះបង្ក្រាប ព្រមទាំងឃាត់ខ្លួនជនល្មើសករណីឆបោកតាមអនឡាញចំនួនជាង ១៣០នាក់ ក្នុងពេល ២ខែ បន្ទាប់ពីក្រុមការងារចម្រុះពិសេសនេះត្រូវបានបង្កើតឡើង»។

លោកសរសេរទៀតថា៖«សមិទ្ធផលនេះ អាចសម្រេចបាន អាស្រ័យដោយឆន្ទៈដ៏រឹងមាំរបស់រដ្ឋាភិបាលកម្ពុជា និងកិច្ចសហការយ៉ាងមោះមុតរវាងមន្ត្រីនគរបាលនៃសាធារណរដ្ឋកូរ៉េ និងមន្ត្រីនគរបាលនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែង និងសហការក្នុងការងារនេះ»។

លោកអះអាងទៀតថា រដ្ឋាភិបាលកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរួមគ្នាឈានទៅរកការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន។

ជាងប្រាំម៉ោងក្រោយមក នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារតបវិញ ដោយកត់សម្គាល់ពីទំនាក់ទំនងដ៏ជិតស្និទរបស់ប្រទេសទាំងពីរក្នុងការប្រកៀកស្មាប្រយុទ្ធនឹងឧក្រឹដ្ឋកម្មឆ្លងដែន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានតបសារទាំងកណ្ដាលអាធ្រាតទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង។ លោកម៉ាណែត ស្វាគមន៍ចំពោះសាររបស់លោក Lee Jae Myung ស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធិភាពរវាងរដ្ឋាភិបាលទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោក ហ៊ុន ម៉ាណែត ប្រាប់ទៅកូរ៉េវិញថា ៖ «ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដែលប្រទេសណាមួយប្រឈមមុខ និងអាចដោះស្រាយតែម្នាក់ឯងនោះទេ ។ ដូច្នេះដើម្បីដោះស្រាយការគម្រាមកំហែងនេះ តម្រូវ ឱ្យមានកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ ជាក់ស្តែងដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងកិច្ចខិតខំប្រឹងប្រែងរួមរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ»។

លោក ហ៊ុន ម៉ាណែត ក្នុងនាមអ្នកដឹកនាំអង្គការនិតិប្រតិបត្តិដោយបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដែលគំរាមកំហែងដល់សន្តិសុខសង្គម ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

នាយកគ្រប់គ្រងកិច្ចការទូទៅអង្គការលីកាដូ លោក អំ សំអាត ថ្លែងប្រាប់ប្រជាកាសែតនៅក្នុងសប្ដាហ៍នេះថា ការបង្ក្រាបបទល្មើសអនឡាញនៅកម្ពុជា ចាំបាច់ត្រូវធ្វើឡើងដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់។លោក ជំរុញឱ្យអាជ្ញាធរកម្ពុជា បង្ក្រាបបទល្មើសឬឧក្រិដ្ឋកម្មអន​ឡាញនេះឱ្យអស់ពីទឹកដីខ្មែរដើម្បីលើកស្ទួយមុខមាត់ប្រទេសឡើងវិញ។

រដ្ឋាភិបាលកូរ៉េខាងត្បូង និងកម្ពុជា កាលពីចុងឆ្នាំ២០២៥កន្លងទៅនេះ បានព្រមព្រៀងគ្នាបង្កើតក្រុមការងារស៊ើបអង្កេតមួយដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែនដែលសំដៅបោកប្រាសពលរដ្ឋកូរ៉េឬមានជនរងគ្រោះជាជនជាតិកូរ៉បន្ទាប់ពីមានករណីនិស្សិតកូរ៉េម្នាក់ត្រូវបានសម្លាប់នៅខេត្តកំពតក្នុងសំណុំរឿងជម្រិតអនឡាញ។កូរ៉េខាងត្បូងបានចាត់តាំងក្រុមការងារពិសេសមកសហការជាមួយកម្ពុជានិងថែមទាំងតែងតាំងអតីតមេប៉ូលីសជាអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាទៀតផងដើម្បីងាយស្រួលសម្រួលសហការជាមួយកម្ពុជាបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន៕

(អត្ថបទដោយ៖ វណ្ណ វិចារ)

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1428}" data-page="1" data-max-pages="1" data-start="1" data-end="1">