លោក ហ៊ុន ម៉ាណែត ផ្ដល់បទសំភាសន៍លើកដំបូងជូនកាសែតអន្តរជាតិដោយលាតត្រដាង​ថា​ថៃទន្ទ្រានយកដីខ្មែរ

ទំនាក់ទំនងអន្តរជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងផ្តល់បទសម្ភាសផ្តាច់មុខមួយជូនដល់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ (រូបភាព៖ Reuters)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ដល់សំភាសន៍ដល់កាសែត Reuters កាលពីថ្ងៃទី១៧ ខែកុម្ភ ឆ្នាំ២០២៦ ហើយនេះជាលើកដំបូងដែលលោកនិយាយជាមួយសារព័ត៌មានអន្តរជាតិ ក្រោយកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ។

តាមរយៈគេហទំព័រសាព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៨ ខែកុម្ភ ឆ្នាំ២០២៦ បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ដល់សំភាសន៍ដល់កាសែត Reuters កាលពីថ្ងៃទី១៧ ខែកុម្ភ ឆ្នាំ២០២៦ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក អំឡុងពេលលោកដឹកនាំគណៈប្រតិភូចូលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព(Board of Peace) របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donal Trump។

បើតាម Reuters ក្នុងកិច្ចសំភាសន៍ផ្ដាច់មុខនេះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា កំពង់ផែសមុទ្ររាម និងបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាជាដើម។

លោក ហ៊ុន ម៉ាណែត ថា បច្ចុប្បន្នទាហានថៃកំពុងកាន់កាប់តំបន់ជាច្រើននៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ព្រមទាំងបានដាក់កុងទឺណឺ និងរាយបន្លាលួសក្នុងទឹកដីកម្ពុជា ដែលប៉ះពាល់ដល់ពលរដ្ឋដែលធ្លាប់នៅទីនោះមិនអាចត្រឡប់ទៅលំនៅដ្ឋានវិញបាន។លោក បានថ្លែងថា កងកម្លាំងថៃកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់អន្តរជាតិ បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំយ៉ាងណាក្ដី។

លោកថ៖ «នេះមិនមែនជាការចោទប្រកាន់នោះទេ តែវាជាការពិតដែលមានជាក់ស្ដែងនៅទីនោះ[…]មានតែវិធីមួយគត់ដើម្បីផ្ទៀងផ្ទាត់រឿងនេះ គឺការប្រើប្រាស់យន្តការបច្ចេកទេសដែលយើងមាន ដោយផ្អែកលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងអស់ដែលយើងមាន។ ដូច្នេះ យើងសង្ឃឹមថា ប្រទេសថៃនឹងយល់ព្រម ហើយចាប់ផ្តើមឱ្យគណៈកម្មការព្រំដែនចម្រុះ(JBC) ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត គិន ភា យល់ថា៖ «នេះជាការលាតត្រដាងទៅអន្តរជាតិទៅលើអ្វីដែលជាការតវ៉ារបស់កម្ពុជាចំពោះការឈ្លានពាននិងការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃមកលើទឹកដីដែលជាអធិតេយ្យកម្ពុជា។ ការលាតត្រដាងនេះនឹងធ្វើឱ្យសហគមន៍អន្តរជាតិបានយល់ដឹងកាន់តែច្បាស់អំពីអំពើទុច្ចរិត និងភាពមិនស្មោះត្រង់របស់យោធាថៃ របស់ភាគីថៃ ដែលមិនគោរពស្មាតីនៃបទឈប់បាញ់»។

