នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ យកចិត្តទុកដាក់ពង្រឹងការបណ្ដុះជំនាញបច្ចេកទេស ដល់យុវជននៅតាមសហគមន៍មូលដ្ឋាន ឆ្ពោះទៅបង្កើនការយល់ដឹងកាន់តែទូលំទូលាយផ្នែកជំនាញពិតប្រាកដ ដើម្បីជីវភាពពលរដ្ឋ។
ក្នុងឱកាសចូលរួមអបអរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ លោក ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យក្រសួងការងារស្វះស្វែងបង្កើនកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ អំឡុងពេលមានជម្លោះព្រំដែន ដើម្បីឱ្យពួកគេមានជំនាញ ចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វែងរកការងារធ្វើ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា ក្រោយពេលដែលលោកបានចុះទៅពិនិត្យមើលការបង្រៀននៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកស្នើឱ្យការបណ្តុះបណ្តាលទាំងអស់មិនត្រូវផ្ដោតតែលើបរិមាណនោះទេ គឺត្រូវយកចិត្តទុកដាក់លើគុណភាពជាចម្បង ព្រោះលោកអះអាងថា គុណភាពនេះហើយដែលធ្វើឱ្យមានការទាក់ទាញការរៀនសូត្របន្ថែម និងពង្រឹងជំនាញ។
លោកមានប្រសាសន៍ថា៖ «គុណភាពគឺជាកត្តាកំណត់ភាពជោគជ័យក្នុងការអប់រំធនធានមនុស្ស និងបណ្ដុះបណ្ដាលធនធានមនុស្ស ហើយជាពិសេស TVET នេះតែម្ដង។ ព្រោះ TVET មានជម្រើស និងជំនាញថ្មីៗច្រើន ត្រូវការបណ្ដុះបណ្ដាល មិនមែនត្រូវការពេល ៤ឆ្នាំ ឬ ១២ឆ្នាំ ដូចក្រសួងអប់រំនោះទេ។ អ៊ីចឹងការគិតគូរ ការវាយតម្លៃ សូមឱ្យធ្វើជាប្រចាំ»។
លោកបន្ថែមថា៖ «ត្រូវបន្តរៀបចំការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនដល់ពលករត្រឡប់មកពីថៃ ដើម្បីជំរុញការផ្លាស់ប្ដូរជំនាញឱ្យស្របតាមជំនាញក្នុងស្រុក ព្រមទាំងអនុវត្តការវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ជំនាញ»។
ក្នុងកម្មវិធីនេះ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ក្នុងការផ្ដល់ការបណ្ដុះបណ្ដាលដល់យុវជនចំនួន ១លាន ៥សែននាក់ ដែលបោះបង់ការសិក្សា និងយុវជនដែលពុំមានលទ្ធភាពចូលរៀនវគ្គជំនាញវិជ្ជាជីវៈបច្ចេកទេស។
យោងតាមទិន្នន័យរបស់ក្រសួងការងារ ក្នុងចំណោមពលករខ្មែរចំនួន ៩០ម៉ឺននាក់ ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៦០ម៉ឺននាក់ ទទួលបានការងារធ្វើតាមរយៈការផ្គូផ្គងការងារទ្រង់ទ្រាយធំ ដែលមានវេទិកាការងារ ពិព័រណ៍ការងារចល័ត និងការពង្រីកកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។
រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ លើកឡើងថា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មានតួនាទីសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍមូលធនមនុស្ស ដោយជួយផ្ដល់ឱ្យអ្នកសិក្សានូវចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព និងឥរិយាបថការងារ ដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ អ្នកបច្ចេកទេស និងចូលរួមកាត់បន្ថយគម្លាតជំនាញនៅក្នុងទីផ្សារការងារ។
