លោក ហ៊ុន ម៉ាណែត ប្រកាសកម្ចាត់មជ្ឈមណ្ឌលឆបោកអនឡាញឱ្យអស់ត្រឹមខែមេសា

សង្គម

លោក ហ៊ុន ម៉ាណែត ថ្លែង ក្នុងពិធីបើក កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន០៤មីនា ឆ្នាំ២០២៦។ (រូបថតហ្វេសប៊ុកផេករបស់លោក)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រកាសក្នុងវេទិកាសាធារណៈជាលើកដំបូងនៅចំពោះមុខក្រុមសហគ្រិនធុរជនជាតិអន្តរជាតិថា កម្ពុជានឹងកម្ចាត់មជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញទាំងអស់ឱ្យអស់ពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦។ 

ការប្រកាសនេះធ្វើឡើងក្នុងពិធីបើក កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានឆ្នាំ២០២៦ ដែលមានសហគ្រិនធុរជន ប្រមាណជាង៧រយនាក់មកនៅកម្ពុជានិងមកពី ប្រទេសនានាក្នុងតំបន់អាស៊ានអន្តរជាតិ។

លោក ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជាខិតខំបង្កើតបរិយាកាសជំនួញប្រកដោយសុវត្ថិភាព ដែលអាចព្យាករណ៍បានដើម្បីកាត់បន្ថយជាអតិប្បរមានូវហារនីភ័យផ្នែកយុត្ថាធិការនិងបង្កើនទំនុកចិត្តធានានិរន្តរភាពអាជីវកម្ម។ 

លោកបន្ថែមទៀតថា៖« រាជរដ្ឋាភិបាលសម្រេចផ្លាស់ប្ដូរយ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយជាតិពីការទប់ស្កាត់ ទៅជាការលុបបំបាត់ទាំងស្រុង នូវមជ្ឈមណ្ឌលឆបោកអនឡាញឱ្យអស់ត្រឹមខែមេសា២០២៦។ 

លោកបញ្ជាក់ទៀតថា យុទ្ធនាការណ៍នេះធ្វើឡើងតាមវិធានច្បាប់ដើម្បីធានាសុចរិតភាពក្នុងការវិនិយោគនៅកម្ពុជា។ 

កាលពីខែមុន ហ៊ុន ម៉ាណែត បានផ្ដល់បទសម្ភាសន៍ជូនកាសែតអន្តរជាតិAFP ដោយបញ្ជាក់ថា ឧក្រិដ្ឋកម្មអនឡាញបាន សម្អុយឈ្មោះកម្ពុជា នៅក្នុងឆាកអន្តរជាតិ និងបានបំផ្លាញសេដ្ឋកិច្ចខ្មែរ។

លោកថា៖ «បណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដែលយើងហៅម្យ៉ាងថាសេដ្ឋកិច្ចខ្មៅ កំពុងបំផ្លាញសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់យើង។ វាបានបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ដោយបង្អាក់ដំណើរវិស័យទេសចរណ៏ និងការវិនិយោគ។ ហេតុនេះហើយទើបយើងត្រូវតែបោសសម្អាតវាឲ្យអស់»។

នាយកគ្រប់គ្រងអង្គការលីកាដូ លោក អំ សំអាត ធ្លាប់បានប្រាប់ប្រជាកាសែតថា ការលាតត្រដាងពីផលវិបាកនៃឧក្រិដ្ឋកម្មអនឡាញរបស់លោកនាយករដ្ឋមន្ត្រី ជាការបង្ហាញឆន្ទៈរបស់
រដ្ឋាភិបាលក្នុងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញក្នុងប្រទេសកម្ពុជា ។ 

លោកថា៖ «ខ្ញុំមើលឃើញថាជារឿងល្អ ដែលបង្ហាញពីការប្ដេជ្ញាចិត្ត ឆន្ទៈក្នុងការបង្រ្កាបបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ ព្រោះនេះជាការប្រកាសជាសាធារណៈមួយអំពីកង្វល់ អំពីផលប៉ះពាល់នៃការឆបោកតាមប្រព័ន្ធអនឡាញដែលធ្វើឲ្យកម្ពុជារងផលប៉ះពាល់កន្លងមក។ សំខាន់កម្ពុជាបានបង្ហាញឆន្ទៈក្នុងការបង្ក្រាប ដើម្បីស្ដារសេដ្ឋកិច្ច ក៏ដូចជាមុខមាត់ប្រទេសកម្ពុជា ដែលបានរងការរិះគន់ច្រើនពីការបង្រ្កាបបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ»។

ថ្លែងក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី២៥ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា លើកឡើងថា កម្ពុជាបានបណ្ដេញជនជាតិបរទេសប្រមាណជាង៣ម៉ឺននាក់ និងជាង២១ម៉ឺននាក់ទៀត បានចាកចេញដោយស្ម័គ្រចិត្តពីព្រះរាជាណាចក្រកម្ពុជា តាមរយៈការសម្របសម្រួលពីមន្ត្រីស្ថានទូតបរទេសនានា ប្រចាំកម្ពុជា។របាយការណ៍របស់អាជ្ញាធរបញ្ជាក់ថា ភាគច្រើននៃជនអន្តរប្រវេសន៍ដែលត្រូវបណ្ដេញចេញពីកម្ពុជា គឺពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញដែលរួមមាន ការឆបោកឆ្លងដែននិងកាស៊ីណូអនឡាញជាដើម៕

(អត្ថបទដោយ៖ វណ្ណ វិចារ)

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1708}" data-page="1" data-max-pages="1" data-start="1" data-end="1">