លោកបន្ថែមថា៖ «ការលើឡើងលាតត្រដាងដោយផ្ទាល់ពីនាយករដ្ឋមន្ត្រីនេះ ខ្ញុំគិតថាវានឹងមានឥទ្ធិពលអន្តរជាតិខ្លាំងជាងពេលកន្លងមក ដោយសារនេះគឺជាជំហ ជាសំឡេងផ្លូវការខ្ពស់បំផុតនៃប្រទេសកម្ពុជា ពីព្រោះសេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងដោយនាយករដ្ឋមន្ត្រីផ្ទាល់ អ៊ីចឹងខ្ញុំជឿថាសហគមន៍អន្តរាជាតិនឹងមានការចាប់អារម្មណ៍ ហើយជាពិសេសគឺថ្ងៃស្អែកនេះដែលជាថ្ងៃដែលគេបើកកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព»។

រីឯនាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា​(CamboJa)​ លោក ណុប វី យល់ថានេះជារឿងល្អដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ដល់បទសំភាសន៍ដល់សារព័ត៌មានអន្តរជាតិ ព្រោះនេះជាការស្វែងរកការគាំទ្រពីសំណាក់ សហគមន៍អន្តរជាតិ និងលាងសម្អាតនូវការចោទប្រកាន់ផ្សេងៗ។

លោកថា៖ «បើកាលណាយើងមានលទ្ធភាពនៅក្នុងការប្រើប្រាស់ ឬមួយក៏ត្រូវបានសំភាសន៍ច្រើនតាមដែលអាចធ្វើទៅបានពីទីភ្នាក់ងារព័ត៌មានអន្តរជាតិធំៗហ្នឹងសម្រាប់ខ្ញុំៗថាវាផ្ដល់ផលប្រយោជន៍ច្រើនសម្រាប់ជំរុញទំនាក់ទំនងក៏ដូចជាការលាងសម្អាតនូវអ្វីដែលជាការចោទប្រកាន់របស់ប្រទេសថៃកន្លងមក»។

ចំណែកឯទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ក៏គាំទ្រចំពោះការដែលលោកនាយករដ្ឋមន្ត្រីផ្ដល់កិច្ចសំភាសន៍ជាមួយកាសែតអន្តរជាតិដែរ ពីព្រោះលោកយល់ថានេះជាការលាតត្រដាងការពិត ដើម្បីស្វែងរកដំណោះស្រាយ។

លោកថា៖ «យើងសាទរ តែសំខាន់ត្រូវនិយាយការពិតអំពីសៀមឈ្លានពានមកលើដែនអធិបតេយ្យ បូរណភាពទឹកដី ដែលកំពុងតែឈរជើងនៅលើទឹកដីកម្ពុជា[…]ត្រូវលាតត្រដាងការពិតវាប្រសើរជាងការដែលយើងលាក់លៀម ការលាក់លៀមមិនអាចឱ្យយើងស្វែងរកនូវដំណោះស្រាយបានទេ»។

ជាមួយគ្នានេះ លោក រ៉ុង ឈុន ក៏ឆ្លៀតអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យបើកលំហសេរីភាពឡើងវិញ ទាំងសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានទូលំទូលាយដូចកាលពីជាង១០ឆ្នាំមុន ព្រមទាំងឈប់រឹតត្បិតចំពោះពលរដ្ឋដែលនិយាយការពិតនៅកម្ពុជា ដោយយកបញ្ហាដែលត្រូវបានលើកឡើងនោះ មកដោះសា្រយវិញ។

កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ថៃបានវាយប្រហារកម្ពុជាជាថ្មីបន្ទាប់ពីមានបទឈប់បាញ់នាថ្ងៃទី២៨ ខែកក្កដា និងកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលនាំឱ្យពលរដ្ឋស្លាប់ និងរបួស ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសំបែង និងវត្តអារាមជាដើម។ ថៃបានបន្តកាន់កាប់តំបន់មួយចំនួនក្រោយបទឈប់បាញ់ដូចជានៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ តំបន់ភ្លុកដំរី ខេត្តពោធិ៏សាត់ តំបន់អានសេះ ខេត្តព្រះវិហារ និងតំបន់អូស្មាច់ ខេត្តឧត្តរមានជ័យ។ល៕

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1497}" data-page="1" data-max-pages="1" data-start="1" data-end="1">