លោកថា៖ «ការបណ្ដុះបណ្ដាលរបស់ TVET មានភាពបត់បែនប្រែប្រួលទៅតាមទីផ្សារការងារ រចនាសម្ព័ន្ធសេដ្ឋកិច្ច ការវិវត្តនៃបច្ចេកវិទ្យាថ្មីៗ និងស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងរយៈពេលខ្លី មធ្យម និងវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ»។
ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា ថ្លែងថា ទីផ្សារកម្ពុជាមានលក្ខណៈចង្អៀត ជាពិសេសចំពោះសិស្សនិស្សិតដែលទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ដែលរដ្ឋាភិបាលត្រូវធានាថានិស្សិតអាចមានចំណេះដឹង និងជំនាញគ្រប់គ្រាន់សម្រាប់បម្រើដល់វិស័យការងារ។ លោកអំពាវនាវថា ចំពោះពលករខ្មែរមកពីថៃ និងយុវជនទូទៅ រដ្ឋាភិបាលត្រូវបង្កើតសាលាបណ្ដុះបណ្ដាល និងជំរុញឱ្យពួកគេអាចឆក់យកឱកាសនេះរៀនជំនាញបច្ចេកទេស ក៏ដូចជាជួយស្វែងរកទីផ្សារការងារនៅពេលពួកគេរៀនចប់។
លោកថ្លែងថា៖ «ខ្ញុំថាទី១ ឆន្ទៈ ស្មារតីជាតិនិយម ផែនការយុទ្ធសាស្ត្រ និងចំណាត់ការតាមចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការប្ដេជ្ញា និងសន្យាចំពោះពលករមកពីស្រុកថៃ ក៏ដូចជាមិនថាមកពីស្រុកថៃ ឬនៅក្នុងស្រុកខ្មែរទេ គឺត្រូវការអ្វីដែលគាត់រៀនចប់ ពោលគឺបើគាត់រៀនចប់ជំនាញបច្ចេកទេស ឯកទេសអីហ្នឹង ត្រូវរកទីផ្សារការងារឱ្យគាត់»។
លោកបន្ថែមថា៖ «សម្រាប់អ្នករៀនបានតិច ត្រូវមានសាលាជំនាញបច្ចេកទេស ឯកទេសណាដែលគាត់រៀនអាចឆាប់ចាំចេះបាន ហើយការរៀនសូត្ររបស់គាត់យកទៅធ្វើកិច្ចការងារនៅតាមសិប្បកម្មខ្នាតតូច ខ្នាតធំ រោងចក្រឧស្សាហកម្មអីជាដើម។ អ៊ីចឹងហើយជាការប្ដេជ្ញាចិត្ត»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA លោក វ៉ន ពៅ យល់ឃើញថា យុវជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគួរតែត្រូវបានយកចិត្តទុកដាក់ពីរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារការងារដែលមានស្ថេរភាព និងតម្លាភាព។ លោកថា អំពើពុករលួយក៏ជាកត្តាមួយដែលរារាំងដល់ទីផ្សារការងាររបស់យុវជនដែលមានសមត្ថភាពពិតប្រាកដ។
លោកមានប្រសាសន៍ថា៖ «សម័យបច្ចេកវិទ្យាទំនើប ទាល់តែបណ្ដុះធនធានមនុស្សឱ្យខ្លាំង ទើបយុវជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានការងារធ្វើ មានប្រាក់ចំណួលគ្រប់គ្រាន់។ រដ្ឋត្រូវបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយពេលបណ្ដុះបណ្ដាលចប់ ត្រូវរកទីផ្សារប្រកបរបរអាជីវកម្មឱ្យបានច្បាស់លាស់ ពិតប្រាកដ»។
លោកបន្ថែមថា៖ «បច្ចុប្បន្ន និស្សិតរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗបញ្ចប់ការសិក្សាចេញពីមហាវិទ្យាល័យ អត់ការងារធ្វើ ក៏មកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ជាទូទៅ មកពីស្រុកយើងទីផ្សារការងារចង្អៀត ហើយមុខរបរទៀតសោត អត់ទាន់ឆ្លើយតបទៅលើតុល្យភាពទំនិញទីផ្សារ និងឆ្លើយតបនឹងអតិផរណាដែលឡើងចុះនោះទេ។ នេះហើយជាកត្តាលំបាក និងជាភាពចង្អៀតនៃមុខរបរ និងអាជីវកម្ម»៕







